ភ្នំពេញ៖ ប្រាសាទស្ដុកកក់ធំ គឺជាប្រាសាទខ្មែរបុរាណ ដែលបច្ចុប្បន្នស្ថិតនៅក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ មានទីតាំងចម្ងាយប្រមាណ ២ គីឡូម៉ែត្រពីព្រំដែនខ្មែរ-ថៃ ជាប់ជាមួយនឹងខេត្តបន្ទាយមានជ័យនៃប្រទេសកម្ពុជា។
សម្រាប់អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរភាគច្រើនបានស្គាល់ឈ្មោះប្រាសាទ និងសិលាចារឹកស្ដុកកក់ធំនេះដែរ បើទោះបីពួកគេបានទៅដល់ ឬមិនបានទៅដល់ប្រសាទនេះក្ដី។
ពោល គឺដោយសារឈ្មោះដ៏ល្បីល្បាញនៃសិលាចារឹក ដែលបានរកឃើញនៅក្នុងប្រាសាទនេះ នាចុងសតវត្សរ៍ទី១៩ គឺសិលាចារឹកស្ដុកកក់ធំ ដែលមានចុះលេខ K.235 សម្រាប់សម្គាល់ https://www.youtube.com/watch?v=UdKNucg8-os។
យោងតាមលោកបណ្ឌិត ធុយ ចាន់ធួន ជាអនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានសមាគមអ្នកប្រវត្តិសាស្រ្តកម្ពុជា បានបង្ហើបឱ្យដឹងត្រួសៗពីប្រាសាទបុរាណខ្មែរ ដែលកំពុងតែស្ថិតនៅប្រទេសថៃ តាមរយៈការធ្វើអធិប្បាយជាវីដេអូ គ្រាលោកបានទៅដល់ទីនោះ។
បណ្ឌិត ធុយ ចាន់ធួន បុរាណវិទូខ្មែរដ៏ល្បីម្នាក់ ប្រាប់ឱ្យដឹងថា៖ «ប្រាសាទស្ដុកកក់ធំគឺជាប្រាសាទរបស់អាណាចក្រខ្មែរបុរាណ ឧទ្ទិសសម្រាប់ព្រះព្រហ្មញ្ញសាសនា ក្នុងនិកាយព្រះសិវៈ ដែលតម្កល់សិវលិង្គជាសម្គាល់។ ប្រាសាទស្ដុកកក់ធំ កសាងក្នុងសតវត្សរ៍ទី១១ នៃគ្រិស្ដសករាជក្នុងរាជ្យព្រះបាទឧទ័យវរ្ម័នទី២ (ឆ្នាំ ១០៥០ ដល់ ឆ្នាំ ១០៦៦)។ ប្រាសាទនេះ ស្ថិតនៅឯទឹកដីសសៀម នៅក្នុងស្រុកអារញ្ញប្រថេត ក្បែរបន្ទាត់ព្រំដែនខ្មែរ-សៀម សព្វថ្ងៃ។ ប្រាសាទសង់អំពីថ្មបាយក្រៀម និងថ្មភក់ នៅមុខប្រាសាទនេះ មានបារាយណ៍មួយធំ នៅទិសខាងកើត ឯតួប្រាសាទធំនៅចំកណ្ដាល និងមានបណ្ណាល័យ ២ អមសងខាង។
បណ្ឌិត ធុយ ចាន់ធួន ជាអនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជាបានបន្តទៀតថា៖ «ប្រាសាទស្ដុកកក់ធំ មាន-តម្កល់សិលាចារឹកលេខ K-២៣៥ ដែលចារជាភាសាសំស្ក្រឹត និងភាសាខ្មែរ។ សិលាចារឹកនេះ បានបញ្ជាក់ពីកាលបរិច្ឆេទមួយច្បាស់លាស់ គឺថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ១០៥៣ នៃគ្រិស្ដសករាជ។ សិលាចារឹកនេះ បានបរិយាយអំពីរាជស្ដេច ១២ ជំនាន់ ដែលបានដឹកនាំប្រទេសក្នុងរយៈពេលជាង ២ សតវត្សរ៍កន្លះ។ សិលាចារឹករៀបរាប់ឡើងវិញគ្រួសារព្រាហ្ម អំពីរាជកិច្ចដែលរាជ្យមុនៗបានប្រត្តិបត្តិសឹកសង្គ្រាម គុណធម៌។ សិលាចារឹកបរិយាយអំពីព្រះបាទឧទ័យវរ្ម័នទី២ ដែលជារាជាបង្កើតអាណាចក្រខ្មែរក្នុងទសវត្សរ៍ឆ្នាំ ៨០០ នៃគ្រិស្ដសករាជ ហើយក៏បានបរិយាយអំពីការការពារកុំឱ្យជ្វា ត្រឡប់មកវាយកម្ពុជាផងដែរ»។
បើយោងតាមសំណៅឯកសារស្រង់ចេញពីគេហទំព័រកំណត់ត្រាប្រវត្តិសាស្រ្តខ្មែរបានឱ្យដឹងបន្ថែមថា ប្រាសាទស្តុកកក់ធំ មិនមែនព្រះរាជាជាអ្នកកសាងទេ ប៉ុន្តែអ្នកកសាងជាគ្រួសារមន្ត្រីម្នាក់ ដែលបានអះអាងថា គេជាកូនចៅជំនាន់ក្រោយរបស់ព្រាហ្មណ៍ឈ្មោះថា «សិវកៃវល្យ:» ជាព្រាហ្មណ៍ដ៏ល្បីល្បាញម្នាក់ (កាលពី ២៥០ ឆ្នាំមុន) ធ្លាប់ធ្វើពិធីទេវរាជ ថ្វាយដល់ព្រះបាទជ័យវរ្ម័នទី២ ក្នុងឆ្នាំ ៨០២ នៃគ.ស នៅលើភ្នំមហេន្ទ្របព៌ត (បច្ចុប្បនុ្នភ្នំគូលេន)។ ប្រាសាទនេះធ្វើពីថ្មភក់ និងថ្មបាយក្រៀម កសាងឡើងនៅពាក់កណ្តាល ស.វ ទី១១ ពោលឆ្នាំ ១០៥២ គ.ស សម្រាប់ឧទ្ទិសដល់ព្រះឥសូរ ស្ថិតក្នុងរាជ្យព្រះបាទឧទ័យាទិត្យវរ្ម័នទី២ (ឆ្នាំ ១០៥០-ឆ្នាំ ១០៦៦)។
ដោយសារឈ្មោះដ៏ល្បីនៃសិលាចារឹកមួយដែលបានរកឃើញក្នុងប្រាសាទនេះ នាចុងសតវត្សរ៍ទី១៩ គឺ «សិលាចារឹកស្ដុកកក់ធំ» K.២៣៥ បច្ចុប្បន្នសិលាចារឹកនេះ ត្រូវបានយកទៅដាក់តាំងនៅសារមន្ទីរជាតិក្រុងបាងកក ប្រទេសថៃ។ សិលាចារឹកនេះ អាចចាត់ទុកជាសិលាចារឹក ដែលវែងជាងគេ និងបានផ្តល់ទិន្នន័យជាច្រើនជាងគេដល់ប្រវត្តិវិទូបុរាណវិទូ និងសិលាចារឹកក្នុងការសិក្សា វិភាគ និងចងក្រងប្រវត្តិសាស្ត្ររបស់ខ្មែរ នៅសម័យមហានគរ ដែលមាន ៣៤០ បន្ទាត់ ចារនៅក្នុងឆ្នាំ ១០៥២ គ.ស ជា ២ ភាសា គឺភាសាសំស្ក្រឹត និងភាសាខ្មែរ ដែលរៀបរាប់អំពីព្រះនាមរបស់ព្រះមហាក្សត្រខ្មែរ ដែលបានសោយរាជ្យជាបន្តបន្ទាប់គ្នាអស់រយៈកាលជាង ២៥០ ឆ្នាំ ពោលគឺចាប់ពីព្រះបាទជ័យវរ្ម័នទី២ នៅ ស.វ ទី៩ រហូតដល់រាជ្យព្រះបាទឧទ័យាទិត្យវរ្ម័នទី២ នៅពាក់កណ្តាលសតវត្សរ៍ទី១១៕