​ក្រុង​ហាណូយ: ភូមិ​អេកូ​ទេស​​ចរណ៍ ហ៊ូ​លៀន គឺជា​គោលដៅ​កម្សាន្ត​ដ៏​ស័ក្ដិសម ដោយសារតែ​ទេសភាព​ដ៏​ស្រស់ស្អាត ពេល​វិបត្ដិ​កូ​វីដ​ត្រូវបាន​គ្រប់គ្រង​។

​ចម្ងាយ​ប្រមាណ ១២០ ​គីឡូម៉ែត្រ​ភាគ​ឦសាន​ក្រុង​ហាណូយ ភូមិ​ហ៊ូ​លៀន ហ៊ុមព័ទ្ធ​ដោយ​ទេសភាព​ធម្មជាតិ​ដ៏​ស្រស់ត្រកាល​។ ជួរ​ភ្នំ​ថ្មល្អាង​អាថ៌កំបាំង ប្រភពទឹក​ក្រោម​ដី និង​ទឹក​បឹង​ថ្លាឈ្វេង បង្កើតបាន​អេកូឡូស៊ី​ដ៏​វិសេស ដែល​ធ្វើឱ្យ​ភ្ញៀវ​​ទេសចរ​មាន​អារម្មណ៍​ថា ពួកគេ​ស្ថិតនៅ​ចន្លោះ​រវាង​ឋានសួគ៌ និង​ផែនដី​។

​នៅ​រដូវប្រាំង បឹង​ដុង​ឡា​ម រីងស្ងួត រីឯ​នៅ​រដូវវស្សា ដី​វាលទំនាប​ដ៏​ល្វឹង​ល្វើយ​នេះ​ប្រែ​សម្រស់​មុខមាត់​ថ្មី ពេល​កម្ពស់​ទឹកបាន​បង្កើតជា​ទន្លេ​ពត់ពេន​តូចៗ​។ ទឹក​លើ​បឹង​នេះ​មាន​ពណ៌​ខៀវស្រងាត់ ដែល​រំលេច​ជា​ទស្សនីយភាព​ដ៏​ត្រជាក់​ភ្នែក​។ នា​វេលា​នេះ ភ្ញៀវ​អាច​ជិះទូក​កាយៈ ឬ​អុំទូក​ជុំវិញ​ផ្ទៃ​បឹង​។

​នៅក្រោម​អាកាសធាតុ​សិសិររដូវ ភ្ញៀវ​តែងតែ​ជ្រើសរើស​ភូមិឋាន​ធម្ម​​ជាតិ​នេះ ​ដើម្បី​រៀបចំ​កម្មវិធី​ផ្សេងៗ ដូចជាការបោះ​តង់​ជាដើម​។ ខ្លែង​ចម្រុះ​ពណ៌​ក៏​ជា​សកម្មភាព​ភ្ញៀវ​មកកាន់​ភូមិ​ហ៊ូ​លៀន ផងដែរ​។ តំបន់​នេះ​ពិតជា​ស័ក្ដិសម​ទាំង​មនុស្ស​ធំ និង​ក្មេង​ក្នុង​ការលេង​បង្ហើរខ្លែង និង​អង្គុយ​ពិ​កនិក​បង្កើត​អនុស្សាវរីយ៍​។

​វាល ដុង​ឡា​ម ស្ដេ​ព និង​ហ្វូង​សេះ បាន​ក្លាយជា​គោលដៅ​វិសេស​ចំពោះ​ភ្ញៀវទេសចរ និង​អ្នក​ថតរូប​។ នៅ​ចុង​ផុត​នៃ​វាលទំនាប នៅមាន​បឹង​មួយទៀត ដែល​ភ្ញៀវ​អាច​ជិះ​ក្បូន​គយគន់​សម្រស់​ធម្ម​ជាតិ និង​រីករាយ​នឹង​បរិយាកាស​ជុំវិញខ្លួន​។

​ភ្ញៀវ​មកពី​ហាណូយ ភឿង ឌុ​ង បាន​និយាយថា​៖ «​ពិតជា​សំណាង​ណាស់ ដែល​ខ្ញុំ​មានឱកាស​បានឃើញ​ភូមិ​ហ៊ូ​លៀន​។ ខ្ញុំ​ចូល​ចិ​ត្ដ​បរិយាកាស​នៅ​វាលទំនាប​នេះ ដែលមាន​បឹង​ទឹក​ពណ៌​ខៀវ ម្ហូប​ឆ្ងាញ់ៗ និង​បទពិសោធ​ថ្មីៗ​»​។

ភ្ញៀវទេសចរ​បោះតង់ ពិកនិក​នៅ​វាលស្មៅ​ក្បែរ​បឹង។ រូបថត truyenhinhdulich.vn

​លោក​បាន​បន្ដថា​៖ «​គោលដៅ​ទេសចរណ៍​នេះ​មិន​ឆ្ងាយ​ពី​ក្រុង​ហានូ​យ​នោះទេ ហើយ​ផ្លូវ​ក៏​ងាយស្រួល​ធ្វើ​​ដំណើរ​។ ក្នុង​ក្រុម​យើង មាន​សមាជិក​ជាច្រើន និង​គ្រប់​វ័យ តែ​ម្នាក់ៗ​មាន​អារម្មណ៍​រីករាយ និង​ផាសុកភាព​។ នៅទីនេះ ស្ទើរតែ​ពាក្យ​ថា ទីក្រុង​នូ​ប​ណី​កម្ម​នោះឡើយ​»​។

​នៅ​រដូវ​ប្រមូល​ផល​ស្រូវ វាលស្រែ​រំលេច​នូវ​ទស្សនីយភាព​កាន់តែ​ស្រស់​​ត្រកាល​។ ភ្ញៀវ​អាច​មើលឃើញ​ក្រុមមនុស្ស​ប្រមូល​ផល​ស្រូវ ហិតក្លិន​ស្រូវ លាយឡំ​ផ្សែង​ភ្លើងចំបើង​។

​ភូមិ​ហ៊ូ​លៀន ពេលនេះ​មានផ្ទះ​ស្នាក់​ចំនួន ៦ ​ដែល​អាច​ទទួលភ្ញៀវ​ទេសច​រ​ជាមួយនឹង​ម្ហូបអាហារ​ប្រចាំ​ស្រុក​។

​វី វ៉ាន់​ធូ​យ៉េន ម្ចាស់ផ្ទះ​ស្នាក់ ង៉ុ​ក ប៊ិច បាន​និយាយថា អ្នកភូមិ​ហ៊ូ​លៀន បានទទួល​ការគាំទ្រ​យ៉ាងច្រើន និង​ការ​​បណ្ដុះបណ្ដាល​ពី​អាជ្ញាធរ​មូលដ្ឋាន​ចំពោះ​ការអភិវឌ្ឍ​ទេសចរណ៍​សហគមន៍​។

​លើសពីនេះ ភូមិ​ហ៊ូ​លៀន មាន​កន្លែង​ទាក់ទាញ​ទេសចរ​ជាច្រើន​ទៀត អាស្រ័យ​លើ​រដូវ​កាល និង​កត្ដា​អាកាសធាតុ​។​ចម្ងាយ​ត្រឹម ១០ ​គីឡូ​​ម៉ែត្រ​ពី​ឃុំ ភ្ញៀវ​អាច​ទស្សនា​ចម្ការ​ផ្កា​បាក់​វីត ទឹកធ្លាក់ ខេ​ដោ និង​ល្អាង សួង ផុង​ជាដើម​៕ VIET NAM NEWS/ASIA NEWS NETWORK