The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រថយន្ត​វ៉ែន​កាលពី​ ៧០ ​ឆ្នាំមុន ត្រឡប់មកវិញ​ជាមួយ​រូបរាង​ថ្មី​ថាមពល​អគ្គិសនី​

រថយន្ត​វ៉ែន​កាលពី​ ៧០ ​ឆ្នាំមុន ត្រឡប់មកវិញ​ជាមួយ​រូបរាង​ថ្មី​ថាមពល​អគ្គិសនី​

Content image - Phnom Penh Post
រថយន្ត Volkswagen ID-Buzz ជា​រថយន្ត​វ៉ែន​ថាមពលអគ្គិសនី។ រូបថត AFP

រថយន្ត​វ៉ែន​កាលពី​ ៧០ ​ឆ្នាំមុន ត្រឡប់មកវិញ​ជាមួយ​រូបរាង​ថ្មី​ថាមពល​អគ្គិសនី​

​ក្រុងហ្វ្រេង​ហ្វឺត: ៧០ ​ឆ្នាំ​ បន្ទាប់ពី​ម៉ូ​ដែល​ដំបូង​របស់ខ្លួន​បាន​ដំណើរការ​ចេញពី​រោងចក្រ ក្រុមហ៊ុន Volkswagen កំពុង​បង្កើត​រថយន្ត​វ៉ែន VW ឡើងវិញ ដែលជា​និមិត្តសញ្ញា​នៃ​វប្បធម៌​ស៊េរី​ពនេចរ​ហ៊ី​ប​ស្ទ័​រ សម្រាប់​មនុស្ស​ជំនាន់​ថ្មី​ដែល​គិតគូរ​ពី​ការ​​ប្រែប្រួល​អាកាសធាតុ ប៉ុន្តែ​អ្នក​និយម​ឡាន​វ៉ែន​កន្តុប​ពី​អតីតកាល​នេះ ទាមទារ​ពេលវេលា​ក្នុងការ​ទទួលយក​រថ​យន្ត​រចនា​បែប​ថ្មី​សន្លាង​ដូច្នេះ​។​

​ក្រុមហ៊ុន​ផលិត​រថយន្ត​អាល្លឺម៉ង់​ទើបតែ​បង្ហាញ​ការកែប្រែ​ថ្មី​បំផុត​របស់​រថយន្ត​វ៉ែន Volkswagen Camper ដែល​ត្រូវបាន​ដាក់ឈ្មោះថា រថយន្ត ID.Buzz ជាការ​រស់​ឡើងវិញ​នៃ​និមិត្តរូប​នៃ​រថយន្ត​វ៉ែន​ដ៏​គួរឱ្យ​ស្រឡាញ់ និង​ដ៏​លន្លង់លន្លោច​ពី​អតីតកាល​។​

​យោងតាម​នាយក​ប្រតិបត្តិ​ក្រុម​លោក Herbert Diess បាន​និយាយថា​៖ «​ម៉ូ​ដែល​ថ្មី​ជាមួយនឹង​រូបរាង​កោង​របស់​វា​ស្រដៀង​ទៅនឹង​រថយន្ត VW ដើម ដែល​ផ្ដល់​ភាព​រីករាយ​ដល់​ម្ចាស់​ក្នុង​ទសវត្សរ៍​ទី៦០ និង ៧០»​។​

​ការ​រចនា​រថយន្ត​វ៉ែន​បែប​បុរាណ ​គឺជា​ការ​បំផុសគំនិត​របស់​អ្នក​នាំចូល ហូ​ឡង់ Ben Pon ដែល​ចាប់អារម្មណ៍​លើ​រថយន្ត​ដឹកជញ្ជូន នៅពេលដែល​លោក​បាន​ទៅលេង​រោងចក្រ Volkswagen ក្នុង​ឆ្នាំ​ ១៩៤៧​។​

​លោក Pon បាន​ព្រាង​ផែនការ​ដំបូង ហើយ​បាន​បញ្ចុះបញ្ចូល​ឱ្យ​ក្រុមហ៊ុន​ផ្ដើម​ផលិតកម្ម​នៅ​ខែមីនា ឆ្នាំ ​១៩៥០ ហើយ​វា​ទទួលជោគជ័យ​ជាពិសេស​នៅក្នុង​សហរដ្ឋអាមេរិក​។​

Content image - Phnom Penh Post
រថយន្ត​វ៉ែនស៊េរីចាស់ Camper ដែលត្រូវបាន​កែកុនតុបតែងឡើងវិញ។ រូបថត AFP

​រថយន្ត​វ៉ែន​នេះ ​បាន​ក្លាយជា​វប្បធម៌​ដ៏​ពេញនិយម​ពី​អតីតកាល ហើយ​ក្រុមហ៊ុន Volkswagen សង្ឃឹមថា នឹង​បង្កើត​រូបភាព​វិជ្ជមាន​របស់​អ្នក​​បោះជំរំ​ជាមួយ​ស៊េរី​ថ្មី ID.Buzz បំពាក់​នូវ​ថាមពលបៃតង​។​

​ទោះជា​យ៉ាងណាក៏ដោយ ការយក​ឈ្នះ​ចិត្ត​ម្ចាស់​រថយន្ត​វ៉ែន​បុរាណ ឱ្យ​ងាក​ទៅ​ស្រឡាញ់​ម៉ូ​ដែល​អគ្គិសនី​ថ្មី គឺជា​កិច្ចការ​ដ៏​ពិបាក​បន្តិច​។​

​អ្នកស្រី មេ​ឡា​នី វូ​ហ្វ អាយុ​ ៣៣ ​ឆ្នាំ ជា​សមាជិក​ក្លិប VW Bus-lovers នៅ​តំបន់​បា​វ៉ា​រៀ បាន​និយាយថា​៖ «ID.Buzz បាន​យក​រាង​អក្សរ V នៅលើ​គម្រប​នៃ ​T1 camper ដើម​»​។​

​ជាមួយនឹង​ដៃគូ​របស់​នាង លោក ថូ​បាស ថប​ឡេ​ក អាយុ ៤៣ ​ឆ្នាំ នាង​តែងតែ​ជិះ​រថយន្ត​វ៉ែន​ដ៏​ចំណាស់​ស៊េរី​ឆ្នាំ ​១៩៧៣ នេះ​លើផ្លូវ រួមទាំង​ដំណើរ​កម្សាន្ត​នៅ​ប្រទេស​ន័​រ​វែ​ស ​ផងដែរ​។​

​លោក ថូ​បាស បាន​និយាយថា​៖ «​ខ្ញុំ​ចាប់អារម្មណ៍​ថា Volkswagen ដក​ឥទ្ធិពល​វប្បធម៌​ពនេចរ​ស៊េរី ហ៊ី​ប​ស្ទ័​រ និង​ងាក​មក​ការផលិត​បែប​រថយន្ត​វ៉ែន​ទំនើប​វិញ​»៕ AFP/HR

អត្ថបទគួរចាប់អារម្មណ៍