ក្រុង​បា​សេ​ឡូ​ណា: «​ផ្លាប់​!» ជា​សំឡេង​បត់​ទូរស័ព្ទ​ដែល​បន្លឺឡើង​ពី​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​យក្ស Samsung, Oppo និង Huawei ក្នុង​សមាជ​ទូរស័ព្ទ​ចល័ត​ពិភពលោក Mobile World Congress ក្នុង​ទីក្រុងបា​សេ​ឡូ​ណា​នា​សប្តាហ៍​នេះ​។​

​ធ្លាប់ជា​កំពូល​ទូរស័ព្ទ​នៃ​ដើម​ទសវត្សរ៍​ឆ្នាំ ​២០០០ ស៊េរី​តួ​បត់ កំពុង​ត្រឡប់មកវិញ​ជាមួយ​ក្រុមហ៊ុន​ធំៗ​ដោយ​សង្ឃឹមថា​ កំណែ​ថ្មី​នៃ​បច្ចេកវិទ្យា​ខ្ពស់​ធ្វើឱ្យ​ស្មា​ត​ហ្វូ​ន​ដែល​អាច​បត់​បាន វិល​មក​ពេញនិយម​សាជាថ្មី​។​

​នៅពេលដែល​តម្លៃ​ផលិតកម្ម​ស្មា​ត​ហ្វូ​ន​ទម្រង់​បត់​ចាប់ផ្តើម​ធ្លាក់ចុះ អ្នកវិភាគ​រំពឹងថា ការ​​លក់​នឹង​កើនឡើង​ដប់​ដង​នៅ​ឆ្នាំ​ ២០២៦​។​

​ក្រុមហ៊ុន Samsung គឺជា​អ្នកត្រួសត្រាយ​ផ្លូវ​ក្នុង​វិស័យនេះ ដោយ​បង្ហាញ​ស្មា​ត​ហ្វូ​ន​អាច​បត់​បាន​ដំបូង​គេ​នៅក្នុង​សន្និសីទ​ក្រុង​បា​សេ​ឡូ​ណា​កាលពី​ ៣ ​ឆ្នាំមុន​។​

​ក្រុមហ៊ុន​កូរ៉េខាងត្បូង​នេះ​មាន​ចំណែក​ទីផ្សារ ៨៧​ ភាគ​​រយ​នៃ​ការលក់​ទូរស័ព្ទ​ដែល​អាច​បត់​បាន​កាលពី​ឆ្នាំមុន​។ នេះ​បើ​យោងតាម​អ្នកវិភាគ DSCC។​

​លោក Francois Hernandez មកពី​ក្រុមហ៊ុន Samsung France បាន​និយាយថា​៖ «​យើង​កំពុងធ្វើការ​ជាមួយ​ក្រុមហ៊ុន​ផ្ដល់​ទស្សនីយភាព​កម្សាន្ត​ដូចជា Disney+ និង YouTube ដើម្បី​ធ្វើ​សមា​ហ​​រណកម្ម​កម្មវិធី​ពួកគេ​ឱ្យ​ល្អ​បំផុត​ត្រូវ​នឹង​ទំហំ​អេក្រង់​ទម្រង់​បត់ និង​បង្កើន​គុណប្រយោជន៍​ឱ្យបាន​ច្រើន​បំផុត​នៃ​ពី​ស៊េរី​ស្មា​ត​ហ្វូ​នប​ត់​នេះ​»​។​

ស្មាតហ្វូន​បត់ Samsung Galaxy Z Fold 3 ដែល​មានតម្លៃប្រមាណ ១៧០០ដុល្លារ។ រូបថត AFP

​លោក​បាន​និយាយថា ប៉ុន្តែ​ជាមួយនឹង​ផលិតផល​ក្រុមហ៊ុន Huawei (​និង P50 Pocket របស់​វា​) Xiaomi, Motorola និង​សូម្បីតែ Google ដែល​ធ្វើការ​លើ​ម៉ូ​ដែល​ផ្ទាល់ខ្លួន​របស់​ពួកគេ ភាគហ៊ុន​នោះ​ត្រូវ​​បាន​គេ​រំពឹងថា​ នឹង​ឈានដល់ ៣,៥​ ភាគរយ​នៅ​ឆ្នាំ ​២០២៥​។​

​វេលា​ដ៏​សំខាន់ ​១ នឹង​មកដល់​នៅពេលដែល​ក្រុមហ៊ុន Apple ចូលរួម​ក្នុង​ចំណែក​ទីផ្សារ​ស្មា​ត​ហ្វូ​នប​ត់ ដែល​អ្នកវិភាគ​រំពឹងថា នឹង​ត្រូវបាន​មើលឃើញ​នៅ​ឆ្នាំ ២០២៥​។​

​លោក Ritesh Bendre អ្នកវិភាគ​នៅ Counterpoint Research បាន​និយាយថា​៖ «Apple គឺជា​ក្រុមហ៊ុន​ដែលមាន​ឥទ្ធិពល​យ៉ាងខ្លាំង​»​។

​តាម​ការប៉ាន់ប្រមាណ​ថា ​ការ​លក់​ទូរស័ព្ទ​អាច​បត់​បាន​នឹង​លើសពី ៦០ ​លាន​គ្រឿង​នៅពេលដែល Apple ពាក់ព័ន្ធ​ក្នុង​ទីផ្សារ​នេះ​។​

​ខណៈ​ក្រុមហ៊ុន Samsung កំពុង​សោយរាជ្យ​នៅ​ទីផ្សារ​ស្មា​ត​ហ្វូ​នប​ត់ លោក Ross Young មកពី DSCC បាន​បន្តថា​៖ «​វា​នឹង​ផ្ដល់​ភាពជឿជាក់​បន្ថែមទៀត និង​ជួយ​បើក​ទីផ្សារ​ស្មា​ត​ហ្វូ​នប​ត់ដល់​អតិថិជន iPhone​។ ទំហំ​ផលិត​អាស្រ័យ​លើ​ថា តើ Apple ចង់​ធ្វើ​ប្រភេទ​អាច​បត់​បាន​ក្នុងតម្លៃ​ថ្លៃ​ជាង ឬ​ថោក​ជាង​នេះ​៕ AFP/HR