ភ្នំពេញៈ សម្រាប់អ្នកមិនសូវមានពេលវេលាច្រើន តែចង់មើលអ្វីប្លែកៗនៅជិតបង្កើយ អាចឆ្លៀតពេលកន្លះថ្ងៃធ្វើដំណើរជាង ១០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ទៅទស្សនាពពួកសត្វស្លាបរស់នៅតាមតំបន់ដីសើម បឹង និងទន្លេ ក្រោមការរៀបចំពីមគ្គុទេសក៍ទេសចរណ៍ដ៏មានបទពិសោធ។
ភ្ញៀវទេសចរជាតិជាច្រើនប្រហែលជាមិនទាន់ដឹងអំពីវត្ដមានសត្វស្លាបដ៏ច្រើនសន្ធឹកនៅក្បែររាជធានី ខណៈអ្នកខ្លះមិនចង់ចូលរួមនៅក្នុងដំណើរកម្សាន្ដជាក្រុមនេះទេ។ ប៉ុន្ដែជាមួយការរៀបចំរបស់មគ្គុទេសក៍ ពួកគេនឹងមានឱកាសបានឃើញបក្សីជាច្រើន ក៏ដូចជា ទេសភាពសម្រស់បឹង ព្រៃល្បោះ និងបឹងឈូកទៀតផង។
លោក ជា ថុង ស្ថាបនិកក្រុមហ៊ុនទេសចរណ៍ Vana Adventure Travel ដែលបានរៀបចំដំណើរកម្សាន្ដនេះបាននិយាយថា៖ «ភ្ញៀវខ្មែរយើងមិនសូវចាប់អារម្មណ៍ដំណើរកម្សាន្ដបែបនេះទេ។ ប៉ុន្ដែភ្ញៀវបរទេសពិតជាចាប់អារម្មណ៍ច្រើន។ ចាប់ពីខែ ១១ ឆ្នាំមុន នៅពេលរាជរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញមកយើងទទួលភ្ញៀវបរទេសតិចៗ នៅមិនទាន់ដូចមុនៗនោះទេ។ នេះជាដំណើរកម្សាន្ដគយគន់បក្សីក្បែរទីក្រុងភ្នំពេញជាលើកទី១ សម្រាប់ការរៀបចំរបស់ក្រុមហ៊ុនខ្ញុំ»។
លោក ថុង ដែលបានរៀបចំដំណើរកម្សាន្ដជិះកង់ ដើរព្រៃ និងមើលបក្សី តាំងពីមុនកូវីដ បានឱ្យដឹងថា ការទស្សនាសត្វស្លាបនេះ ត្រូវបានរៀបចំឡើងសម្រាប់ភ្ញៀវមានពេលវេលាតិច បែបកម្សាន្ដសប្បាយ ដោយភ្ញៀវគ្រាន់តែចង់ឃើញសត្វស្លាប និងសត្វនៅតាមតំបន់ដីសើម ឬបឹង និងទន្លេ។
ដោយប្រមូលផ្ដុំគ្នានៅកំពង់ចម្លងអរិយក្សត្រ ពួកគេធ្វើដំណើរនៅម៉ោង ៥:៣០ ព្រឹក តាមរថយន្ដឆ្ពោះទៅល្វាឯម ចម្ងាយប្រមាណ ៨ គីឡូម៉ែត្រ ស្ថិតនៅក្រោយវត្ដស្វាយអណ្ដែត។
លោក ថុង បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ពួកគេឆ្ពោះទៅកាន់តំបន់ព្រំប្រទល់ដីជាមួយក្រុមហ៊ុន 7NG នៅស្រុកល្វាឯម ដែលម្ខាងមានទន្លេ និងម្ខាងទៀតមានបឹងធំមួយ។ បឹងធំនេះសម្បូរទៅដោយសត្វស្លាប ដូចជា កុក ទាព្រៃ មាន់ទឹក ប្រវឹក និងរំពេ»។
ទៅដល់មាត់ទឹកនាពេលព្រឹកព្រលឹម ភ្ញៀវអាចគយគន់ទេសភាពដ៏ស្រស់ស្អាតនៃទិដ្ឋភាពថ្ងៃរះពណ៌លឿងឆ្អិនឆ្អៅ។ នៅតាមតំបន់ព្រៃបឹង ពួកគេអាចមើលឃើញសត្វច្រើនរហូតដល់រាប់រយ រាប់ពាន់ក្បាល។
លោក ថុង ដែលរមែងរៀបចំកម្មវិធីនាំភ្ញៀវរុករកតំបន់ប្លែកៗទូទាំងកម្ពុជាបានបន្ដថា៖ «តែដោយសារការអភិវឌ្ឍ បច្ចុប្បន្ននេះ យើងមិនអាចមើលឃើញចំនួនសត្វច្រើនដូចកាលមុនសម័យកូវីដនោះទេ»។
សត្វស្លាបខ្លះ ពួកគេអាចមើលឃើញនៅជិតៗខ្លួន។ ប៉ុន្ដែសត្វខ្លះទៀត ដូចជា ទាព្រៃ ការគយគន់ត្រូវធ្វើឡើងតាមកែវយឹត ដែលលោកលោក ថុង បានបម្រុងទុកមួយចំនួនសម្រាប់ភ្ញៀវមើលផ្លាស់ប្ដូរគ្នាសម្រាប់ភ្ញៀវអត់មានឧបករណ៍ផ្ទាល់ខ្លួន។
ចប់ការទស្សនាសត្វ និងការរៀបរាប់ចំនួនសត្វស្លាបជូនភ្ញៀវរួចរាល់ ភ្ញៀវត្រូវបានចែកសៀវភៅមគ្គុទេសអំពីបក្សីដើម្បីឱ្យបានមើលឃើញសត្វអ្វីខ្លះ។ បន្ទាប់មក ពួកគេធ្វើដំណើរទៅជ្រុង ១ទៀតនៃបឹង ដើម្បីទស្សនាសត្វចាបតេតកម្ពុជា ដែលពួកវាមានខ្លួនពណ៌ប្រផេះ និងក្បាលពណ៌ក្បឿង។
លោក ថុង បានបន្ដថា៖ «មុនពេលទស្សនាពពួកសត្វចាបតេតកម្ពុជា យើងត្រូវបានរៀបចំកៅអីអង្គុយ ជើងកាមេរ៉ា និងប្រព័ន្ធបំពងសំឡេងតិចៗដើម្បីទាក់ទាញពួកវាឱ្យចេញពីព្រៃល្បោះទាបៗ។ ភ្ញៀវអាចអង្គុយថតពេលពួកវាលោតទុំលើដើមឈើល្បោះៗចេញមកបន្ដិចម្ដងៗ»។
វេលាបន្ទាប់ ភ្ញៀវធ្វើដំណើរទៅតំបន់បឹងឈូក ដែលរដូវនេះវារំលេចសម្រស់បុប្ផាពណ៌ផ្កាឈូក ក្រាលលើកម្រាលព្រំស្លឹកពណ៌បៃតងដ៏ស្រស់ត្រកាល។
ពួកគេបានរៀបចំកៅអីនៅក្បែរបឹងឈូក ដែលអាចគយគន់ផ្កាឈូកផង និងទស្សនាសត្វស្លាបមួយចំនួនទៀត ដូចជា កុក ទន្ទ្រីត រំពេ ជាដើម មុនវេលាស្រស់ស្រូបអាហារពេលព្រឹក។
ក្រោយសម្រាកក្បែរបឹងឈូកមួយសន្ទុះ ពួកគេចាប់ផ្ដើមដើរកាត់វាលឈូកទៅមើលពពួកសត្វទន្ទ្រីតទន្លេ។
ស្ថាបនិកក្រុមហ៊ុនទេសចរណ៍រូបនេះបាននិយាយថា៖ «ដល់ពេលរដូវពងកូននេះ ពួកវាហើរចុះហើរឡើង រួចពងនៅនឹងដី ដែលយើងត្រូវប្រយ័ត្នចំពោះការដើរជាន់ពងរបស់ពួកវាដែរ។ ក្មេងៗទៅឃ្វាលគោ ឬកាត់ឈូក ក៏ដើររើសពងយកមកស្ងោរផងដែរ»។
លោកបន្ថែមថា៖ «នៅក្នុងតំបន់នោះ មានពពួកសត្វមួយចំនួនទៀត រួមទាំង ចាបក្រុក ដែលមិនសូវបង្ហាញវត្ដមាននោះទេ ក្រៅពីសំឡេងក្រុកៗ។ ពេលបានឮសំឡេងរបស់ពួកវា យើងរៀបចំកន្លែង រួចអង្គុយរង់ចាំមើលតែម្ដង។ ចាបក្រុកពិបាកមើលជាងគេ។ នៅមានសត្វខ្ចាត ឬ Kingfisher ដែលមានច្រើនប្រភេទ ដូចជាពណ៌ខៀវពភ្លាក់ ពណ៌ស តូច និងធំ»។
ចន្លោះម៉ោង ១០:៣០ ឬ ១១:០០ ភ្ញៀវបន្ដដំណើរម្ដុំវត្ដពេជ្រមកុដនៅជិតអរិយក្សត្រ ដែលពួកគេអាចទស្សនាពពួកសត្វ ២-៣ ប្រភេទ ដូចជា អែអូត ខ្ចាត ដែលអាចមើលឃើញនៅរដូវពងកូនចន្លោះពីខែមិថុនាដល់ខែសីហា។
ដោយមិនអាចប្រើគ្រឿងបំពងសំឡេង ឬទស្សនាតាមកែវយឹតបាន ពួកគេគ្រាន់តែអាចអង្គុយរង់ចាំមើលពពួកសត្វ blue winged pitta ហើរចេញមកនៅម្ដុំពេជ្រមកុដនេះ។ អម្បូរចាបនេះមិនបង្ហាញខ្លួនក្នុងចំនួនច្រើននោះទេ ត្រឹម ១ ឬ ២ ក្បាលប៉ុណ្ណឹងទេ ដោយសារពួកវាមិនត្រូវបានដឹងពីទីតាំងរស់នៅច្បាស់លាស់។
វេលាថ្ងៃត្រង់បញ្ចប់ដំណើរកម្សាន្ត ភ្ញៀវទាំងអស់នឹងឡើងរថយន្ដរួចវិលមកកាន់កំពង់ចម្លងអរិយក្សត្រ ដើម្បីធ្វើដំណើរមករាជធានីភ្នំពេញវិញ។
លោកបានឱ្យដឹងថា៖ «ចន្លោះត្រឹមម៉ោង ១១:៣០ ឬម៉ោង ១២:០០ ដំណើររបស់យើងបានបញ្ចប់ហើយ។ ប៉ុន្ដែមានភ្ញៀវខ្លះគាត់ចង់ញ៉ាំបាយថ្ងៃត្រង់ជុំគ្នាតទៅ យើងក៏សម្របសម្រួលរកហាងបាយដើម្បីទទួលទានជុំគ្នា ១ ពេលទៀត»។
សម្រាប់ព័ត៌មានលម្អិតចំពោះដំណើរកម្សាន្ដទស្សនាសត្វស្លាបតម្លៃ ៦៥ ដុល្លារម្នាក់ សូមចូលទៅមើល Events លើ Facebook ដោយវាយពាក្យ Phnom Penh Birding Experience ឬទំនាក់ទំនងទូរស័ព្ទ ០១២ ៨៨៣ ៨៩៨៕