កំ​ពតៈ ពី​មធ្យោបាយ​ដឹក​អីវ៉ាន់​សម្រាប់​ជួសជុល​ផ្លូវដែក ប្រែក្លាយជា​យានជំនិះ​បម្រើឱ្យ​ភ្ញៀវទេសចរ ណូរី​ដ៏​ល្បីល្បាញ​ដែល​ដឹក​ភ្ញៀវ​គយគន់​ទេស​​ភាព​នៅ​ខេត្តបាត់ដំបង ពេលនេះ​ក៏មាន​នៅ​ «​ភោជនីយដ្ឋាន​ឋានសួគ៌​ធម្មជាតិ​ភ្នំ​វល្លិ​» ​ជា​តំបន់​ក​សិ​ទេសចរណ៍​នៅ​ខេត្តកំពត​ផងដែរ​។

​ក្រសួងទេសចរណ៍​ទើបតែ​បាន​ផ្សព្វផ្សាយ​ពី​ការ​ជិះ​ណូរី ឬ​ណូរី​កម្សាន្ត​ដ៏​ថ្មី​ប្លែក និង​ពុំទាន់​មាន​អ្នក​ស្គាល់​ច្រើន ដោយ​​បាន​រំពឹងថា វា​នឹង​រួមចំណែក​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យមក​លេង​ខេត្តកំពត​។​

​កន្លែង​ជិះ​ណូរី​នេះ ស្ថិតនៅ​ចម្ការ​ដំណាំ​សរីរាង្គ និង​ក​សិ​​ដ្ឋា​ន​ចិញ្ចឹមសត្វ ក្នុងភូមិ​ត្រពាំង​​ខាងជើង ឃុំ​ត្រពាំង​ព្រីង ស្រុក​​ទឹកឈូ ជិត​ព្រំប្រទល់​ខេត្ត​កែប​និង​ខេត្តកំពត​។​

​លោក ប៊ី​ស ចិន្ដា (Bis Chenda) ជា​អ្នកគ្រប់គ្រង​នៅ​ភោ​ជ​នី​យ​ដ្ឋា​ន​ឋានសួគ៌​ធម្មជាតិ​ភ្នំ​វល្លិ បានកត់សម្គាល់​ឃើញថា ភ្ញៀវទេសចរ​ដែល​ចាប់អារម្មណ៍​​មកលេង​ខេត្ត​កែប និង​កំពត​ភាគច្រើន​ជា​អ្នក​ចូលចិត្ត​អេកូ​​ទេសចរណ៍​។​

​ជាមួយ​ទេសភាព​ភ្នំ​អម​សង​​ខាង​ជា​អំណោយផល​ពី​ធម្ម​​ជាតិ​ស្រាប់ ភោជនីយដ្ឋាន​ឋាន​សួគ៌​ធម្មជាតិ​ភ្នំ​វល្លិ បាន​ប្រើ​​ប្រាស់​រទេះ​លើផ្លូវ​អយស្ម័យ​​យាន​ ដើម្បី​ដឹក​ភ្ញៀវទេសចរ គន់មើល​ទេសភាព​ចម្ការ​ដំណាំ កសិដ្ឋាន​ចិញ្ចឹមសត្វ និង​ទេស​​ភាព​ព្រៃភ្នំ​។​

​លោក​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍ ឱ្យដឹងថា​៖ «​ប្រសិនបើ​យើង​ចង់​ជិះ​ណូរី​លេង យើង​ច្រើន​ទៅ​ខេត្តបាត់ដំបង នៅ​ស្រុក​​បាណន់​។ អ៊ីចឹង​បានជា​មេ [​អូ​លី​វី​យេ​ជ្មិ​ត​ហ​ស្លេ​] ​ក៏ដូចជា​ក្រុមការងារ យើង​បាន​សម្រេចចិត្ត​បង្កើត​ណូរី​ ១ ​នៅ​កន្លែង​យើង ដើម្បីឱ្យ​ភ្ញៀវ​គាត់​បានមក​ជិះ​លេង​កម្សាន្ត​»​។​

​តំបន់​ក​សិ​ទេសចរណ៍​ស្ថិត​លើ​ផ្ទៃដី​ ៨០ ​ហិកតា ដែលជា​ដី​ត្រូវបាន​ទិញ​តាំងពី​ឆ្នាំ​ ២០០៣ ពី​អតីត​មេបញ្ជាការ​យោធា​ខ្មែរ​​ក្រហម លោក​ ឈូក រិ​ន ហើយ​ត្រូវបាន​អភិវឌ្ឍ​ដោយ​ផ្ដើម​ពី​ការ​ឆ្ការ​សម្អាត​មីន និង​រៀបចំ​ធ្វើ​កសិកម្ម​។​

​អំឡុង​ឆ្នាំ ​២០២០ នៃ​វិបត្តិ​កូ​វីដ​សកល លោក​អភិបាល អូ​លី​​វី​យេ ជ្មិ​ត​ហ​ស្លេ (Olivier Schmitthaeusler) ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​គណៈកម្មការ​​អប់រំ​ព្រះ​សហគមន៍​កាតូលិក​​កម្ពុជា បានចាប់ផ្ដើម​រៀបចំ​ទីនេះ​ជា​តំបន់​ក​សិ​ទេសចរណ៍ ដើម្បី​ផ្ដល់ឱកាស​ដល់​សិស្ស​ចុះ​​ដក​ពិសោធន ខណៈ​ពួកគេ​មិនអាច​ទៅ​អនុវត្ត​ការងារ​នៅ​កន្លែង​ផ្សេង​បាន​។​

សកម្មភាពភ្ញៀវកំពុងជិះណូរី កាលពីពេលកន្លងមក។ រូបថត ហ្វេសប៊ុក

​លោក ចិន្ដា ​ដែលជា​គ្រូបង្រៀន​​ផ្នែក​ក្សេត្រសាស្ត្រ​នៅ​វិទ្យា​​ល័យ​បច្ចេកទេស​ឯកជន សាំងហ្វ្រង់​ស្វ័​រ (Saint Francois Technical Private High School) នៅ​ខេត្តតាកែវ បានឱ្យដឹង​ទៀតថា​៖ «​យើង​រៀបចំ​ដី​ហ្នឹង ទី​១ ​ដើម្បីឱ្យ​សិស្ស​គាត់​រៀន ផ្នែក​កសិកម្ម​ហ្នឹង គាត់​មានឱកាស​ក្នុង​ការចុះ​ហាត់​ការងារ និង​ទី​២ ចុះ​ស្ដារ​ដើម្បី​សរសេរ​សា​រណា​បញ្ចប់​ការ​​សិក្សា​របស់គាត់​»​។

​ភោជនីយដ្ឋាន​ឋានសួគ៌​​ធម្មជាតិ​ភ្នំ​វល្លិ​ មាន​បុគ្គលិក​​បម្រើការ​ចំនួន​ ១៥​ នាក់ ធ្វើការ​ចិញ្ចឹមសត្វ និង​ដាំ​ដំណាំ​។

​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ មាន​សិស្ស​ជំនាញ​ទេសចរណ៍​ពី​វិទ្យាល័យ​បច្ចេកទេស​ពី​ ១០ ទៅ​ ១១ ​នាក់ ចុះមក​រៀនសូត្រ​អនុវត្ត​រៀបចំ​កន្លែង​ស្នាក់នៅ ប​ដិ​ស​ណ្ឋា​រ​កិច្ច និង​ម្ហូបអាហារ​។​

​ទាំង​ភោជនីយដ្ឋាន និង​ណូរី​ ត្រូវបាន​សាងសង់​រួចហើយ​តាំងពី​ឆ្នាំ​ ២០២១ ដោយ​ផ្ដើម​ទទួលភ្ញៀវ​ជា​ក្រុម​ឯកជន​សម្រាប់តែ​ការ​កក់​ទុក​មុន​។ ការបើក​ដំណើរការ​ទូលំទូលាយ​ត្រូវបាន​ធ្វើឡើង​នៅ​ដើមឆ្នាំ ២០២២​។​

​ផ្លូវដែក​សម្រាប់​ជិះ​ណូរី មាន​ប្រវែង​ ៣,២៥​​ គីឡូម៉ែត្រ មាន​ ១ ​ខ្សែ ​សម្រាប់​ការ​ជិះ​ទៅមុខ និង​វិល​ត្រឡប់មកវិញ​ ដោយ​ប្រើ​ប្រាស់​ពេល​ប្រមាណ​កន្លះ​ម៉ោង មិន​ដូចជា​ដំណើរ​ណូរី​វិលជុំ​នៅក្នុង​ស្រុក​បាណន់ ខេត្ត​បាត់​​ដំបង​នោះទេ​។​

​ការ​ជិះ​ណូរី​នៅ​ភោជនីយ​​ដ្ឋា​ន​ឋានសួគ៌​ធម្មជាតិ​ភ្នំ​វល្លិ ភ្ញៀវទេសចរ​ពេញវ័យ​ត្រូវ​បង់​​ប្រាក់​ម្នាក់ ​៥ ​ពាន់​រៀល ហើយ​ក្មេង​អាយុ​ក្រោម​ ៩ ​ឆ្នាំ​ចុះក្រោម​មិនត្រូវ​បានគិត​ថ្លៃ​ទេ​។​

​លោក ប៊ី​ស ចិន្តា បាន​ពិ​ពណ៌​​នា​ថា​៖ «​តាមផ្លូវ​ហ្នឹង​យើង​លម្អ​ទៅដោយ​សួនច្បារ សួន​បន្លែ កន្លែង​ចិញ្ចឹមសត្វ និង​ស្ថា​នី​យ​មួយៗ​សម្រាប់​ឈប់​ឱ្យ​ភ្ញៀវ​​សម្រាក​មួយ​ភ្លែតៗ​»​។

​ពី​ស្ថានីយ​ទី​១ ទៅ​ស្ថានីយ​​ទី​២ មាន​សួនច្បារ សួនផ្កា សួន​បន្លែ ចម្ការ​ដំណាំ​ស្វាយ ស្រកានាគ ចេក ទ្រុង​ចិញ្ចឹម​សេះ គោ ជ្រូកព្រៃ និង​ក្រោល​ចិញ្ចឹម​ពពែ​។ ពី​ស្ថានីយ​ទី​២ ដល់ទី​៣ ភ្ញៀវ​អាច​មើលឃើញ​ចម្ការ ស្វាយចន្ទី តាម​ជើងភ្នំ ផ្កា​ព្រៃ និង​ទេសភាព​ជួរ​ភ្នំ​រលករលេញ​។ នៅ​ស្ថានីយ​ទី​៣ មាន​ក្យូ​ស​សម្រាប់​អង្គុយលេង អមដោយ​ទិដ្ឋភាព​ចម្ការ​ដូង​នៅតាម​​ជម្រាលភ្នំ​។​

​អ្នកគ្រប់គ្រង​ទូទៅ​រូបនេះ​បាន​បន្តថា​៖ «​តំបន់ភ្នំ​ហ្នឹង បើ​យើង​ក្រឡេក​មើលទៅទេស​​ភាព​វា ក្នុង​ខែ ​៥ ​អី​ស្អាត​ណាស់ ស្រដៀង​ភ្នំ​សមុទ្រ​ឈើ​មណ្ឌល​​គិរី​ដែរ​។ យើង​មាន​ជា​កន្លែង​ឱ្យ​ភ្ញៀវ​គាត់​សម្រាក​លេង​ ១០ ទៅ​ ១៥ ​នាទី​អី​គាត់​វិល​ទៅវិញ​»​។​

​កាលពី​ខែឧសភា ភោជនីយ​​ដ្ឋា​ន​ឋានសួគ៌​ធម្មជាតិ​ភ្នំ​វល្លិ ទទួលភ្ញៀវ​សរុប​ជាង ៥ ០០០ ​នាក់ ដោយ​ពុំ​គិត​ចំនួន​ភ្ញៀវ​កុមារ តែ​ចំនួន​ភ្ញៀវ​មានការ​​ធ្លាក់ចុះ​បន្តិច​នៅ​ខែមិថុនា មក​នៅ​ប្រមាណ​ជាង ៣ ០០០​ នាក់ ដោយសារ​កត្តា​អាកាសធាតុ​មាន​ធ្លាក់ភ្លៀង​ច្រើន​។

​អ្នកស្រី ឡាយ វ​ណ្ណី ដែល​បាន​ទៅ​តំបន់​ក​សិ​ទេសចរណ៍​នេះ​ជាមួយ​ក្រុមគ្រួសារ​កូនៗ កាលពី​ខែឧសភា​បាន​និយាយ​​ថា​៖ «​បរិយាកាស​រី​លេក​ស្ស៍​ (Relax) ​ត្រូវចិត្ត​អ្នក​ចូលចិត្ត​ធម្មជាតិ​ស្ងប់ស្ងាត់ ថតរូប​លេង​។ ទេសភាព​គេ​ស្អាត ចម្ការ​ដំណាំ​សម្បូរ​ណាស់ ហើយ​កសិដ្ឋាន​សត្វ​គេ​ក៏​ស្អាត​មិន​ចាញ់​នៅ​ស្រុក​ជិតខាង​ទេ​។ សំខាន់​ប្លែក​ត្រង់​មាន​ណូរី​ជិះ​ទៀត​»​។​

​ទោះជា​ពុំមាន​កំណត់ត្រា​ឯកសារ​ច្បាស់លាស់​ពី​ប្រវត្តិ​នៃ​ពាក្យ​ណូរី តែ​វា​ទំនង​ក្លាយ​ពី​ពាក្យ​ឡូរី ដែល​សំដៅលើ​រទេះ​ផ្ទៃរាប​សម្រាប់​កម្មករ​ជំនាញ​ប្រើប្រាស់​សម្រាប់​ដាក់​ឧបករណ៍​ជួសជុល​ផ្លូវដែក​។​

រទេះ​ឫស្សី​ទំហំ​ ២ ​ម៉ែត្រ គុណ​នឹង​ ៣​ ម៉ែត្រ ត្រូវបាន​ប្រើ​​ប្រាស់​នៅក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ ​១៩៧០ ដោយ​ប្រើ​ឈើ​ដោល​ក្នុង​ដំណើរ​ជួសជុល​ផ្លូវ​​ដែក ​ឬ​ដឹក​អីវ៉ាន់ មុននឹង​យាន​ហ្នឹង​មាន​ការវិវឌ្ឍ​ទៅ​បំពាក់​ម៉ូ​​ទ័​រ និង​ការផ្លាស់ប្ដូរ​មុខងារ​ដឹក​ភ្ញៀវទេសចរ​។​

​ការកែច្នៃ​បំពាក់​ម៉ូតូ​លើ​ណូរី​ដឹក​ភ្ញៀវទេសចរ​ក៏មាន​មតិ​រិះគន់ថា វា​អាចធ្វើឱ្យ​បាត់​អត្ត​សញ្ញាណ​ដើម​របស់​យានជំនិះ​នេះដែរ​។​

​ក៏ប៉ុន្តែ​លោក ចិន្តា បាន​បក​ស្រាយ​ថា​៖ «​ដំបូង​ណូរី​យើង​ធ្វើ​ដូចជា​នៅ​ខាង​បាណន់ លក្ខណៈ​​រនាបឫស្សី​ហើយ​មាន​បា​ដាង​ និង​ម៉ាស៊ីន​សាំង ម៉ាស៊ីន​គេ​ចុះ​ទូក​។ ​ប៉ុន្តែ​ដោយហេតុ​នៅ​តំបន់​យើង​ជា​តំបន់ភ្នំ អ៊ីចឹង​ផ្លូវ​ឡើង​ចុះៗ ម៉ាស៊ីន​ហ្នឹង​វា​ខ្សោយ វា​ឡើង​ចុះ​អត់​រួច ដឹក​ភ្ញៀវ​ ៥​ នាក់ ៦​ នាក់​អី យោង​ទៅមុខ​លែងរួច ជា​ពិ​សេស​ពេល​មាន​ភ្លៀង​តិចៗ​»​។​

​សព្វថ្ងៃនេះ ណូរី​នៅក្នុង​កំពត​ដំណើរការ​លើផ្លូវ​ដែក​នៅ​តំបន់​ជ្រលង​ដែលមាន​ភ្នំ​ព័ទ្ធជុំវិញ​​ហើយ​ការកែប្រែ​ដាក់​ម៉ាស៊ីន​​ម៉ូតូ​បានផ្ដល់​សក្ដានុពល​ដឹក​​ជញ្ជូន​ភ្ញៀវ​ពេញវ័យ​ពី ​៦ ទៅ​ ៨​ នាក់ ឡើង​គយគន់​ព្រៃព្រឹក្សា​ដំណាំ​បៃតងខ្ចី​នា​រដូវវស្សា​។​

​លោក ចិន្តា បានបញ្ជាក់​ទៀតថា​៖ «​ដោយសារ​មេ​មក​នៅ​ស្រុក​​ខ្មែរ​ជាង ​២០ ​ឆ្នាំ លោក អូ​លី​​វី​យេ ស្រឡាញ់​របៀប​ខ្មែរ ចូល​​ចិត្ត​ប្រពៃណី​របៀប​ខ្មែរ អ៊ីចឹង​​គាត់​រក្សា​ភាព​ដើម ណូរី​ហ្នឹង​គាត់​អត់ដា​ក់ពូ​កដា​ក់អី​ទេ​ឱ្យ​ភ្ញៀវ​បាន​អង្គុយ​ជុំគ្នា​សប្បាយ​»​។​

បច្ចុប្បន្ននេះ ភោជនីយដ្ឋាន​​ឋានសួគ៌​ធម្មជាតិ​ភ្នំ​វល្លិ ទទួល​​បាន​ភ្ញៀវ​ចិន អឺរ៉ុប និង​ឥណ្ឌា​តិចតួច ក្នុងចំណោម​ភ្ញៀវ​ជាតិ​ដ៏​ច្រើន​។​

​អ្នកគ្រប់គ្រង​ទូទៅ​រូបនេះ​សម្គាល់ថា​៖ «​មាន​បរទេស​លក្ខណៈ​តិចតួច ប៉ុន្តែ​មិន​ច្រើន​ទេ ដោយសារ​ភ្ញៀវ​គាត់​អត់​ទាន់​វិល​ចូលមក​»​។​

​លោក​ក៏បាន​បង្ហើប​គម្រោង​អភិវឌ្ឍន៍​សន្សឹមៗ ដោយមាន​ការកែលម្អ លទ្ធភាព​ធ្វើ​ផ្ទះ​​ស្នាក់ កន្លែង​បោះតង់ និង​អាង​ហែល​ទឹកជាដើម​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ភ្ញៀវ​ភាគច្រើន​គាត់​ថា ចង់បាន​អាង​ហែល​ទឹក​លេង ក៏ដូចជា ហូ​ម​ស្តេ​។​ គាត់​ចង់​សម្រាក​នៅ​ហ្នឹង​​ហើយ លេង​នៅ​ហ្នឹង​ទៀត​។ ប៉ុន្តែ​ពេលនេះ​យើង​ទើប​ចាប់​​ផ្ដើម​។ យើង​ណែនាំ​ភ្ញៀវ​ឱ្យទៅ​គេង​នៅ​ខេត្ត​។ យើង​សហការ​ជាមួយ​អូ​តែ​ល ខាង​អូ​តែ​ល​ក៏​អាច​ណែនាំ​ភ្ញៀវ​មកលេង​កន្លែង​យើង​ដែរ​»​។​

​យោងតាម​ក្រសួង​ទេស​​ចរណ៍ ស្ទើរតែ​គ្រប់​ខេត្ត​ទាំង​​អស់​បានរៀបចំ​ឱ្យមាន​តំបន់​​ក​សិ​ទេសចរណ៍ សហគមន៍​អេកូ​ទេសចរណ៍ រមណីយដ្ឋាន​ទេសចរណ៍​ច្នៃប្រឌិត​ថ្មីៗ​ជាច្រើន សម្រាប់​ការវិល​ត្រ​ទ្ប​ប់​នៃ​ភ្ញៀវ​​ទេសចរ​ជាតិ និង​អន្តជាតិ​ក្រោយ​វិបត្តិ​កូ​វីដ ​១៩​។​

​តាម​ស្មារតី​នៃ​កិច្ចប្រជុំ​អន្តរ​ក្រសួង​ កាលពី​ថ្ងៃទី ​៣១ ខែ​​ មីនា ឆ្នាំ​ ២០២២ នៅ​ទីស្តីការ​ក្រសួងទេសចរណ៍​ស្តីពី «​ការ​គ្រប់គ្រង ​និង​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍​ និង​អេកូ​ទេសចរណ៍​ (​គ​.​ជ​.​អ​.​អ​)»​ ក​សិ​ទេសចរណ៍​ ត្រូវបាន​បញ្ចូល​ក្នុង​គោល​​នយោបាយ​ជាតិ​អភិវឌ្ឍន៍​សហ​​គម​ន៍​ទេសចរណ៍​។​

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​កត់​​សម្គាល់ថា​៖ «​សក្តា​នុ​ពុល​នៃ​ការបង្កើត​តំបន់​ក​សិ​ទេសចរណ៍​​ គឺជា​ការរួមចំណែក​យ៉ាង​ធំធេង​សម្រាប់​ជំរុញ​ភ្ញៀវទេសចរ​ឱ្យមក​កម្សាន្ត​លេង​នៅក្នុង​ស្រុក​»​។​

លោក​ថា ការបង្កើត​តំបន់​​ក​សិ​ទេសចរណ៍​ គឺ​មិន​ត្រឹមតែ​ទាក់ទាញ​ភ្ញៀវទេសចរ ដើម្បី​បង្កើន​ប្រាក់ចំណូល​ដល់​ប្រជា​​ពលរដ្ឋ​នៅក្នុង​តំបន់​នោះទេ ប៉ុន្តែ​ក៏បាន​ផ្តល់នូវ​ចំណេះដឹង​អំពី​របៀប​ដាំ​ដំណាំ និង​ថែទាំ​ផ្សេងៗ​ផងដែរ​។​

​គោលដៅ​មួយចំនួន​នៅ​មណ្ឌលគិរី កំពត សៀមរាប បាត់ដំបង និង​ខេត្ត​កែប ត្រូវ​​បាន​អភិវឌ្ឍ​ចេញពី​ចម្ការ​ឯក​​ជន ក​សិ​ទេសចរណ៍ ភ្ជាប់​នឹង​អេកូ​ទេសចរណ៍​តែម្ដង​។ នេះ​បើ​យោងតាម​លោក ជុក ជំនោរ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍ និង​ជា​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​។​

លោក​បាន​ប្រាប់ ​ភ្នំពេញ​​ ប៉ុស្ដិ៍ថា​៖ «​ក​សិ​ទេសចរណ៍ ជាការ​​ផ្សារភ្ជាប់​កសិកម្ម​ទៅនឹង​វិស័យ​ទេសចរណ៍ អាច​តាម​ទម្រង់​បែប​ទាំងស្រុង ដោយ​បងប្អូន​យើង​​រៀបចំ​ចម្ការ​ដំណាំ​ហូប​ផ្លែ​មក ​គឺ​ដើម្បី​បម្រើ​ទេសចរ​តែម្ដង​។ រីឯ​ខ្លះទៀត​គាត់​មាន​ចម្ការ​រួច​​ហើយ គ្រាន់តែ​សង់​ភោជនីយ​​ដ្ឋា​ន ឬ​ផ្នែក​ណា​ថែម​ ដើម្បី​ទាក់​​ទាញ​ទេសចរ​»​។​

​ទោះជា​យ៉ាងណា លោក​ថា នាយកដ្ឋាន​នៅ​ពុំទាន់​បានធ្វើ​បច្ចុប្បន្នភាព​អំពី​ផលិតផល​​ក​សិ​ទេសចរណ៍​នេះ​ថា មាន​ប៉ុន្មាន​នៅឡើយ​ទេ ដោយសារ​រមណីយដ្ឋាន​មាន​លក្ខណៈ​លាយឡំ​ជាមួយ​ក​សិ​ទេស​​ចរណ៍ អេកូ​ទេសចរណ៍ និង​ទេសចរណ៍វប្បធម៌​ជាដើម ប៉ុន្តែ​គ្រាន់តែ​អាច​កំណត់​បាន​ថា ​ក​សិ​ទេសចរណ៍ គឺមាន​ការ​​កើនឡើង​។​

​លោក​បាន​បន្តថា​៖ «​នេះ​ជា​ផលិតផល​ទេសចរណ៍ វា​ក៏​ជួយ​ជំរុញ​ផ្នែក​កសិកម្ម​។ យើង​អាចឱ្យ​ភ្ញៀវទេសចរ​ទៅ​ចម្ការ ស្គាល់​ពី​ដំណាំ វា​ជួយ​ក្នុងការ​នាំចេញ​កសិផល និង​សេដ្ឋកិច្ច​បងប្អូន​ដែល​គាត់​បាន​អភិវឌ្ឍ​ក​សិ​​ទេសចរណ៍​បែប​ហ្នឹង​។ វា​ជួយ​ច្រើន​ដោយ​ក្រៅពី​សៀមរាប ភ្ញៀវ​គាត់​មាន​ជម្រើស​គោល​​ដៅ​ទេសចរណ៍​ច្រើន​ទៀត​»៕