កោះកុង: សំណង់​ឈើដែលមាន​រានហាល​ជា​ថ្នាក់ៗ​សង់​ឡើង​មិន​ប៉ះ​​ពាល់​ដើមឈើ​សូម្បី​ ១​ មែក ភ្ជាប់​ដោយ​ជណ្ដើរ​ឈើ​ចុះ​ដល់​មាត់ទឹក​ថ្លាឈ្វេង និង​ជ្រក​ក្រោម​ម្លប់ឈើ​បៃតង​ស្រស់ គន់​ឆ្លុះ​ជួរ​ភ្នំក្រវាញ គឺជា​ភោជនីយដ្ឋាន​រី​សត​ទើប​ចាប់បដិសន្ធិ​ថ្មី​ក្នុង​តំបន់​អេកូ​ទេសចរណ៍ និង​ស្ថិតនៅ​ចន្លោះ​រវាង​សហគមន៍​ជី​ផាត់ និង​អា​រ៉ែ​ង​ក្នុង​ខេត្ដ​កោះកុង​។

​ភោជនីយដ្ឋាន​គន់​ទេសភាព​ភ្នំ​អូរ​កី​នៃ​ជួរ​ភ្នំក្រវាញ និង​ចំទើត​លើ​ជ្រោះ​អូរ​កី គឺជា​ចំណុច​ចាប់ផ្ដើម​នៃ​ភូមិ​តង់​អូរ​កី ជាមួយ​ការបម្រើ​មុខម្ហូប​ពិសេស​ប្រចាំ​តំបន់ គឺ​បង្កង​ទឹកប្រៃ និង​ទឹក​​សាប ព្រមទាំង​មាន់​ស្រែ​កូនកាត់​។

​លោក ទុយ វណ្ណៈ ជា​ម្ចាស់​រី​សត​ភូមិ​​តង់​អូរ​កី បាន​និយាយថា​៖ «​ភូមិ​តង់​អូរ​កី ទើប​ចាប់ផ្ដើម​ដំណើរការ​ជាមួយ​សំណង់​ភោជនីយដ្ឋាន​មួយ​នៅ​មាត់​​ជ្រោះ សម្រាប់​ឱ្យ​ភ្ញៀវ​អង្គុយ​ញ៉ាំ​កាហ្វេ និង​អាហារ​»​។​

​បន្ថែម​ពី​ការ​ក្រេប​កាហ្វេ​នាពេល​ព្រឹក​ព្រលឹម ភោជនីយដ្ឋាន​ចំទើត​លើ​ដងព្រែក ដែលមាន​ប្រភព​មកពី​ទឹកធ្លាក់​អូរ​ម្លូ​នេះ មានមុខ​ម្ហូប​ពិសេស គឺ​បង្កង​ទឹកប្រៃ​លាយ​ទឹកសាប ដែល​ប្រជា​សហគមន៍​ធ្វើការ​នេសាទ​ពី​ព្រែក​ជី​ផាត់ និង​មាន់​ស្រែ​កូនកាត់ រំលេច​ឆោម​លោម​ពណ៌​ស្រស់ស្អាត​។​

អ្នកនិយម​​ផ្សងព្រេង​ ក្រេប​កាហ្វេ​លើរានហាលរីសត​ភូមិតង់អូរកី។ រូបថត នៅ វាសនា

​យុវជន វណ្ណៈ ដែល​កំពុង​អភិវឌ្ឍ​រី​សត​លើ​ផ្ទៃដី ៩ ​ហិកតា រួមមាន ភូមិ​តង់ ១ ​ហិកតា ចម្ការ​ទុរេន ៧ ​ហិកតា និង​ដំណាំ​ហូប​ផ្លែ​ផ្សេងៗ ១ ​ហិកតា បានឱ្យដឹងថា​៖ «​មាន់នៅ​ទីនោះ​ពិតជា​ស្រែ​មែន ហើយ​ពួកវា​ត្រូវបាន​បង្កាត់​ពូជ​ជាមួយ​មាន់ព្រៃ​។ ឥឡូវនេះ ខ្ញុំ​កំពុង​បង្កាត់​ពូជ​បាន​ច្រើន ដោយ​ប្រើ​ពូជ​មាន់ព្រៃ និង​មាន់ស្រុក​យើង​នេះ ហើយ​ពួកវា​មាន​រូបរាង​ស្អាតៗ​ណាស់​»​។

​នៅ​ទីនោះ ភ្ញៀវ​អាច​កុម្ម៉ង់​ទិញ​បង្កង​​ទឹកសាប និង​ទឹកប្រៃ​ដោយផ្ទាល់​ក្នុងតម្លៃ ១២ ​ម៉ឺន​រៀល ក្នុង​ ១​ គីឡូក្រាម ក្ដាមថ្ម ៨ ​ម៉ឺន​រៀល ក្នុង​ ១​ គីឡូក្រាម ខណៈ​ចុងភៅ​ភោជនីយដ្ឋាន​អូរ​កី ជា​អ្នក​ចម្អិន​តាម​ចំណូល​ចិ​ត្ដ​ក្នុងតម្លៃ​ឈ្នួល ២ ​ម៉ឺន​រៀល ១ ​គីឡូក្រាម មិន​ថា ជា​សម្ល​ស្ងោរជ្រក់ ឬ​អប់​ឡើយ​។​

​មាន់​កូនកាត់​ ១​ ក្បាល ទម្ងន់ ១,២​ គីឡូក្រាម មានតម្លៃ ៧​ ម៉ឺន​រៀល ហើយ​មាន់​ទម្ងន់ ១,៥ ​គីឡូក្រាម មានតម្លៃ ៨​ ម៉ឺន​រៀល​ ក្នុង ​១ ​ក្បាល​។

​លោក វណ្ណៈ ដែល​ត្រៀម​ប្រមូល​ផល​ផ្លែ​ទុរេន​ដើមដៃ​របស់លោក​នៅ​ឆ្នាំ​ក្រោយនេះ បាន​បន្ដថា​៖ «​ជាទូទៅ នៅទីនេះ ភ្ញៀវ​ចូល​ចិ​ត្ដ​មាន់​ដុត​ជាមួយ​ដើម​ចេក​ព្រៃ ដោយសារ​ចម្ការ​របស់ខ្ញុំ​សម្បូរ​ដើម​ចេក​ព្រៃ ហើយ​ខ្ញុំ​មាន​ដាក់ឈ្មោះ​វា​ថា មាន់​ដុត​ដើម​ចេក​ព្រៃ​»​។

​ភ្ញៀវ​ក៏​អាច​កុម្ម៉ង់​អាហារ​សម្រាប់តែ​ ១​ ចាន​ទៅតាម​ចំនួន​សមាជិក​។ តែ​រាល់​ការ​កុម្ម៉ង់​ទាំងអស់ ត្រូវធ្វើ​ការ​កក់​ទុកជាមុន ខណៈ​ភោជនីយដ្ឋាន​កណ្ដាល​សហគមន៍​អេកូ​ទេសចរណ៍​នេះ​មិនមាន​លទ្ធភាព​បម្រុង​សម្ភារ​ទុកជាមុន​នោះទេ​។ ក្រៅពី​មុខម្ហូប​ពិសេស​ប្រចាំ​ភូមិ​តង់​អូរ​កី​នេះ លោក វណ្ណៈ ក៏​នៅមាន​សេវាកម្ម​មុខម្ហូប​ទូទៅ​ផ្សេងៗ​ទៀត ដែល​ភ្ញៀវ​ចង់​កុម្ម៉ង់​ទុកជាមុន ដោយ​អាស្រ័យទៅលើ​បន្លែ សាច់ និង​គ្រឿង​សមុទ្រ​នៅ​ផ្សារ​។

​ឈរលើ​រានហាល​ជាន់​លើ ដៃ​ម្ខាង​កាន់​ពែង​កាហ្វេ ខណៈ​កែវភ្នែក​រំពៃ​គន់​ជួរ​ភ្នំ​នៅ​ចំពោះមុខ លោក នៅ វាសនា ចាប់អារម្មណ៍​នឹង​បរិយាកាស និង​សម្រស់​ធម្មជាតិ​នៅ​ភោជនីយដ្ឋាន​ភូមិ​តង់​អូរ​កី​យ៉ាងខ្លាំង​។​

ភ្ញៀវអាចកុម្ម៉ង់ទិញ​បង្កង​ទឹកសាប និងទឹកប្រៃ ក្ដាមថ្ម ដែល​​ប្រជាសហគមន៍ធ្វើការនេសាទ​ពី​ព្រែកជីផាត់។ រូបថត សហការី

​អ្នកដើរ​ផ្សងព្រេង​ខ្នង​ផ្សារ​ទាំងយប់ ដែល​ប្រើ​គណនី Facebook ឈ្មោះ Kindness Back បាន​រៀបរាប់​អំពី​បទពិសោធ​ទៅដល់​ភោជនីយដ្ឋាន​លើ​ដងព្រែក​អូរ​កី​ថា​៖ «​បរិយាកាស​នៅ​ទីនោះ​ល្អ​មែនទែន​។ បើសិនជា​ថ្ងៃ​ខែ​ដាច់​វិញ នៅពេល​យប់ មាន​ព្រះ​ចន្ទ​មានអី ភ្លើង​ល្អ ហើយ​បើសិនជា​ងងឹត​វិញ ក៏មាន​ផ្កាយ​។ ពេលព្រឹក ងើប​មក​ញ៉ាំ​កាហ្វេ មើល​សត្វ​កេងកង​ហើរ និង​ចុះ​លេង​ទឹក​នៅ​ខាងក្រោម​»​។

​លោក ទុយ វណ្ណៈ អាយុ ៣១ ​ឆ្នាំ បានឱ្យដឹងថា រី​សត​មាន​ចម្ងាយ​ប្រមាណ ១២ ​គីឡូម៉ែត្រ​ពី​ទីប្រជុំជន​ជី​ផាត់ ដែល​អាច​បររថ​យន្ដ​ទៅដល់​រី​សត​លម្ហែ​យ៉ាង​ងាយស្រួល​។

​បច្ចុប្បន្ននេះ រី​សត​ទទួលភ្ញៀវ​ស្នាក់​នៅ​ជា​របៀបការ​បោះតង់​សិន តម្លៃ ១៥​ ដុល្លារ​សម្រាប់​មនុស្ស ​២ ​នាក់ ដែលមាន​បរិក្ខារ​ពូក ខ្នើយ កង្ហារ និង​ទឹក​សុទ្ធ ២ ​ដប​។​

​លោក​អះអាងថា​៖ «​ខ្ញុំ​គ្រោង​សង់ផ្ទះ​លម្ហែ ៣ ​ខ្នង ដែល​ ១ ខ្នង មាន ​២​ បន្ទប់​សម្រាប់​ការ​ស្នាក់នៅ​។ ផ្ទះ​ឈើ​នេះ មាន​លក្ខណៈ premium បន្ដិចដោយ​យើង​បំពាក់​កញ្ចក់ ម៉ាស៊ីន​​ត្រជាក់ ឬ​កង្ហារ ពីព្រោះ​នៅ​ទីនោះ មាន​ទេសភាព​ស្អាត​។ អេ​ម​មែនទែន សូម្បីតែ​អ្នករស់នៅ​ទីនោះ​ផ្ទាល់ ក៏​នៅតែ​កោតសរសើរ​មិន​ដាច់​ពី​មាត់​ដែរ​ចំពោះ​ទេសភាព​នេះ​» ​ភូមិ​តង់​អូរ​កី ស្ថិតនៅ​ក្នុងភូមិ​ជី​ផាត់ ឃុំ​ជី​ផាត់ ស្រុក​ថ្មបាំង ខេត្ដ​កោះកុង​។ ទំនាក់ទំនង​តាម​ហ្វេ​ស​ប៊ុ​ក O''Key Camping - ភូមិ​តង់​អូរ​កី ឬ​ទូរស័ព្ទលេខ ០៧៧ ៨៣៤ ៣៣៣៕