ភ្នំពេញ: ឮ​​សម្ដី​ចាស់​ៗនិយាយ​​តំណាល​ប្រាប់​ថា នៅ​ក្នុង​ព្រៃ​ជ្រៅ​នៃ​ជួរ​ភ្នំ​ក្រវាញ​មាន​ជ្រោះ​ដ៏​ជ្រៅ​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា នោះ​ហៅ​ថា ឆាយ ១០០ ឬជ្រោះ​មរណៈ​។

ទោះឆ្ងាយ​ប៉ុនណា​ លំបាក​ប៉ុនណា ឱ្យ​តែ​ទីឋាន​រម្យនា​ដែល​នឹង​ក្លាយ​ជាតំបន់​​អេកូ​ទេស​ចរណ៍​ថ្មី​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្ដរ​ជាតិ​យ៉ាង​ណាក៏ដោយ ក៏យុវតី ផេង ​ស្រីស តាំង​ចិត្ដ​ឆ្លង​កាត់​ព្រៃ​ភ្នំ​ទ័ព​ទាក​ខាំ​ តាំង​ពី​ចុង​ជើង​រហូត​ដល់​ក្បាល ​ចេញ​យា​ត្រា​ស្វែង​រក​ឱ្យ​ទាល់​តែ​បាន​។

ស្បៀង​អាហារ​ក្រៀមៗ និង​ចំណី​កញ្ចប់​ផ្សេងៗ ត្រូវបាន​រៀបចំ​ទុក​សម្រាប់​រយៈ​ពេល​ ១​ សប្ដាហ៍ កញ្ញា ​ស្រីស និង​ដៃគូ ​ក៏ដូច​ជា​អ្នក​នាំ​ផ្លូវ៣​នាក់​ទៀត​ ចាប់​ផ្ដើម​ដំណើរ​ផ្សង​ព្រេង​ស្វែង​រក​ជ្រោះ​មរណៈ​។

ឆាយ​ ១០០​ ឬ​ជ្រោះ​មរណៈ​ក៏ជា​ទីឋាន​ផ្ដល់​បទ​ពិសោធ​ដ៏រីក​រាយ​ផង និង​ធ្លាក់​ក្អួត​ផង​ជាមួយ​ដំណើរ​ផ្សង​ព្រេង​ចាប់​ពី​ថ្ងៃទី​ ៤ រហូត​ដល់​ថ្ងៃទី​ ១៣ ខែ​មីនា​កន្លង​ទៅនេះ​។

កញ្ញា​ខ្លួន​ល្អិត​តូច​ច្រឡឹង​ តែ​ជើង​វែង​ ស្រីស ​បាន​រំឭក​ថា៖ «មុន​ចេញ​ដំណើរ​ គ្រប់​យ៉ាង​បាន​ត្រៀម​ទុក​រួចរាល់​សម្រាប់​រយៈ​ពេល​យ៉ាង​យូរ​ ៧​ ថ្ងៃ ​ដោយ​ត្រូវ​​ត្រឡប់​មក​ដល់​ភូមិ​វិញ​ ក្នុង​នោះ​មាន​ទាំង​ស្បៀង​អាហារ​ កាហ្វេ នំ​ និ​ង​​សម្ភារ​​ចាំ​បាច់​សម្រាប់​ប្រើ​ប្រាស់​មួយ​ចំនួន​»។

ជាមួយ​សមាជិក ​៥ ​នាក់ ដោយ​ ៣ នា​ក់​ ជា​អ្នក​នាំ​ផ្លូវ​នៅ​ក្នុង​សហ​គមន៍ កញ្ញា​ ស្រីស និង​មិត្ដ​ភក្ដិ​ម្នាក់​ទៀត​ បាន​រៀប​រាប់​ពី​ថ្ងៃទី​ ១ ដល់​ថ្ងៃទី ១០ ​ជាមួយ​បទពិ​សោធ​បាន​ឃើញ​ទេស​ភាព​ស្រស់​ស្អាត​ប្លែកៗ​និង​ឧបសគ្គ​នានា​ រួមទាំង​ការ​ខ្វះ​ស្បៀង​ផង​ដែរ​។​​

រូបថត សហការី

ថ្ងៃទី១៖ ​ពួកគេ​ធ្វើដំណើរ​ដោយ​ថ្មើរ​ជើង​ចេញ​ពី​ភូមិ​លើ​ចម្ងាយ​ផ្លូវ​ ១២ ​គីឡូ​ម៉ែត្រ​ឡើង​ភ្នំ​ទៅកាន់​តំបន់​ទេស​ចរណ៍​ខ្នង​ផ្សារ​ និង​សម្រាក​មួយ​យប់​។

ថ្ងៃទី២៖​លើក​សម្ពាយ​ដាក់​លើ​ស្មា​រួច​ចរយាត្រា​ពី​ម៉ោង​ ៨ ​ព្រឹក ​ពី​ខ្នង​ផ្សារ​ឆ្ពោះ​ទៅកាន់​ក្បាល​​ស្ទឹង​អន្ទៀស និង​តម្រង់​គោល​ដៅ​ទៅ​រក​ច្រមុះ​ភ្នំ​ធំ មុន​ពេល​ចុះ​ដល់​ក្បាល​ឆាយ​ ១០០ ​(ក្បាល​ស្ទឹង​ត្រង់​)​។

កញ្ញា​បាន​ឱ្យដឹង​ថា​៖ «​​នៅតាម​ផ្លូវ​ត្រូវ​ដើរ​ឡើង​ចុះ​ភ្នំនិង​ឆ្លង​អូរ​តូចៗ​ដើរ​មិនសូវ​ជា​បាន​សម្រាក​ជើង​ទេយ៉ាងច្រើន​ពួក​ខ្ញុំ និង ​(guides)​ ឈប់​ឈរ​ហូប​ទឹក​បន្តិច​ក៏​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​។ ដើរ​អស់​ពេល​ជាង​ ៣ ​ម៉ោង​ យើង​ក៏​បាន​មក​ដល់​ក្បាល​ស្ទឹង​អ​ន្ទៀស​ដូច​ការ​រំពឹង​ទុក»​។

ក្បាល​ស្ទឹង​អន្ទៀស​ជា​ទី​សំចត​រាត្រីទី​២ ដោយ​ពួកគេ​បារម្ភ​ខ្លាច​មិន​ដល់​គោល​ដៅនិង​គ្មាន​ទឹក​ប្រើ​ប្រាស់​ បើ​ពួកគេ​សម្រេច​បន្ដ​ដំណើរ​ដោយ​មិន​បោះ​ជំរំ​។

​ថ្ងៃទី៣​៖ ក្រុម​ផ្សង​ព្រេង​ស្រស់​ស្រូប​អា​ហារ​ពេល​ព្រឹក​ និង​ក្រេប​កាហ្វេ​មុន​ពេល​បន្ដ​ដំណើរ​ដែល​ដើរ​​ឡើង​ភ្នំ​រហូត​ដល់​ម៉ោង ​១២ ​ថ្ងៃ​ត្រង់ និង​សម្រាក​បាយ​ថ្ងៃ​ត្រង់​ រួច​បន្ដ​ដំណើរ ​៣ ​ម៉ោង​ទៅ​ដល់​ក្បាល​ឆាយ ​១០០​។

ស្រីស ​បាន​បន្ដថា​៖ «​បន្ទាប់​ពី​សម្រាក​បាយ​ត្រឹម ​១៥​ នាទី ក៏​រូតរះ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ដោយ​ដើរទៅ​មុខ​បាន​ប្រហែល​ ១​ ម៉ោង (guides) ប្រាប់ថា ​បាត់​ផ្លូវ​ចុះ ​អ៊ីចឹង​ក៏​ដើរ​ចុះ​ឡើង​រហូត​ឃើញ​ផ្លូវ​ចាស់​មួយ។ យើង​ចេះ​តែ​ដើរ​ឡើង​ចុះ​ភ្នំ​រហូត​ដល់​ម៉ោង​ ៥​ ល្ងាច​ នៅតែ​មិន​ដល់​ទាន់​ឮ​សំឡេង​ទឹក​ឆាយ​ទៀត។​មេឃ​ក៏​ផ្តើម​ងងឹត​បន្តិច​ស្រាប់​តែ ​(guides) ប្រាប់​ថា ​យើង​ចុះ​តែ​បន្តិច​ទៀត​ដល់​ក្បាល​ស្ទឹង​អ​ន្ទៀ​ស​វិញ​បាត់»​​។

ស្ដាប់​ឮ​ពាក្យ​ថា វិលមក​កន្លែង​ដើម​វិញ ​​ចិត្ត​រាង​អស់​សង្ឃឹម​បន្តិច​ តែចិត្ដ​មិន​រួញ​រាឡើយ​។ ពួកគេ​គិត​គ្នា​បន្តិច​ក៏​សម្រេចចិត្ត​ចែកផ្លូវ​គ្នា​រក​ប្រភពទឹក​សិន ព្រោះ​បើ​គ្មាន​ទឹក ពួកគេ​មិនអាច​បោះជំរំ​​សម្រាក​បាន​ទេ​​។ សំណាង ល្អ ពួកគេ​ប្រទះ​ឃើញ​កូន​អូរ​តូច​មួយ​ដែល​សល់​ទឹក​មួយ​ថ្លុក​តូច​។

ថ្ងៃទី៤៖​ ជាថ្មី​ម្ដង​ទៀត ពួកគេ​ឡើង​ភ្នំ​ចោត​ខ្លាំង​សំដៅ​ទៅ​កំពូល​ភ្នំ​ដើម្បី​ស្វែង​រក​ក្បាល​ឆាយ​។ ដើរ​ឡើង​ដើរ​ចុះ​ ឆ្លង​ខ្នង​មួយ​ទៅ​ខ្នង​មួយពី​អូរ​មួយ​ទៅ​អូរ​មួយ​ទៀត​នៅ​តែ​រក​ក្បាល​ស្ទឹង​មិន​ឃើញ​។

កញ្ញា​ ស្រីស ​បាន​និយាយ​ថា​៖ «លុះ​ដល់​ម៉ោង​ ១២ ​ថ្ងៃត្រង់​ យើង​បាន​ដើរ​ជួប​ក្បាល​ស្ទឹងធំ​គួរសម​មួយហើយ (guides) ​ប្រាប់ថា ​នេះ​ហើយ​ក្បាល​ស្ទឹង​ឆាយ។ ឮ​ហើយ​​ក្នុង​ចិត្ត​ក៏​រាង​សប្បាយ​មកវិញ​​ ព្រោះ​មាន​សង្ឃឹម​អាច​ទៅ​ដល់​ឆាយ​ ១០០ ​នៅល្ងាច​នេះ»​។

រូបថត សហការី

យ៉ាង​ណាមិញ​ ពួកគេ​ដើរ​រហូត​ដល់​ម៉ោង ៥ ​ល្ងាច​ទៅ​ហើយ​ នៅ​តែ​មិន​ឃើញ​ឆាយ ១០០ តែ​ជា​កន្លែង​មាន​ថ្ម​ធំៗ​ ហើយ​ក៏​ជាទី​ជម្រាល​មួយ​ ​ដែល​ពួកគេ​យក​ធ្វើ​ជា​កន្លែង​សំចត​មួយ​រាត្រី​ទៀត​។

ដោយ​គ្មាន​កន្លែង​បោះ​តង់​ស្រួល​ដោយ​សារ​វា​តូច​ចង្អៀត​ និង​ពិបាក​ដើរ​សូម្បីតែ​ចៀស​គ្នា​។ ស្ថាន​ភាព​នោះ ​មាន​អ្នក​នាំ​ផ្លូវ​ម្នាក់​កើត​អាការ​គ្រុន​ ខណៈ​សមា​ជិក​ម្នាក់ៗ​សុទ្ធ​តែ​អស់​កម្លាំង​ខ្លាំង​ក្រោយ​ដើរ​ជាង ៨ ​ម៉ោង​។

កញ្ញា​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​មុន​ចូល​គេងខ្ញុំ​​រក​កន្លែង​បត់ជើង​តូច​មិន​បាន​ផង​ព្រោះ​កន្លែង​តូច​ចង្អៀត។ អង្រឹង​របស់ (guides) និង​តង់​ខ្ញុំ​សឹង​តែ​ជាប់​គ្នា​ហើយ។ ណាមួយ​ស្រី​តែ​ម្នាក់​ឯង​មានតែ​ចូល​តង់​អង្គុយ​ស​ម្ងំរង់ចាំ ​(guides) សម្រាន្ដ​អស់​ទើប​ចេញ​មក​ថ្មមៗ​ដើម្បី​បត់​ជើង​តូច​»។

​ថ្ងៃទី៥៖​ ពួកគេ​ចាប់​ផ្ដើម​ដើរ​ត្របាញ់​ជើង​ដោយ​រយៈ​ពេល ​២​ ឬ​ ២ ម៉ោង​សម្រាក​តែ ៣-៤​ នាទី ​ដោយ​ឆ្លង​កាត់​ព្រៃ​ទាក​ និង​មិន​មាន​ពេល​អង្គុយ​បេះ​ទាក​នោះ​ទេ​។ រហូត​ដល់​ម៉ោង​ ១២:៣០​ ទើប​សម្រាក​បាយ​ថ្ងៃ​ត្រង់ ប្រមាណ ​១៥ ​នាទី​ ពួក​គេ​ក៏​ស្រូត​រូត​ដំណើរ​ បាន​ទៅ​ដល់​ស្ទឹង​ក្រោម​ឆាយ​ ១០០​។

មក​ដល់​គោល​ដៅ​នេះ ​ទើប​ពួកគេ​បាន​ដឹង​ថា អ្វីដែល​យល់​ថា ​ជា​ក្បាល​ឆាយ ១​០០​ វា​មិន​មែន​ទេ តាម​ពិត​វាជា​ពាម​ស្ទឹង​ក្រោម​ឆាយ ​១០០​ ហើយ​ពួក​គេ​ត្រូវ​ដើរ​កាត់​ព្រៃ កាត់​ទឹក​ ដើម្បី​ឡើង​ទៅ​កាន់​ឆាយ​ ១០០​។

ដើរ​ជាង ​៣ ម៉ោង​ កញ្ញា ​ស្រីស បាន​និយាយ​ទាំង​ក្ដី​សង្ឃឹម​ទៅកាន់​អ្នក​នាំ​ផ្លូវ និង​ដៃគូ​ថា​៖ «​ថ្ងៃនេះ​ដើរ​​ឱ្យ​​ដល់​គោល​ដៅ​​មើល ប៉ុន្មាន​ថ្ងៃ​ហើយ​យប់​នេះ​ទៅ​ដេក​នៅ​ក្រោយ​ឆាយ ​១០០ ​តែម្តង​។ដើរ​យូរៗ​ទៅ​មេឃ​ក៏​ចាប់ផ្តើម​ងងឹត​ម្តង​បន្តិចៗហ្គា​យ (guides)​ ក៏​ចាប់​ផ្តើម​គិត​គ្នា​រក​កន្លែង​ដាក់​សំណាក់​មួយ​យប់​ទៀត ព្រោះ​បើ​ទៅមុខ​ក៏​យប់​ហើយ​ខ្លាច​អត់​កន្លែង​សម្រាក​»។

​ទី​សំណាក់​ថ្ងៃទី៥ មាន​ខ្សាច់​និង​ថ្មធំៗ ដែល​អំណោយ​ផល​ដល់​ការ​បោះ​តង់​ក៏ដូច​ជាចង​អង្រឹង​សម្រាក​។ ពួកគេ​ថែម​ទាំង​បាន​ឆ្ងាញ់​មាត់​ជាមួយ​ត្រី​ធម្មជាតិ​ស្ងោរ​ជ្រក់​ និង​អាំង​ជ្រលក់​ទឹក​ត្រី​អម្ពិល​ទុំ​មុន​ពេល​ចូល​និន្ទ្រា។

​ថ្ងៃទី៦៖​ ចាប់ផ្ដើម​បន្ដ​ដំណើរពួ​កគេ​ដើរ​មួយ​បត់​ហើយ​មួយ​បត់​ទៀត ហួស​ជ្រលង​ភ្នំ​មួយ​ទៅ​ជ្រលង​ភ្នំ​មួយ​ទៀត ដើរ​ឆ្លង​ទឹក​កម្ពស់​ត្រឹម​ចង្កេះ ដើរ​តោង​វល្លិ តោង​ថ្ម​ និង​ជញ្ជាំង​ថ្ម​ដាច់​ទាំង​ញ័រ​ជើង ដែល​មាន​អន្លង់​ទឹក​ខ្មៅ​ងងឹត​នៅ​ពីក្រោម ​និង​ឆ្លងកាត់​ថ្ម​រអិល​ ដួល​ទីណាត់ ទីណែង​ ឈឺ​ទាំង​ស្មានិង​ជង្គង់​នៅ​សល់​តែ​កម្លាំង​ចិត្ដ​អស់​រលីង​កម្លាំង​កាយ​ អស់​រយៈ​ពេល ៧ ​ម៉ោង​។

អ្នក​​ខេត្ដ​តាកែ​វរូ​បនេះ បាន​បន្ដថា​៖ «​ពេល​ហ្គាយ (guides) មកពី​មើល​ផ្លូវ​វិញ រួច​ប្រាប់​ថា មិន​ទាន់​ឃើញ​តម្រុយ​ឆាយ ១០០ នៅឡើយ ឮ​ហើយ​អារម្មណ៍​ក៏​ចាប់​ផ្ដើម​អស់​សង្ឃឹម​ទៅមុខ​លែង​រួច​ បក​ក្រោយ​ក៏​ខាត​ពេល និង​មិន​ប្រាកដ​ថា​នឹង​អាច​មើល​ឃើញ​ឆាយ ១០០​។

ម្នាក់ៗ​អស់​អារម្មណ៍​និង​ទឹក​ចិត្ដ ​ណាមួយ​ដៃគូ​របស់​កញ្ញា​ជ្រុះ​ទូរស័ព្ទទើប​ទិញបាត់​ហើយ​ដើរ​រក​គោលដៅ​កាន់តែ​ឆាយ​ទៅៗ​។

ក្រោយ​បាយ​ដាំ​ឆ្អិន ពួកគេ​អង្គុយ​ជុំគ្នា​ជាមួយ​ផ្អក​៤ដុំ ឆី​នៅ​លើថ្ម​ក្បែរ​ឆាយ​តូច​មួយ​ ហើយ​មិន​យូរ​ប៉ុន្មាន​​អ្នក​នាំ​ផ្លូវ​​ម្នាក់​រក​ត្រីបាន​យ៉ាង​ច្រើន​ ពួកគេ​ក៏ដាក់​អាំង និង​ឆ្អើរ​ទុក​ខ្លះ​មុន​ពេល​ប្រាស​ខ្លួន​ដេក​លើ​ផ្ទាំង​ថ្មទាំង​ឈឺ​ចុក​ចាប់​។

​ថ្ងៃទី៧៖ ត្រីស្ងោរជ្រក់​ជា​អាហារ​ពេល​ព្រឹក​ដ៏​មាន​កម្លាំង​សម្រាប់​ក្រុម​រុក​រក​ឆាយ ១០០ ​មុន​ពេល​ដំណើរ​។តែ​វាជា​ថ្ងៃ​ត្រូវ​ដើរ​ទន់​ជើង​ជាមួយ​ការ​ឡើង​ជញ្ជាំង​ដាច់តោង​វល្លិ និង​តោង​ថ្ម​។

ស្រីសបាន​បន្ដថា​៖ «តោង​ឡើង​ជញ្ជាំង​ថ្ម​ផុត​បន្ដិចម្ដងៗកាន់តែ​ខ្ពស់​ទៅៗខ្ញុំ​លែង​ហ៊ាន​សម្លឹង​មើល​ខាង​ក្រោម​។ ឡើង​ដល់​ចង្កេះ​ភ្នំ ក៏​រាង​ធូរ​ចិត្ដ​ ពីព្រោះ​ដើរផុត​ជញ្ជាំង​ដាច់​ តែ​យើង​ត្រូវ​ដើរ​ឡើង​រហូត​ដល់​កំពូល​ភ្នំ​​។ខ្ញុំ​បាន​ឮ​ដៃគូ​ស្រែកឡើង​ថា ​ដល់​​ឆាយ ១០០ ហើយ​យើងខ្ញុំ​ឡើង​មិន​ទាន់​ដល់​ស្រួល​បួល​ផងគ្រាន់តែ​ឃើញ​ពី​ចម្ងាយ​ ក្នុង​ចិត្ដ​ចាប់​ផ្ដើម​រីករាយ​បណ្ដើរ​ៗ​ទៅហើយ​»។

ប៉ុន្ដែ​ពួកគេ​ត្រូវ​ដើរ​ប្រមាណ ១ ​ម៉ោង​ទៀត ​និង​សម្រាក​ទទួលទាន​បាយ​ថ្ងៃ​ត្រង់​នៅ​ម៉ោង ១​ រសៀល​ មុន​ពេល​ទៅ​ដល់​ឆាយ ១០០​។

កញ្ញាបាន​បន្ថែម​ថា​៖ «​បាយ​រួច​យើង​ក៏​ដើរ​ចុះទៅ​ទឹក​ឆាយដើរ​បន្តិច​ថតៗពី​ដំណាក់​លើ​រហូត​ដំណាក់​ទី​២នៅ​ដំណាក់​ទី​៣។ ខាងក្រោម​ផុត​ហ្គា​យ​រក​ផ្លូវ​ចុះ​មិនទាន់​ឃើញបាន​ត្រឹម​ថត​នៅ​ផ្នែក​ខាងលើ ថត​បាន​បន្តិច​មេឃ​ក៏​ចាប់ផ្តើម​ភ្លៀងរលឹម​តិចៗ​មកម៉ោង​ប្រហែល​ ៥​ ល្ងាច​យើង​ក៏​ចាប់​ផ្តើមឡើង​ត្រឡប់មកកន្លែង​សម្រាក​​វិញ​»។​

ថ្ងៃទី៨៖ ​​ព្រឹក​ឡើង​បន្ទាប់ពី​ចុះ​ថតរូប​ទឹកជ្រោះ​ដំណាក់​ទី​៣​រួច ​ពួកគេ​​ក៏​ចាប់ផ្តើម​បន្តដំណើរ​ឡើង​ភ្នំ​ ដើម្បី​ត្រឡប់ទៅផ្ទះ​វិញ។ អ្នកនាំ​ផ្លូវ​ប្រាប់ថា​ដើរ​ ១​ ថ្ងៃ​ដល់​ស្ទឹង​អ​ន្ទៀ​ស​​ហើយដោយ​ពួកគេ​ត្រូវ​សម្រាក​​​តែ ​១​ យប់​ដល់​ភូមិ​វិញ​​​។

​កញ្ញានិយាយថា​៖ «​​យើង​គិតថា យើង​ដើរ​មិន​ច្រឡំ​ផ្លូវទៀត​ទេ​។យើង​ក៏​ប្រឹង​ឡើងតម្រង់​​ទៅ​កំពូល​ខ្នង​ស្រួលរួច​ចុះទៅ​ស្ទឹង​មួយដើរ​ឡើង​ចុះៗ​អស់​ពេល ​៤ ម៉ោង​កន្លះ មេឃ​ក៏​ជិត​ងងឹត​ហ្គា​យ​ប្រាប់ថា​ ដើរ​មិនទាន់​ដល់​ខ្នង​ស្រួច​ទេ អ៊ីចឹ​ង​ត្រូវ​សម្រាក​ដាក់​ដំណាក់​ ១​ យប់​សិន​ ស្អែក​ចាំ​បន្តដំណើរ​ទៅមុខទៀត»​។​

ថ្ងៃទី៩៖ ​​ចំពោះ​ដំណើរ​វិលវិញ​ ដែល​គិត​ថា ​នឹង​ឆាប់​ដល់​ប្រែជា​អស់​សង្ឃឹម​នៅពេល​អ្ន​កនាំផ្លូវ​បាន​ស្រែក​ប្រាប់​ថា ទើប​ដល់​ស្ទឹង​ត្រង់ (ស្ទឹង​ក្រោម​ឆាយ​ ១០០)។

យុវតី​ខ្លួន​តូច​ចិត្ដ​ក្លាហាន​រូប​នេះ​បាន​បន្ដថា​៖ «​ខ្ញុំ​ឮ​ហើយ​អស់​សង្ឃឹម​ព្រោះ​ម៉ោង ​៣ ​រសៀល​ហើយ​ណាមួ​យ​​ស្បៀង​ក៏​ជិត​អស់​ទៀត។​ បើ​សម្រាក​នៅ​ស្ទឹង​ត្រង់នេះ​​ច្បាស់​ថា ​ស្អែក​នឹង​មិន​អាច​មក​ដល់​ភូមិ​ទេ​។ ដៃគូខ្ញុំ​ក៏​រាង​អន់​ចិត្ត​ក៏​និយាយ​ថា ​សម្រាក​នៅ​ស្ទឹង​ត្រង់​ស្អែក​ចាំ​បន្ត។តែ​ហ្គាយ​ និង​ខ្ញុំ​ក៏​ជម្នះ​ចង់​ដើរ​ឡើង​ត្រឡប់​ទៅ​វិញ​ ព្រោះ​យ៉ាង​ហោចណាស់​សល់​ពេល​ ២​ ម៉ោង​ទៀត ​មុន​ពេល​មេឃ​ងងឹត»​។

ចៃដ​ន្យយប់​ទី៩ នេះ ពួកគេ​ត្រូវ​បោះ​ជំរំ​សម្រាក​នៅ​កណ្ដាល​ព្រៃ​ទាក និង​ជា​វេលា​ជិត​អស់​ស្បៀង​។ អ្ន​កនាំ​ផ្លូវ បាន​ដាំ​បបរ​ ១​ ឆ្នាំង​ ដោយ​ទុក​អង្ករ​ខ្លះ​សម្រាប់​មួយ​ពេល​ចុង​ក្រោយ​នៅ​ថ្ងៃ​បន្ទាប់​។

កញ្ញា​បាន​រំឭក​ថា​៖ «​ម្នាក់​ៗ​ហេវ​ផង ហត់​ផង ឆ្អិន​មិនទាន់ទេ ក៏​កាន់​ចាន​មក​អង្គុយ​ដួស​ញ៉ាំ​។ យប់​នេះ គ្មាន​ទឹក​ងូត គ្មាន​សូម្បី​តែ​ទឹក​លាង​ដៃឬ​លុប​មុខ​»។

ថ្ងៃទី​១០៖ ​ព្រឹក​ឡើង អ្នក​នាំ​ផ្លូវ ដាំ​បាយ​មួយ​ឆ្នាំង​ចុងក្រោយ ទុក​ទទួល​ទាន​តាម​ផ្លូវ​ពេល​ពួកគេ​ស្រេក​ឃ្លាន​ខ្លាំង​ និង​អាំង​សាច់​ក្រក​ ២ ​ដុំ​ ជាមួយ​ត្រី​ហើម​មួយ​កន្ទុយ​ចុង​បង្ហើយ​។

កញ្ញា ​ស្រីស បាន​ឱ្យ​ដឹង​ថា​៖ «​ម៉ោង​ប្រហែល ​៧ ​ព្រឹក​ យើង​ក៏​ចាប់​ផ្តើម​ដើរ​ឡើងលើ​កំពូលភ្នំ​ខ្នង​ស្រួចរួច​បន្ត​ដើរ​រហូត​ដល់​ស្ទឹង​អ​ន្ទៀ​ស​​ទើប​យើង​ឈប់​បេះ​ទាក និង​សម្រាក​បាយ​ថ្ងៃត្រង់​។​ ញ៉ាំ​រួច​ក៏​រុះ​រាន​បន្តដំណើរ​មក​ខ្នង​ផ្សារហើយ​ចុះមក​ភូមិ​វិញ​។ ម៉ោង​ប្រហែលជា ​៤​ រសៀល​យើង​ទាំង​អស់​គ្នា​ក៏បាន​ត្រឡប់​មក​ដល់​ភូមិ​វិញ​ដោយ​សុវត្ថិ​ភាព»​។​

​​នេះ​​ដំណើរ​ផ្សងព្រេង​លើក​ចុង​ក្រោយ​បំផុត​របស់​កញ្ញា ​ផេង ស្រីស​ រួមជា​មួយ​ដៃគូ និង​អ្នកនាំ​ផ្លូ​វ ៣ ​នាក់​ទៀត​ ដែល​បាន​ចំណាយ​កម្លាំង​កាយ​និង​កម្លាំង​ចិត្ត​ស្ទើរ​អស់​ពី​ខ្លួន​។

កញ្ញា​បាន​លើក​ឡើង​ថា​៖ ​«ការ​ផ្សង​ព្រេង​រយៈពេល​ ៩​ យប់ ១០​ ថ្ងៃនេះ​ យើង​ដើរ​ថ្មើរជើង​រហូត ​ដោយ​ចំណាយ​កម្លាំង​ច្រើន​បំផុត​ការ​ហូប​ចុក​ក៏​មិន​គ្រប់​គ្រាន់​ ណា​មួយ​ម្នាក់ៗ​ត្រូវ​ទាក​ខាំ​ច្រើន​ហូរ​ឈាម​រហាម​រាល់​ថ្ងៃ​។ កម្លាំង​ខ្ញុំ​ជា​មនុស្ស​ស្រី​អាច​ទន់ខ្សោ​យ​ជា​ងបុរស​បន្តិច​មែន តែ​កម្លាំងចិត្ត​ខ្ញុំ​អាច​ឱ្យ​ខ្ញុំ​ស៊ូ​ជម្នះ​​គ្រប់​ឧបសគ្គ​ដោយ​សារ​ការ​ស្រឡាញ់​និង​ការចូល​ចិត្ត​របស់​ខ្ញុំ​ផ្ទាល់​។ ឆ្លង​កាត់​ការ​ផ្សង​ព្រេង​លើក​នេះ​រួច​ខ្ញុំ​ក៏​រឹតតែ​ទទួល​បាន​បទ​ពិសោធ​ផ្សង​ព្រេង​ និង​រៀន​ជម្នះ​​ការលំ​បាក​បាន​កាន់​តែ​ច្រើន»​​។​

យុវតីរូ​ប​នេះ​បាន​បញ្ជាក់​ថា ការ​ដើរ​ផ្សង​ព្រេង​កើត​ចេញ​ពី​ក្ដីស្រឡាញ់ ​មិន​មែន​បម្រើ​ឱ្យ​ស្ថា​ប័ន​ណា​មួយ​ឡើយ​ និង​មិន​ដើម្បី​ប្រាក់​ចំណូល​នោះ​ទេ​។

កញ្ញា ស្រីស បាន​ឱ្យ​ដឹងថា​៖ «​វាជាការ​រុក​រក​ទីតាំង​ថ្មីៗ​ ដែល​ស្រស់​ស្អាត​។ វា​ជាការ​ផ្សព្វ​ផ្សាយ​ពីភាព​ស្រស់​ស្អាត​នៃ​តំបន់​នោះ​ដល់​ភ្ញៀវ​ទេសចរ​ផ្សង​ព្រេង អ្នក​បោះ​តង់​បាន​ស្គាល់​។ វា​ជាការ​បង្កើន​ចំណូល​ដល់​សហ​គមន៍​តាម​រយៈ​ការ​ផ្ដល់​សេវា​កម្ម​ផ្សេងៗ​។ វា​កាត់​បន្ថយ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ និង​ការ​ដាក់​អន្ទាក់​សត្វ​ព្រៃ​។ វា​ផ្ដល់​ចំណេះ​ដឹង​អំពី​ការ​ទទួល​ភ្ញៀវ​ទេស​ចរ​ របៀប​ថែ​រក្សា​អនា​ម័យ និង​បរិស្ថាន​»៕