ក្រុង​បាងកក: អ្នកដំណើរ​រាប់ម៉ឺន​​នាក់​រំពឹងថា ​នឹង​មកដល់​ក្រុង​បាងកក និង​កោះ​វិស្សមកាល​ភូ​កេ​ត កាលពី​ថ្ងៃ​ចន្ទ ខណៈ​ថៃ​ដាស់​វិស័យ​ទេសចរណ៍​ឱ្យ​ងើប​ឡើងវិញ​ក្រោយ​បិទ​ខ្ទប់​រយៈ​​ពេល ១៨ ​ខែ​។

​វិបត្ដិ​កូ​វីដ​បាន​បំផ្លាញ​ដល់​វិស័យ​ទេសចរណ៍​ប្រទេស​នេះ ដែល​កាលពី​ឆ្នាំមុន​បាន​ធ្លាក់​ដុនដាប​ខ្លាំង​តាំងពី​ជួប​វិបត្ដិ​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ ​១៩៩៧ ដោយ​បាត់​ភ្ញៀវ​ជាង ៨០​ ភាគរយ​។

​អាជ្ញាធរ​ថៃ​បាន​បើកភ្លើង​ខៀវ​ដល់​បណ្ដា​ប្រទេស​មាន​ហានិភ័យ​ទាប​ដោយ​អ្នកដំណើរ​មិនចាំបាច់​ធ្វើ​ច​ត្ដា​ឡី​ស័ក​នោះទេ​។ អាកាសយានដ្ឋាន​​អន្ដរជាតិ​សុវណ្ណ​ភូមិ និង​អាកាស​​យានដ្ឋាន​កោះ​ភូ​កេ​ត នឹង​ទទួលភ្ញៀវ​លើកដំបូង ដែល​ថៃ​រំពឹងថា ទទួលភ្ញៀវ​ទេសចរ​គេច​ពី​អាកាសធាតុ​រដូវរងា​ក្នុង​ខែធ្នូ មកពី​អឺរ៉ុប សហរដ្ឋអាមេរិក និង​ចិន​ជាដើម​។

​លោកនាយក​រដ្ឋមន្ដ្រី ប្រា​យុ​ធ ចាន់​-​អូ​ចា និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​៖ «​អ្វីដែល​រដ្ឋាភិបាល និង​ខ្ញុំ​គិត​ពេលនេះ គឺ​ជួយ​ឱ្យ​ជីវភាព​ប្រជាជន​វិល​ទៅ​សភាព​ដើម​វិញ​»​។

​ទេសចរណ៍​មាន​ចំណូល​ជិត ១​ ភាគ​ ៥ នៃ​សេដ្ឋកិច្ចជាតិ ហើយ​ផល​ប៉ះពាល់​ពី​វិបត្ដិ​កូ​វីដ បាន​ជះឥទ្ធិពល​លើ​គ្រប់​វិស័យ​ចាប់ពី​ភោជនីយដ្ឋាន​រហូតដល់​ការដឹកជញ្ជូន​។

​ប៉ុន្ដែ​អាជ្ញាធរ​រំពឹងថា អ្នកដំណើរ​ពី ១០ ទៅ ១៥ ​លាន​នាក់ ​នឹង​វិល​មក​ថៃ​វិញ​នៅ​ឆ្នាំក្រោយ ដោយមាន​ចំណូល​លើស ៣០​ ពាន់​លាន​ដុល្លារ​។

​រដ្ឋមន្ដ្រី​ទេសចរណ៍ ភី​ផាត រ៉ា​ត​ឆា​-​គិត​ប្រា​កាន បានឱ្យដឹងថា​៖ «​ក្នុង​ឆ្នាំ ​២០២៣ យើង​ជឿថា ប្រាក់ចំណូល​ហក់​ដល់​ក្បែរ​តួលេខ​ឆ្នាំ ​២០១៩»​។

​យ៉ាងណាមិញ អ្នក​នៅក្នុង​វិស័យនេះ​មិនសូវមាន​សុទិដ្ឋិនិយម​ប៉ុន្មាន​ទេ ជាពិសេសជាមួយ​មហា​យក្ស​ចិន ដែលជា​ប្រភព​ផ្នែក​វិស័យ​ទេសចរណ៍​ដ៏​ធំ ដោយនៅ​តម្រូវឱ្យ​គោរព​តាម​វិធានការ​សុវត្ថិភាព​តឹង​រ៊ឹ​ង​។

​នារី​បម្រើ​ការ​នៅ​តាម​ក្លិបរាត្រី និង​បារ៍​លើ​កោះ​ទេសចរណ៍​ភូកេត​។ រូបថត AFP

​ថៃ​នៅ​បន្ដ​កត់ត្រា​ចំនួន​ឆ្លង​ប្រមាណ​ជិត ១ ​ម៉ឺន​នាក់​ប្រចាំថ្ងៃ ខណៈ​ចំនួន​ប្រជាជន​ប្រមាណ ៤០​ ភាគរយ​ ទទួល​​បាន​ការចាក់​វ៉ាក់សាំង​បាន​ ២ ​ដូ​ស​។ នៅ​ទីក្រុង​បាងកក មាន​ប្រជាជន​ចាក់​វ៉ាក់សាំង​ជាង ៨០ ​ភាគរយ​។

​យុទ្ធនាការ​បើកទ្វារ​ស្វាគមន៍​ទេសចរ​ដែល​ចាប់ផ្ដើម​តាំងពី​ខែកក្កដា នៅលើ​ដែន​កោះ​ភូ​កេ​ត វា​ទាក់ទាញ​ភ្ញៀវ​ត្រឹមតែ​ជិត ៦ ​ម៉ឺន​នាក់​ក្នុង​រយៈពេល ៤ ​ខែ ជា​ចំនួន​ធ្លាក់ចុះ​យ៉ាងខ្លាំង បើ​ធៀប​នឹង​អាជ្ញាធរ​ថៃ​រំពឹងទុក​។

​អាជីវករ​លក់ដូរ​តាម​ឆ្នេរ​នៅ​កោះ​​ភូ​កេ​ត មិនសូវ​ស្រណុក​ចិ​ត្ដ​ចំពោះ​ការ​​បើក​ប្រទេស​ឡើងវិញ​នេះ​ប៉ុន្មាន​ទេ​។

​ឌិ​ត អាយុ ១៨​ ឆ្នាំ ដែល​ធ្វើ​នៅ​បា​រ៍​របស់​ពូ ឈ្មោះ Kamala Beach បាន​និយាយថា ពួកគេ​មាន​ចំណូល ១៥០ ​ដុល្លារ ​ក្នុង ១ ​ថ្ងៃ​មុនពេល​ផ្ទុះ​កូ​វីដ​។

​ប៉ុន្ដែ​នៅ​កោះ​ពី​ពី ដ៏​មាន​ប្រជាប្រិយ​សម្រាប់​ទេសចរ​ស​ម្ពា​យ សហគ្រិន​នៅ​ស្រពេចស្រពិល​៕ AFP/HR

វីដេអូ៖