ភ្នំពេញ: ពេល​នឹក​ឃើញ​ថា ចង់​ទៅ​លេង​គិរីរម្យ​ម្នាក់ៗ​នឹង​វេច​បង្វេច​ កញ្ចប់​អាហារ​ពិកនិក​ឡើង​រថយន្ដ​បោះពួយ​លើ​ចម្ងាយ​ផ្លូវ​ប្រមាណ ១១៤ ​​គីឡូម៉ែត្រ​តែ​ប៉ុន្មាន​ម៉ោង​​ រួច​ចត​រថយន្ដ​យ៉ាង​រំភើយ។

អ្វី​ដែល​ពួក​គេ​បាន​ឃើញ​ គឺ​ទិដ្ឋភាព​តាម​ដង​ផ្លូវ និង​ព្រៃ​ស្រល់​នៅ​លើ​ខ្នង​ភ្នំ​នៃ​ឧទ្យានជាតិ​គិរីរម្យ​ ដែល​សម្បូរ​ដោយ​ភ្ញៀវ​ជា​ច្រើន​នាក់​នៅ​ទីនោះ​។

ប៉ុន្ដែ​ដើម្បី​ឱ្យ​ដំណើរ​កម្សាន្ដ​គយគន់​ព្រៃ​ព្រឹក្សាសត្វ​ស្លាប​ ក៏​ដូចជា​សម្រស់​ព្រៃ​ស្រស់​ក្នុង​សភាព​ធម្មជាតិ​របស់វា​ អ្នក​ដំណើរ​គួរ​សាកល្បង​ចំណាយ​ពេល​​ដើរ​ថ្មើរ​ជើង​ជាមួយ​បទពិសោធ​ថ្មី​សន្លាង​។ ដំណើរ​ឡើង​ភ្នំ​គិរីរម្យ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​តាម​ផ្លូវ​ថ្មើរ​ជើង​ថ្មី​ដែល​មិន​ត្រូវ​បាន​រំខាន និង​ចោល​សំរាម​ដោយ​មនុស្ស​។ អ្នក​ដើរ​ផ្សង​ព្រេង​ដែល​ត្រូវ​បាន​ទទួល​​ចូលរួម​មានអាយុ​ចាប់​ពី ១២ ​ឆ្នាំ​ នឹង​ចេញ​ដំណើរ​ថ្មើរ​ជើង​ពី​សហគមន៍​​ចំបក់​ ក្នុង​ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្ដ​កំពង់ស្ពឺ។

លោក ជា​ ថុង ជា​ស្ថាបនិក​ក្រុមហ៊ុន Vana Adventure Travel ដែល​រៀបចំ​ដំណើរ​កម្សាន្ដ​នេះបាន​ប្រាប់​ ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «វា​ជា​ផ្លូវ​លើក​ទី១ ដែល​ខាង​ខ្ញុំ​សហការ​ជាមួយ​សហគមន៍​ចំបក់​​ ដោយ​យើង​ចាប់​ផ្ដើម​ចេញ​ដំណើរ​​ពី​សហគមន៍​ចំបក់​ទៅ​កាន់​ឧទ្យាន​គិរីរម្យ ដែល​មាន​ចម្ងាយ​​ផ្លូវ​ប្រហាក់​ប្រហែល​ ១៥ ​គីឡូម៉ែត្រ»។

លោក ថុង ដែល​ត្រៀម​ទទួល​ភ្ញៀវ​ ៥ ទៅ ២០ ​នាក់​ ក្នុង​ដំណើរ​ផ្សង​ព្រេង​ ១ ​ថ្ងៃ​នេះ​ ​នឹង​ស្នើ​ឱ្យ​ភ្ញៀវ​ចេញ​ដំណើរ​​ពី​ភ្នំពេញ​នៅ​ម៉ោង ៥:៣០ ​ព្រឹក។

លើ​ចម្ងាយ​ផ្លូវ ១៥ ​គីឡូម៉ែត្រ​ ដែល​មាន​រយៈ​កម្ពស់ ៦៧៥ ម៉ែត្រ​ លើ​នីវ៉ូ​ទឹក​សមុទ្រ​អ្នក​ផ្សង​ព្រេង​វិល​ល្ងាច​នឹង​ត្រូវ​ដើរ​ឆ្លង​កាត់​ ៣ ​ភ្នំ ដែល​រំលេច​នូវ​ទេសភាព​ខុសៗ​គ្នា​។

អំឡុង​ពេល​ដំណើរ​តាម​ដង​ផ្លូវ​ ពួក​គេ​ក៏​អាច​ប្រទះ​ឃើញ​នូវ​ពពួក​សត្វ​ស្លាប​ជាច្រើន​ ក៏​ដូច​ជាដើម​ឈើ​តូច​ធំ​ក្នុង​ឧទ្យាន​ជាតិ​​ទៀត​ផង​។

សហគមន៍​ការពារ​ធម្មជាតិ​ចំបក់ ជា​តំបន់​អេកូ​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​​រួច​ហើយ ដែល​ភ្ញៀវ​នឹង​មាន​ឱកាស​​បាន​ទស្សនា​ទេសភាព​ក្នុង​តំបន់​​សហគមន៍​នេះ​ជា​ហូរហែ។

អ្នក​ដំណើរ​នឹង​បាន​ឃើញ​ទឹក​ធ្លាក់​លាក់​ខ្លួន​ក្នុង​ព្រៃ ដែល​ហាក់​រង់ចាំ​​​ភ្ញៀវ​ទេសចរ​មក​ថតរូប​​​​​អនុស្សាវរីយ​។

លោក ថុង បាន​និយាយ​បន្ត​ថា​៖ «សម្រាប់​​ដំណើរ​លើ​ភ្នំ ដំបូង​យើង​នឹង​បាន​​ឃើញ និង​ដើរ​ឆ្លងកាត់​ព្រៃ​ឫស្សី​ក៏​ដូចជា​ពើប​ប្រទះ​​ពពួក​សត្វ​ស្លាប​មួយ​ចំនួន​ដូចជា ស្ទាំង ត្រសេះ ពពេច​ថ្ម ចាប​ព្រៃ និង​ចាប​ភ្នំ»។

អ្នក​ផ្សងព្រេង​នឹង​ត្រូវ​ដើរ​ឆ្លង​កាត់​ ៣​ភ្នំ​ រំលេច​នូវ​ទេសភាព​ខុសៗគ្នា​​​ នៅ​រយៈ​កម្ពស់ ៦៧៥ម៉ែត្រ​ពី​​នីវ៉ូ​​សមុទ្រ​។ រូបថត សហការី

ចេញ​ផុត​ពី​តំបន់​ព្រៃ​ឫស្សី ភ្ញៀវ​បាន​​ជ្រក​ម្លប់​ឈើ​ត្រឈឹង​ត្រឈៃ​នៃ​ដើម​ឈើ​ធំៗ​ឈរ​ខ្ពស់ៗ​ ដែល​ជា​ជម្រក​របស់​ពពួក​សត្វស្វា និង​ទោច​។

លោក ថុង ដែល​ទើប​រៀបចំ​ដំណើរ​កម្សាន្ដ​កន្លះ​ថ្ងៃ​ទៅ​ទស្សនា​សត្វស្លាប​ឯ​ជាយក្រុង​នា​ពេល​ថ្មីៗ​នេះ បាន​បន្ដ​ថា ទៅ​ដល់​តំបន់​ភ្នំ​ទី២ ជា​ប្រភេទ​ភ្នំ​ព្រៃ​ស្រោង​ដែល​មាន​ដើម​ឈើ​តូច​ធំ។ វា​ជា​ជម្រក​សត្វ​ស្វា និង​ទោច​ដែល​ផ្លាស់​ប្ដូរ​ទីលំនៅ​ទៅ​តាម​រដូវកាល​របស់​វា​ ក៏​ដូចជា​សត្វ​កេងកង។

បន្ទាប់​ពី​ព្រៃ​ស្រោង អ្នក​ថ្មើរ​ជើង​នឹង​បាន​ឃើញ​ទេសភាព​ព្រៃ​ស្រល់​ចោល​សម្រស់​បៃតង​ស្រស់​ ដែល​ផ្ដល់​ជា​ភាព​​ស្រទន់​ត្រជាក់​ភ្នែក​លើ​ខ្នង​ភ្នំ​នៃ​ឧទ្យាន​ជាតិ​គិរីរម្យ​។ ព្រៃ​​ស្រល់​ក៏​ជា​ជម្រក​សត្វ​ស្លាប​ជា​ច្រើន​ ដែល​ហោះហើរ​ពី​ដើម​ឈើ​ ១ ​ទៅ​ដើម​ឈើ​ ១ ​ទៀត​យ៉ាង​មាន​សេរីភាព។

ស្ថាបនិក​ក្រុមហ៊ុន​ទេសចរណ៍ ដែល​​តែងតែ​នាំ​ភ្ញៀវ​ទៅ​កាន់​តំបន់​កម្សាន្ដ​​ប្លែកៗ​នៅ​ទូទាំង​ប្រទេស​ លោក ថុង បាន​បន្ដ​ថា​៖ «ដល់​តំបន់​ទី៣ ស្ថិត​នៅ​លើ​ភ្នំ​ឧទ្យាន​គិរីរម្យ​ ​ជា​ព្រៃ​ស្រល់​​ ដែល​កកើត​ជា​ឧទ្យានជាតិ​តាំង​ពី​ឆ្នាំ​ ១៩៦១​»។

លោក​អះអាង​ថា​៖ «​ទីនេះ​ជា​តំបន់​ទេសភាព​ស្អាត​​មាន​ផ្លូវ​ដើរ​ខ្វាត់ខ្វែង​​ក្នុង​ព្រៃ​ស្រល់។ នៅ​ទីនេះ​ក៏​មាន​សត្វ​ស្លាប​មួយ​ចំនួន​ទៀត​ដែរ​ដូចជា ពពូល​ភ្នំ​ កេងកង និង​សត្វ​ចេក​ទុំ​ផង​ដែរ»។

ជាមួយ​បទពិសោធ​មគ្គុទេស​ក៍​ដើរ​ព្រៃ​​ជា​ច្រើន​អ្នក​ដំណើរ​ប្រាកដ​ជា​ត្រូវ​បាន​​ជូន​ដំណឹង​ពី​របៀប​នៃ​ការ​ដើរ​ឡើង​ភ្នំ និង​​​រឿង​រ៉ាវ​គួរ​​ឱ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​ដូចជា​ ​អត្ថប្រយោជន៍​នៃ​រុក្ខជាតិ​​មួយ​ចំនួន និង​ប្រវត្ដិ​នៃ​ការ​កើត​ឡើង​ឧទ្យាន​ជាតិ​ជាដើម​។

លោក​ ថុង បាន​ឱ្យ​ដឹង​ថា​៖ «យើង​តែងតែ​ណែនាំ​ដល់​ភ្ញៀវ​ចំពោះ​ការ​ដើរ​ឡើង​ភ្នំដោយ​មាន​ការ​ប្រុងប្រយ័ត្ន​នូវ​ការ​​ឡើង​ចំណោត ឬ​ព្រៃ​ឫស្សី​ដែល​អាច​​មុត​របួស​ស្នាម​។ យើង​ណែនាំ​ពី​រុក្ខជាតិ​មួយ​ចំនួន​ដែល​ផ្ដល់​​ប្រយោជន៍​ជា​គ្រឿង​សង្ហារិម និង​ឱសថ។ នៅ​មាន​​ល្អាង​ប្រចៀវ​ធំ​ និង​ឈើ​ស្រោង​នៅ​ភ្នំ​ទី២ ក៏​ដូចជា​ប្រវត្ដិ​ព្រៃ​ស្រល់»។

នៅ​លើ​ដំណើរ​ថ្មើរ​ជើង​ជា​ច្រើន​ម៉ោង​នេះ ភ្ញៀវ​មិន​ចាំបាច់​ខ្វល់​ពី​ការ​ដើរ​ត្រឡប់​ក្រោយ​វិញ​ឡើយ។

ដំណើរ​តាម​ដងផ្លូវ​ ពួកគេ​ក៏​អាច​ប្រទះ​ឃើញ​ពពួក​សត្វ​ស្លាប​ និង​ដើម​ឈើ​តូច​ធំ​ក្នុង​ឧទ្យាន​ជាតិ​ទៀតផង​។ រូបថត សហការី

លោក ថុង ​បញ្ជាក់​ថា​៖ «ចំពោះ​​ការ​ដើរ​ចម្ងាយ ១៥ ​គីឡូម៉ែត្រ​ ដែល​ចំណាយ​ពេល​ចន្លោះ​ពី ៦ ទៅ ៧ ​ម៉ោង​​​នេះ យើង​អត់​ត្រឡប់​មក​ក្រោយ​វិញ​ទេ​។ ឡាន​របស់​យើង​នឹង​ទៅ​រង់ចាំ​នៅ​លើ​ភ្នំ​គិរីរម្យ​ត្រង់​ចំណុច​នាគព័ន្ធ​ និង​សម្រាក​មួយរយៈ​ មុន​ពេល​វិល​ត្រឡប់​មក​ភ្នំពេញ​វិញ»។

ជាមួយ​អាហារ​ពេល​ព្រឹក​ ១ ​កញ្ចប់ និង​អាហារ​ថ្ងៃ​ត្រង់​ ១ ​កញ្ចប់​ សម្រាប់​ភ្ញៀវ​ម្នាក់ ដែល​ត្រូវ​បាន​ចម្អិន​ដោយ​​ប្រជា​សហគមន៍​ ភ្ញៀវ​បរទេស និង​​ត្រូវ​ចំណាយ ៦៥ ​ដុល្លារ និង​ខ្មែរ ៤៥ ​​ដុល្លារ​ម្នាក់​ រួម​ទាំង​ថ្លៃ​សំបុត្រ​ចូល​ឧទ្យាន​ជាតិ អ្នក​នាំ​ផ្លូវ​ពី​សហគមន៍​ទឹក​បរិសុទ្ធ និង​ដំណើរ​ទាំង​ទៅ និង​មក​ក្រុង​ភ្នំពេញ។

សម្រាប់​ភ្ញៀវ​អ្វី​ដែល​ពួក​គេ​ត្រូវ​ធ្វើ គឺ​ការ​បន្ថែម​អាហារ​សម្រន់​សម្រាប់​បំពេញ​ក្រពះ​ពេល​ស្រេក​ឃ្លាន​ ប្រើ​ដប​ទឹក​សម្រាប់​ចាក់​ទឹក​បន្ថែម ដើម្បី​កាត់​​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក។

អ្នក​ផ្សងព្រេង​ក៏​ត្រូវ​បាន​ស្នើ​ឱ្យ​គ្រង​សម្លៀកបំពាក់​បែប​ឡើង​ភ្នំ​ទៅ​តាម​រដូវ​ភ្លៀង និង​សម្ពាយ​ដែល​ផ្ទុក​អាហារ​សម្រន់ និង​ទឹក​បន្ថែម​។ ពួក​គេ​គួរ​មាន​ស្បែក​ជើង វែនតា​ខ្មៅ និង​ក្រែម​លាប​ការពារ​ ថ្នាំ​មូស កាមេរ៉ា ឬ​ស្មាតហ្វូន​សម្រាប់​ផ្ដិត​យក​រូបភាព​ដ៏​ស្រស់​ត្រកាល​​អំឡុង​ធ្វើ​ដំណើរ​ និង​គួរ​មាន​ powerbank ​បំពេញ​ថ្ម​ជាប់​ជានិច្ច។

ដំណើរ​ផ្សង​ព្រេង​ចាប់​ផ្ដើម​ពី​ម៉ោង ៥:៣០ ​ព្រឹក​ នៅ​ថ្ងៃទី ៤ ខែ​ មិថុនា ឆ្នាំ​ ២០២២ ដោយ​យក​វត្ដ​ឧណ្ណាលោម​ជា​ចំណុច​ណាត់​ជួប​។

សម្រាប់​ព័ត៌មាន​លម្អិត​សូម​ចូល​ទៅ​កាន់​ហ្វេសប៊ុក @vanaadventuretravel ឬ​តំណ​ភ្ជាប់​នៃ​វេបសាយ https://bit.ly/3MMzuX5៕