ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ម៉ាស៊ីន​រ៉ូបូត​ជា​លើក​ដំបូង ដើម្បី​ត្រួតពិនិត្យ​ប្រព័ន្ធ​លូទឹក​ភ្លៀង និង​ទឹក​កង្វក់ ដោយ​ម៉ាស៊ីន​នេះ​មាន​មុខងារ​ភ្ជាប់​ជាមួយ​កាមេរ៉ា ដែល​អាច​មើលឃើញ​ស្ថានភាព​ជាក់ស្ដែង​ប្រព័ន្ធ​លូ​ផ្ទៃ​ខាងក្នុង និង​ការកកស្ទះ​កាកសំណល់​ផ្សេងៗ​។

ការដាក់​ដំណើរការ​ឱ្យ​ប្រើប្រាស់​ម៉ាស៊ីន​រ៉ូបូត​នេះ ធ្វើឡើង​នា​ឱកាស​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដឹកនាំ​ក្រុម​ការងារ​បច្ចេកទេស​ចុះ​ត្រួតពិនិត្យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​ប្រព័ន្ធ​លូ​នៅក្នុង​ក្រុង​សៀមរាប ខេត្ត​សៀមរាប កាលពី​ថ្ងៃទី​ ១៣ កញ្ញា​។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​លើកឡើង​ថា ម៉ាស៊ីន​រ៉ូប៉ូត​ត្រួតពិនិត្យ​ប្រព័ន្ធ​លូទឹក​ភ្លៀង និង​ប្រព័ន្ធ​លូ​កង្វក់​នេះ គឺជា​ម៉ាស៊ីន​ដំបូង​របស់​ក្រសួង ដើម្បី​ដាក់​ឱ្យ​ប្រើប្រាស់​ពិនិត្យ​ប្រព័ន្ធ​លូ ហើយ​វា​មាន​មុខងារ​រត់​នៅក្នុង​លូ ដោយ​មាន​ភ្ជាប់​កាមេរ៉ា ហើយ​មន្ត្រី​អាច​មើលឃើញ​ស្ថានភាព​ទាំងអស់ នៅក្នុង​ប្រព័ន្ធ​លូ​។

លោក​ថ្លែង​ពន្យល់ថា​៖ «​ម៉ាស៊ីន​នេះ​ដាក់​ចូលទៅ វា​រត់​នៅ​ក្រោម​លូ​តែម្តង ដោយ​មាន​កាមេរ៉ា​វា ហើយ​យើង​មើល​រូបភាព​នៅក្នុង​ដៃ​យើង យើង​ដឹង​ទាំងអស់​។ ថា​តើ​លូ​ស្ទះ​ ដោយសារ​អ្វី យើង​ឃើញ​ហើយ កន្លែង​ខ្លះ​ស្ទះ​ដោយសារ​ខ្លាញ់ បងប្អូន​ចាក់​ខ្លាញ់​ចូលក្នុង​លូ​ហ្នឹង​។ ដូច្នេះ​ម៉ាស៊ីន​យើង​នេះ​ល្អ​ណាស់ គឺ​វា​រត់​បាន​ ២០០ ​ម្រ៉ែត វា​ថតរូប​ឱ្យ​យើង​ទាំងអស់ មើល​បាន​ទាំង​លូទឹកស្អុយ និង​លូទឹក​ភ្លៀង​»​។

លោក​បន្តថា ការដាក់​ដំណើរការ​ម៉ាស៊ីន​រ៉ូប៉ូត​នេះ គឺជា​លើក​ដំបូង​សម្រាប់​កម្ពុជា ព្រោះ​កន្លង​មក​ការត្រួត​ពិនិត្យ​បញ្ហា​ក្នុង​ប្រព័ន្ធ​លូ ពិតជា​មាន​ការលំបាក​ណាស់ ព្រោះ​តម្រូវ​ឱ្យ​មនុស្ស​ដើរ​ក្នុង​លូ​តែម្តង​ ដើម្បី​ត្រួតពិនិត្យ​។

លោក​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ «​កាល​មុន​ឱ្យ​មនុស្ស​ចុះក្រោម​លូ​ហ្នឹង វា​ថប់ដង្ហើម​បញ្ចូល​ខ្យល់​អុកស៊ីហ្ស៊ែន​ម៉េច​បាន​ឆ្ងាយ​ណាស់​។ ដល់ពេល​នេះ យើង​មាន​ម៉ាស៊ីន វា​រត់​ខ្លួន​វា មើល​ពី​ក្រៅ​យើង​ដឹងថា វា​ស្ទះ ឬ​មិន​ស្ទះ​។ បើ​ឃើញ​ស្ទះ​នៅ​កន្លែង​ណា យើង​យក​ឡាន​យើង​មក ដោយសារ​ម៉ាស៊ីន​យើង​មាន​ក្បាល​វា​បាញ់​សម្អាត​លូ​ខ្លាំងណាស់ ហើយ​យើង​បូមទឹក​ចេញទៅ​»​។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រាប់​ពន្យល់​បន្ថែមថា ម៉ាស៊ីន​រ៉ូប៉ូត​ត្រួតពិនិត្យ​ប្រព័ន្ធ​លូ គឺជា​បច្ចេកវិទ្យា​ទំនើប​មាន​ភ្ជាប់​ជាមួយ​កាមេរ៉ា អាច​មើលឃើញ​ស្ថានភាព​ជាក់ស្ដែង​ប្រព័ន្ធ​លូ​ផ្ទៃ​ខាងក្នុង ការកកស្ទះ ឬ​ការខូចខាត ដើម្បី​ចាត់វិធានការ​ដោះស្រាយ​បាន​ទាន់​ពេលវេលា​។

លោក ហ៊ាង សុទ្ធាយុត្តិ៖ «​ម៉ាស៊ីន​នេះ គឺជា​គម្រោង​ចល័ត​។ ដូច្នេះ​គឺ​យើង​អាច​យកទៅ​ប្រើ​កន្លែង​ណា​ក៏បាន​ដែរ​។ វា​ជាការ​ប្រើប្រាស់​លើក​ទី​១ ហើយក៏​ជាការ​ប្រើប្រាស់​សាកល្បង​ដែរ​។ យើង​នឹង​រៀបចំ​ឱ្យ​បាន​ល្អ ហើយ​ក្រសួង​នឹង​ធ្វើការ​ពង្រីក​នូវ​ការប្រើប្រាស់​កាន់តែ​ច្រើន កាន់តែ​ទូលាយ​ជាង​នេះ​»​។

ទន្ទឹមនឹងនេះ លោក ស៊ុន ចាន់ថុល ក៏បាន​អញ្ជើញ​ចុះ​ពិនិត្យ និង​ចាត់វិធានការ​ដោះស្រាយ ក៏ដូចជា​ស្វែងរក​មូលហេតុ​នៃ​ការបង្ក​ឱ្យមាន​ជំនន់​ទឹកភ្លៀង ជន់​លិច​បណ្តា​ផ្លូវ​មួយ​ចំនួន​ក្នុង​ក្រុង​សៀមរាប បង្ក​ការបាក់​ច្រាំង​ដងស្ទឹង​សៀមរាប និង​ខូចខាត​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​កាលពី​ថ្ងៃទី​ ១៥ ខែសីហា ឆ្នាំ​ ២០២២ ​កន្លងទៅ​។

លោក​រដ្ឋមន្ត្រី​ក៏បាន​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​ផ្លូវថ្នល់​ទាំងអស់​គ្នា សម្អាត​ចិញ្ចើមផ្លូវ​មុខផ្ទះ​ឱ្យបាន​ស្អាត ទុក​ដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ ពីព្រោះ​សំរាម​ជា​ប្រភព​នាំមក​នូវ​ការកកស្ទះ​ដល់​ប្រព័ន្ធ​លូ ជាពិសេស​កុំ​ចាក់ដី​ខ្ពស់​ជាង​ផ្លូវ ដែល​អាច​បង្កឱ្យ​មាន​ការជន់លិច ធ្វើឱ្យ​ផ្លូវ​ឆាប់​ខូច​មុន​អាយុកាល និង​សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ចរាចរណ៍​៕