
សម្រង់រូបភាពវិញ្ញាសា «រ៉ូបូតបាចផ្កាលើប្រាសាទអង្គរវត្ត»សម្រាប់ការប្រកួត ABU Robocon អន្តរជាតិឆ្នាំ ២០២៣។ រូបថត សហការី
ភ្នំពេញៈ ខណៈក្រុមនិស្សិតនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) បានបន្តដល់វគ្គ ៦ ក្រុមចុងក្រោយនៃការប្រកួតប្រជែងរ៉ូបូតអាស៊ីប៉ាស៊ីហ្វិក (ABURobocon) ឆ្នាំ ២០២២ ជាទម្រង់អនឡាញដែលរៀបចំនៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា កាលពីថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២២ លោក ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាបានទទួលទង់ពីចម្ងាយនិងប្រកាសនូវវិញ្ញាសា «រ៉ូបូតបាចផ្កាលើប្រាសាទអង្គរវត្ត» នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងខែសីហា ឆ្នាំ ២០២៣ ខាងមុខនេះ។
ទន្ទឹមនឹងការបំបែកប្រវត្តិសាស្ត្រឈ្នះក្រុមម៉ាឡេស៊ី និងហ្វីជី ឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកទី១ សម្រាប់ក្រុមកម្ពុជាលោក ឃឹម វុទ្ធី បានថ្លែងថា៖ «យើងមានមោទនភាពដែលនេះជាឆ្នាំជោគជ័យមួយទៀតនៃការប្រកួតប្រជែង Robocon»។
លោកបន្តថា៖ «យើងបានចាប់ផ្ដើមកិច្ចការរៀបចំដើម្បីធានាថាអ្នកមកចូលរួម និងភ្ញៀវរបស់យើងទទួលបានពេលវេលាដ៏សប្បាយរីករាយអំឡុងពេលដែលពួកគេស្នាក់នៅប្រទេសកម្ពុជា»។
អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានជ្រើសរើសជាទីតាំងនៃកម្មវិធីប្រកួតប្រជែងរ៉ូបូតអន្តរជាតិនេះ។
លោក ប៉ាង ចំណាន អ្នករៀបចំកម្មវិធីការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិនៃទូរទស្សន៍ជាតិកម្ពុជាបានបង្ហាញក្ដីសង្ឃឹមថា ជំងឺកូវីដ ១៩ នឹងលែងបង្កការរំខានទៀតសម្រាប់ការប្រកួតប្រជែងរ៉ូបូតអាស៊ីប៉ាស៊ីហ្វិក (ABU Robocon) ឆ្នាំ ២០២៣ ដែលនឹងធ្វើឡើងដោយមានវត្តមានក្រុមប្រកួតពីប្រមាណ ២០ ប្រទេសមកចូលរួមផ្ទាល់នៅប្រទេសកម្ពុជា។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «នេះគឺជាសកម្មភាពមួយថ្មីសម្រាប់ការប្រកួតរ៉ូបូតដោយសារតែ ១ ឆ្នាំៗ វិញ្ញាសា គឺវាអាស្រ័យទៅលើម្ចាស់ផ្ទះ។ ឆ្នាំ ២០២៣ យើងធ្វើជាម្ចាស់ផ្ទះ គឺយើងអ្នកតាក់តែងវិញ្ញាសា ហើយគួបផ្សំបច្ចេកទេសនៃការលេងផងដែរ»។
កន្លងមក បច្ចេកទេសនៃការប្រកួតរ៉ូបូតមានការបាញ់ និងការបោះជាដើម ប៉ុន្តែឆ្នាំ ២០២៣ នេះ គឺជាការបំប្លែងវិញ្ញាសាចេញពីប្រពៃណីរបាំជូនពរ និងល្បែងបោះឡូ។
លោកបានបញ្ជាក់ថា វិញ្ញាសាផ្លូវការពីប្រទេសកម្ពុជាជាម្ចាស់ផ្ទះគឺ «រ៉ូបូតបាចផ្កាលើប្រាសាទអង្គរវត្ត»។ ផ្កាត្រូវបានតំណាងដោយកង ហើយបង្គោល៣ដូចជាកំពូលប្រាសាទអង្គរវត្ត ដែលតម្រូវឱ្យរ៉ូបូតយកកងគប់លើបង្គោលដូចទៅនឹងការបាចផ្កា។
អ្នករៀបចំកម្មវិធីការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិរូបនេះបានពន្យល់ថា៖ «មានន័យថា មានគូទឹកមានបង្គោលដែលសំដៅលើកំពូល។ បើនិយាយពីបច្ចេកទេសនៃការលេង វាលំបាក ហើយយើងគិតថាវាក៏ធ្វើឱ្យល្បែងហ្នឹងមានភាពរំជើបរំជួលក្នុងការលេង»។
ទីលានត្រូវបានរចនាដូចបរិវេណសំណង់អច្ឆរិយដោយមានគូទឹកព័ទ្ធជុំវិញតំបន់ពណ៌ខៀវ និងតំបន់ក្រហមមុននឹងទៅដល់កំពូលប្រាសាទអង្គរវត្តចំកណ្ដាលនោះ។
នីតិវិធីនៃការលេងត្រូវបានលោកពន្យល់ថា ក្រុមនីមួយៗមានរ៉ូបូត ២ គ្រឿងសហការគ្នាគប់កងធ្វើពីទុយោឱ្យទើរលើបង្គោល ហើយទាល់តែបង្គោលណាមានកងពណ៌របស់ខ្លួនស្ថិតនៅខាងលើគេ ទើបបានពិន្ទុ។
លោក ចំណាន លើកឡើងថា៖ «អ៊ីចឹងត្រង់ចំណុចហ្នឹងវាធ្វើឱ្យការប្រកួតមានការប្រកួតប្រជែងគ្នាខ្លះ ដណ្ដើមគ្នាទៅវិញទៅមក»។
លោកក៏បានលើកពីផលវិបាកនៃវិញ្ញាសាប្រកួតរ៉ូបូតដែលតាក់តែងដោយកម្ពុជាផងដែរថា រ៉ូបូតត្រូវតែសហការគ្នាធ្វើដំណើរលើទីលានមិនមែនផ្លូវរាបស្មើទេដោយការគប់នៅតំបន់ខាងក្នុងមានកម្ពស់ ២ តឹកពីបរិវេណខាងក្រៅ។
លោកថា៖«អ៊ីចឹងបើរ៉ូបូតចង់គប់ដល់ ទាល់តែគាត់ឡើង។ អង្គរវត្តរបស់យើងវាខ្ពស់ វាមានជណ្ដើរឡើង តែយើងមានតែស្ពាន ១ ទេ ក្រៅពីហ្នឹង គឺយើងត្រូវឡើងខ្លួនឯងទាំងអស់»។
មុននឹងរៀបចំការប្រកួតអន្តរជាតិ លោកក៏ត្រូវធ្វើការរៀបចំការប្រកួត Robocon ថ្នាក់ជាតិដែរ ដើម្បីជ្រើសរើសក្រុមតំណាងកម្ពុជា ២ ក្រុម ត្រៀមចូលរួមប្រកួតអន្តរជាតិ។
លោក ចំណាន លើកឡើងថា៖ «ម្ចាស់ផ្ទះគេឱ្យ ២ ក្រុមចូលរួម តែភ្ញៀវគេឱ្យតែ ១ ក្រុម។ ដូច្នេះពេលប្រកួតអន្តរជាតិ យើងមានកូតាច្រើនក្នុងការឡើងទៅកាន់វគ្គបន្ត។នេះគ្រាន់តែជាការសង្ឃឹមទេ ប៉ុន្តែជាក់ស្ដែង វាសុទ្ធសឹងតែជាសមត្ថភាព យុទ្ធសាស្ត្រ បច្ចេកទេសរបស់ក្រុមនីមួយៗក្នុងការលេង»។
វិញ្ញាសាប្រកួតឆ្នាំ ២០២៣ កាន់តែស្មុគស្មាញ និងបំផុសការប្រកួតប្រជែងខ្ពស់ តែអ្នករៀបចំកម្មវិធីការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិរូបនេះបានឱ្យដឹងថា លោកសង្កេតឃើញពីសមត្ថភាពកាន់តែប្រសើរនៃក្រុមតំណាងកម្ពុជាស្របពេលដែលក្រុមនិស្សិតនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) បានទទួលលទ្ធផលជាទីមោទនៈដោយឈ្នះក្រុមតំណាងម៉ាឡេស៊ីនិងហ្វីជី។
ក្រោយពីទទួលបានជយលាភីលេខ ១ ក្នុងកម្មវិធីប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី៩ ឆ្នាំ ២០២២ កាលពីថ្ងៃទី ២៦ មិថុនា ២០២២ ក្រុមរ៉ូបូត CADT 01 មកពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចូលរួមប្រកួតវិញ្ញាសា «ល្បែងរៀបសំណង់ថ្មនិងគប់បាល់ ឡាហ្គូរី» ដែលមានការចូលរួមពីបណ្តាក្រុមនិស្សិតពីសាកលវិទ្យាល័យបច្ចេកវិទ្យាល្បីៗតំណាងប្រទេសចំនួន១២ផ្សេងទៀត។
ទោះជាការប្រកួតនេះ កម្ពុជាមិនអាចដណ្តើមបានពានរង្វាន់ជយលាភីក៏យើងមានកិត្តិយសទទួលបានពានរង្វាន់ពិសេស គឺពានរង្វាន់របស់ក្រុមហ៊ុនតូយ៉ូតា (Toyota Awards)។
ការប្រកួតឆ្នាំ ២០២២ នៅប្រទេសឥណ្ឌាលើកនេះ លោក ប៉ាង ចំណាន បាននិយាយថា៖ «ការប្រកួតវគ្គ ៦ ក្រុម យើងបានចាញ់ក្រុមឥណ្ឌា ក៏យើងមិនសោកស្ដាយដែរ ព្រោះឥណ្ឌាគេចូលរួមប្រកួត Roboconយូរហើយ យើងទើបតែបានចូល ៤-៥ ឆ្នាំចុងក្រោយនេះទេ»។
លោកបន្តថា៖ «យើងរីករាយនឹងអ្វីដែលយើងបានធ្វើក្នុងឆ្នាំនេះ ហើយសង្ឃឹមថា ឆ្នាំក្រោយកម្ពុជានឹងធ្វើបានល្អប្រសើរថែមទៀតនៅពេលយើងធ្វើម្ចាស់ផ្ទះ ឆ្នាំ ២០២៣ នៅរាជធានីភ្នំពេញនាចុងខែសីហា»៕