
នៅប្រទេសស៊ូដង់រ៉ឺម៉កកង់៣សម្រាប់អ្នកដំណើរនិងរ៉ឺម៉កដឹកទំនិញ គឺជាមធ្យោបាយដឹកជញ្ជូនដ៏ពេញនិយម។ AFP
ក្រុងខាទុំ៖ សហគ្រិនជនជាតិស៊ូដង់ ម៉ូហាមេដ សាមៀរ សម្លឹងមើលដោយមោទនភាព ខណៈកម្មករប្រមូលកំពុងដំឡើងរ៉ឺម៉កពណ៌ស្រស់ឆើតឆាយ ដែលមានលក្ខណៈប្លែកពីគេក្នុងប្រទេសអាហ្វ្រិកខាងជើងជាមួយដំណើរការដោយអគ្គិសនីក្នុងគោលបំណងដោះស្រាយថ្លៃថាមពល។
នៅប្រទេសស៊ូដង់ រ៉ឺម៉កកង់៣សម្រាប់អ្នកដំណើរនិងរ៉ឺម៉កដឹកទំនិញគឺជាមធ្យោបាយដឹកជញ្ជូនដ៏ពេញនិយម និងតម្លៃសមរម្យតាំងពីយូរយារណាស់មកហើយ ដើម្បីបំពេញតម្រូវការមនុស្សរាប់ម៉ឺននាក់លើចរាចរណ៍លើផ្លូវនៃរដ្ឋធានីខាទុំ។
ខណៈប្រទេសស៊ូដង់រងនូវវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបន្ថែមដោយឥទ្ធិពលកាន់តែអាក្រក់នៃភាពភាពចលាចលនយោបាយ បន្ទាប់ពីរដ្ឋប្រហារយោធាកាលពីខែតុលាឆ្នាំមុនតម្លៃនៃការដំណើរការម៉ាស៊ីនសាំង និងប្រេងបានហក់ឡើងខ្លាំង។
វិស្វករ សាមៀរ អាយុ៤៤ឆ្នាំបាននិយាយនៅឯរោងចក្រនៅភាគខាងជើងរដ្ឋធានីខាទុំថា៖ «អ្នកដែលប្រើរ៉ឺម៉កចាក់ប្រេងមានការឈឺចាប់នឹងតម្លៃឥន្ធនៈ។

នៅប្រទេសស៊ូដង់រ៉ឺម៉កកង់៣សម្រាប់អ្នកដំណើរនិងរ៉ឺម៉កដឹកទំនិញ គឺជាមធ្យោបាយដឹកជញ្ជូនដ៏ពេញនិយម។ AFP
លោកបានបន្តថា៖ «យើងចង់ផ្តល់ដំណោះស្រាយដ៏ល្អមួយ»។
កម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិបានព្រមាននៅក្នុងរបាយការណ៍មួយពីឆ្នាំ ២០២០ ថា យានជំនិះដែលប្រើប្រេងសាំងក្រៅពីបង្កើនកម្ដៅការប្រែប្រួលអាកាសធាតុវាក៏បណ្តាលឱ្យមាន «សំឡេងរំខាន និងការបំពុលខ្យល់អាកាស» ផងដែរ។
របាយការណ៍បានបន្ថែមថា៖ «ការបំភាយផ្សែងចេញពីកង់៣ធ្វើឱ្យបរិយាកាសអាប់អួរបណ្តាលឱ្យខូចខាតដល់ដំណាំ និងនាំឱ្យកើតជំងឺផ្លូវដង្ហើមចំពោះមនុស្ស»។
លោក សាមៀរ បាននិយាយថា យានជំនិះអគ្គិសនីថ្មីស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិគឺ៖ ការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ការការពារសុខភាព និងការការពារបរិស្ថាន។
លោកបានបន្ថែមថា៖ «វាក៏បង្កើតសំឡេងតិចផងដែរ»។
លោក សាមៀរ បានប្រឈមមុខនឹងបញ្ហាជាច្រើនឆ្នាំក្នុងការធ្វើឱ្យរោងចក្ររបស់គាត់ចាប់ផ្តើមដំណើរការ។
លោកបានលក់ត្រីចក្រយានយន្តបានជាង ១០០ គ្រឿង និងរ៉ឺម៉កដឹកអ្នកដំណើរចំនួន១២គ្រឿងចាប់តាំងពីឆ្នាំមុន។

កម្មករប្រមូលកំពុងដំឡើងរ៉ឺម៉កពណ៌ស្រស់ឆើតឆាយដើរដោយថាមពលអគ្គិសនី នៅប្រទេសស៊ូដង់ដែលមានតម្លៃប្រេងខ្ពស់។ AFP
តម្លៃប្រេងបានកើនឡើងជាង២ដងចាប់តាំងពីរដ្ឋប្រហារមក។ លើសពីនេះការខ្វះខាតប្រេងឥន្ធនៈម្តងហើយម្តងទៀតបានធ្វើឱ្យអ្នកបើកបរតម្រង់ជួរជាច្រើនម៉ោងនៅខាងក្រៅស្ថានីយថាមពល ដើម្បីបំពេញធុងប្រេងរបស់ពួកគេ។
អ្នកបើកបរក៏ត្អូញត្អែរពីការរកប្រាក់ចំណូលតិចជាងពួកគេចំណាយ។
នោះគឺជាហេតុផលសំខាន់ដែលអ្នកលក់ផ្លែឈើ បាកគ្រី ម៉ូហាម៉ាដ បានលក់រ៉ឺម៉កកង់៣ប្រើសាំងរបស់គាត់ហើយបានទិញកង់៣អគ្គិសនីកាលពីឆ្នាំមុន។
លោក ម៉ូហាម៉ាដ ដែលប្រើយានជំនិះរបស់គាត់ដើម្បីដឹកផ្លែឈើតាមផ្លូវបាននិយាយថា៖ «យើងធ្លាប់ចំណាយច្រើនជាងនេះឆ្ងាយ ហើយកាលមុនខ្ញុំត្រូវបារម្ភអំពីកន្លែងដែលត្រូវរកប្រេងឥន្ធនៈ និងកន្លែងដែលត្រូវប្តូរប្រេងម៉ាស៊ីនទៀត។
លោកនិយាយដោយមោទនភាពចំពោះកង់អគ្គិសនីថ្មីរបស់ខ្លួនថា៖ «វាសន្សំសំចៃច្រើនហើយខ្ញុំមិនចាំបាច់តម្រង់ជួរចាក់ប្រេងទេ។ ខ្ញុំសាកអាគុយតែម្តងអាចដំណើរការបានពេញ១សប្តាហ៍។ ប្រាក់ចំណូលប្រចាំថ្ងៃរបស់ខ្ញុំបានកើនឡើងទ្វេដង»។
កង់៣ត្រូវចំណាយពេលប្រហែល៨ម៉ោង ដើម្បីសាកពេញដែលអាចផ្ដល់ថាមពលលើចម្ងាយផ្លូវពី ៨០ទៅ១០០គីឡូម៉ែត្រ។

សហគ្រិនជនជាតិស៊ូដង់ ម៉ូហាមេដ សាមៀរ ថារោងចក្ររបស់លោកកំពុងជួយប្រទេសស៊ូដង់ពន្លឿន ថាមពលជួយបរិស្ថាន។ AFP
ប៉ុន្តែចំពេលមានវិបត្តិសេដ្ឋកិច្ចការផ្គត់ផ្គង់អគ្គិសនីរបស់ប្រទេសស៊ូដង់ក៏បានរងគ្រោះផងដែរ ដោយមានការដាច់ភ្លើងញឹកញាប់។
ក្នុងខែមករា រដ្ឋាភិបាលបានដំឡើងថ្លៃអគ្គិសនី ដោយគ្រួសារនីមួយៗបានឃើញការកើនឡើងតម្លៃប្រើប្រាស់ប្រហែល៥០០ភាគរយនៅក្នុងវិក្កយបត្រ។
ទោះយ៉ាងណាក្ដី លោក សាមៀរ បាននិយាយថា រ៉ឺម៉កអគ្គិសនីនៅតែមានប្រសិទ្ធភាពជាង និងមានតម្លៃថោកជាងការរត់ជំនួស។
លោកបានទទូចថា៖ «តម្លៃនៃការសាកថ្មនៅតែតិចជាងប្រេងឥន្ធនៈ»ជាមួយនឹងបន្ទុកការសាកអគ្គីសនីពេញ១លើក មានចំណាយតិចជាងកន្លះលីត្រនៃប្រេងឥន្ធនៈ»។
អ្នករត់រ៉ឺម៉កផ្សេងទៀតសម្លឹងងាកទៅរកជម្រើសពន្លឺព្រះអាទិត្យដ៏សម្បូរហូរហៀរពេញ ១ ឆ្នាំរបស់ប្រទេសស៊ូដង់ និងបានរំដោះខ្លួនចេញពីការពឹងផ្អែកលើបណ្តាញអគ្គិសនីផងដែរ។
លោក អាមជេតហាមដាន អាមីអ៊ីដាន ដែលបានទិញរ៉ឺម៉កដើរដោយថាមពលអគ្គីសនីជាច្រើនគ្រឧងបាននិយាយថា៖ «ខ្ញុំប្រើបន្ទះសូឡាដែលអាចបត់បែនបាន។ យើងដាក់វានៅពីលើរ៉ឺម៉កពេលកំពុងបើកបរហើយវារក្សាការសាកថ្មជាប់ជានិច្ច»។
ក្រឡេកមកមើលវិស្វករ សាមៀរ វិញលោកបានអះអាងថា រោងចក្ររបស់លោកកំពុងជួយប្រទេសស៊ូដង់ពន្លឿនល្បឿនថាមពលបរិស្ថានក្នុងពិភពលោកដែលកំពុងអភិវឌ្ឍយ៉ាងលឿន។
លោកបាននិយាយថា៖ «អ្វីគ្រប់យ៉ាងដែលដំណើរការដោយឥន្ធនៈនឹងត្រូវបានជំនួសដោយអគ្គិសនីឆាប់ៗនេះ។ យើងមានឱកាសឥឡូវនេះដើម្បីតាមទាន់ពិភពលោក»៕ AFP/HR

អ្នករត់រ៉ឺម៉កផ្សេងទៀតសម្លឹងងាកទៅរកជម្រើសពន្លឺព្រះអាទិត្យដ៏សម្បូរហូរហៀរពេញ១ឆ្នាំរបស់ប្រទេសស៊ូដង់។ AFP