​កំពង់ស្ពឺ: ដោយ​មើលឃើញ​នូវ​កំណត់ត្រា ដែល​ត្រូវបាន​សរសេរ​នៅលើ​អត្ថបទ​សារព័ត៌មាន​ភាសា​អង់គ្លេស ចំពោះ​អ្នក​អះអាងថា បាន​ឡើង​ភ្នំ​ឱ​រ៉ា​ល់​ជាមួយនឹង​ថិរវេលា ៣​ម៉ោង ២៧​ នាទី និង ៦ ​វិនាទី បុរស​អាមេរិកាំង​ម្នាក់ និង​អូស្ដ្រាលី​ម្នាក់ទៀត​ក៏​ទទួលយក​ការប្រកួត​នេះ ជាមួយ​គោលបំណង​ស្ដារ​អេកូ​ទេស​​ចរណ៍​ឱ្យ​រស់​ឡើងវិញ ក្រោយ​ញាំញី​ដោយ​វីរុស​រាតត្បាត​សកល​។

​លោក Jacob Sims និង​លោក Julien Brewster បានសម្រេច​ចិ​ត្ដ​សាកល្បង​បំបែក​កំណត់ត្រា​ដែលមាន​ស្រាប់ ដោយ​អះអាងថា វា​មិន​​មែន​ជាការ​ប្រកួត ឬ​ប្រណាំងប្រជែង​អ្វី​ឡើយ​។

​នៅ​ថ្ងៃទី ​៣ ខែ មេសា ឆ្នាំ​ ២០២២ បុរស​ទាំង​ ២​ បានចាប់ផ្ដើម​ឡើង​ភ្នំ​​ខ្ពស់បំផុត​នៅ​ប្រទេស​កម្ពុ​ជា នា​វេលា​ម៉ោង ៥:៥៥ ​នាទី​ព្រឹក និង​បញ្ចប់​បេសកកម្ម​ទៅដល់​កំពូលភ្នំ​ឱ​រ៉ា​ល់​នៅ​ម៉ោង

៨:២១ ​ព្រឹក​។​

​បុរស​អាមេរិកាំង​រូបនេះ​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្ដិ៍ថា​៖ «​យើង​បាន​ចំណាយពេល ២​ ម៉ោង ២៦ ​នាទី និង ៣៦​ វិនាទី​។ Julien និង​ខ្ញុំ​បានបញ្ចប់​ទី​នៅ​ថិរវេលា​ដូចគ្នា​។ យើង​មិនមែន​ប្រណាំង​គ្នា​នោះទេ តែ​យើង​ធ្វើការ​ជា​ក្រុម​។ មិ​ត្ដ​ភក្ដិ​យើង ៦ ​នាក់​ ដែល​មកពី​អគារ​ស្នាក់​តែមួយ​បាននាំគ្នា​មក​​ភ្នំ​ឱ​រ៉ា​ល់ និង​អបអរ​ពួកយើង​»​។​

​លោក Jacob ដែល​រមែង​ចូលរួម​កម្មវិធី​រត់ប្រណាំង​តាំងពី​រៀន​នៅ​សាកលវិទ្យាល័យ ក៏ដូចជា​ចូល​ចិ​ត្ដ​ពុះពារ​ឧបសគ្គ​ប្លែកៗ បាន​និយាយថា​ ពេលវេលា​ឡើង​ភ្នំ​នេះ​ត្រូវបាន​បញ្ជាក់​ដោយ​លោក ឈី​ម ឈឺ​ន តំណាង​សហគមន៍​ទេសចរណ៍​ភ្នំ​ឱ​រ៉ា​ល់​ក៏ ដូចជានាឡិកា GPS ផងដែរ​។

​បុរស​អាមេរិកាំង Jacob អាយុ ៣៤​ ឆ្នាំ ជា​បុគ្គលិក​អង្គការ​ក្រៅ​​រដ្ឋាភិបាល​ដែល​បានរស់នៅ​ក្នុង​រាជ​​ធានី​ភ្នំពេញ​តាំងពី​ចុងឆ្នាំ​ ២០១៩​។

លោក ឈីម ឈឺន មគ្គុទេ្ទសក៍ទេសចរណ៍​សហគមន៍​ភ្នំឱរ៉ាល់។ហុង មិនា

​លោក​ធ្លាប់បាន​ចូលរួម​ប្រកួត​រត់​ប្រណាំង​ម៉ា​រ៉ា​តុង និង​រត់​ចម្ងាយ​ឆ្ងាយ ឡើង​ភ្នំ​អាមេរិក​ប្រចាំឆ្នាំ​ដ៏​ល្បីល្បាញ ក៏ដូចជា​ដំណើរ​ជិះ​កង់​ឆ្លងកាត់​តំបន់​អឺរ៉ុប អាហ្វ្រិ​ក អាមេរិក​ឡាទីន និង​អាស៊ីអាគ្នេយ៍​។

​លោក Julien អាយុ ៣៦ ​ឆ្នាំ ក៏​ជា​បុគ្គលិក​អង្គការ​នៅ​កម្ពុជា ដែល​មកពី​អូស្ដ្រាលី តាំងពី​ឆ្នាំ ​២០១១ និង​ជា​កីឡាករ​លេង​បាល់ទាត់​តាម​បែបផែន​អូស្ដ្រាលី​នៅ​កម្ពុជា​ផងដែរ​។

​លោក Jacob បាន​និយាយថា​៖ «​យើង​មានគំនិត​បែបនេះ ដោយសារ​មិ​ត្ដ​ភក្ដិ​របស់​យើង​ឈ្មោះ Luke Weatherson បាន​រកឃើញ​អត្ថ​​បទ​ព័ត៌មាន​មួយ​ចុះផ្សាយ​អំពី​កំណត់​​ត្រា​ចាស់ និង​បាន​ប្រាប់​យើង​ថា គាត់​គិតថា យើង​មាន​កម្លាំង​ខ្សោយ ធាត់​ខ្លាញ់ និង​ស្ទក់ៗ ហើយ​គ្មាន​ផ្លូវ​ណា យើង​អាច​ប្រជែង​បានឡើយ​។ ដូច្នេះ យើង​ត្រូវ​បញ្ជាក់ប្រាប់​គាត់​ថា គាត់​គិត​ខុស​ហើយ​»​។

​អ្នក​នាំ​ផ្លូវដែល​ហៅថា សហគមន៍​ទេសចរណ៍​ភ្នំ​ឱ​រ៉ា​ល់ និង​ដឹកនាំ​ដោយ​លោក ឈី​ម ឈឺ​ន មកពី​ភូមិ​ស្រែ​កិន ៣​។ អ្នក​នាំ​ផ្លូវ ​២ ​នាក់ ​ធ្វើ​ការឱ្យ​ភ្នាក់ងារ គឺ ស សំបូរ និង​ ស វ៉ុ​ត ដែល​ជួយ​ធ្វើ​កិច្ចការ​ពួកគេ​ ១ ​ផ្នែក​។​

​លោក វ៉ុ​ត បានចាប់ផ្ដើម​ស្ពាយសម្ពាយ​ឱ្យ​យើង​រយៈពេល ៤៥ ​នាទី​ដំបូង មុនពេល​សម្ទុះ​ល្បឿន​របស់លោក​បាន​ថមថយ​។

​បន្ទាប់មក វា​ជា​កិច្ចការ​របស់លោក សំបូរ ដែល​ចាប់ផ្ដើម​បន្ដ​ពី​ប៉ុស្ដិ៍​សម្រាក និង​ជូន​ដំណើរ​រហូតដល់​កំពូល​ភ្នំ​ខ្ពស់​ជាងគេ​នៅ​កម្ពុជា​។

​លោក​បាន​បន្ថែមថា​៖ «​យើង​ពិតជា​ចង់​ជួយ​លោក ឈី​ម និង​ភ្នាក់ងារ​របស់លោក​ឱ្យមាន​គេ​ស្គាល់​ទូលំ​​ទូលាយ​។ ដោយសារ​វិបត្ដិ​កូ​វីដ ​១៩ អ្នក​នាំ​ផ្លូវ​បាន​ជួប​ការលំបាក​ខ្លាំង​ចំពោះ​ជីវភាព​របស់​ពួកគេ​។ យើង​សង្ឃឹមថា កំណត់ត្រា​នេះ​នឹង​ជួយ​បង្កើន​ប្រាក់ចំណូល និង​កៀរគរ​ភ្ញៀវ​​ទេសចរ​បន្ថែម​សម្រាប់​សហគមន៍​ទេសចរណ៍​ភ្នំ​ឱ​រ៉ា​ល់​»​។

​លោក Jacob បានឱ្យដឹងថា ការ​​ដើរ​ឡើង​ភ្នំ​មាន​ចម្ងាយ ១០ ​គីឡូម៉ែត្រ និង​ការឡើង​ចំណោត​មាន​ប្រវែង ២២៥ ​ម៉ែត្រ​ទៅកាន់​កំពូល​កម្ពស់ ១ ៨១៣ ​ម៉ែត្រ​។​

​ក្រៅពី​ចម្ងាយ និង​ចំណោត នៅមាន​បញ្ហា​មួយចំនួនទៀត ដែល​ធ្វើឱ្យអ្នក​ឡើង​ភ្នំ​ជួប​ឧបសគ្គ​។

​លោក​បាន​និយាយថា​៖ «​កម្ដៅ និង​សំណើម​ គឺជា​កត្ដា​ចម្បង​។ យ៉ាង​​ណា​មិញ នៅមាន​ចំណុច​ខ្លះ ដែលមាន​លក្ខណៈ​ចោត​ខ្លាំង និង​តម្រូវឱ្យ​ប្រើប្រាស់​ខ្សែពួរ​តោង​។ ផ្នែក​ខ្លះ​មិនអាច​ឆ្លងកាត់​បាន ដោយសារ​តែមាន​ដើមឈើ​ដួលរលំ ដែល​ទាមទារ​មានការ​ត្រួសត្រាយ​»​។

​លោក​បាន​បន្ថែមថា នៅ​ចំណុច​ខ្លះទៀត ក៏មាន​ភក់ និង​ដីឥដ្ឋ​ស្អិត​ជើង​។ ប៉ុន្ដែ​សម្រាប់​អ្នក​ឡើង​ភ្នំ​អាជីព វា​ជា​កិច្ច​ការមិន​លំបាក​នោះទេ​។

​អ្នកជំនាញ​រូបនេះ​ថា នៅ​ទីនោះ​មាន​ជំរំ​សម្រាក ​២ ​កន្លែង ដោយ ១ ស្ថិតនៅ​ចម្ងាយ ២ ​គីឡូម៉ែត្រ និង​ ១​ ទៀត នៅ​ចម្ងាយ ៧ ​គីឡូម៉ែត្រ​។

​ក្រុម​អ្នក​ឡើង​ភ្នំ​ភាគច្រើន​តែងតែ​ជ្រើសរើស​ដំណើរ​ឡើង​ភ្នំ​រយៈពេល ២ ​យប់ ៣ ​ថ្ងៃ និង​ចំណាយពេល​កម្សាន្ដ​បន្ថែមទៀត បើ​ពួកគេ​ចង់​លុកលុយ​ភ្នំ​ឱ​រ៉ា​ល់​ច្រើន​ទៀត​។

​​​ទិដ្ឋភាព​ភ្នំឱរ៉ាល់ ដែលមាន​កម្ពស់ ១ ៨១៣ ម៉ែត្រ មើលពីចម្ងាយ។ហុង មិនា

​បើទោះបីជា​បុរស​បរទេស ២ ​នាក់​នេះ ​មកពី​អង្គការក្រៅរដ្ឋាភិបាល​យ៉ាងណាក៏ដោយ ក៏​ការឡើង​ភ្នំ​បំបែក​កំណត់ត្រា​ក្រៅផ្លូវការ​នេះ គឺជា​រឿង​ឯកជន​សុទ្ធសាធ​។

​លោក Jacob ដែលមាន​ជំនាញ​ខាង​កីឡា​រូបនេះ បានឱ្យដឹងថា​៖ «​វា​គ្រាន់តែ​ជា​គំនិត​ផ្ដួចផ្ដើម​របស់​មិ​ត្ដ​ភក្ដិ​ ១​ ក្រុម​ដើម្បី​បង្វឹក និង​ព្យាយាម​បំបែក​កំណត់ត្រា​មាន​ស្រាប់​។ ភ្នំ​ឱ​រ៉ា​ល់​ស្ថិតនៅ​កណ្ដាល​ឧទ្យាន​ជាតិ​។ សូម​​អញ្ជើញ​នាំគ្នា​ទៅ​បង្កើត​កំណត់ត្រា​ថ្មីៗ​បាន​គ្រប់ពេលវេលា​»​។

​លោក​បាន​លើកឡើងថា​៖ «​យើង​ចង់​លើក​ទឹក​ចិ​ត្ដ​ឱ្យ​អ​ត្ដព​លិ​ក​ខ្មែរ​មកពី​សហគមន៍​ឡើង​ភ្នំ និង​រត់ប្រណាំង​កម្ពុជា ចេញមក​បំបែក​កំណត់ត្រា​របស់​យើង​»​។

​លោក​អះអាងថា​៖ «​យើង​គិតថា វា​ជា​កំណត់ត្រា​ខ្ពស់​ដែរ ដែល​នឹង​តម្រូវឱ្យ​អ្នក​ឡើង​ត្រៀមខ្លួន និង​មានការ​បង្វឹក ក៏ដូចជា​សិក្សា​អំពី​អាកាស​​ធាតុ តែ​កំណត់ត្រា​ក៏​អាច​ផ្ដួល​បាន​។ យើង​សង្ឃឹមថា ប្រជាជន​នឹង​ទៅកាន់​ទីនោះ និង​រុករក​ទីកន្លែង​ស្រស់ស្អាត​របស់​កម្ពុជា​។ ថ្វីដ្បិតតែ​ឱ​រ៉ា​ល់​ស្ថិតក្នុង​តំបន់​អភិរក្ស​យ៉ាងណាក៏ដោយ ក៏​យើង​នៅ​ឮ​សំឡេង​រណារយក្ស​ម្ដង​ម្កាល​ដែរ​»​។

​កំណត់ត្រា​ចាស់​ជាង ៣​ ម៉ោង ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​ ១៧ ខែ កុម្ភៈ ឆ្នាំ ​២០២០ ដោយ​អ្នករត់ និង​ឡើង​ភ្នំ​ជនជាតិ​អាមេរិក Fred Zalokar និង​លោក David Minetti អតីត​កង​​កម្លាំង​ពិសេស​បារាំង និង​ជា​សហ​​ស្ថាបនិក C4 Adventures​។

​លោក Jacob បាន​បញ្ជាក់ថា​៖ «​យោងតាម​អ្នក​នាំ​ផ្លូវ គ្មាន​នរណា​មាន​កំណត់ត្រា​លឿន​ជាងនេះទៀត​នាពេល​បច្ចុប្បន្ននេះ​ទេ​។ ដូច្នេះ យើង​មាន​ជំនឿ​ចិ​ត្ដ​ថា មុន​យើង​សម្រេច​លទ្ធផល​ជាង ២​ ម៉ោង​នេះ លោក Zalokar និង​លោក Minetti គ្មាន​នរណា​ផ្ដួល​បានឡើយ​»៕