កោះ​បាលី: យន្តហោះ​បូ​អ៊ី​ង​ចាស់​ដែល​លែង​ដំណើការ ត្រូវបាន​ស្ទូច​ដាក់​បន្តុប​លើ​កំពូលភ្នំ​ឯ​ឆ្នេរសមុទ្រ​កោះ​បាលី បំណង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មកកាន់​ដែន​កោះ​រង​ការ​​វាយប្រហារ​ដោយ​វិបត្តិ​កូ​រ៉ូ​ណា​។​

​សប្ដាហ៍​មុន កម្មករ​រាប់សិប​នាក់​បាន​ប្រើប្រាស់​ដងសន្ទូច ដំឡើង​តួ​-​យន្តហោះ​បូ​អ៊ី​ង ៧៣៧ នៅលើ​កំពូល​​ភ្នំ​ក្បែរ​ឆ្នេរ Nyang Nyang​។​

​លោក ហ្វី​លី​ក ដឺ​មីន ជា​ម្ចាស់​យន្ត​​ហោះ គ្រោង​នឹង​កែច្នៃ​តួ​យន្តហោះ​ទៅជា​កន្លែង​ស្នាក់នៅ​របស់​ទេសចរ ដោយ​រំពឹងថា ​វា​នឹង​ក្លាយជា​កន្លែង​ថតរូប​ដ៏​ពេញនិយម​បំផុត​។​

​លោក​និយាយថា ភាព​ទាក់ទាញ​នេះ​នឹង​រួមចំណែក​ស្ដារ​វិស័យ​ទេស​ចរណ៍​កោះ​បាលី ដែល​ញ៉ាំ​ញី​ដោយ​ការបិទ​ព្រំដែន​ភ្ញៀវ​អន្តរជាតិ ដោយ​​សារ​តែ​វិបត្តិ​កូ​វីដ​។​

​អ្នកជំនួញ​រុស្ស៊ី និង​ជា​ពលរដ្ឋ​នៅ​កោះ​បាលី​រូបនេះ​បាន​ប្រាប់​ទីភ្នាក់ងារ AFP ថា​៖ «​បំណែក​យន្តហោះ​នេះ​ហៀបនឹង​ត្រូវបាន​គេ​លក់​អេតចាយ​នៅ​ប្រទេស​ចិន នៅពេលដែល​យើង​បាន​ទិញ​វាយ​កមក​»​។​

​ការដឹកជញ្ជូន​ត្រូវ​ចំណាយពេល​ ១​ សប្ដាហ៍ មុននឹង​បំណែក​យន្តហោះ​បាន​ទៅកាន់​កំពូលភ្នំ ជាទី​ពោរពេញ​ដោយ​ទេសភាព​ឆ្នេរសមុទ្រ​ខៀវ​ថ្លា​ដ៏​ស្រស់ស្អាត​នៃ​ដែន​កោះ​បាលី​។​

​លោក ដឺ​មីន បាន​បន្តថា គម្រោង​នេះ​ចូលរួម​ផ្ដល់​ក្ដីសង្ឃឹម​ដល់​ពលរដ្ឋ​នៅ​បាលី ប៉ុន្តែ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​មួយចំនួន​បាន​រិះគន់ថា វត្តមាន​យន្តហោះ​ធំ​ចង្គ្រោង​ធ្វើឱ្យ​បាក់​សម្រស់​ទេសភាព​ឆ្នេរ​ធម្មជាតិ​ទៅវិញ​។​

​អាជ្ញាធរ​នៅ​កោះ​បាលី បាន​បន្ធូរ​បន្ថយ​វិធានការ​រឹតបន្តឹង​នានា​ក្នុង​តាំង​ពី​សប្ដាហ៍​មុន បន្ទាប់ពី​កោះ​បាលី​មានការ​រើប​ឡើងវិញ​នូវ​ករណី​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​ ១៩​។​

​ដែន​កោះ​នេះ​ធ្លាប់​ទាក់ទាញ​ភ្ញៀវ​​ទេសចរ​បរទេស​រាប់​លាន​នាក់​ជា​រៀង​រាល់​ឆ្នាំ ហើយ​បាននិងកំពុង​ជំរុញ​យុទ្ធនាការ​វ៉ាក់សាំង ដើម្បី​ប្រោស​ព្រំ​វិស័យ​ទេសចរណ៍​ដែល​ដាំ​ក្បាល​របស់ខ្លួន​៕ AFP/HR​