
ហ្វូងចៀមនៅកសិដ្ឋានកសិទេសចរណ៍ ក្នុងឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ រូបថត សហការី
កំពង់ឆ្នាំងៈ ស្ថិតនៅវាលបៃតងធំល្វឹងល្វើយអមដោយទេសភាពជួរភ្នំ ហ្វូងចៀមពពាក់ពពូនឆីស្មៅតាមធម្មជាតិ។ ទិដ្ឋភាពដ៏ស្អាតប្លែកភ្នែកនេះ ពុំមែននៅបរទេសឯណាឆ្ងាយទេ។
កសិដ្ឋានកូនចៀម ធម្មជាតិ (Organic Sheep Farm) ស្ថិតនៅភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង តាមជួរភ្នំឱរ៉ាល់ជាប់នឹងព្រំប្រទល់ខេត្តកំពង់ស្ពឺ និងមានចម្ងាយប្រមាណ ១១០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ហ្វូងសត្វដូចដុំស្ករសំឡី រាយប៉ាយលើវាលស្មៅ កំពុងទាក់ទាញគូស្នេហ៍មកថតរូបអនុស្សាវរីយ៍ ក៏ដូចជាអ្នកទេសចរប្រាថ្នាមកលេងសត្វចៀមដ៏គួរឱ្យស្រឡាញ់រាប់រយក្បាល។
ទោះជាយ៉ាងណាក្ដី ម្ចាស់កសិដ្ឋានលោក ប៊ុន ចាន់វីរៈ បានឱ្យដឹងថា កន្លែងរបស់លោកត្រៀមស្វាគមន៍កញ្ចប់ថតរូបត្រៀមអាពាហ៍ពិពាហ៍ក្នុងតម្លៃ ១០០ ដុល្លារ សម្រាប់ ១០ គូដំបូង ខណៈការបើកទទួលភ្ញៀវទេសចរទូលំទូលាយកំពុងស្ថិតនៅជាគម្រោងនៅឡើយ។ ម្ចាស់កសិដ្ឋានវ័យ ២៧ ឆ្នាំ រូបនេះបានរៀបរាប់ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ដំបូងឡើយ ខ្ញុំជាមួយប៉ាខ្ញុំមានគម្រោងយកកន្លែងដីហ្នឹងសម្រាប់ដាំដំណាំ ដោយសារយើងទិញប្រមាណ ១០ហិកតា មានទឹកជ្រោះ ហើយដីខ្ញុំជាប់ទឹកស្ទឹងហូរពីទឹកជ្រោះហ្នឹងមក»។
លោកបន្តថា៖ «គម្រោងចង់ធ្វើរមណីយដ្ឋានដែរ ដោយសារកូវីដទៅក៏ពន្យារគម្រោងហ្នឹង គ្រាន់តែឥឡូវនេះផ្ដោតលើកសិកម្មច្រើនជាង»។
ដំណើរការកសិដ្ឋានកូនចៀមធម្មជាតិ
លោក វីរៈ បានបញ្ចប់ការសិក្សាទុតិយភូមិ និងរៀនផ្នែកកសិកម្មនៅក្រៅប្រទេស ដោយសារតែលោកមានទំនាក់ទំនងជាមួយជនបរទេសច្រើន តាមរយៈអង្គការគ្រីស្ទៀន។

ហ្វូងចៀមនៅកសិដ្ឋានកសិទេសចរណ៍ ក្នុងឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ រូបថត សហការី
លោកបានប្រាប់ថា៖ «ខ្ញុំទៅរៀននៅក្រៅប្រទេស មានគ្រូៗដែលបង្រៀនហ្នឹង ខ្ញុំរៀនពីពួកគាត់ ហើយខ្ញុំអញ្ជើញពួកគាត់មកបង្រៀននៅកន្លែងខ្ញុំ ហើយមេរៀនមួយចំនួន ខ្ញុំបានឱ្យពួកគាត់ផ្ញើមកឱ្យខ្ញុំមើលដែរ ទាក់ទងការចិញ្ចឹមសត្វ ការដាំដំណាំ ការធ្វើជីធម្មជាតិ ខ្ញុំរៀនពីពួកគាត់»។ ម្ចាស់កសិដ្ឋានដែលស្វ័យសិក្សាបន្ថែមតាមប្រព័ន្ធអ៊ីនធឺណិត បានចាប់ផ្ដើមដោយប្រើដី ៥ ហិកតា ដាំដូងប្រហែល ២ ពាន់ដើម ២ ហិកតា ដាំដំណាំហូបចុកចម្រុះនៅក្រោយផ្ទះ និង ១ ហិកតាជាព្រៃអាហារជាមួយដំណាំជាង ២០០ មុខ។
លោកឱ្យដឹងថា៖ «ដំណាំខ្លះវាត្រូវការពេលដាំយូរ ៣ ឆ្នាំ ខ្លះ ៤ ឆ្នាំ ខ្លះ ៥ ឆ្នាំទើបប្រមូលផល។ ដំណាំខ្លះខ្ញុំទើបតែដាំ។ ដំណាំខ្លះដាំបានខ្ទង់ប្រហែលជា ២ ឆ្នាំជាង ជិត ៣ ឆ្នាំ ប៉ុន្តែខ្ញុំបានផលខ្លះៗហើយ»។ សព្វថ្ងៃលោកបានពង្រីកផ្ទៃដីកសិដ្ឋានដល់ខ្ទង់រយហិកតា ដែលត្រូវបានប្រើប្រាស់តែប្រមាណ ៥០ ហិកតា។
ម្ចាស់កសិដ្ឋានអ្នកក្រុងភ្នំពេញ និងរើទៅនៅទឹកដីខេត្តកំពង់ឆ្នាំងជាង ៧ ឆ្នាំមកហើយនោះ បានប្រាប់ថា៖ «យើងដាំដំណាំ ហើយចិញ្ចឹមសត្វផ្គត់ផ្គង់អ្វីដែលគ្រួសារត្រូវការ អ្វីដែលគិតថាល្អ ពួកខ្ញុំពង្រីកឱ្យធំ ដើម្បីយើងអាចលក់បាន»។ លោកមានចិញ្ចឹមចៀមប្រហែលជា ១ ពាន់ក្បាល ពពែយកទឹកដោះជាង ៤០ ក្បាល ជ្រូកចិញ្ចឹមបែបធម្មជាតិមិនមានក្លិនស្អុយ ទា មាន់ ក្រួច និងទន្សាយ សម្រាប់ផ្គត់ផ្គង់គ្រួសារ។ លោក វីរៈ ក៏មានចិញ្ចឹមជន្លេន និងដាំដំណាំចម្រុះ ធ្វើច្រើនមុខផងដែរ។
កាលពីមុន កសិដ្ឋានពុំមានលទ្ធភាពគ្រប់គ្រាន់ផ្គត់ផ្គង់ហាងដែលទំនាក់ទំនងមកទេ ដោយសារចំនួនកសិផលនៅមានតិច។ ទើបតែជាង ២ ទៅ ៣ ខែចុងក្រោយ លោក វីរៈ អាចលក់សាច់ចៀម ជ្រូក និងផលដំណាំខ្លះដែរ ដូចជា ត្រយូងចេក និងដូងជាដើម។
ដោយតេស្តសាកល្បងការលក់រាយ មុននឹងកសាងទំនុកចិត្តជាមួយដៃគូអាជីវកម្មណាមួយ លោក វីរៈ លើកឡើងថា៖ «ដើម្បីយកជាគំរូមួយ ដល់អ្នកចិញ្ចឹមផ្សេងទៀតថា ឥឡូវនេះប្រសិនបើគាត់ចិញ្ចឹមបានហើយ ទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់សេវាកម្ម តើអាចលក់រាយ ដោយរបៀបណា?»។
ផលចំណេញបានពីចៀម ត្រូវបានលោកយកទៅវិនិយោគសាកល្បងផ្សេងៗ ដូចជា ការចិញ្ចឹមពពែទឹកដោះ ជ្រូក រុយ និងជន្លេន ព្រមទាំងដាំដំណាំចម្រុះ និងធ្វើជីធម្មជាតិ។ លោក វីរៈ ថា៖ «យើងចំណាយរាប់ម៉ឺនដុល្លារ ធ្វើការងារថ្មីទាំងអស់ហ្នឹង។ យើងត្រូវបោះទុនចោលហើយ យើងអត់អាចទៅរកលុយបានពីហ្នឹងទេ»។
កសិកម្មគិតគូរសុខភាពអ្នកទទួលទាន
ម្ចាស់កសិដ្ឋានរូបនេះបានទទូចដល់ អ្នកស្រឡាញ់វិស័យកសិកម្ម និងអ្នកធ្វើកសិកម្មផ្គត់ផ្គង់ទីផ្សារ គួរតែគិតពីកត្តាសុខភាពសំខាន់ជាងគេក្រៅពីផ្ដោតលើចំណូល។
លោក វីរៈ លើកឡើងថា៖ «បើយើងចូលមកក្នុងវិស័យកសិកម្មហើយគួររិះរកវិធីធ្វើឱ្យតាមធម្មជាតិ ហើយចាត់ទុកអ្វីដែលយើងធ្វើផ្គត់ផ្គង់ខ្លួនឯង គ្រួសារខ្លួនឯងប៉ុណ្ណាះយើងគិតអំពីអ្នកដទៃប៉ុណ្ណឹងដែរ»។ អ្នកជំនាញកសិកម្មដោយស្វ័យសិក្សា និងការអនុវត្តជាក់ស្ដែងរូបនេះ បានលើកឡើងថា ទាំងការដាំដំណាំ និងការចិញ្ចឹមសត្វ ការប្រើពពួកអង់ទីប៊ីយ៉ូទិក និងសារធាតុអ័រម៉ូនច្រើនពេក អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។
លោកបន្តថា៖ «គាត់បរិភោគទៅធ្វើឱ្យខ្លួនប្រាណគាត់ស៊ាំនឹងអង់ទីប៊ីយ៉ូទិកហ្នឹង។ អ៊ីចឹងពេលដែលគាត់ឈឺ គាត់ប្រើថ្នាំអត់សូវត្រូវទេ។ អ្នកខ្លះលើសសារធាតុអ័រម៉ូន ធ្វើឱ្យកែប្រែអត្តចរិត ភេទរបស់គាត់។ អ៊ីចឹងមនុស្សប្រែប្រួលទៅតាមអាហារ សារធាតុដែលគេដាក់នៅក្នុងអាហារ»។ ទោះជាយ៉ាងណាក្ដី លោកចាត់ទុកការធ្វើកសិម្មរបស់លោកជាការអនុវត្តបែបធម្មជាតិ ជាជាងកសិដ្ឋានសរីរាង្គ (organic)។
លោកថា៖ «ពីព្រោះ organic យើងត្រូវការអង្គការខាង certify គេបញ្ជាក់ថា organic។ អ៊ីចឹងអ្វីដែលខ្ញុំធ្វើខ្ញុំអត់ចង់ឱ្យស្ថិតនៅក្រោមគំនាបរបស់ស្ថាប័នណាមួយ ព្រោះខ្ញុំគិតថា ខ្ញុំអាចស្នើសុំបាន ប៉ុន្តែបងប្អូនប្រជាកសិករផ្សេងទៀតមិនងាយស្នើសុំទេ»។ ដោយលើកឧទាហរណ៍ថា ចម្ការដែលអត់ប្រើថ្នាំនៅតែអាចរងឥទ្ធិពលការបាញ់ថ្នាំតាមខ្យល់ពីចម្ការជិតខាងនោះ លោកនិយាយថា៖ «អ៊ីចឹងខ្ញុំជឿជាក់ថា ត្រឹមតែដាំដំណាំបែបធម្មជាតិ ឬក៏ដាំដំណាំសុវត្ថិភាពទៅល្អហើយ»។
ដំណើរការលើវិស័យកសិកម្មបែបធម្មជាតិ គិតគូរពីសុវត្ថិភាព និងសុខភាពនេះ លោក វីរៈ ធ្លាប់បានឆ្លងកាត់បញ្ហាហិរញ្ញវត្ថុដែលមានអភិបាលខេត្តកំពង់ឆ្នាំងផ្ដល់ការគាំទ្រផ្នែកថវិកា។ លោកបាននិយាយថា៖ «ទី១ ពីមុនមក ខ្ញុំជួបបញ្ហាថវិកាម្តង គាត់បានទាក់ទងមកឱ្យគេឱ្យប្រាក់កម្ចីខ្ញុំ ដើម្បីធ្វើកិច្ចការងារហ្នឹង។ ទី២ គាត់ជួយសម្របសម្រួលច្រើនមែនទែន ហើយគាត់ថែមទាំងធ្វើសន្និសីទកាសែតទៀតថា សាច់ចៀម ទឹកដោះពពែ ដែលខ្ញុំធ្វើហ្នឹង ជាអាហារប្រចាំខេត្តកំពង់ឆ្នាំងទៀត»។
ក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព មូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ត» កាលពីខែមករា ឆ្នាំ ២០២២ លោក ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានលើកឡើងពីមុខរបរចិញ្ចឹមសត្វចៀម ដែលពុំសូវមានអ្នកចិញ្ចឹម តែជាសាច់សត្វមានសក្ដានុពលផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ លោកអភិបាលខេត្តលើកឡើងថា៖ «គោលដៅរបស់ខ្ញុំ គឺទៅដល់កំពង់ឆ្នាំង មានសាច់ចៀមហូប ដោយកាលពីមុន យើងថា មានតែនៅអូស្ត្រាលីប៉ុណ្ណោះទេ»។
គម្រោងកសិទេសចរណ៍
ដោយផ្ដោតលើកិច្ចការកសិកម្មជាចម្បង កសិដ្ឋានកូនចៀមធម្មជាតិ មានការចូលរួមមើលថែពី ឪពុក ភរិយា និងបងប្អូនទាំងអស់គ្នានៃក្រុមគ្រួសាររបស់លោក។
អ្វីដែលលោក វីរៈ កំពុងខ្នះខ្នែង ធ្វើឱ្យប្រសើរឡើងរួមមាន ការផ្លាស់ប្ដូរវិធីសាស្ត្រពីការចិញ្ចឹមចៀមក្នុងរោងមកចិញ្ចឹមឱ្យពួកវាស៊ីចំណីនៅខាងក្រៅ ដូចនៅអឺរ៉ុប ដោយទើបតែចាប់ផ្ដើមបានជាង ២ សប្ដាហ៍។ ទោះជាការងារឃ្វាលចៀម អាចប្រឈមហានិភ័យច្រើនដូចជា ការបាត់ ឬត្រូវឆ្កែខាំ កសិដ្ឋានអាចសម្រាលបញ្ហាប្រឈមចម្បង គឺកម្លាំងពលកម្មពីជាង ៣០ នាក់ មកនៅត្រឹមតែ ៦-៧ នាក់។ ម្ចាស់កសិដ្ឋានកូនចៀមធម្មជាតិលើកឡើងថា៖
«តាមពិតកត្តាដែលជាបញ្ហារបស់ខ្ញុំ មិនមែនបញ្ហាបច្ចេកទេស បញ្ហាដំណាំ បញ្ហាសត្វទេ គឺបញ្ហាអត់អាចរកបុគ្គលិកល្អមកធ្វើការហ្នឹង បានជាធ្វើឱ្យខ្ញុំស្ទះការងារ ដែលខ្ញុំអត់អាចធ្វើច្រើនមុខបាន»។
ពេលរៀបចំប្រព័ន្ធកសិកម្មស្រួលបួល មានដំណើរការទៅល្អ ហើយដំណាំពេញផ្ទៃដីអាចប្រមូលផលលើសពីតម្រូវគ្រួសារ លោក វីរៈ ថា នោះគឺជាវេលាអាចចាប់ផ្តើមបើកទទួលភ្ញៀវហើយ។

ហ្វូងចៀមនៅកសិដ្ឋានកសិទេសចរណ៍ ក្នុងឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ រូបថត សហការី
ផ្ទៃដីដំណាំ ១ ហិកតា នៃព្រៃដំណាំចម្រុះជាង ២០០ មុខ ស្ថិតក្នុងគម្រោងរបស់លោក ក្នុងការប្រែក្លាយជាតំបន់កសិទេសចរណ៍ទៅថ្ងៃអនាគត។ លោកនិយាយថា៖ «ខ្ញុំចង់ធ្វើជាកន្លែងកសិទេសចរណ៍ឱ្យភ្ញៀវគាត់មកលេង គាត់យល់ដឹងពីដំណាំ ពីការចិញ្ចឹមសត្វចម្រុះ ហើយក៏អាចរៀបចំកន្លែងឱ្យគាត់ស្នាក់នៅ បេះរុក្ខជាតិអាហារ ផ្លែឈើ បន្លែ សាច់ទាំងអស់ហ្នឹង យកមកធ្វើម្ហូបញ៉ាំបាន។ អាហ្នឹងតទៅមុខទៀត គម្រោងដែលខ្ញុំធ្វើហ្នឹង»។ ម្ចាស់កសិដ្ឋានដែលមានសរសៃសក់សណ្ឋានដូចរោមចៀមរូបនេះ បញ្ជាក់ទៀតថា៖ «ក្នុង ១ ហិកតាហ្នឹង យើងអាចធ្វើបានគ្រប់ពេលដែលបានផលមក»។
យោងតាមលោក វីរៈ មនុស្សជាច្រើនសរសើរពីទេសភាពកន្លែងចិញ្ចឹមចៀម ទោះជាលោកពុំទាន់បើកទទួលភ្ញៀវទូទៅ ក្រៅអំពីមិត្តភក្ដិបងប្អូនដែលលោកស្គាល់។
លោកប្រាប់ថា៖ «មានអ្នកសុំមកច្រើនដែរ ជាពិសេសចៀមគេចាប់អារម្មណ៍ច្រើនមែនទែន។ ខ្ញុំគិតថាតាមស្ថានភាពខ្ញុំជាក់ស្ដែងឥឡូវនេះ ក៏អាចទទួលភ្ញៀវមកបានដែរ ប៉ុន្តែប៉ាខ្ញុំគាត់គិតផ្សេង។ គាត់ថាទាល់តែយើងរៀបចំស្រួលបួលល្អ ពេលបើកទទួលភ្ញៀវឱ្យគេពេញចិត្តតែម្ដង»។
ការបង្កើតតំបន់កសិទេសចរណ៍ គឺមិនត្រឹមតែទាក់ទាញភ្ញៀវទេសចរ ដើម្បីបង្កើនប្រាក់ចំណូលដល់ពលរដ្ឋក្នុងតំបន់នោះទេ ប៉ុន្តែក៏បានផ្តល់នូវចំណេះដឹងអំពីរបៀបដាំ និងថែទាំដំណាំផ្សេងៗផងដែរ។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន។
កសិទេសចរណ៍ ត្រូវបានបញ្ចូលក្នុងគោលនយោបាយជាតិអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ តាមស្មារតីនៃកិច្ចប្រជុំអន្តរក្រសួង កាលពីថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងទេសចរណ៍ស្តីពី «ការគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍»។ លោក ថោង ខុន បានលើកឡើងថា៖ «សក្តានុពលនៃការបង្កើតតំបន់កសិទេសចរណ៍ គឺជាការរួមចំណែកយ៉ាងធំធេង សម្រាប់ជំរុញភ្ញៀវទេសចរឱ្យមកកម្សាន្តលេងនៅក្នុងស្រុក»។
ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ លោក ជុក ជំនោរ បានឱ្យដឹងថា កសិទេសចរណ៍ គឺជាការផ្សារភ្ជាប់កសិកម្ម ទៅនឹងវិស័យទេសចរណ៍ តាមទម្រង់បែបទាំងស្រុង ឬក៏ដោយផ្នែកណាមួយនៃកសិកម្ម។ លោកលើកឡើងថា៖ «ដោយបងប្អូនយើងរៀបចំចម្ការដំណាំហូបផ្លែមក គឺដើម្បីបម្រើទេសចរតែម្ដង។ រីឯខ្លះទៀតគាត់មានចម្ការរួចហើយ គ្រាន់តែសង់ភោជនីយដ្ឋាន ឬផ្នែកណាថែមដើម្បីទាក់ទាញទេសចរ»។
ក្រៅពីជំរុញកសិកម្ម និងសេដ្ឋកិច្ចសហគមន៍ កសិទេសចរណ៍ ក៏កំពុងតែក្លាយជានិន្នាការដ៏ពេញនិយមមួយសម្រាប់ភ្ញៀវទេសចរនៅកម្ពុជាផងដែរ។ ទោះជាមិនមានតួលេខជាក់លាក់ពីចំនួនទិសដៅកសិទេសចរណ៍ លោកប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍បានបញ្ជាក់ថា៖ «គ្រាន់តែយើងអាចកំណត់ថា កសិទេសចរណ៍ គឺមានការកើនឡើង»៕