ក្រុង​តូ​ក្យូ​៖ រយៈពេល​ ១ ឆ្នាំ​ហើយ​ដែល​កំពូលភ្នំ​ហ្វូ​ជីរ​បស់​ប្រទេស​ជប៉ុន​ ផ្អាកស្វាគមន៍​ភ្ញៀវ​ដើម្បី​ទប់​ស្កាត់ការ​រីករាលដាល​នៃ​វីរុស។ ប៉ុន្តែ​ពេលនេះ​អ្នក​ឡើង​ភ្នំ​កំពុង​វិល​ត្រឡប់មកភ្នំ​ដ៏​ពិសិដ្ឋ​ស្វែង​រក​ពន្លឺ​​ព្រះអាទិត្យ​​រះ​ដ៏​អស្ចារ្យ​ពីលើ​សមុទ្រ​ពពក​​។

ហ្វូជីមានជម្រាល​ស៊ីមេទ្រី​នៃ​ភ្នំភ្លើង​សកម្ម​ ត្រូវបាន​បិទ​ជា​សាធារណៈ​កាលពី​រដូវក្តៅ​មុនព្រោះតែ​​វិបត្តិ​កូវីដ ហើយ​ទើប​តែ​​បើក​ឡើងវិញ​នៅ​ខែកក្កដា​​នេះ។

នៅ​ព្រឹក​ព្រលឹម​ទៀបភ្លឺ​នៃ​ថ្ងៃ​បន្ទាប់​ មនុស្ស​ជាង ១០០ នាក់ ​ដែល​បានចំណាយពេល​ឡើង​ភ្នំ និង​គេង​សម្រាក​​រង់ចាំ​មើល​ថ្ងៃ​រះ បាន​ប្រមូល​ផ្តុំគ្នា​​រួច​ជា​ស្រេច​នៅឯ​កំពូលភ្នំ​ដ៏​ពិសិដ្ឋ​ដែល​ត្រូវបាន​គ្របដណ្ដប់​ដោយ​ទឹកកក​ និង​ព្រឹល​។

មនុស្ស​ម្នា​នាំ​គ្នា​រង់ចាំគយគន់ថ្ងៃ​រះ​លើ​សមុទ្រ​ពពគ​ពីលើកំពូលភ្នំហ្វូជី។ AFP

អ្នក​ឡើង​ភ្នំ​ តូ​ក្យូ ​រី​ អាយុ ៣៤ ឆ្នាំ​បាន​និយាយថា៖ «ទោះបី​ខ្ញុំ​មិនមែនជា​អ្នក​ជឿសាសនា​អី​ក៏ពិត​មែន តែ​ខ្ញុំ​មាន អារម្មណ៍​​បរិសុទ្ធ​ពេល​មក​ដល់​កំពូល​ភ្នំ​ហ្វូជី»។

ភ្នំកម្ពស់ ៣ ៧៧៦ ម៉ែត្រ មាន​ចម្ងាយផ្លូវ​ដោយ​ធ្វើដំណើរ​ប្រមាណ ២ ម៉ោង​ពី​កណ្តាល​ទីក្រុង​តូ​ក្យូ​តាម​រថភ្លើង។

ប៉ុន្តែ​ភ្នំ​ដ៏​ខ្ពស់ និង​ធំ​មហិមា​នេះ​​អាច​ត្រូវបាន​គេ​មើលឃើញចម្ងាយ​រាប់​ពាន់​គីឡូម៉ែត្រ​ និង​ស្ថិត​នៅ​ក្នុង​ស្នាដៃ​សិល្បៈ​គំនូរ​ជប៉ុន​រាប់​មិនអស់។

នា​ម៉ោង ៤ កន្លះ​​ទៀបភ្លឺ ​បន្ទាប់ពី​ការឡើង​ភ្នំ​ដ៏​វែងឆ្ងាយ ​និង​សម្រាក​រយៈពេល​ខ្លី​នៅលើ​កំពូលភ្នំ​ អ្នក​ឡើង​ភ្នំ​ទាំងឡាយ បាន​​ចាត់ទុកជា​ទេសភាព​ដ៏​អស្ចារ្យ​នៃ​ព្រះអាទិត្យ​រះ​លើ​សមុទ្រ​ពពក​នេះថា​ពិត​ជា​មិន​ខក​បំណង​នោះទេ​។

ខ្លោងទ្វារ​បុរាណជប៉ុន តូរិអិ នៅលើកំពូលភ្នំហ្វជី ដែល​ហ៊ុំព័ទ្ធ​ដោយពពគ។ AFP

អ្នក​ឡើង​ភ្នំ​នៅលើ​កំពូលភ្នំ​អាច​មើលឃើញ​ពន្លឺ​សូរ្យសែង​​ផុស​ចេញពី​​ពពក​នៅ​ពីក្រោយ​ក្លោងទ្វារបុរាណ​តូរិអិ​​នៅលើ​ភ្នំ។

ប៉ុន្តែ​ខណៈដែល​ភ្នំ​ដ៏​ពិសិដ្ឋមាន​ថាមពល​ទាក់​ចិត្ត​ដ៏អស្ចារ្យ ​វា​ក៏ជាទី​ដ៏​មាន​គ្រោះថ្នាក់​ផងដែរ។

ផ្លូវ​ឡើង​ពី​ស្ថានីយ៍​ទី​ ៥ ជាទីជម្រាល​បន្ត​រហូត​ដល់​កំពូល​ភ្នំ​ ​បើកដំណើរ​ការ​តែ​ត្រឹម​ចន្លោះ​​​ដើមខែ​កក្កដា​ដល់​ខែកញ្ញាប៉ុណ្ណោះ​។

យ៉ាងណា​ក៏​វា​​មិន​អាច​បញ្ឈប់​​វត្តមាន​​មនុស្ស​ដើរ​ឡើងនោះ​​ឡើយ​។ ផ្លូវ​ដ៏គ្រោះ​ថ្នាក់​នេះ បាន​ឆក់​យក​ជីវិត​បុរស​ម្នាក់​រអិល​ធ្លាក់ស្លាប់ ពេលប្រើទូរស័ព្ទ​ឡាយវីដេអូកាល​ពី​​ខែតុលា​ឆ្នាំ ២០១៩។

លើ​កំពូល​ភ្នំ​​ហ៊ុំព័ទ្ធ​ដោយពពគ អ្នក​ផ្សងព្រេង​រៀបចំ​ទទួលទានអាហារពេលព្រឹក។ AFP

ភ្នំ​ភ្លើង​ហ្វូ​ជី​បាន​ផ្ទុះឡើង​ចុងក្រោយ​ក្នុង​ឆ្នាំ ១៧០៧ ហើយ​ពេល​នេះ​​វា​មិនបាន​បង្ហាញ​សញ្ញា​សកម្ម​នៃ​បន្ទុះ​ថ្មី​នា​​​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយនោះទេ។

យ៉ាងណា​មិញ ​​​អ្នកជំនាញ​​បាន​និយាយថា​ បន្ទុះ​របស់​វា​អាច​ធ្វើ​ឱ្យ​ក្រុង​តូក្យូ​ក្លាយជា​ផេះ និង​​​បង្ខំ​ឱ្យ​មនុស្ស​រាប់ពាន់នាក់​ជម្លៀស​ចេញពីទីជម្រក។

បច្ចុប្បន្ន​នេះ ភ្នំហ្វូជី​ដ៏ពិសិដ្ឋ​នៅ​បន្ត​ទាក់ទាញ​អ្នក​ផ្សង​ព្រេង​ពេលព្រឹក​ព្រហាម​​ដូចជាកញ្ញា ​ឈី​កា​កូ ​កូ​គូ​បូ​។

អ្នក​ដើរ​ភ្នំ​វ័យ​ ២៩ ឆ្នាំ​រូប​នេះ​បាន​និយាយថា៖ «វាពិត​អារម្មណ៍​ស្រស់ថ្លា និង​ពោរពេញ​ដោយថាមពល​។ ថ្ងៃ​រះ​គឺជា​ការចាប់ផ្តើម​​អ្វី​ និង​ក្ដីសង្ឃឹម»​៕ AFP/HR

មនុស្ស​ម្នា​នាំ​គ្នា​រង់ចាំគយគន់ថ្ងៃ​រះ​លើ​សមុទ្រ​ពពគ​ពីលើកំពូលភ្នំហ្វូជី។ AFP