​ភ្នំពេញៈ វិនិយោគិន​ក្នុងស្រុក បាន​ចំណាយ​ប្រាក់​រាប់លាន​ដុល្លារ​ដើម្បី​រៀបចំ​កោះស្លាកែត​ស្ទូ​ឌី​យោ ធ្វើជា​កន្លែង​សម្រាក​​លម្ហែ​កែច្នៃ​ថ្មី​តាមបែប​វប្បធម៌ និង​ធម្មជាតិ ក្នុង​គោលដៅ​ទាក់​​ទាញ​ទេសចរ​ជាតិ និង​អន្តរជាតិ និង​បង្កើត​ការងារ​ជូន​ប្រជាជន​ក្នុង​តំបន់​ផងដែរ​។​

​កោះស្លាកែត​ស្ទូ​ឌី​យោ គឺជា​រមណីយដ្ឋាន​ទេសចរណ៍​សិប្ប​និម្មិត​ដែល​ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ​ កាលពី​ថ្ងៃទី ​៦ ខែសីហា ដើម្បីឱ្យ​ភ្ញៀវ​បាន​ចូលមក​កម្សាន្ត​ដោយ​ស្ថិតនៅក្នុង​ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​កោះស្លាកែត​ស្ទូ​ឌី​យោ បានរៀបចំ​ជា​ហាង​កាហ្វេ​ប្រេ​៊​ន​ដែលមាន​ទីធ្លា​ធំ​ទូលាយ​ភ្ជាប់​គ្នា​នឹង​អាង​ហែល​ទឹក​ទំនើប និង​មានផ្ទះ​លម្ហែ​សាងសង់​បែប​រចនា​​ប័​ទ្ម​ខ្មែរ​ផ្នែក​ខាងក្រៅ និង​ផ្នែក​ខាងក្នុង​តែង​ជា​លក្ខណៈ​ទំនើប​ទាន់សម័យ​តាមបែប​រចនាប័ទ្ម​បរទេស​ដូចជា ប្រទេស​ថៃ ជប៉ុន អាមេរិក និង​ឈី​ក ​(​ម៉ូ​រ៉ុ​កកូ​)​។​

​នៅក្នុង​ពិធី​សម្ពោធ​នេះដែរ លោកស្រី ច័ន្ទ ដាវី ស្ថាបនិក​កោះស្លាកែត​ស្ទូ​ឌី​យោ និង​ជា​អគ្គនាយក​ក្រុមហ៊ុន និង​ផលិត​​កម្ម ដាវី​ត្រា បាន​ប្រាប់​ឱ្យដឹងថា កោះស្លាកែត​ស្ទូ​ឌី​យោ​មាន​ផ្ទៃ​ដី​ប្រមាណ ១៣​ ហិកតា ដែលជា​ដី​ផ្ទាល់ខ្លួន​របស់លោក​ស្រី​ដោយបាន​ចំណាយ​ថវិកា​ខ្ទង់លាន​ដុល្លារ ​ដើម្បី​រៀបចំ​កន្លែង​កម្សាន្ត​ដែលមាន​រចនាប័ទ្ម​បែប​ចម្រុះ​នេះ​ឡើង​។

លោកស្រី​បាន​បន្តថា បច្ចុប្បន្ន​ក្រុមហ៊ុន​ទើប​​តែ​រៀបចំ​កន្លែង​កម្សាន្ត​បាន​ប្រមាណ ២០ ​ភាគរយ​ប៉ុណ្ណោះ​។ កោះស្លាកែត​ស្ទូ​ឌី​យោ​មាន​សេវាកម្ម​ជាច្រើន​ដែល​ទាក់​​ទាញ​ដល់​ភ្ញៀវទេសចរ​ឱ្យមក​ទស្សនា​កម្សាន្ត ដោយ​សំបុត្រ​ចូល​ទស្សនា​មានតម្លៃ​ ៣ ​ដុល្លារ ហើយ​សំបុត្រ​នេះ​អាច​យកទៅ​ប្តូរ​យក​ភេសជ្ជៈ​បាន​។​

​ម្ចាស់​កោះស្លាកែត​ស្ទូ​ឌី​យោ​រូបនេះ ឱ្យដឹងថា​៖ «​យើង​មិនទាន់​អាច​កំណត់​ត្រូវ​ចំណាយពេល​ប៉ុន្មាន​ឆ្នាំ​ឱ្យបាន​ច្បាស់​ក្នុងការ​បញ្ចប់​ស្ទូ​ឌី​យោ​នេះ​ទេ ដោយ​ឥឡូវ​នៅតែ​បន្ត​ការ​សាង​​សង់​ជាធម្មតា​។ ខ្ញុំ​ជឿថា ការ​​ដែល​ខ្ញុំ​វិនិយោគ​ទៅលើ​វិស័យ​ទេសចរណ៍វប្បធម៌​នេះ រំពឹងថា​ នឹង​ទទួលបាន​ការគាំទ្រ​ពី​មហាជន​ទាំង​ក្នុង​និង​ក្រៅ​ប្រ​ទេស ដោយ​នឹង​អាច​ក្លាយជា​កន្លែង​ទេសចរណ៍​ក្បែរ​ក្រុង​ ១​ ដែលមាន​ការពេញនិយម​»​។​

​អ្នកនាំពាក្យ​ក្រសួង​ទេសចរ​​ណ៍ លោក តុ​ប សុភ័ក បានឱ្យដឹងថា ក្រសួងទេសចរណ៍​តែង​គាំទ្រ​រាល់​ការបង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​របស់​វិស័យ​ឯក​​ជន ដែលជា​ការរួមចំណែក​ធ្វើឱ្យ​ចលនា​ទេសចរ​នៅក្នុង​ស្រុក​កាន់​តែមាន​កំណើន ស្របពេល​កម្ពុជា​បាននិងកំពុង​ជំរុញ​ការ​​ស្តារ​វិស័យ​ទេសចរណ៍​ក្រោយពី​វិបត្តិ​កូ​វីដ ​១៩​។​

​លោក​បញ្ជាក់ថា​៖ «​វិស័យ​ទេសចរណ៍​កម្ពុជា បាន​ងើប​ជា​បណ្តើ​រហើយ ដោយ​ការតភ្ជាប់​ជើងហោះហើរ​មានការ​កើន​​ឡើង ខណៈ​ចំនួន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ក៏​កើន​ឡើងជា​បណ្តើ​រដែរ​។ ការណ៍​នេះ​ធ្វើឱ្យ​វិស័យ​ឯកជន​មាន​ទំនុកចិត្ត ក្នុងការ​វិនិយោគ​ឡើងវិញ ឬ​វិ​និ​យោគ​ថ្មី ទៅលើ​វិស័យ​មួយ​នេះ ដែលជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់ វិស័យ​ទេសចរណ៍​»​។​

​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវ​លីន បាន​គាំទ្រ​ឱ្យមាន​ការរៀបចំ​រមណី​យ​ដ្ឋា​ន​បែប​ទេសចរណ៍ធម្មជាតិ និង​វប្ប​​ធម៌ ដូច​កោះស្លាកែត​ស្ទូ​ឌី​យោ​នេះ បើ​ទោះ​ពេលនេះ​កូ​វីដ​ ១៩ នៅ​បន្ត​រីក​រាលដាល ក៏​លោក​​ស្រី​ជំរុញឱ្យមាន​ការចាក់​វ៉ា​ក់​សាំង​គ្រ​ប់ដូ​ស និង​ឱ្យ​ពលរដ្ឋ​បន្ត​ការពារ​ខ្លួន និង​រស់​តាម​គន្លង​ប្រក្រតីភាព​ថ្មី​។​

​លោកស្រី​បន្ថែមថា​៖ «​ថ្វី​ដ្បិត​កម្ពុ​ជាមាន​សម្ទុះ​ទេសចរ​មិនលឿន​ដូច​ប្រទេស​ថៃ ប៉ុន្តែ​ការ​​ជំរុញ​ទេសចរ​ផ្ទៃក្នុង និង​ការ​​ទាក់ទាញ​ទេសចរ​ពី​ក្រៅ គឺជា​រឿង​ចាំបាច់​។ ការបង្កើត​ផលិត​​ផល​ទេសចរណ៍ ឬ​សេវាកម្ម​ទេសចរណ៍​ថ្មី នឹង​រួមចំណែក​ជំរុញ​ការស្តារ​វិស័យ​ទេសចរ​​ណ៍​កម្ពុជា​ឱ្យ​ឆាប់​មាន​ភាពល្អ​​ប្រសើរ​ឡើងវិញ​»​។

​ស្ថិតិ​ក្រសួងទេសចរណ៍បាន​បង្ហាញថា ក្នុង​ឆមាស​ទី​១ ឆ្នាំ ​២០២២ កម្ពុជា​ទទួលបាន​ភ្ញៀវ​​ទេសចរ​អន្តរ​ជាតិប្រមាណ​ជាង ៥០​ ម៉ឺន​នាក់ កើនឡើង ៣៩៤​ ភាគរយ ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២១ ចំណែក​ទេសចរ​ផ្ទៃ​​ក្នុង​ធ្វើដំណើរ​ក្នុងប្រទេស មាន​ទេសចរ​ជាតិ ៦,៣៣​ លាន​នាក់ កើនឡើង ២១៩​ ភាគរយ និង​ទេសចរ​បរទេស​ផ្ទៃក្នុង ៦៨ ​ម៉ឺន​នាក់​កើន ៣៨០​ ភាគរយ​៕