ភ្នំពេញ​: ថ្វីដ្បិត​តែ​ក្រុម​ហ៊ុន​ទាំង​ ២ ​រប​ស់លោក ចិ​វ សាន់​ឃុន ជា​ក្រុមហ៊ុន​ដែលមាន​ចំនួន​បុគ្គលិក​មិន​ដល់​ ១០​ នាក់​ក៏​ដោយ​ ក៏​ឪពុក​របស់​លោក​ត្រូវ​ចុះទៅ​មើល​ការ​ខុស​ត្រូវ​​នៅ​តាម​ទីតាំង​ទាំង ​២​ ផ្ទាល់​ជា​រៀងរា​ល់​ពេលដែរ​។

ប៉ុន្ដែ​ដល់​ជំនាន់​ លោក​ សាន់​ឃុន ដែល​មាន​អាយុ​ ២៨ឆ្នាំ គ្រប់​គ្រងវិញ លោកបាន​ប្រើ​កាមេរ៉ា​សុវត្ថិ​ភាព​ក្នុងការ​ត្រួត​ពិនិត្យ​សកម្ម​ភាព និង​វត្ដ​មាន​របស់​បុគ្គ​លិក​។ ឆ្នាំ​ ២០២២ កន្លង​ទៅ លោក​បាន​ប្រើ​ប្រាស់​កម្មវិធី ​CheckinMe ដែល​អាច​ជួយ​សម្រួល​កិច្ចការ​របស់​លោក​បាន​កាន់​តែ​ច្រើន​ទាំង​លើ​ការ​ឆែក​វត្ដ​មាន​ និង​សកម្ម​ភាព​ផ្នែក​លក់​ទៀតផង​។

លោក ​សាន់​ឃុន ជា​ម្ចាស់​ក្រុម​ហ៊ុន​ KP ជា​ហាង​លក់​ម៉ូតូ​ និង K+ ជា​ហាង​លក់​ស្លាក​យីហោ​បាន​ថ្លែង​ថា​៖ «​កាល​ពី​សម័យ​ប៉ា​ខ្ញុំ ទាល់​តែ​យើង​ទៅ​ដល់​ក្រុមហ៊ុន​ទើប​យើង​ដឹងថា​ បុគ្គ​លិក​គោរព​ម៉ោង​ការងារ​ឬក៏​អត់ ​ហើយ​ដល់​សម័យ​ខ្ញុំ​ដំបូង ​ខ្ញុំ​ប្រើ​កាមេរ៉ា​សុវត្ថិភាព​ឆែក ហើយ​ដល់​ពេល​មាន ​CheckinMe វា​មិន​ដូច្នោះ​ទេ​។ ពេល​ពួក​គាត់​មក​ដល់​ទីតាំង​និង​ស្គេ​ន​វត្ដ​មាន វា​បាន​បង្ហាញ​លើ​កម្ម​វិធី​ទូរ​ស័ព្ទ​យើង​តែម្ដ​ង​»​។

លោក​បាន​បន្ដ​ថា​៖«​ចំណុច​មួយ​ទៀត​បើ​យើង​គ្រប់​គ្រង​លើ​ផ្នែក​លក់​វិញ​កន្លង​មក​យើង​ជួប​ការ​លំបាក​មែន​ទែន​។ ពេល​ខ្លះ​ យើង​មិនបាន​ដឹងថា​តើ​ពួក​គាត់​បាន​ធ្វើ​អ្វីខ្លះ​លើក​លែង​តែ​យើង​ទៅ​ឆែក​ផ្ទាល់​។ ប៉ុន្ដែ​ពេល​មាន ​CheckinMe ​យើង​បាន​ដឹង​ពី​សកម្ម​ភាព​របស់​ពួក​គាត់ ​ដែល​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ពេល​ចុះ​ផ្ទាល់​ជា​មួយ​ពួក​គាត់​ច្រើន​»​។​

ផ្ដើម​ចេញពី​ភាព​សាម​ញ្ញនៃ​ភាសា​រអ៊ូរ​ទាំ​របស់​ម្ចាស់អាជីវ​កម្ម​មួយ​ចំនួ​នដែល​តែងតែ​និយាយ​ថាពួ​កគេ​មានការ​លំបាក​ក្នុង​គ្រប់គ្រង​បុគ្គ​លិក​លើ​វត្ដ​មាន​ដោយ​ត្រូវ​ការប្រើ​ប្រព័ន្ធ​បច្ចេ​កទេស​ច្រើ​ន ដោយ​ពួកគេ​យល់ថា​ប្រសិន​បើ​មានកម្មវិធី​ណា​ស្គេ​នវ​ត្ដ​មាន​លើ ​QR Code ដូច​ស្គេ​ន​លុយ​អ៊ីចឹង ​មិនដឹ​ងថា​ល្អ​យ៉ាង​ណា ​គួបផ្សំ​ចំណេះ​ដឹង​ផ្នែក​បច្ចេ​កវិទ្យា ​សហគ្រិន​វ័យក្មេង ក៏​នឹក​ឃើញ​បង្កើត​កម្ម​វិធី​អ្វីមួយ​ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​លើ​បញ្ហា​នេះ​។

លោក​ ឡី កំ​ថូ​ង ជា​នាយក​ប្រតិ​ប​ត្ដិ​ធុរកិច្ច​ CheckinMe​ បាន​ឱ្យដឹងថា​ អ្វីដែល​លោក​អាចធ្វើ​បាន​នោះ​គឺ​ការប្រើ​ប្រាស់ QR Code ​ភ្ជាប់​ជា​មួយ ​GPS ដោយ​បុគ្គលិក​អាច​ស្គេ​ន​វត្ដ​មាន​បានតែ​នៅ​ទីតាំង​ក្រុមហ៊ុន​បានកំណត់​ប៉ុណ្ណោះ ​ដោយ​មិន​អាច​ថត​ទុក​ដើម្បី​យក​ទៅ​ស្គេ​ន​នៅ​ផ្ទះ​បាន​ឡើយ​។

​លោក ​កំ​ថូ​ង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖«​ពេល​យើង​បង្កើត​បច្ចេក​វិទ្យា ​QR Code ភ្ជាប់​ជាមួយ ​GPS បាន​រួចហើយ យើង​ត្រូវ​គិត​លើ​កត្ដា​ថវិកា​សម្រាប់​តម្រូវ​ការ​ចំពោះ​សហ​គ្រាស​ធុន​តូច ​និង​ធុន​មធ្យម​ផងដែរ​»​។

យុវ​ជន កំ​ថូ​ង អាយុ​២៨ឆ្នាំ​ និង​សហ​ស្ថាបនិក​ដទៃ​ទៀត​បានចាប់​ផ្ដើម​សិក្សា​គម្រោង s​tart-up មួយ​ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ម្ចាស់​សហ​គ្រាស​ធុន​តូចនិង​ធុន​មធ្យម​លើ​ការ​គ្រប់​គ្រង​បុគ្គ​លិក ​ក៏ដូច​ជា​ផ្នែក​លក់​ក្នុង​ឆ្នាំ​២០១៩ រីឯ ​ CheckinMe វិញបាន​​លេច​ចេញ​ជា​រូបរាង​នៅ​ក្នុង​ឆ្នាំ​ ២០២១​។

ពេល​នេះ ​CheckinMe​ មាន​សមត្ថ​ភាព​គ្រប់​គ្រង​ការ​ស្រង់​វត្ដ​មាន​ផ្នែក​លក់​ក៏ដូច​ជា​ ការងា​ររ​ដ្ឋបាល​មួយ​ចំនួន​ជា​មួយ​បុគ្គលិក​រហូត​ដល់​ ២​ ពាន់​នាក់​។​

ផ្ដើម​ពី​លទ្ធ​ភាព​នៃ​ការ​ស្រង់​វត្ដ​មាន ​CheckinMe​ ពេល​ចូល​ដល់​ទីផ្សារ​នៃ​ការ​ប្រើប្រាស់​ វា​ត្រូវបាន​អភិវឌ្ឍ​ខ្លួន​ទៅ​ជា​ការ​បន្ថែម​មុខងារ​ដាក់​ស្នើ​សុំ​ច្បាប់ ​និង​អនុម័ត​ច្បាប់​តាម​អន​ឡាញ ​ដោយ​អាច​ឆែក​ចំនួន​ថ្ងៃ​សម្រាក​សេស​សល់បានទៀតផង​។

CheckinMe​ បាន​វិវឌ្ឍបន្ថែម​មុខងារ​មួយ​ទៀត គឺ​ការ​ស្នើ​សុំ​ធ្វើការ​ក្រៅ​ម៉ោង ​និង​ការ​អនុ​ម័ត​លើ​ការ​ស្នើសុំ​​តាម​អន​ឡាញ​ ហើយ​ថ្មីៗ​នេះ​ក្រុម​ហ៊ុន​ធំ​មួយ ​បាន​ស្នើ​បង្កើត​សេវា​មួយ​ទៀត​គឺ​ការ​លើក​ទឹក​ចិត្ដដ​ល់​បុគ្គលិក​តាម​រយៈ​វត្ដ​មាន​របស់​ពួក​គេ​។

លោក​ កំ​ថូ​ង មកពី​ស្រុក​មង្គល​បុរី​ ខេត្ដ​បន្ទាយ​មាន​ជ័យ ​ដែលសិក្សា​ផ្នែក​ព័ត៌​មាន​វិទ្យានៅ​សា​កល​វិទ្យា​ល័យ​ន័​រ​តុ​ន និង​បន្ដ​ទៅ​ប្រទេស​ឥណ្ឌា​ ក៏ដូចជា​ ជប៉ុន បាន​ឱ្យដឹង​ថា​៖ «​ម្ចាស់​ក្រុម​ហ៊ុន​ចង់​ដំឡើង​ប្រាក់​ខែ​ដល់​បុគ្គ​លិក​របស់​គាត់​តាម​រយៈ​ការ​គោរព​ម៉ោង​ពេល​ការងារ​ និង​ ចំណូល​នៃ​ការ​លក់​របស់​ពួកគេ​។ យើង​បង្កើត​បច្ចេក​វិទ្យា​មួយ​ដោយ​ផ្អែក​លើ​ការ​ស្រង់​វត្ដ​មាន និង​សមត្ថ​ភាព​ផ្នែក​លក់​តាម​កម្រិត​ផ្កាយ​របស់​ពួក​គេ​»​។

លោក​បាន​បន្ដ​ថា​លោក​បាន​បង្កើត​បច្ចេក​វិទ្យា​មួយ​ឈ្មោះថា Sales Activity អាច​តាម​ដាន​សកម្ម​ភាព​ផ្នែក​លក់ ដែល​ពួក​គេ​បាន​ទៅ​ជួប​ភ្ញៀវ​ណា​ខ្លះ​ នៅ​តាម​ទីផ្សារ ​នៅ​ពេល​ណា ​និង​អាច​ធ្វើ​របាយ​ការណ៍​ស្វ័យ​ប្រ​វ​ត្ដិ​តាម​ទូរស័ព្ទ​ដៃ​បាន​ទៀតផង​។

Checkin​Me ​មាន​សមត្ថភា​ព​វាយ​តម្លៃ​បាន​ ២ ប្រភេទ​ គឺ​តាម​រយៈ​ការ​ស្រង់​វត្ដ​មាន​និង​ការលក់​របស់​បុគ្គ​លិក​ផ្នែក​លក់​។ ប៉ុន្ដែ​ ចំពោះ​ការ​វាយ​តម្លៃ​លើ​បុគ្គ​លិក​ការិ​យា​ល័យ ឬ​បុគ្គលិក ​(Back Office) នៅ​មានការ​ស្មុគ​ស្មាញ​ច្រើន​ដោយ​សារ​ពួកគេ​មាន​ភារ​កិច្ច​ខុសៗ​គ្នា​ច្រើន​ ដែល​ត្រូវ​ការ​ពេល​វេលា​ច្រើន​ជាង​នេះ​ទៀត​។

លោក​ កំ​ថូ​ង បាន​លើក​ឡើង​ថា អ្នក​ប្រើប្រា​ស់​នៅ​ក្នុង​ស្រុក​នឹង​អាច​ប្រើ​ប្រាស់ ​Checkin​Me ​Mobile App សាក​ល្បង​រយៈ​ពេល​ចន្លោះ​ពី​២​ទៅ៣​ខែ​។

លោក​បាន​និយាយ​ថា​៖«​យើង​ឃើញ​ម្ចាស់​អាជីវ​កម្ម​មាន​២​ប្រភេទ ​ដោយ​ម្ខាង​ជា​បុគ្គល​បែប​ប្រពៃណី​ដែល​ពួកគេ​ត្រូវការ​ច្បាស់​លាស់ត្រូវ​ការ​និយាយ​ និង​ត្រូវ​ការជួប​ផ្ទាល់ ​ហើយ​មនុស្ស​ ១​ប្រភេទគឺមាន​អាយុ​ខ្ទង់៣០​ចុះ​ក្រោម ពួក​គាត់​មិន​ចូល​ចិត្ដ​ជួប​ផ្ទាល់​ទេ​ តែ​សាក​ល្បង​ខ្លួន​ឯងមើល​ខ្លួនឯង​ធ្វើ​ខ្លួន​ឯង និង​ប្រើ​ខ្លួន​ឯង​»។

​គួរ​រំឭ​កថា ក្នុង​ឆ្នាំ​២០២២ ​កន្លង​ទៅ ​CheckinMe​ បាន​ឈ្នះ​ពាន​រង្វាន់​ចំនួន​៥ ដោយ​២ជា​ពាន​រង្វាន់​កម្រិត​អន្ដ​រជាតិ និង​៣​ផ្សេងៗ​ទៀត​ជា​ពាន​រង្វាន់​ស្រុក​ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​របស់​រា​ជរដ្ឋាភិ​បាល​។

លោ​ក កំ​ថូ​ង បាន​លើក​ឡើង​ថា​៖ «​ពាន​រង្វាន់​ទី១​ គឺ 1st Runner-up មា​នន័យថា​ ជយ​លាភី​ទី​២ ដែល​រៀបចំ​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ​ ប្រទេស​ម៉ាឡេ​ស៊ី ដោ​យមាន start-up ចំនួន ១៣០​ហើយ​ពាន​រង្វាន់​ទី ​២ គឺ​ដែល​កម្ពុជា​យើង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កម្មវិធី​អាស៊ាន ​(ASEAN SUMMIT) បាន​រៀបចំ​កម្ម​វិធី​ប្រកួត​បច្ចេ​កវិទ្យា​»​។​

កម្មវិធី​នេះ​ធ្វើ​ឡើង​នៅ​ប្រទេស​សិង្ហ​បុរី​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ និង​វគ្គផ្ដាច់​ព្រ័ត្រ​នៅ​ចិន ដោយ​មាន ​start-up ចំនួន​១៥០​ ដែល ​CheckinMe​ ទទួល​បាន​លេខ ៣​។

លោក​បាន​បន្ដ​ថា ចំពោះ​ពាន​រង្វាន់​ក្នុង​ស្រុក ​CheckinMe​ ត្រូវបាន​ទទួល​ស្គាល់​ជា​បច្ចេកវិទ្យា​​ឌីជីថល​ឆ្នើម​ប្រចាំ​ឆ្នាំ ២០២២ ពី​ក្រសួង​ប្រៃ​ស​ណី​យ៍​និង​ទូរគម​នាគម​ន៍ ដោយ​មានការប្រ​គល់​ពាន​រង្វាន់​ពី​លោក​រដ្ឋ​មន្ដ្រី​ផ្ទាល់​។ ពាន​រង្វាន់​ជយ​លាភី​លេខ៣ ពី​សហ​គ្រិន​ខ្មែរ​និង​ពាន​រង្វាន់​ស​ហគ្រិន​ឆ្នើម​លើ​ផ្នែក​បច្ចេក​វិទ្យា​ដោយ​ទទួល​ស្គាល់​ពី​សមា​គម​សហ​គ្រិន​វ័យ​ក្មេង​កម្ពុជា​។

ការ​ប្រើប្រា​ស់ CheckinMe​ មាន​ ២ ​ជម្រើស​គឺ​ការ​ដំឡើង​ប្រព័ន្ធ​បច្ចេក​វិទ្យា និង​ការ​ដោ​ន​ឡូត​សម្រាប់​ប្រើ​ប្រាស់​នៅក្រៅ​ប្រទេស​ដែល​ត្រៀម​ដាក់​ឱ្យ​ដំណើរ​ការ​ក្នុងពេ​ល​ឆាប់ៗ​ អំឡុង​ឆ្នាំ​នេះ​នៃ​តំបន់​អា​ស៊ី​។

នាយក​ប្រតិ​ប​ត្ដិ​វ័យ​ក្មេង​រូបនេះ​បាន​បញ្ជាក់ថា​៖ «​អ​តិថិជន​អាចឱ្យ​​ក្រុមកា​រងារ​ យើង​រៀបចំ​ប្រព័ន្ធ​សេវា​កម្ម​នៅតាម​គ្រឹះ​ស្ថាន​សហ​គ្រាស ហើយ​មួយ​ទៀត ​អតិថិជ​ន​អាច​ចូល​ក្នុង​ផេ​ច​ទិញ​ប្រើ​ប្រាស់​ខ្លួនឯង​​តាមរ​យៈ​ការប​ង្ហាត់​បង្រៀន​លើ​វីដេអូ ​ដោយ​យើង​មាន​ផែនកា​រ​រុញ CheckinMe​ ទៅ​ប្រទេស​ក្រៅ​ដូចជា​ ថៃ​ ឬ ​កា​ណា​ដា ​ដែល​យើង​មិន​អាច​ទៅ​ជួប​ពួក​គាត់​ផ្ទាល់​»៕