The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ស្ពាន​បាត​កញ្ចក់ «នាគស» ​ដ៏​អស្ចារ្យ​បើក​សម្ពោធនៅ​ក្នុងប្រទេស​វៀតណាម​

ស្ពាន​បាត​កញ្ចក់ «នាគស» ​ដ៏​អស្ចារ្យ​បើក​សម្ពោធនៅ​ក្នុងប្រទេស​វៀតណាម​

Content image - Phnom Penh Post
​ស្ពាន​ថ្មើរជើង Bach Long ដែលមាន​ឈ្មោះ​បកប្រែ​ថា «​នា​គស​" នៅ​ខេត្តស៊ុនឡា។ AFP

ស្ពាន​បាត​កញ្ចក់ «នាគស» ​ដ៏​អស្ចារ្យ​បើក​សម្ពោធនៅ​ក្នុងប្រទេស​វៀតណាម​

ក្រុងហាណូយ៖ ​កុំ​មើលចុះក្រោម​! ប្រទេស​វៀតណាម​បានចាប់ផ្តើមភាព​ទាក់ទាញ​ថ្មី​មួយ​សម្រាប់​ភ្ញៀវទេសចរ​​ចិត្ត​សឿង​មិន​ខ្លាច​ទីខ្ពស់ ជាមួយ​ការបើកសម្ពោធ​​ស្ពាន​បាត​កញ្ចក់​​ផុស​លើ​កម្ពស់​១៥០​ម៉ែត្រ​ពី​ព្រៃ​ព្រឹក្សា​បៃតង​។

​ស្ពាន​ថ្មើរជើង Bach Long ដែលមាន​ឈ្មោះ​បកប្រែ​ថា «​នា​គស​" នៅ​ខេត្តស៊ុនឡា ភាគ​ពាយ័ព្យ ពត់ពេន​​ជុំវិញ​ជម្រាល​ថ្ម​ភ្នំ​ មុននឹង​លាតសន្ធឹង​លើ​ជ្រលងបុព្វតា​ដ៏​អស្ចារ្យ​រវាង​កំពូលភ្នំ​ពីរ ដែលមាន​ប្រវែង​សរុប ៦៣២​ម៉ែត្រ។​

​បាត​​ស្ពាន​នេះ​ផលិត​ពី​កញ្ចក់ធន់មាំ​ស្វិត​​ Tempered Glass ដែល​ផលិត​ដោយ​បារាំង ធ្វើឱ្យ​វា​រឹងមាំ​អាច​ផ្ទុកចំនួន​​មនុស្ស​បាន​​ដល់​ទៅ ៤៥០​នាក់​ក្នុងពេល​តែមួយ ខណៈដែលពួកគេ​រីករាយ​នឹង​ថត​រូប ក៏ដូចជាគយគន់​​នូវ​ទិដ្ឋភាព​ដ៏​អស្ចារ្យនៃ​រុក្ខជាតិ​ពណ៌​បៃតង​នៅ​ជ្រលង​ជ្រៅ​ខាងក្រោម​​ដ៏ព្រឺព្រួច​។​

Content image - Phnom Penh Post
​បាត​​ស្ពាន​ផលិត​ពី​កញ្ចក់ធន់មាំ​ស្វិត​​របស់​​បារាំង អាចទ្រទម្ងន់មនុស្ស​បាន​​ដល់​ទៅ ៤៥០​នាក់​ក្នុងពេល​តែមួយ។ AFP

លោក Hoang Manh Duy តំណាង​ប្រតិបត្តិ​ករ​ស្ពាន​បាន​និយាយថា៖ «នៅពេល​ឈរ​នៅលើ​ស្ពាន អ្នកធ្វើដំណើរ​នឹង​អាច​គយគន់​ភាពស្រស់ស្អាត​នៃ​ធម្មជាតិ​»។​

​ក្រុមហ៊ុនបាន​​និយាយថា វា​គឺជា​ស្ពាន​កញ្ចក់​ដែល​វែង​ជាងគេ​បំផុត​លើ​ពិភពលោក ដែល​លើសពី​រចនាសម្ព័ន្ធ​ប្រវែង ៥២៦​ម៉ែត្រ​នៅ​ទីក្រុងគ័ងដុង ប្រទេស​ចិន​។​

​មន្ត្រី​មកពី​កំណត់ត្រាហ្កីនណេស​ពិភពលោក​ ត្រូវបាន​គេ​រំពឹងថា​នឹងមក​​ពិនិត្យ​ផ្ទៀងផ្ទាត់​អំណះអំណាង​នេះ​នៅ​ខែក្រោយ​។​

​ថ្នាក់ដឹកនាំ​វិស័យ​​ទេសចរណ៍​វៀតណាម​កំពុង​ស្វែងរក​ការទាក់ទាញ​ភ្ញៀវទេសចរ​ត្រឡប់មកវិញ ​បន្ទាប់ពី​ការបិទ​ប្រទេស​រយៈពេល​ពីរ​ឆ្នាំ​ដោយសារ​តែ​វិបត្តិកូវីដ​ ១៩ ជាសកល​ ដែល​រារាំង​អ្នកធ្វើដំណើរ​បរទេស​ស្ទើរតែ​ទាំងអស់។​

​​

Content image - Phnom Penh Post
ស្ពាន​បាត​កញ្ចក់​​ផុស​លើ​កម្ពស់​១៥០​ម៉ែត្រ​ពី​ព្រៃ​ព្រឹក្សា​បៃតង​។ AFP

នៅ​ពាក់កណ្តាល​ខែមីនា ប្រទេស​នេះ​បានបញ្ចប់​ការដាក់​ឱ្យនៅ​ដាច់​ពី​គេ​សម្រាប់​ភ្ញៀវ​អន្តរជាតិ និង​បាន​បន្ត​ការ​ធ្វើដំណើរ​រយៈពេល ១៥ថ្ងៃ​ដោយ​គ្មាន​ទិដ្ឋាការ​សម្រាប់​ពលរដ្ឋ​មកពី ១៣​ប្រទេស​។​

​វៀតណាម​គ្រោង​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​អាស៊ីអាគ្នេយ៍​ក្នុង​រយៈពេល​ពីរ​សប្តាហ៍ ដែលមាន​អត្ត​ព​លិ​ក និង​បុគ្គលិក​កីឡា​ជាង ១ម៉ឺន​នាក់​មកពី​ប្រទេស​ក្នុង​តំបន់​ដែល​បើក​សម្រាប់ការ​ធ្វើដំណើរ​។​

ស្ពាន Bach Long គឺជា​ស្ពាន​កញ្ចក់​ទី៣ ​របស់​ប្រទេស​វៀតណាម​។​

​អ្នកស្រុក Bui Van Thach បាន​និយាយ​បន្ទាប់ពី​ដើរ​ឆ្លងកាត់​វា​ថា៖ «​ខ្ញុំ​សង្ឃឹមថា ស្ពាន​នេះ​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​​ក្នុងស្រុក និង​អន្តរជាតិ​កាន់តែច្រើន​មកកាន់​តំបន់​របស់​យើង​»៕ AFP/HR

Content image - Phnom Penh Post
ស្ពាន Bach Long ឬស្ពាន​នាគស គឺជា​ស្ពាន​កញ្ចក់​ទី៣ ​របស់​ប្រទេស​វៀតណាម​។​ AFP

អត្ថបទគួរចាប់អារម្មណ៍