ក្រុងហាណូយ: កម្មវិធីវប្បធម៌ដែលផ្សព្វផ្សាយពីតំបន់ទេសចរណ៍ល្បីល្បាញហាឡុងបេរបស់វៀតណាម ត្រូវបានប្រារឰឡើង ដើម្បីអបអរការចុះបញ្ជីក្នុងអច្ឆរិយធម្មជាតិពិភពលោកថ្មីទាំង ៧ គម្រប់ខួប ១០ ឆ្នាំ។
កម្មវិធីក្រោមប្រធានបទ វិញហាឡុង (ហាឡុងបេ) ត្រូវបានរៀបចំឡើងដើម្បីអបអរខេត្ដក្វាងនិញវិលមកកាន់ «ប្រក្រតីភាពតាមគន្លងថ្មី» ក្រោយពីវិបត្ដិកូវីដ អាចគ្រប់គ្រងបាន និងការអបអរខួបនៃការបង្កើតខេត្ដនេះ ៥៨ ឆ្នាំផងដែរ។
ព្រឹត្ដិការណ៍ក្រៅអគារ ដែលរៀបចំឡើងនៅតំបន់ទេសចរណ៍អន្ដរជាតិធួនខាវ នៅទីក្រុងហាឡុង គ្រោងធ្វើឡើងរយៈពេល ៧០ នាទី បំណងបើកទំព័រសករាជថ្មីនៃវិស័យទេសចរណ៍របស់វៀតណាម។
បន្ថែមពីលើសកម្មភាពវប្បធម៌ និងសិល្បៈ កម្មវិធីនេះរួមបញ្ចូលទាំងការបង្ហាញម៉ូដសម្លៀកបំពាក់ប្រពៃណីវៀតណាមពីសំណាក់ស្ដ្រីអ្នកស្រុក ដែលសន្យាផ្ដល់សេវាកម្មបដិសណ្ឋារកិច្ចដ៏ល្អជូនភ្ញៀវ។
ព្រឹត្ដិការណ៍បើកទំព័រទេសចរណ៍ថ្មីនេះ សហការរៀបចំឡើងដោយគណៈកម្មការប្រជាជនខេត្ដក្វាងនិញ និងសម្ព័ន្ធក្រុមហ៊ុន ធួនកាវ មានបំណងផ្សព្វផ្សាយវិស័យទេសចរណ៍នៅតំបន់ឆ្នេរបាឡុងបេ និងខេត្ដក្វាងនិញ ជាគោលដៅទេសចរណ៍ប្រកបដោយសុខ និងសុវត្ថិភាព ក៏ដូចជាការអនុវត្ដកម្មវិធីលើកស្ទួយទេសចរណ៍របស់ខេត្ដ។
ក្រោយពីបើកទ្វារទេសចរណ៍ឡើងវិញនៅក្នុងខែវិច្ឆិកានេះ ខេត្ដក្វាងនិញ រំពឹងថា នឹងទទួលភ្ញៀវចន្លោះពី ១,៥ ទៅ ២ លាននាក់ ក្នុងត្រីមាសទី៤ នៃឆ្នាំ ២០២១ នេះ។
ក្នុងឆ្នាំ ២០១១ ហាឡុងបេ ដែលមានន័យថា ឆកនាគចុះទឹក លេចធ្លោជាងគោលដៅទេសចរណ៍ ៤០០ ទីតាំង ទៀតក្នុងចំណោមជាង ២០០ ប្រទេស និងដែនដី ដើម្បីគ្រងតំណែងអច្ឆរិយធម្មជាតិពិភពលោកថ្មីមួយក្នុងចំណោម ៧ ដោយអង្គការពិភពលោកបើកទូលាយថ្មី។
ឆកសមុទ្រ ដែលរំលេចនូវភ្នំថ្មច្រូងច្រាង ត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ ជាតំបន់បេតិកភណ្ឌធម្មជាតិពិភពលោកសម្រាប់ទស្សនីយភាពស្រស់ស្អាត និងតម្លៃភូមិសាស្ដ្រ។ វាមានដែនឆ្នេរប្រវែង ១២០ គីឡូម៉ែត្រ និងមានទំហំប្រមាណ ១ ៥៥៣ គីឡូម៉ែត្រការ៉េ ជាមួយប្រជុំកោះចំនួន ១ ៩៦៩។ ភ្នំថ្មនៅក្នុងឆកនេះបានកកើតឡើងប្រមាណ ៥០០ លានឆ្នាំមកហើយ។
នាយកនៃនាយកដ្ឋានទេសចរណ៍ខេត្ដក្វាងនិញ លោក ផាម ង៉ុក ធុយ បាននិយាយថា ចាប់ពីពេលនេះតទៅរហូតដល់ដំណាច់ឆ្នាំ ២០២១ ខេត្ដគ្រោងរៀបចំព្រឹត្ដិការណ៍ និងសកម្មភាពចំនួន ៥០ ដើម្បីជំរុញវិស័យទេសចរណ៍។
គណៈកម្មការប្រជាជនខេត្ដ ក៏បានអភិវឌ្ឍគម្រោងស្ដារ និងទាក់ទាញភ្ញៀវទេសចរក្នុងត្រីមាសទី៤ នៃឆ្នាំនេះ ហើយនឹងបន្ដធ្វើការវាយតម្លៃពីកម្រិតសុវត្ថិភាពក្នុងការទប់ស្កាត់ និងគ្រប់គ្រងជំងឺឆ្លងកូវីដសម្រាប់សកម្មភាពទេសចរណ៍។
ភាគីគណៈកម្មការប្រជាជនខេត្ដ និងក្រុមហ៊ុនសម្ព័ន្ធ បានឯកភាពលើបញ្ហាជាច្រើន រួមមាន ការបន្ដសហប្រតិបត្ដិការទេសចរណ៍ ការអភិវឌ្ឍកិច្ចសហប្រតិបត្ដិការ និងការគ្រប់គ្រងបទប្បញ្ញត្ដិស្ដីពីប្រតិបត្ដិការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹក និងរថយន្ដទេសចរណ៍នៅ ហាឡុងបេ និងឡានហាបេ៕ VNS/HR