
សួនកម្សាន្ត សាងសុភមង្គល ស្ថិតនៅលើដងផ្លូវ ៦អា មានសួនផ្កា ក្យូសលម្ហែ និងកន្លែងថតរូបស្អាតៗ។ ហ៊ាន រង្សី
ភ្នំពេញ: ធ្លាប់តែទៅហួសមកហួស ពេលនេះអ្នកដំណើរតាមបណ្ដោយផ្លូវ 6A ទៅកាន់ខេត្តផ្សេងៗច្បាស់ជាពុំរំលងសួនកម្សាន្ត សាងសុភមង្គល ដ៏ពោរពេញដោយផ្កាចម្រុះពណ៌រីកស្គុសស្គាយគ្រប់រដូវហ៊ុមព័ទ្ធក្យុសលម្ហែក្បែរមាត់ផ្លូវ បន្ថែមដោយគ្រោងចម្លាក់ប្រក់ស្បូវជារូបស្លាបឥន្ទ្រី រូបបេះដូងតម្រូវចិត្តអ្នកនិយមថតសែលហ្វ៊ី។
ក្នុងផ្ទៃដី ១ ហិកតាកន្លះ សួនត្រូវបានចែកចេញជា ២ ផ្នែក និងលើកជារងៗលម្អដោយបុប្ផាចម្រុះរូបមាន ផ្កាឃុនរាម ផ្កាទំហូ ផ្កាស្បៃរឿង ស្បៃរឿងក្រពុំ ផ្កា ១០០ ស្រទាប់ ផ្កាសិរមាន់ និងផ្កាឈូករ័ត្នជាដើម។
ភ្ញៀវមកលេងមានទាំងជាលក្ខណគ្រួសារ មិត្តភក្តិ និងអ្នករួមការងារ។ អ្នកខ្លះប្ដូររវេនគ្នាថតរូបពីរងផ្កា ១ ទៅ ១។ ភ្ញៀវខ្លះអង្គុយលើបង់ និងទោងកម្សាន្ត ជជែកគ្នាលេងស្រូបយកខ្យល់អាកាសបរិសុទ្ធ ខណៈភ្ញៀវខ្លះទៀតទទួលទានក្នុងក្យូស ដែលសួនបម្រើអាហារដ្ឋានម្ហូបកុម្ម៉ង់ និងភេសជ្ជៈ។
សួនកម្សាន្ត សាងសុភមង្គល ទើបតែត្រូវបានបង្កើតកាលពីខែមករា ឆ្នាំ ២០២១ ដោយលោក វៃ សុខនាង។
ស្ថាបនិក ២៣ ឆ្នាំរូបនេះបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីដំណើរនាំឱ្យមានគំនិតក្នុងការបង្កើតសួនថា៖ «វាជាក្ដីស្រមៃរបស់ខ្ញុំ។ អាចថា ៣ ឆ្នាំមុន ជាពេលដែលខ្ញុំចាប់ផ្ដើមមានបំណងចិត្តចង់បង្កើតកន្លែងកម្សាន្ត ១ ជារបស់ខ្លួន និងបើកឱ្យភ្ញៀវទេសចរចូលលេង។ កាលខ្ញុំចាប់ផ្ដើមដំបូងឪពុកម្ដាយខ្ញុំ មិនដឹងថា ខ្ញុំកំពុងតែគិតអីទេ»។

ផ្កាឃុនរាមចំណាយពេល ២ ខែលូតលាស់ ទើបអាចរីកបាន៣ខែ។ ហ៊ាន រង្សី
លោករំឭកថា កាលណោះលោកគ្រាន់តែមានគំនិត តែគ្មានធនធាននៅក្នុងខ្លួនទេ ហើយក៏មិនដឹងចាប់ផ្ដើមពីណាទៅណាដែរ។ លោកក៏ដើរសូមចែកពូជផ្កាខ្លះតាមផ្ទះ និងបង្កចម្ងល់ដល់អ្នកស្រុកដែលភាគច្រើនពួកគាត់ក៏មិនយកលុយកាក់អ្វីដែរ។ លោកបានត្រឹមតែគិតថា បើធ្វើបានសម្រេចពេលណា និងឱ្យពួកគាត់ចូលលេងដោយមិនគិតថ្លៃ។
ជាមួយដើមទុនតែ ១០០ ដុល្លារ ក្នុងការចាប់ផ្ដើម លោកក៏ចំណាយទៅលើការកុម្ម៉ង់ពូជផ្កាពីចិន។ ជាអកុសលពូជទាំងអស់នោះមិនល្អ ដាំមកបានតែកម្ពស់ទាបៗ មិនស្អាត។ រីឯពូជផ្កាដែលលោកដើរសុំតាមផ្ទះអ្នកភូមិ លោកចេះតែយកមកដាំផ្សំគ្នា។
លោកបានបន្តថា៖ «ដល់ពេលខ្ញុំសាកល្បងវាបរាជ័យ ២-៣ ដង ព្រោះយើងអត់មានបទពិសោធសោះ។ យើងមើលតែតាមយូធូប ពីរបៀបដែលគេតុបតែងសួន ទីកន្លែងកម្សាន្តនានាទាំងក្នុង និងក្រៅប្រទេស។ យើងបានគំនិតហើយទើបយកមកច្នៃដាំខ្លួនឯង។ ធ្វើដំបូងយើងមិនយកលុយទេ ព្រោះយើងចង់ផ្សព្វផ្សាយឱ្យគេស្គាល់សិន។ ខ្ញុំធ្វើលើកទី៣ ទើបជោគជ័យក្នុងអំឡុងពេល ឆ្នាំ ២០២១ និង ២០២២ ហើយក៏មានភ្ញៀវចូល និងចេះតែកើនឡើង ចាប់ពី ៤-១០ នាក់ទៅ ១០០-២០០ នាក់»។
ការរៀបចំច្នៃប្រឌិតផ្សេងៗ សុទ្ធតែកើតពីគំនិតរបស់លោក សុខនាង។ រីឯឪពុករបស់លោកពេលដែលឃើញ សួនចាប់ផ្ដើមមានមនុស្សចូលច្រើន លោកក៏រីករាយ ដែលឃើញកូនអាចធ្វើឱ្យក្ដីស្រមៃរបស់ខ្លួនចេញជារូបរាង។ លោក សុខនាង ឱ្យដឹងថា ពេលនេះឪពុកលោកថែមទាំងជួយគាំទ្រទាំងកម្លាំងក្នុងការដាំដុះ ថែទាំផ្កា និងផ្ដល់ជាដើមទុនខ្លះ ដើម្បីអភិវឌ្ឍបន្ថែមទៅលើសួនទៀតផង។
លោកបានប្រាប់ពីរបៀបដែលធ្វើឱ្យផ្កាអាចរីកគ្រប់រដូវ និងភ្ញៀវអាចចូលមកលេងគ្រប់ពេលថា ផ្កានេះលោកធ្វើម្ដង ១ ចំហៀង ដោយលោកពុះវាជា ២ ផ្នែក។ ដោយសារទំហំដីរាងតូច លោកត្រូវដាំបណ្ដាក់គ្នា។ តែលោកថា ផ្កាដុះមិនសូវទាន់គ្នា ព្រោះផ្កា ១ ប្រភេទៗ រយៈពេលដាំ និងអាយុកាលរីកខុសគ្នា ដូចជាផ្កាឈូករ័ត្ន រីកបានតែ ២ អាទិត្យ ឯឃុនរាមរីកបាន ៣ ខែ តែចំណាយពេល ២ ខែទម្រាំចេញផ្កា។

សួនមានផ្កាសិរមាន់ ផ្កាទំហូ ឈូករ័ត្ន ស្បៃរឿង និងផ្កាឃុនរាម។ហ៊ាន រង្សី
ជារៀងរាល់ថ្ងៃលោក និងឪពុកតែងជួយមើលថែគ្នា ដោយមានទាំងទុយោតំណក់បន្តក់ទឹក និងទុយោសាច ដើម្បីស្រោចស្រពឱ្យបុប្ផាទាំងអស់នេះឱ្យនៅតែស្រស់បំព្រង។
ម្ចាស់សួនបានឱ្យដឹងទៀតថា៖ «ភាគច្រើនភ្ញៀវមកលេងចុងសប្ដាហ៍ និងថ្ងៃបុណ្យទានធំៗ ដូចជាចូលឆ្នាំខ្មែរ ចូលឆ្នាំចិន និងភ្ជុំបិណ្ឌ។ សេវាចូលលេងក្នុងសួនបច្ចុប្បន្នម្នាក់ ៣ ពាន់រៀល តែថ្ងៃចូលឆ្នាំខាងមុខអាចឡើងដល់ ៥ ពាន់រៀល ព្រោះយើងមានគម្រោងរៀបចំតុបតែងបន្ថែម។ ប៉ុន្តែយើងមិនគិតសេវាចំពោះ កូនក្មេង ព្រះសង្ឃ និងជនពិការទេ»។
ក្រៅពីបង់សេវាភ្ញៀវមិនតម្រូវឱ្យបង់អ្វីទៀតទេ។ លោកថា លោកទទួលបានប្រាក់ចំណេញតិចតួច ដើម្បីយកមកអភិវឌ្ឍបន្ថែម។ យ៉ាងណាមិញ លោកមិនសូវផ្ដោតលើការចំណេញ ឬខាតទេ។ លោកថា លោកគ្រាន់តែចង់ឱ្យកន្លែងនេះ ជាកន្លែងភ្ញៀវអាចមកលេងសប្បាយ និងជួបជុំគ្រួសារ។
លោកបានផ្ដាំផ្ញើអ្នកដែលមកលេងកម្សាន្តសូមកុំកាច់ផ្កា ដើរជាន់ផ្កា និងជួយរក្សាអនាម័យទាំងអស់គ្នា។
ទោះជាកំណើតអ្នកមកលេងកាន់តែច្រើន លោកនៅតែលើកចំណុចខ្វះខាត សួនផ្កានៅតិច ហើយលោកចង់ដាំឱ្យវាឱ្យរីកទាន់គ្នាក៏ដូចជានាំពូជផ្កាថ្មីៗបន្ថែមទៀត។ លោកក៏មានគម្រោងធ្វើកន្លែងថតឱ្យច្រើន និងច្នៃប្រឌិតវាឱ្យកាន់តែថ្មី។ រីឯផ្នែកខាងក្រោយ ដែលជាត្រពាំង ឆ្នាំក្រោយ លោក សុខនាង មានគំនិតថែមទឹក ដាក់ទាទឹកធាក់លេង និងចិញ្ចឹមត្រីដាក់ត្រីដែលភ្ញៀវអាចបាចចំណីឱ្យត្រីស៊ី។ សួនក៏គ្រោងនឹងពង្រីកឱ្យធំជាងនេះទាំងក្យូស និងកន្លែងកម្សាន្ត។

ផ្កាឈូករ័ត្នចាប់ផ្ដើមរីកបណ្ដើរៗ មុននឹងស្គុសស្គាយនៅថ្ងៃចូលឆ្នាំ។ ហ៊ាន រង្សី
ម្ចាស់សួន ដែលរៀនចប់ត្រឹមថ្នាក់ទី១១ ព្រោះគ្មានលទ្ធភាពរៀនបន្តរូបនេះថា៖ «ខ្ញុំចង់ឱ្យយុវជន ដែលនៅក្មេង ជាពិសេសវ័យចាប់ពី ១៨-២៥ ឆ្នាំ ដែលជាទំពាំងស្នងឫស្សី ឱ្យគាត់ក្លាហានធ្វើអ្វីដែលជាក្ដីស្រមៃរបស់ខ្លួន រៀនកសាងខ្លួនឯងឱ្យមានតម្លៃក្នុងសង្គម ហ៊ានពុះពារដើម្បីអ្វីដែលខ្លួនស្រឡាញ់។ ស្រមៃហើយត្រូវតែហ៊ានធ្វើ។ កុំស្រមៃហើយ ធ្វើលេងៗ ហើយចង់បានលទ្ធផលមែនទែន វាមិនអាចទៅរួចទេ។ បើយើងធ្វើហើយទោះបរាជ័យ ៤-១០ ដង បន្តធ្វើវាឱ្យបានជោគជ័យ»។
លោកក៏មានទទួលធ្វើសួន និងលក់ពូជផ្កាសម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ ដោយអាចទាក់ទងបានតាមទូរស័ព្ទលេខ ០៩៣ ៧៦១ ២២៥ និង ០៩៥ ៨៦៩ ៦២៦ និងទំព័រហ្វេសប៊ុក @VSNGroup2019។
សួនកម្សាន្ត សាងសុភមង្គល បើកដំណើរការជារៀងរាល់ថ្ងៃ ពីម៉ោង ៧ ព្រឹក ដល់ ៧ យប់ និងមានទីតាំងនៅ ភូមិស្ពានថ្មី ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្ដាល៕