ភ្នំពេញ​: ការប្រកួត​រ៉ូ​បូត​មនុស្ស​យន្តនៅ​កម្ពុជា ត្រូវបានធ្វើ​ឡើងជា​លើក​ដំបូង កាលពី​ថ្ងៃទី ​១៧-១៩ ខែ ធ្នូ ឆ្នាំ ២០២១ ដែលមាន​ការគាំទ្រ​ដោយ​មូលដ្ឋាន​ទ័ពអាកាស​ពោធិ៍ចិនតុង និង​ក្រសួង​អប់រំ​យុវជន និង​កីឡា រៀបចំ និង​ផ្តួច​ផ្តើមគំនិត​ពី​ខាង​សហ​​ភាព​សហព័ន្ធ​កម្ពុជា​ខេត្តស្វាយរៀង និង​ដឹកនាំ​ដោយ​លោក ឌី វិជ្ជា​។​

​ការប្រកួត​រ៉ូ​បូត​មនុស្ស​យន្ត​នេះ និង​កម្មវិធី​ការប្រកួត​យន្តហោះ​កៅស៊ូ ស្ថិតក្នុង​ការប្រកួត​យ​ន្ត​ហោះ និង​បច្ចេកវិទ្យា (Air and Tech Competitions, ATC) ដែល​តែ​បែក​ចេញពី​កម្មវិធី​ធំ​គឺ ការតាំងពិព័រណ៍​យន្តហោះ និង​បច្ចេកវិទ្យា (Air and Tech Show, ATS) ដែល​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ តាំងពី​ឆ្នាំ​ ២០១៨​។​

​លោក ហែម សុ​ធីរិទ្ធិ ជា​ប្រធាន​ក្រុម ATC ប្រាប់​គោលដៅ​របស់​កម្មវិធី​មក ភ្នំពេញ​ ប៉ុស្ដិ៍ថា​៖ «​ពាក់ព័ន្ធ​ទៅ​គំនិត​នៃ​ការរៀបចំ​កម្មវិធីទី​១ ​យើង​ចង់​លើក​​ស្ទួយ​វិស័យ​បច្ចេកវិទ្យា​នៅ​កម្ពុជា​។ ទី​២ យើង​ចង់​បណ្ដុះ​គំនិត ជំរុញ​ទឹកចិត្ត​ឱ្យ​សិស្សសាលា និង​សិស្ស​សាកល​​វិទ្យាល័យបានបង្ហាញ​ពី​សមត្ថភាព​របស់គាត់​ក្នុង​វិស័យនេះ​»​។​

​ការរៀបចំ​ប្រកួត​រ៉ូ​បូត​មនុស្ស​យន្ត​នេះ សុ​ធីរិទ្ធិ ឱ្យដឹង​ដែរ​ថា មាន​ផល​លំបាក​ជាច្រើន​ដែរ ព្រោះ​គ្រប់យ៉ាង​ហាក់​នៅ​ថ្មី តម្រូវឱ្យ​ទាំង​សិស្ស និង​រូប​​លោក​ជា​អ្នករៀបចំ​ផ្ទាល់ និង​គណៈ​​ក​ម្មា​ធិ​ការសិក្សា​ដកស្រង់​បទពិសោធ​ច្រើន​។ មួយទៀត​នោះ ស្ថានភាព​កូ​វីដ ធ្វើឱ្យ​ការកំណត់​កាលបរិច្ឆេទ​ចុះឈ្មោះ និង​ប្រកួត​ជា​ផ្លូវការ​ខើច​ពេលវេលា​។​

​ធ្លាប់ជា​អតីត​និស្សិត នៅ​វិទ្យាស្ថាន​​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​រូបនេះ​បន្ថែមថា ជាក់ស្ដែង​បើ​ទោះ​កាលពី​ឆ្នាំ​ចាស់ៗ លោក​ធ្លាប់បាន​ចូលរួម​ជួយ​ខ្លះៗ​ក្នុង​កម្មវិធី ATS ដែរ តែ​លោក​ទើបតែ​ក្លាយជា​ប្រធាន​គ្រប់គ្រង​ក្នុង​កម្មវិធី ATC ទាំងមូល កាលពី​ឆ្នាំ ២០២១ នេះ​ប៉ុណ្ណោះ​។

លោក ឌី វិជ្ជា ប្រគល់រង្វាន់ដល់​ក្រុម​ឈ្នះ​ជយលាភីលេខ ១។ រូបថត សហ​ការី

​ប្រធាន​គ្រប់គ្រង​កម្មវិធី ATC វ័យ ២៤​ ឆ្នាំ​រូបនេះ បន្តថា​៖ «​ដោយសារ​យើង​មិនដែល​បានរៀបចំ​ពីមុនមក​យើង​នៅ​ខ្សោយ​បទពិសោធ​ច្រើន​។ ហើយ​សិស្ស​តាម​សាលា​មួយៗ​ក៏​នៅ​រាង​ស្ទើរ​ច្រើន​ដែរ​»​។​

​លោក​បាន​បន្តថា​៖ «​អ៊ីចឹង​ក្នុងនាម​យើង​ជា​អ្នករៀបចំ​កម្មវិធី យើង​ត្រូវ​រក​វិញ្ញាសា​ណា ដែល​សិស្ស​យើង​អាចធ្វើ​ទៅបាន និង​រៀបចំ​បច្ចេកទេស​ឱ្យ​ត្រឹមត្រូវ​។ យើង​បានរៀបចំ​វគ្គប​ណ្ដុះ​​បណ្ដាល​ខ្លីៗ ដើម្បី​ជួយ​ដល់​ពួកគាត់​។ តែដោយសារ​ពេល​យើង​ខើច យើង​ក៏​មិនសូវ​បាន​បង្ហាត់​គាត់​ច្រើន​ដែរ​»​។

​ក្នុងការ​ប្រកួត​នេះ​មាន ១០​ ក្រុម ចូលរួម​ឧបសគ្គ​ដូចជា ឆ្លងកាត់​ហ្សូ​ន ដើរកាត់​របារ និង​ឆ្លងកាត់​ឧបសគ្គ​ផ្សេងៗ ដោយ​ជម្រុះ​យក ៤ ​ក្រុម​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។ ក្នុងការ​​ប្រកួត​ទាត់​បាល់​អ្នកណា​អាច​បញ្ជា​ឱ្យ​រ៉ូ​បូត​ទាត់​បាល់​បញ្ចូល​ទី​បាន​ច្រើនជាងគេ​នឹង​ឈ្នះ ហើយក៏​មានការ​ធ្វើ​បទ​បង្ហាញ​ទាំង ​១០ ​ក្រុម​ផងដែរ​។

​លោក​ឱ្យដឹង​ដែរ​ថា ការប្រកួត​រ៉ូ​បូត ផ្នែក ​២ សំខាន់​គឺ Hardware និង Software​។ សិស្ស​ភាគច្រើន​ស្ទើរ​ផ្នែក Hardware ដូចជា​ការ​គូរ 3D ព្រី​ន តែ​លោ​កថា លោក​ពិតជា​សរសើរ​ដ​ល់​សិស្ស​វិទ្យាល័យ ដែល​ចេះ​គូរ ហើយ​អាចធ្វើ​វា​ទៅបាន​។

​មិនតែប៉ុណ្ណោះ សិស្ស​ដែលជា​ប់​ជយលាភី​លេខ​ ១ ក្នុង​ឆ្នាំ​ប្រកួត​ដំបូង​ក៏​មកពី​សិស្ស​វិទ្យាល័យ​ដែរ ដោយ​ពួកគេ​មាន​សមាជិក​ចំនួន ៣ ​នាក់​គឺ ឆេង សុ​ណ្ណា​រិ​ទ្ធិ និង សុគន្ធ ទិ​ត្យា ១៧ ​ឆ្នាំ និង ខេង សុភា​រាជ ១៤ ​ឆ្នាំ​។​

​ទិ​ត្យា ប្រាប់ ភ្នំពេញ ​ប៉ុស្តិ៍​ថា​៖ «​ខ្ញុំ និង សុ​ណ្ណា​រិ​ទ្ធិ ធ្លាប់​ចូលរួម​កម្មវិធី​ទាក់ទង នឹង​បច្ចេកវិទ្យា​ខ្លះៗ​ដែរ តែ​ការប្រកួត​រ៉ូ​បូត​មនុស្ស​យន្ត​នេះ​ជា​លើកដំបូង តែ សុភា​រាជ នេះ​ជាការ​ប្រកួត​លើកដំបូង​បំផុត​របស់គាត់ ហើយ​ពួកយើង​ពិតជា​រីករាយ​ណាស់ ដែល​បាន​ជាប់​ជយលាភី​លេខ​ ១ ក្នុង​កម្មវិធី​ការ​​ប្រកួត​រ៉ូ​បូត​នេះ​លើកដំបូង​នៅក្នុង​ប្រទេស​យើង​»​។​

​ការប្រកួត​មនុស្ស​យន្ត ជយលាភី​លេខ​ ១ ឈ្នះ​មេដាយមាស ប្រាក់រង្វាន់ ១,៨​ លាន​រៀល និង​បណ្ណ​សរសើរ ជយលាភី​ទី​២ មេដាយប្រាក់ ប្រាក់​​រង្វាន់ ​១,៤ ​លាន​រៀល បណ្ណ​សរសើរ និង​ទី​៣ មេដាយសំរិទ្ធ ប្រាក់រង្វាន់ ១ ​លាន​រៀល និង​បណ្ណ​សរសើរ​។

ក្រុមជយលាភី​ពីការប្រកួត​រ៉ូបូត​មនុស្ស​យន្ត ATC កាលពី​ខែ​ធ្នូ។ រូបថត សហ​ការី

​ជាការ​លើកទឹកចិត្ត​បន្ថែម ការ​​ប្រកួត​ក៏មាន​បណ្ណ​សរសើរ​សម្រាប់​អ្នក​រចនា​រ៉ូ​បូត​ឆ្នើម ​១ និង​អ្នកធ្វើ​បទ​បង្ហាញ​ឆ្នើម ​១ ​ផងដែរ​។​

​សុ​ណ្ណា​រិ​ទ្ធិ ដែលជា​ប្រធាន​ក្រុម ប្រាប់ថា ពួកគេ​សម្រេចចិត្ត​ចូល​ប្រកួត​ដោយសារ មាន​ក្រុម​សហព័ន្ធ​ជួយ​ជំរុញ​លើកទឹកចិត្ត ហើយ​វា​ក៏​ជា​ចំណូលចិត្ត​របស់​ពួកគេ​ផ្ទាល់​ដែរ​។​

​សម្រាប់​បញ្ហា​ប្រឈម សុ​ណ្ណា​រិ​ទ្ធិ ឱ្យដឹង​ដែរ​ថា ទី​១ គឺ​ខ្វះខាត​បទពិសោធ​និង​ចំណេះដឹង​ផ្នែក​នេះ ទី​២ គឺ​ការ​ផ្គុំ​រូបរាង​រ៉ូ​បូត​។​

​សុ​ណ្ណា​រិ​ទ្ធិ បញ្ជាក់ថា​៖ «​យើង​មាន​បញ្ហា​ខាង​បច្ចេកទេស​រ៉ូ​បូត​ច្រើន​។ ដោយសារ​យើង​ជា​សិស្ស​វិទ្យាល័យ​ដូច្នេះ​នៅក្នុង​សាលា​មិនបាន​រៀន​ស៊ីជម្រៅ​ទាក់ទង​នឹង​ផ្នែក​ហ្នឹង​ទេ​។ មិនតែប៉ុណ្ណោះ ផ្នែក​រូបរាង​រ៉ូ​បូត Hardware យើង​ត្រូវ​ដូរ​វា​ជាច្រើន​ដង ព្រោះ​ដំបូង​យើង​ប្រើ​ជ័រ​។ តែ​ក្រោយមកទៀត ពេល​យើង​តេស្ត​ចលនា វា​ដើរដួល​ ទង្គិច​នេះនោះ​ធ្វើឱ្យ​បែកបាក់​។ ទើប​ចុងក្រោយ​យើង​ក៏​ដូរ​មក​ប្រើ​ដែក​វិញ​»​។​

​ទាំង​អរគុណ​ដល់​សហព័ន្ធ ដែល​បាន​បង្កើត​កម្មវិធី​នេះ​ឡើង សុ​វណ្ណា​រិ​ទ្ធិ ចង់ឱ្យមាន​ការប្រកួត​បែបនេះ​ជា​រៀងរាល់ឆ្នាំ ដើម្បីឱ្យ​យុវជន​ខ្មែរ​បាន​បញ្ចេញ​សមត្ថភាព​ទេពកោសល្យ​ក្នុង​ផ្នែក​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ ដើម្បី​ការទទួលស្គាល់​លើ​ឆាក​អន្តរជាតិ​។​

​ទិ​ត្យា បានលើកឡើង​ដែរ​ថា​៖ «​អ្នក​ដែល​ចង់​ចូលរួម​មិនបាច់​បារម្ភ​ច្រើន​ពី​រឿង​គ្មាន​បទពិសោធ​ទេ អ្វី​ក៏ត្រូវ​តែមាន​លើក​ទី​១ ​ដែរ ដូច្នេះ​ឱ្យតែ​យើង​មានការ​ខិតខំ​ប្រឹងប្រែង​ព្យាយាម​យើង​នឹង​បាន​ជោគជ័យ​»​។

រ៉ូបូតមនុស្សយន្តមកពី ១០​ ក្រុម ​ចូលរួម​ក្នុងការប្រកួត ATC។ រូបថត សហ​ការី

​ខេង សុភា​រាជ ក៏​ប្រាប់​ដែរ​ថា​៖ «​បើ​កម្មវិធី​មាន​ឆ្នាំក្រោយៗ​ទៀត​ខ្ញុំ​នឹង​បន្ត​ចូលរួម ហើយ​លើកទឹកចិត្ត​ឱ្យ​អ្នកដទៃ​ចូលរួម ព្រោះ​ខ្ញុំ​បាន​រៀន​ពី​ការប្រកួត​ជាច្រើន​។ ខ្ញុំ​បាន​ស្គាល់ សហការ​ជាមួយ​សិស្ស​ច្បង និង​ក្រេប​យកចំណេះ​ដឹង​ពី​គាត់​បាន​យ៉ាងច្រើន​»​។

​លោក សុ​ធីរិទ្ធិ បាន​លើកទឹកចិត្ត​ឱ្យ​យុវជន​ចូលរួម ដោយ​មានការ​ហ្វឹក ការពិភាក្សា និង​ជួយ​គាំទ្រ​បេក្ខជន​ទាំង​គ្រឿង​សម្ភារ​ផងដែរ​។

​ប្រធាន​ក្រុម ATC រូបនេះ​បាន​លើក​​ទឹកចិត្ត​យុវជន​ថា​៖ «​បើ​ទោះ​មិនបាន​ជយលាភី យ៉ាងហោចណាស់​គាត់​ចេះ​ធ្វើ​វា​ដែរ​។ ហើយ​ខ្ញុំ​នឹង​ជួយ​សម្រួល បង្វឹក និង​បង្កើត​កម្មវិធី​ប្រកួត​ច្រើន​ទៀត​នៅ​ឆ្នាំ​ខាងមុខៗ​»៕