
ទោះរថយន្តបើកបរស្វ័យប្រវត្តិ ក៏ការប្រើទូរស័ព្ទនៅតែត្រូវបានហាមឃាត់។ រូបថត AFP
ក្រុងឡុងដ៍: ផែនការរបស់រដ្ឋាភិបាលបានបង្ហាញកាលពីថ្ងៃពុធថា អ្នកបើកបរអាចអង្គុយផ្អែកលើកៅអីយ៉ាងសង្ហា និងមើលទូរទស្សន៍យ៉ាងរំភើយបាននៅពេលដែលរថយន្តបើកបរដោយខ្លួនឯងត្រូវបានអនុម័តឱ្យចរាចរណ៍នៅលើដងផ្លូវរបស់ចក្រភពអង់គ្លេស ប៉ុន្តែនឹងត្រូវបានហាមឃាត់ការប្រើប្រាស់ទូរស័ព្ទដៃ។
នាយកដ្ឋានដឹកជញ្ជូនបានចេញនូវការផ្លាស់ប្ដូរចំពោះកូដផ្លូវហាយវ៉េដើម្បី «ជួយធានាថារលកទី១ នៃយានជំនិះបើកបរស្វ័យប្រវត្ដិត្រូវបានប្រើប្រាស់ដោយសុវត្ថិភាព»។
អ្នកនាំពាក្យ DfT បានបញ្ជាក់ថា នៅក្នុងរបៀបបើកបរដោយខ្លួនឯង អ្នកប្រើប្រាស់នឹងមិនទទួលខុសត្រូវចំពោះការប៉ះពារនោះទេ ដោយប្រគល់ភារកិច្ចទៅឱ្យក្រុមហ៊ុនធានារ៉ាប់រង។
ទោះបីជាយ៉ាងណាក៏ដោយ «អ្នកបើកបរយានយន្តត្រូវតែត្រៀមខ្លួនជាស្រេច ដើម្បីបន្តការគ្រប់គ្រងក្នុងវេលាសមស្របណាមួយ ប្រសិនបើចាំបាច់ដូចជានៅពេលជិតផុតផ្លូវបើកបរ។
រដ្ឋាភិបាលសង្ឃឹមថា នឹងមានក្របខ័ណ្ឌច្បាប់ពេញលេញសម្រាប់ដំណើរការយានជំនិះដោយស្វ័យប្រវត្តិនៅឆ្នាំ ២០២៥ ខាងមុខនេះ។
ការផ្លាស់ប្តូរនឹងអនុញ្ញាតឱ្យអ្នកបើកបរទស្សនាកម្មវិធីកម្សាន្ដនានា ដោយមិនខ្វល់ពីដៃចង្កូត «នៅលើអេក្រង់ដែលភ្ជាប់មកជាមួយ ខណៈរថយន្តបើកបរស្វ័យប្រវត្ដិកំពុងបញ្ជាដំណើរលើផ្លូវដោយខ្លួនឯង។
សេចក្តីថ្លែងការណ៍បានបន្ថែមថា៖ «ទោះជាយ៉ាងណាក៏ដោយវានឹងនៅតែខុសច្បាប់ចំពោះមនុស្សអ្នកបើកបរក្នុងការប្រើប្រាស់ទូរស័ព្ទចល័ត បើទោះជាពួកគេកំពុងស្ថិតនៅក្នុងប្រភេទរថយន្ដស្វ័យប្រវត្ដិក៏ដោយ»។
សេចក្ដីថ្លែងការណ៍នេះបានបញ្ជាក់ថា៖ «វានៅតែផ្តល់នូវហានិភ័យខ្ពស់ និងអាចបង្កឱ្យមានការរំខានដល់អ្នកបើកបរដូចដែលបានបង្ហាញនៅក្នុងការស្រាវជ្រាវ»៕ AFP/HR