​កំពង់ស្ពឺ: វីលៀម​ស៍ និង រស្មី​ភាណុ ដេញ​ប្រឡែង​គ្នា​លេង​នៅលើ​បរិវេណ​ក្មេង​លេង​ខុសពី​កន្លែង​លេង​របស់​កុមារ​ទូទៅ​។ នោះ​ គឺ​នៅលើ​កំពូលភ្នំ​ខ្នង​ផ្សារ ជាទី​ឋាន​ពេញនិយម​សម្រាប់​ដំណើរ​ផ្សងព្រេង​បោះតង់ គយគន់​ថ្ងៃ​រះ និង​ទស្សនា​សម្រស់​ធម្មជាតិ​ព្រៃភ្នំ​។

​ថ្មីៗ​នេះ កុមារី វ័យ ៤ ​ឆ្នាំ ភិរម្យ រស្មី​ភាណុ ទើប​បញ្ចប់​ដំណើរ​ទៅកាន់​វាល​ខ្នង​ផ្សារ ជាទី​ដែល​មនុស្ស​ទូទៅ​ប្រើពេល​មិនតិចជាង ៥​ ម៉ោង​ក្នុង​ការដើរ​ត្រាច់ចរ​តាម​ជ្រលង​ដងអូរ​។ ចំណែកឯ​បងប្រុស វីលៀម​ស៍ អាយុ ៨​ ឆ្នាំ ក៏បាន​ទទួលជោគជ័យ​ក្នុង​ការឡើង​ភ្នំ​ខ្ពស់បំផុត​នៅ​កម្ពុជា​ផងដែរ​។

​លោក ជួន ភិរម្យ ជា​បុគ្គល​ល្បី​ខាង​ពូកែ​លុកលុយ​ព្រៃភ្នំ ស្វែងរក​ទីឋាន​ធម្មជាតិ​ស្រស់ត្រកាល និង​រមែង​ចែក​​រំលែក​ចំណេះដឹង​ស្ដីពី​បទពិសោធ​ដើរ​ផ្សងព្រេង និង​សម្អាត​បរិស្ថាន បាន​និយាយថា លោក​ចង់ឱ្យ​កូនៗ​លោក​រឹងមាំ និង​ចេះ​ស្រឡាញ់​ធម្មជាតិ​។​

​លោក​បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា​៖ «​ដំណើរ​កម្សាន្ដ​បែប​ផ្សងព្រេង​នេះ​ផ្ដល់​អត្ថប្រយោជន៍​ដល់​ក្មេងៗ​ក្នុងការ​​បង្កើន​ទំនុក​ចិ​ត្ដ​លើ​ខ្លួនឯង និង​ជា​ឱកាស​ឱ្យ​គាត់​ផ្សារភ្ជាប់​ជាមួយ​ធម្មជាតិ ហ្វឹកហ្វឺន​រាងកាយ​បាន​យ៉ាង​ល្អ និង​ជាការ​អប់រំ​មួយបែប​នៅពេល​គាត់​ឡើង​ភ្នំ គាត់​អាច​ឮ​សំឡេង ក្លិន និង​ឃើញ​នូវ​អ្វី​ប្លែកៗ​»​។

​លោក​បាន​បន្ដថា​៖ «​អំឡុងពេល​ដើរ​នោះ យើង​អាច​ពន្យល់​គាត់​ពីសា​រៈ​សំខាន់​នៃ​បរិស្ថាន និង​អាច​បង្រៀន​គាត់​អំពី​ចំណេះដឹង​មូលដ្ឋាន​នៃ​ការរស់នៅ​ក្នុងព្រៃ ព្រមទាំង​អនុវត្ដ​គោលការណ៍ «​ដើរ​មិន​ទុក​ដាន​» ផងដែរ​»​។

​លោក ភិរម្យ អាយុ ៤១​ ឆ្នាំ ជា​អតីត​បុគ្គលិក​អង្គការក្រៅរដ្ឋាភិបាល បាន​បង្វឹក​កូនស្រី​អាយុ ៤​ ឆ្នាំ តាមរយៈ​ការ​​បង្ហាញ​សកម្មភាព​ឡើង​ភ្នំ និង​សម្រស់​ធម្មជាតិ​ដ៏​ស្រស់ត្រកាល ដើម្បី​បង្កើត​អារម្មណ៍​ស្រឡាញ់ និង​ចេះ​ពុះពារ​ឧបសគ្គ​។ ការរៀបចំ​សម្ពាយ​ក៏​ជា​កិច្ចការ​ចាំបាច់​ ១​ សម្រាប់​អ្នក​ឡើង​ភ្នំ​គ្រប់រូប រួមទាំង​កុមារី​តូច​នេះ​ផងដែរ​។

​រូប​កូនស្រី​របស់លោក កុមារី រស្មីភាណុ នៅ​ខ្នងផ្សារ​។ រូបថត សហ​ការី

​លោក ភិរម្យ បានឱ្យដឹងថា​៖ «១​ ខែ​មុននឹង​ចេញដំណើរ​ទៅ​ឡើង​ភ្នំ ខ្ញុំ​បាន​បង្វឹក​ឱ្យ​គាត់​ដើរ ​១ ​ថ្ងៃ ពី ​១ ​ទៅ​ ៥​ គីឡូ​​ម៉ែត្រ ដោយមាន​ទាំង​ការដើរ​ឡើង និង​ចុះ​ទួល​ជាមួយ​ការពាក់​ស្បែកជើង​ឡើង​ភ្នំ បំណង​ឱ្យ​គាត់​ស៊ាំ​នឹង​វា​។ ខ្ញុំ​ក៏បាន​ប្រាប់​គាត់​ពី​របៀប​ចុះ​ចំណោត ការប្រើប្រាស់​សម្ភារ ដូចជា របៀប​ប្រើ​ឈើច្រត់ ឬ Trekking poles របៀប​ប្រើ​ពិល និង​ការមើល​ជុំវិញខ្លួន និង​មើល​ចម្ងាយ​ឆ្ងាយ ក្រែង​អាចមាន​ឧបសគ្គ​កើតឡើង​»​។

​ថ្វី​ដ្បិត​កុមារី ភិរម្យ រស្មី​ភាណុ អាយុ​ត្រឹមតែ ៤​ ឆ្នាំ​ក៏ដោយ ក៏​សម្ទុះ​ល្បឿន​នៃ​ការដើរ​ឡើង​ភ្នំ​ខ្នង​ផ្សារ មិនអាច​ដូច​មនុស្សពេញវ័យ​ដែល​មិនសូវមាន​បទពិសោធ​នោះទេ​។

​រត់​លេង​បណ្ដើរ បះ​បោច​ផ្កា​ព្រៃ​បណ្ដើរ និង​ទឹកមុខ​ជូរចត់​ម្ដងម្កាល កុមារី រស្មី​ភាណុ ចំណាយពេល​ដើរ​ចាប់ពី​ដំណាក់​ទី​១ រហូតដល់​ទីកន្លែង​បោះតង់​ជាមួយ​ថេរវេលា ៥​ ម៉ោង​កន្លះ​។

​ប្រាកដ​ណាស់ រស្មី​ភាណុ ឆាប់​មានការ​នឿយហត់ និង​តែងតែ​សុំ​សម្រាក​ជារឿយៗ ក៏ដូចជា​ស្រែក​រអ៊ូ​ពេល​ដើរ​ឡើង​ចំណោត​ច្រើន រហូតដល់​មានបំណង​ចង់​បក​ក្រោយ​វិញ​ទៀតផង​។ ប៉ុន្ដែ​ការនឿយហត់​ប៉ុណ្ណឹង​មិនមែនជា​ឧបសគ្គ​ចំពោះ​កុមារី ដែល​ស្ថិតក្រោម​ការបង្ហាត់បង្ហាញ​គ្រប់ពេលវេលា​ពី​សំណាក់​ឪពុក​ដ៏​មាន​បទពិសោធ​។

​លើ​ដំណើរ​ផ្សងព្រេង​ជា​លក្ខណៈ​គ្រួសារ​ទៅកាន់​ខ្នង​ផ្សារ រួមមាន ឪពុក ម្ដាយ និង​កូនៗ ​២ ​នាក់ លោក ភិរម្យ បាន​និយាយ​ពី​ភាព​រីករាយ​របស់​កូន​ថា​៖ «​គាត់​សប្បាយ​បាន​រត់​លេង​លើ​វាលស្មៅ មើល​ទេសភាព​វាលស្មៅ​ដ៏​ស្រស់ស្អាត និង​រត់តាម​អ្នក​ឡើង​ភ្នំ​ផ្សេងៗ​ទៀត ដែល​នាំគ្នា​ទៅ​គយគន់​ថ្ងៃ​លិច​។ ពេលព្រឹក​ព្រលឹម​ងើប​ពី​គេង គាត់​បានឮ​សំឡេង​សត្វ​ទោច​យំ​ក្បែរ​តង់​របស់គាត់​»​។

​ក្រៅពី​ដំណើរ​ទៅកាន់​ខ្នង​ផ្សារ លោក ភិរម្យ ដែល​បាន​ឡើង​ភ្នំ​ខ្ពស់បំផុត​នៅ​កម្ពុជា​ក្នុង​វ័យ ២១ ​ឆ្នាំ បាន​នាំ​កូនប្រុស​លោក​ទៅ​សម្រេច​គោលដៅ ​១ ​នេះ​ត្រឹម​អាយុ​ក្រោម ១០​ ឆ្នាំ​។

​លោក​បាន​និយាយ​លើក​ទឹក​ចិ​ត្ដ​កូនប្រុស​ថា​៖ «​បើ​កូន​ឡើង​កំពូលភ្នំ​ឱ​រ៉ា​ល់​បាន កូន​ពិត​ជាមាន​មោទនភាព​ចំពោះ​ខ្លួនឯង ហើយ​កូន​មាន​វ័យ​នៅ​ក្មេង​ជាង daddy ដោយសារ daddy អាយុ ២១ ​ឆ្នាំ​បាន​ទៅដល់​ភ្នំ​ខ្ពស់​ជាងគេ​នៅ​កម្ពុជា​នេះ​»​។

​ដោយសារតែ​ការឡើង​ភ្នំ​ឱ​រ៉ា​ល់​ត្រូវ​ប្រើ​កម្លាំង​ថាមពល​ច្រើន លោក ភិរម្យ មិនបាន​នាំ​កូនស្រី​ទៅជា​មួយ​ឡើយ​។

​ចំពោះ​ចំណូល​ចិ​ត្ដ​នាំ​កូន​ដើរ​កម្សាន្ដ​ប្លែក​ខុសពី​ឪពុកម្ដាយ​ទូទៅ​នេះ លោក​បាន​បកស្រាយ​ថា លោក​ចង់ឱ្យ​កូន​ស្គាល់​ពី​តម្លៃ​ធម្មជាតិ ចង់​បង្រៀន​កូន​ឱ្យ​ចេះ​តស៊ូ អត់ធ្មត់ ដើម្បីឱ្យ​កូន​ដឹងថា មុន​ដល់​គោលដៅ វា​មាន​ឧបសគ្គ​អ្វីខ្លះ និង​ចង់ឱ្យ​កូន​ស្គា​ល់ពី​ជីវភាព​រស់​​នៅ​របស់​កុមារ​សហគមន៍​ក្បែរ​តំបន់​ទេសចរណ៍ធម្មជាតិ​។

លោក ជួន ភិរម្យ ភរិយា និង​កូន​ប្រុស​កុមារា វីលៀមស៍ អាយុ ៨ ឆ្នាំ​នៅ​កំ​ពូលភ្នំឱរ៉ាល់ ឆ្នាំ​២០២១​។ រូបថត សហ​ការី

​លោក​បានឱ្យដឹងថា​៖ «​លើសពីនេះ ខ្ញុំ​ចង់​ជួយ​ដល់​ជីវភាព​សហគមន៍​តាម​​រយៈ​ការផ្ដល់​សេវាកម្ម​ជូន​ភ្ញៀវ​ឡើង​ភ្នំ ហើយ​ខ្ញុំ​ចង់បង្ហាញ​ដល់​ឪពុកម្ដាយ​ផ្សេង​ទៀតថា កូនៗ​របស់​ពួកគេ​ក៏​អាច​ឡើង​ភ្នំ​ឱ​រ៉ា​ល់​បាន​ដូច​កូន​របស់ខ្ញុំ​ដែរ​»​។

​ដោយ​ត្រៀម​សម្ភារ​មិន​ខុសពី​ការ​​ឡើង​ខ្នង​ផ្សារ កុមារា វីលៀម​ស៍ បាន​ចំណាយពេល ២​ យប់ ៣ ​ថ្ងៃ ​ដើម្បី​ទៅដល់​កំពូលភ្នំ​ឱ​រ៉ា​ល់ រួមទាំង​ការ​សម្រាក​ឯ​ភូមិ​សហគមន៍​ ១ ​យប់​ផងដែរ​។

​លោក ភិរម្យ ដែល​បាន​បង្ហោះ​វីដេអូ​ប្រឡែង​លេង​ជាមួយ​សត្វ​ទាក​ដោយ​មិន​ខ្លាចញញើតបាន​ប្រាប់ថា​៖ «​អ្វីដែល​ខ្ញុំ​មើលទៅ​ទាំង​ការហូបចុក និង​ការ​​សម្រាក​របស់គាត់ មិនមាន​ជា​បញ្ហាលំបាក​ច្រើន​ទេ ដោយសារ​គាត់​ធ្លាប់​គេង​ក្នុង​តង់​បែប​ផ្សងព្រេង​ជា​ច្រើនដង​ជាមួយ​ខ្ញុំ​។ តែ​គាត់​ពិបាក​ងូតទឹក​បន្ដិច​។ គាត់​ចាញ់​រងា ពីព្រោះ​នៅលើ​កំពូលភ្នំ មាន​អាកាសធាតុ​ត្រជាក់​ខ្លាំង​»​។

​លោក​ក៏បាន​បង្ហើប​ទៀតថា លោក​ក៏មាន​បំណង​នាំ​កូនៗ និង​ភរិយា​របស់លោក​បន្ដ​ផ្សងព្រេង​ទៅកាន់​ភ្នំ​សំ​កុស ភ្នំ​ទំព័រ វាល​ធំ ខ្នង​ក្រពើ ខ្នង​វាល និង​ខ្នង​ព្រះ​ផងដែរ​។​

​ជា​ចុងក្រោយ អ្នក​លុយ​ព្រៃភ្នំ​រូបនេះ បាន​លើក​ទឹក​ចិ​ត្ដ​ភ្ញៀវទេសចរ​និយម​ដំណើរ​ផ្សងព្រេង​ទាំងអស់​ជ្រើស​យក​សេវាកម្ម​អ្នក​នាំ​ផ្លូវ ដែល​សម្រួល​ឱ្យ​ដំណើរ​កម្សាន្ដ​ប្រកបដោយ​សុវត្ថិភាព និង​ស្ទួយ​ជីវភាព​សហគមន៍ តាមរយៈ​លេខ​ទូរស័ព្ទ​៖ ០៨៧ ៧៩៤ ៥៨០ (​ម៉ៅ​) /០១៥ ៧៥០ ១៣១ (​គុយ​) ០៩៦ ២៤៨ ៤៥៦៦ (​ពូ​នឹម​) / ០៩៦ ៩១៩ ៦៥៣៥ (​រិ​ទ្ឋិ​) / ០១៥ ៧០ ៤៩ ៨៨ (​សៅ​)៕