ក្រុងហាណូយ: ពិធីបុណ្យបាឡុងហោះ «ហាណូយចម្រុះពណ៌» គឺជាព្រឹត្ដិការណ៍ដំបូងបំផុតក្នុងកម្មវិធីស៊េរីដែលរៀបចំឡើងក្នុងទីក្រុងហាណូយ អំឡុងឆ្នាំ ២០២២ ជាផ្នែកមួយនៃមហោស្រពទេសចរណ៍ ម្ហូបអាហារ និងសិប្បកម្ម នៅរដ្ឋធានីវៀតណាម។
បាឡុងចម្រុះពណ៌សរុប ២២ គ្រឿង រួមទាំង បាឡុងកម្រិតមួយ ១៨ គ្រឿង និងកម្រិត ៧ ចំនួន ៤ គ្រឿង បានហោះហើរលើអគារខ្ពស់ៗនៃទីក្រុងហាណូយរបស់វៀតណាម។
ពីព្រឹកព្រលឹម ភ្ញៀវទេសចររាប់ពាន់នាក់បានមកជួបជុំគ្នានៅចម្ការមៀនឡុងបៀន តាមបណ្ដោយទន្លេក្រហម ដើម្បីផ្ដិតយករូបភាពបាឡុងហោះចម្រុះពណ៌។ អ្នកចូលរួមអាចរីករាយនឹងទស្សនីយភាពទីក្រុងពីលើអាកាស និងចូលទស្សនាក្នុងកន្ត្រកបាឡុងហោះផ្ទាល់តែម្ដង។
អំឡុងពេលពិធីបុណ្យពីថ្ងៃទី ២៥ ដល់ទី ២៧ ខែមីនា ក្រុងហាណូយមានបំណងទទួលភ្ញៀវទេសចរ ១០ លាននាក់ក្នុងឆ្នាំ ២០២២ រួមទាំងភ្ញៀវបរទេសជាង ១,២ លាននាក់។
យោងតាមអ្នកស្រី ដាង ហួង ហ្គែង នាយកនៃនាយកដ្ឋានទេសចរណ៍បានឱ្យដឹងថា ទីក្រុងហាណូយបានទាក់ទាញភ្ញៀវក្នុងស្រុកជាង ២,៨ លាននាក់ក្នុងត្រីមាសទី១ នៃឆ្នាំ ២០២២ ដោយបានកើនឡើង ៤៥ ភាគរយ ធៀបនឹងអំឡុងពេលដូចគ្នានៃឆ្នាំមុន ជាវេលាញាំញីដោយជំងឺកូវីដរីករាលដាលជាសកល។
អ្នកស្រីបាននិយាយថា៖ «នេះគ្រាន់តែជាការចាប់ផ្ដើម ដែលព្រឹត្ដិការណ៍ និងកម្មវិធីជាច្រើននឹងត្រូវបានរៀបចំឡើង ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញ ក៏ដូចជាធានាដល់ការកែសម្រួល និងបត់បែនវិស័យកម្សាន្តនេះប្រកបដោយសុវត្ថិភាពក្នុងការគ្រប់គ្រងជំងឺកូវីដ ១៩»៕ VNA/HR
វីដេអូ៖