
App ដែលអាចឱ្យសិស្សជាប់បាក់ឌុបស្វែងរកសាកលវិទ្យាល័យ និងជំនាញដែលពួកគេចង់សិក្សា។ ហុង មិនា
ភ្នំពេញ: ក្រៅពីសាលាអ៊ិនរ៉ូលមិន (Sala Enrollment) ដែលជាគេហទំព័រផ្ដល់ភាពងាយស្រួលដល់សិស្សទើបបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យក្នុងការស្វែងរកសាកលវិទ្យាល័យ ជំនាញសិក្សា ក៏ដូចជាដំណឹងអាហារូបករណ៍ ពេលនេះ Sala App ត្រូវបានបង្កើតឡើងបន្ថែមពីលើវេបសាយដែលមានស្រាប់។
សិស្សានុសិស្ស ដែលរៀនថ្នាក់វិទ្យាល័យឬបញ្ចប់ការសិក្សាថ្នាក់ទី១២ អាចស្វែងរកព័ត៌មាននានាស្ដីពីមុខវិជ្ជាសិក្សា សាកលវិទ្យាល័យនិងអាហារូបករណ៍នៅលើកម្មវិធីទូរស័ព្ទតែមួយគឺ Sala App ដែលទើបបានបង្កើតឡើងកាលពីចុងឆ្នាំ ២០២១ កន្លងទៅ។
យុវសិស្ស សុង ម៉ីលី បានសុំការផ្ដល់ប្រឹក្សាពីលោក សុខ លាភ ស្ថាបនិក Sala App នូវមុខវិជ្ជាសិក្សានិងសាកលវិទ្យាល័យដែលខ្លួនចង់ ដោយលោកលាភ បានផ្ដល់បន្ថែមនូវព័ត៌មានលម្អិត។
កញ្ញា ម៉ីលី បច្ចុប្បន្នកំពុងសិក្សាផ្នែកគ្រប់គ្រងអាជីវកម្មនៅសាកលវិទ្យាល័យ Limkokwing បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ខ្ញុំចង់រៀននៅសាលា Limkokwing ហើយខ្ញុំទាក់ទងសុំការផ្ដល់ប្រឹក្សាពីគាត់។ ខ្ញុំចាប់អារម្មណ៍មុខវិជ្ជា Business Administration គាត់បានពន្យល់ទាក់ទងកម្មវិធីរបស់សាលាដែលមានកម្មវិធីផ្លាស់ប្ដូរកម្មសិក្សាទៅម៉ាឡេស៊ី។ គាត់បានសរសេរជួយបំពេញការចុះឈ្មោះ»។
ម៉ីលី ជាអ្នករាជធានីភ្នំពេញ និងកំពុងសិក្សាឆ្នាំទី១ បានបន្ដថា៖ «ខ្ញុំស្រឡាញ់មុខវិជ្ជាតាំងពីតូចមក។ ដូច្នេះ ខ្ញុំអាចរៀនបានដោយរលូន ហើយគ្រូនៅសាលាក៏ពួកគាត់បង្រៀនបានល្អដែរ»។
បញ្ហារបស់យុវសិស្សសម័យទំនើបនេះហាក់នៅមិនទាន់បានអភិវឌ្ឍខ្លួនដាច់ឆ្ងាយពីការប្រឈមរបស់សិស្សានុសិស្សសម័យទសវត្សរ៍ឆ្នាំ ១៩៩០ និងឆ្នាំ ២០០០ ជួបប្រទះចំពោះការជ្រើសរើសមុខវិជ្ជាសិក្សា និងសាកលវិទ្យាល័យដែលចង់រៀននោះទេ។
លោក លាភ បានឱ្យដឹងថា លោកធ្លាប់ជាសិស្ស ដែលជួបបញ្ហាស្វែងរកមុខវិជ្ជាសិក្សា និងសាកលវិទ្យាល័យកាលពីអំឡុងឆ្នាំ ២០០០ ហើយលោកបានធ្វើការរយៈពេលជាង ១០ ឆ្នាំមុនពេលចាប់ផ្ដើមផ្ដល់ការប្រឹក្សានេះ។
លោក លាភ បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ប៉ុន្ដែបើយើងក្រឡេកមើលក្រោយវិញ កាលខ្ញុំឈានជើងចូលមហាវិទ្យាល័យ ខ្ញុំបានជ្រើសរើសជំនាញ IT (Information Technology) ដោយមានការគាំទ្រពីម៉ាក់ប៉ា។ ខ្ញុំគិតថា លទ្ធភាពជំនាញបានផ្ដល់ឱកាសឱ្យខ្ញុំអភិវឌ្ឍខ្លួនរហូតដល់ថ្ងៃនេះ»។
រយៈពេល ១ ទៅ ២ ទសវត្សរ៍ហើយ លោកគ្រូ លាភ នៅតែមើលឃើញថា សិស្សរបស់លោកនៅមានផលលំបាកក្នុងការជ្រើសរើសមុខវិជ្ជា និងសាកលវិទ្យាល័យដែលពួកគេចូលចិត្ដ ដោយមានចិត្ដរារែកមិនដឹងទៅណា ក្រោយបញ្ចប់ថ្នាក់ទី១២។ ភាគច្រើន ពួកគេមិនមានគោលដៅច្បាស់លាស់។
លោកនិយាយថា៖ «ខ្ញុំពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលខ្ញុំនៅមើលឃើញរយៈពេលជាង ២ ទសវត្សរ៍ទៅហើយសិស្សានុសិស្សដែលបញ្ចប់ថ្នាក់ទី១២ នៅតែជួបបញ្ហានៃការជ្រើសរើសមុខវិជ្ជានិងសាកលវិទ្យាល័យ។ យើងបានសាកសួរសិស្សានុសិស្សដែលមករកជំនួយពីយើង សុទ្ធតែនិយាយពីបញ្ហាដូចកាលពី ២២ ឆ្នាំមុន ដែលខ្ញុំធ្លាប់ជួបប្រទះ។
ចំពោះសាលាជំនាន់ថ្មីដែលរដ្ឋាភិបាលបានបង្កើតឡើងប៉ុន្មានឆ្នាំនេះលោក សុខ លាភ បាននិយាយថា លោកគិតថា វាល្អដែលបានផ្លាស់ប្ដូរ learning methodology។ សាលាជំនាន់ថ្មី ទើបតែមានចន្លោះពី ១១ សាលាប៉ុណ្ណោះ ក្នុងចំណោមជាង ១២ ៥០០ សាលា ទូទាំងប្រទេស។
លោកនិយាយថា ដូច្នេះតើមនុស្សប៉ុន្មាននាក់មានឱកាសដឹងពីខ្លួនឯង ចាប់អាជីពជំនាញមួយដែលស័ក្ដិសមនឹងខ្លួនឯងចូលចិត្ដ និងបន្ដការងារដែលខ្លួនឯងចូលចិត្ដ។
នេះជាអ្វីដែល SalaEnrollment និង Sala App ចាប់ផ្ដើមឡើងដើម្បីដោះស្រាយបញ្ហាដែលសិស្សានុសិស្សនៅវិទ្យាល័យជួបប្រទះ។
ស្ថាបនិក Sala App បាននិយាយថា៖ «ដោយផ្អែកលើបទពិសោធរបស់ខ្ញុំផ្ទាល់ ដែលមើលឃើញថា ដំបូងត្រូវយល់ពីខ្លួនឯងដឹងគោលដៅចង់ទៅ ស្រឡាញ់មុខវិជ្ជាអ្វី និងមានការគាំទ្រពីមនុស្សជុំវិញខ្លួនជាពិសេសអ្នកផ្ទះឬសង្គមដើម្បីលើកទឹកចិត្ដជ្រើសរើសអាជីពមួយដ៏ត្រឹមត្រូវ។ ដូច្នេះ Sala ជាទីកន្លែងមួយដែលយើងសម្លឹងថា បន្ទាប់ពីឪពុកម្ដាយ និងបងប្អូនពួកគាត់មកពីទីនេះ គឺជាទីកន្លែងពិសេសដើម្បីស្វែងរកចម្លើយដ៏ត្រឹមត្រូវនូវការជ្រើសរើសមុខវិជ្ជាសិក្សានិងសាកលវិទ្យាល័យដែលស័ក្ដិសមសម្រាប់ពួកគាត់»។
ចំពោះការឆ្លើយតបនឹងចម្ងល់ផ្សេងៗលោកបានឱ្យដឹងថា វាបានបែងចែកជា ២ ប្រភេទ។ ជាដំបូង ក្រុមការងាររបស់លោកផ្ទាល់ធ្លាប់ឆ្លងកាត់ជាសិស្ស និងបច្ចុប្បន្នជានិស្សិតឆ្នាំទី៣ ទី៤ មកពីសាកលវិទ្យាល័យ និងរៀនមុខវិជ្ជាផ្សេងៗបានចែករំលែកបទពិសោធរបស់ពួកគេជាមួយការផ្ដល់យោបល់ចំពោះចម្ងល់របស់សិស្សវិទ្យាល័យ។ពួ កគេជាសិស្សច្បងដែលធ្លាប់ឆ្លងកាត់បទពិសោធដើរកន្លងមកអំឡុងការជ្រើសរើសមុខវិជ្ជា និងសាកលវិទ្យាល័យសិក្សា។
លោកបន្ដថា មួយផ្នែកទៀត សិស្ស និងនិស្សិត ចែករំលែកបទពិសោធផ្ទាល់ខ្លួនរបស់ពួកគេ។ នេះជាវេទិកាបើកទូលាយសម្រាប់សិស្ស-និស្សិត បញ្ចេញមតិយោបល់ ដើម្បីលើកទឹកចិត្ដឱ្យពួកគេត្រិះរិះពិចារណា។
Sala App នៅមានប្រអប់សារឯក (private chat) ដែលសម្រាប់ការសុំការណែនាំផ្ទាល់ជាលក្ខណៈឯកជន។ ពួកគេអាចសុំផ្ដល់យោបល់ពីមុខវិជ្ជាអ្វី សាកលវិទ្យាល័យណា និងតម្លៃប៉ុន្មាន ។
ស្ថាបនិក Sala App បានបង្កើត one-to-one call និង one-to-one meeting សម្រាប់ការបំភ្លឺដល់សិស្ស ជាដើមទុនក្នុងការជ្រើសរើសអ្វីដែលខ្លួនចូលចិត្ដ។
លោក លាភ បានប្រាប់ថា៖ «ពេលខ្លះ សិស្សានុសិស្ស មានភាពងងឹតខ្លាំងចំពោះការជ្រើសរើស យើងតម្រូវឱ្យពួកគាត់ធ្វើ personality test នៅលើ App ក្នុងប្រភេទ Orientation Test ដើម្បីឱ្យពួកគាត់យល់ពីខ្លួនឯងបន្ដិច។ ពេលពួកគាត់បញ្ចប់តេស្ដ ពួកគាត់អាចដឹងពីខ្លួនឯងខ្លះ ដូចជា ប្រភេទមនុស្សដោះស្រាយបញ្ហា ដែលស័ក្ដិសមចំពោះជំនាញណាមួយ»។
តេស្ដប្រភេទនេះ លោកអះអាងថា គឺជាក្របខ័ណ្ឌដ៏ល្បីល្បាញមួយដែលត្រូវបានប្រើភាគច្រើនក្នុងការគាស់កកាយអំពីការស្វែងយល់ពីនរណាម្នាក់។ ការធ្វើតេស្ដប្រភេទនេះ គឺសម្រាប់អ្នកស្វែងរកសេវាកម្មប្រឹក្សាតាមរយៈ private chat ដែលមិនតម្រូវបង់ប្រាក់នោះទេ។
កញ្ញា ម៉ីលី បានបន្ដថា ចំពោះអ្នកអត់មានគោលដៅច្បាស់លាស់ ពួកគេពិតជាលំបាកក្នុងការស្វែងរកមុខវិជ្ជាសិក្សា និងសាកលវិទ្យាល័យដែលស័ក្ដិសមសម្រាប់ខ្លួន។ ប៉ុន្ដែ Sala App អាចផ្ដល់ប្រឹក្សានិងសម្រួចគំនិតឱ្យងាយស្រួលក្នុងការជ្រើសរើសជម្រើសមួយដ៏ល្អ។
កញ្ញា សន សុវណ្ណារ៉ា ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងបន្ដការសិក្សាវគ្គខ្លី PowerPoint BL នៅវិទ្យាស្ថាន Institute of Finance and Accounting (IFA) បានឱ្យដឹងថា ពេលដឹងថា ខ្លួនស្រឡាញ់ និងចង់រៀនផ្នែកសេវាផ្ដល់ប្រឹក្សាពី Sala App បានណែនាំសាលា IFA និងបានជួយសម្របសម្រួលឱ្យកាន់តែងាយស្រួល។
និស្សិតដែលបានចូលរៀន កាលពីខែមីនា និងបានបញ្ចប់ការសិក្សានាពេលថ្មីៗនេះបានឱ្យដឹងថា៖ «វាពិតជាងាយស្រួល ដោយសារព័ត៌មានទាំងអស់ស្ថិតនៅលើ App នេះតែមួយ។ ប្រសិនបើខ្ញុំចង់រៀនអ្វី ខ្ញុំគ្រាន់តែចូលក្នុង App ខ្ញុំនឹងទទួលបាននូវព័ត៌មានដែលខ្ញុំចង់បាន ដោយមិនចាំបាច់ស្រាវជ្រាវច្រើនទីតាំង»។
លោកបានឱ្យដឹងថា វាជាអនាគតរបស់មនុស្សដែលទាមទារឱ្យលោកយកចិត្ដទុកដាក់ខ្លាំងដែរ។ លោកចង់ឱ្យសិស្ស-និស្សិតចូលរួម ដោយកុំពឹងលើការចង្អុលផ្លូវរបស់ឪពុកម្ដាយមួយរយភាគរយ។ តាមពិតឪពុកម្ដាយចង់ឱ្យកូនៗល្អ មិនមែនចង់ណែនាំឱ្យកូនទៅផ្លូវខុសនោះទេ។ ប៉ុន្ដែបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ស័ក្ដិសមនឹងអ្វីដែលឪពុកម្ដាយចង់បានឬទេ? អ្នកខ្លះសិក្សាបាន ១ ឬ ២ ឆ្នាំ ក៏ស្រាប់តែសុំផ្លាស់ប្ដូរ។
លោកបានអះអាងថា វាអាចធ្វើឱ្យពួកគេខាតពេលវេលា លុយកាក់ ហើយទឹកចិត្ដក៏ធ្លាក់ចុះថែមទៀត។ ចំពោះសិស្សានុសិស្សទាំងការមកជួបផ្ទាល់ និងការសុំយោបល់លើឆាតឯកជនក៏ដោយ ក៏មិនមានការគិតប្រាក់អ្វីនោះទេ ។
លោក លាភ បានបន្ដថា៖ «រហូតមកទល់ពេលនេះយើងបានសហការជាមួយសាកលវិទ្យាល័យចំនួន ១៦ ដែលភាគច្រើនជាសាកលវិទ្យាល័យឯកជននិងសាលារដ្ឋ ២-៣ មាន international department។ បច្ចុប្បន្ន យើងផ្ដោតលើសាកលវិទ្យាល័យនៅតែភ្នំពេញនៅឡើយ»។
ចំពោះការផ្ដល់ព័ត៌មាន Sala App បានផ្ដល់ជូនសិស្សានុសិស្សនូវសាកលវិទ្យាល័យទាំង ៥៤។ ប៉ុន្ដែសាកលវិទ្យាល័យ ១៦ ត្រូវបានធ្វើបច្ចុប្បន្នភាពជាបន្ដបន្ទាប់ ខណៈសាកលវិទ្យាល័យផ្សេងទៀត ការធ្វើបច្ចុប្បន្នភាព មានរយៈ ៣ ខែម្ដង។
លោក សុខ លាភ នឹងពង្រីកទៅកាន់ជំនាញការអប់រំបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ដោយការចូលរៀនរបស់សិស្សានុសិស្សនៅមានកម្រិតនៅឡើយ។
លោកនិយាយថា ៥ ឆ្នាំ ទិន្នន័យចុងក្រោយនេះ សិស្សានុសិស្សថ្នាក់ទី១២ ចំនួនប្រហែល ១២ ម៉ឺននាក់ ហើយមានតែ ២៥ ០០០ នាក់ ទៅ ៣ ម៉ឺននាក់ប៉ុណ្ណោះ ចូលទៅឧត្ដមសិក្សាប្រចាំ នៅខ្វះប្រហែលជា៣ភាគ។ អ៊ិចឹង ចំពោះ TVET រាជរដ្ឋាភិបាលជំរុញខ្លាំងលើសិស្សដែលអត់មានលទ្ធភាពសិស្សធ្លាក់ មានពេលវេលាតិចតួច និងថវិកាមិនគ្រប់គ្រាន់។
លោកបានបញ្ជាក់ថា៖ «បើថ្ងៃក្រោយពួកគាត់ចង់ធ្វើពលករចំណាកស្រុកមែនតែពួកគាត់មានជំនាញទុនខ្លះជាជាងទៅដំឡូងមូល ដោយនាំយកទៅជាមួយនូវភាសានិងជំនាញខ្លះ។ នៅចុងឆ្នាំនេះយើងនឹងពង្រីកវិសាលភាពទៅកាន់TVETដែលគ្របដណ្ដប់ទូទាំងប្រទេស»។
ក្រៅពីការណែនាំមុខវិជ្ជាសិក្សា និងសាកលវិទ្យាល័យនានា Sala App ផ្ដល់ព័ត៌មានបន្ថែមទៅលើមុខវិជ្ជាដែលពួកគាត់ជ្រើសរើស ដូចជា ការចាប់យកមុខវិជ្ជា IT។ យើងមាន Education Content ដើម្បីឱ្យពួកគាត់ស្វែងយល់ពីមុខវិជ្ជា IT ស្ដីពី computer science ថា តើពួកគាត់ត្រូវរៀនអ្វី?តើត្រៀមខ្លួនរបៀបម៉េច? ហើយរៀនចប់ទៅត្រូវចូលទៅកាន់ផ្នែកការងារមួយណា?
ក្រៅពី Education Content យើងនៅមានព័ត៌មានពីកម្មវិធីសិក្សានៅតាមសាកលវិទ្យាល័យ ឬវិទ្យាស្ថាននីមួយៗ ដូចជា start-up, STEM ឬ competition ហើយយើងក៏មានព័ត៌មានស្ដីពីអាហារូបករណ៍ទាំងក្នុង និងក្រៅប្រទេស។
ជាមួយការដោនឡូតជាង ១ ពាន់ដង Sala Appដែលអាចដោនឡូនទាំងនៅក្នុងប្រតិបត្ដិការ Android និង iSO ត្រូវបានដាក់ឱ្យដំណើរការកាលពីចុងឆ្នាំ ២០២១ ដោយវេបសាយបានដំណើរការជាង ២ ឆ្នាំ។
លោក លាភ ទទួលស្គាល់ថា៖ «App នៅតែមានអ្នកប្រើប្រាស់តិចតួច តែវេបសាយអ្នកចូលប្រើក្នុងចំនួនច្រើន»៕