សៀមរាបៈ មានចម្ងាយប្រមាណ ១៦ គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប «កំពង់ភ្លុក» គឺជាឃុំមួយចំណុះឱ្យរដ្ឋបាលស្រុកប្រាសាទបាគង ដែលហ៊ុមព័ទ្ធដោយដើមកោងកាង និងដើមរាំងទឹកធំៗដ៏មានអាយុកាលជាង ១០០ ឆ្នាំ។ ស្ថិតក្នុងភូមិសាស្ត្រនៃតំបន់ព្រៃលិចទឹកបឹងទន្លេសាប កំពង់ភ្លុកជាតំបន់ដែលសម្បូរទៅដោយធនធានមច្ឆជាតិ ជីវចម្រុះ និងសត្វព្រៃជាច្រើនប្រភេទ ដូចជា ស្វា ទោច សំពោច ភេ រួមទាំងពពួកសត្វស្លាបទឹក និងសត្វល្មូនលូនវារ ជាច្រើនផងដែរ។
ដោយសារស្ថានភាពនៃកត្តាភូមិសាស្ត្រ ជាតំបន់លិចទឹកនៅក្នុងរដូវវស្សា ប្រជាពលរដ្ឋនៅក្នុងឃុំដ៏ដាច់ស្រយាលមួយនេះ បាននាំគ្នាសង់ផ្ទះខ្ពស់ៗដោយវាយបង់បាញ់ពីសសរ១ទៅសសរ១ខ្វែងខ្វាត់យ៉ាងរឹងមាំ ដើម្បីការពារទឹកជំនន់និងទឹករលក ហើយបានប្រើប្រាស់ទូក កាណូតជាមធ្យោបាយក្នុងការធ្វើដំណើរ។
ខុសប្លែកពីឃុំដទៃទៀតក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង ប្រជាពលរដ្ឋនៅទូទាំងឃុំកំពង់ភ្លុកទាំងមូល ពុំមានគ្រួសារណាមួយមានដីកសិកម្មសម្រាប់បង្កបង្កើនផលឡើយ។ ការរស់នៅរបស់ពួកគេភាគច្រើន គឺពឹងអាស្រ័យទៅលើមុខរបរនេសាទត្រី។
លោក សុខ យ៉ន់ អាយុ ៦២ ឆ្នាំ មានលំនៅក្នុងភូមិគោកក្ដុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងជាអនុប្រធានសហគមន៍នេសាទកំពង់ភ្លុក បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា តាំងពីគាត់ដឹងក្ដីមក អ្នកភូមិរបស់គាត់ រស់នៅពឹងអាស្រ័យតែលើមុខរបរនេសាទត្រីប៉ុណ្ណោះ ព្រោះគ្មានគ្រួសារណាមួយមានដីស្រែចម្ការ សម្រាប់ធ្វើកសិកម្មដាំដុះអ្វីឡើយ។
លោកថ្លែងថា៖ «ក្នុងជីវភាពជាអ្នកនេសាទ កន្លងមកពួកយើងមិនខ្វះខាតអ្វីឡើយ ព្រោះនៅទីនេះ [កំពង់ភ្លុក] សម្បូរត្រី ដែលអាចឱ្យពួកយើងចាប់យកទៅលក់ សម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃបាន ប៉ុន្តែឥឡូវនេះ ត្រីវាមិនសម្បូរដូចកាលពីមុនទេ។ ថ្ងៃខ្លះពួកយើងចាប់ត្រីបានសឹងតែមិនរួចថ្លៃប្រេងចាក់ម៉ាស៊ីនកាណូតផង»។
បើតាមលោក យ៉ន់ ការធ្លាក់ចុះផលត្រីនៅក្នុងស្តុកនៃបឹងទន្លេសាបនាពេលបច្ចុប្បន្ន គឺបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ ការកើនឡើងនៃសំណង់វារីអគ្គិសនីលើដងទន្លេមេគង្គ ក្នុងប្រទេសមួយចំនួននៅខ្សែទឹកខាងលើនៃប្រទេសកម្ពុជា ដែលធ្វើឱ្យរបបទឹកទន្លេមេគង្គមានការប្រែប្រួលមិនទៀងទាត់ ប៉ះពាល់ដល់ការធ្វើចរាចរណ៍របស់ត្រី និងការកើនឡើងនៃបទល្មើសធនធានជលផល នៅក្នុងតំបន់ជុំវិញបឹងទន្លេសាប នាប៉ុន្មានឆ្នាំចុងក្រោយនេះ។
រាជរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ ២០១១ បានចេញអនុក្រឹត្យស្ដីពី «ការកំណត់ដែនព្រៃលិចទឹកប្រមាណ ៦៥ ម៉ឺនហិកតា» ស្ថិតក្នុងខេត្តចំនួន ៦ ជុំវិញបឹងទន្លេសាប រួមមានខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ។ ប៉ុន្តែដែនព្រៃលិចទឹកនេះត្រូវបានប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច កាលពីចុងឆ្នាំ ២០២១ រកឃើញថា មានការកាប់ឆ្ការ ឈូសឆាយ រុករានទន្ទ្រាន កាន់កាប់ដោយខុសច្បាប់អស់រាប់ម៉ឺនហិកតា។
«ការកាប់រានដីព្រៃលិចទឹកក្នុងតំបន់ជុំវិញបឹងទន្លេសាប គឺជាវិនាសកម្មធនធានជលផលដ៏ធំបំផុតនៅកម្ពុជា» នេះជាការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២១។ ទន្ទឹមគ្នានោះ លោកនាយករដ្ឋមន្ត្រីក៏បានដាក់ចេញបទបញ្ជាយ៉ាងបន្ទាន់ដល់អាជ្ញាធរខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប និងក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត បើកយុទ្ធនាការចុះស្រាវជ្រាវ និងបង្ក្រាបទប់ស្កាត់បទល្មើសនេះ ដើម្បីឈានទៅដល់ការរឹបអូសនូវដីព្រៃលិចទឹក ដែលត្រូវបានទន្ទ្រានកាន់កាប់ដោយខុសច្បាប់នោះ ត្រឡប់មកដាក់ជាទ្រព្យសម្បត្តិរបស់រដ្ឋវិញ។ ជាលទ្ធផលអាជ្ញាធរបានធ្វើការដកហូតដីព្រៃលិចទឹកជាង៦ម៉ឺនហិកតាត្រឡប់មកវិញ ហើយជនប្រព្រឹត្តបទល្មើសជាច្រើននាក់ត្រូវបានចាត់វិធានការតាមនីតិវិធីច្បាប់។
ខណៈមន្ត្រីកំពុងរៀបចំដាំកូនឈើស្ដារព្រៃលិចទឹកឡើងវិញ ក្នុងផ្ទៃដីដែលបានរឹបអូសត្រឡប់មកវិញនោះ នៅដើមឆ្នាំ ២០២២ លោក សុខ ទូច បានរកឃើញមានបទល្មើសនេសាទ បានកើតមានយ៉ាងអនាធិបតេយ្យ ពេញក្នុងផ្ទៃបឹងទន្លេសាប។
លោកបានរាយការណ៍ថា ក្រុមប្រព្រឹត្តបទល្មើសនេសាទ បានប្រើប្រាស់កាណូតធំៗដែលមានល្បឿនលឿន ជាមួយនឹងការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដូចជាអួនក្រឡាល្អិតភ្ជាប់ដោយឧបករណ៍ឆក់ អូសចាប់ត្រីទាំងតូចទាំងធំរាប់សិបតោនក្នុង ១ ថ្ងៃៗ ធ្វើឱ្យធនធានមច្ឆជាតិមួយចំនួននៅកម្ពុជា ប្រឈមការបាត់បង់ពូជ។
ដើម្បីរក្សាការពារឱ្យបាននូវនិរន្តរភាពធនធានមច្ឆជាតិនៅកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២២ បានដាក់បទបញ្ជាថ្មី១ទៀត ឱ្យកងទ័ពនិងកងកម្លាំងនគរបាលចូលរួមជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅលើបឹងទន្លេសាបជាទ្រង់ទ្រាយធំ ដោយអនុញ្ញាតឱ្យមានការប្រើប្រាស់ឧទ្ធម្ភាគចក្រ អូប័រ និងអាវុធផងដែរ។

ថ្វីបើយ៉ាងដូច្នេះក្ដី មកទល់ពេលនេះ ត្រីនៅតែមិនទាន់សម្បូរដូចកាលពី ២០-៣០ ឆ្នាំមុននោះទេ។ លោក យ៉ន់ បាននិយាយ ដោយលើកឡើងពីដំណោះស្រាយដ៏ចាំបាច់របស់ប្រជានេសាទក្នុងតំបន់កំពង់ភ្លុកថា អាជ្ញាធរគួរគិតគូរផ្ដល់ដីសម្បទានសង្គមកិច្ចមួយចំនួន ដល់ពួកគាត់សម្រាប់ធ្វើកសិកម្មដាំដុះធ្វើស្រែចម្ការ ចិញ្ចឹមសត្វ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែមពីលើមុខរបរនេសាទត្រី។
ទាក់ទិនទៅនឹងបញ្ហានេះ លោក សុខ ប្លង់ មេឃុំកំពង់ភ្លុក ដែលទើបជាប់ឆ្នោតកាលពីពេលថ្មីៗកន្លងមកនេះ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ដោយទទួលស្គាល់ថា ការពឹងអាស្រ័យទៅលើមុខរបរតែ ១ មុខ គឺមិនអាចលើកស្ទួយជីវភាពគ្រួសារឱ្យមានភាពល្អប្រសើរឡើយ។
លោកបានបញ្ជាក់ថា៖ «ដើម្បីឱ្យជីវភាពគ្រួសារធូរធារ វាចាំបាច់ណាស់ដែលពលរដ្ឋនៃគ្រួសារនីមួយៗ ត្រូវមានមុខរបរបន្ទាប់បន្សំផ្សេងទៀត ដូចជាមុខរបរធ្វើស្រែចម្ការ ចិញ្ចឹមសត្វ និងការប្រកបមុខជំនួញអាជីវកម្មសេវាកម្មខ្នាតតូចមួយចំនួនបន្ថែមទៀត អាស្រ័យទៅលើសក្ដានុពលនៃភូមិសាស្ត្រក្នុងតំបន់ដែលពួកគេរស់នៅ»។
ដោយសារឃុំកំពង់ភ្លុក ជាតំបន់ដែលមានសក្ដានុពលដ៏ទាក់ទាញបំផុតសម្រាប់វិស័យទេសចរណ៍ លោក សុខ ប្លង់ បាននិយាយថា អាជ្ញាធរបានរៀបចំបង្កើតសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិ ដោយមានការបម្រើសេវាទូកអុំ កាណូតដឹកភ្ញៀវទេសចរ ដើម្បីឱ្យពលរដ្ឋមានការងារធ្វើ និងរកប្រាក់ចំណូលបន្ថែមពីលើមុខរបរនេសាទត្រីរបស់ពួកគេ។
បើតាមលោក សុខ ប្លង់ បច្ចុប្បន្ន ឃុំកំពង់ភ្លុក មានភូមិចំនួន ៣ រួមមានភូមិគោកក្ដុល ភូមិត្នោតកំបុត និងភូមិដីក្រហម។ ឃុំនេះមានប្រជាពលរដ្ឋសរុប ៩៩៨ គ្រួសារ គិតទាំងក្មេងទាំងចាស់មានចំនួន ៣ ៨៧៥ នាក់ ក្នុងនោះ ៦៥ ភាគរយ ជាអ្នកប្រកបមុខរបរនេសាទត្រី ២៥ ភាគរយ ជាអ្នកប្រកបមុខរបរដឹកជញ្ជូនភ្ញៀវទេសចរ ខណៈ ១០ ភាគរយទៀត ជាអ្នកលក់ដូរ និងជាជាងជួសជុលទូកនិងកាណូត។
លោក សាង គង់ ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ឃុំកំពង់ភ្លុក បានក្លាយជាគោលដៅទេសចរណ៍សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ តាំងពីអំឡុងឆ្នាំ ២០១៣ មកម្ល៉េះ ដោយសារទីនេះមានដើមកោងកាង និងដើមរាំងទឹកធំៗ ដ៏មានអាយុកាលជាង ១០០ ឆ្នាំ ដុះគ្របលើផ្ទៃទឹកក្នុងទំហំ ៤៨ ហិកតា មានម្លប់ត្រឈឹងត្រឈៃគួរជាទីរមនា ហើយលំនៅឋានប្រជាពលរដ្ឋក៏ខ្ពស់ៗផុតពីទឹកគួរចង់គយគន់។
លោក គង់ បានបន្តថា៖ «ឥឡូវនេះ ជារដូវត្រីពងកូន ការនេសាទត្រូវបានផ្អាក ដូច្នេះពួកយើងបាននាំគ្នាមកបើកកាណូតដឹកជញ្ជូនភ្ញៀវទេសចរ ដើម្បីបានប្រាក់ចំណូលបន្ថែម»។
បើតាមលោកគង់ នៅក្នុងរដូវវស្សានេះ ចំនួនទេសចរដែលទៅទស្សនាតំបន់អេកូទេសចរណ៍កំពង់ភ្លុក មានការកើនឡើងជាងរដូវប្រាំង ព្រោះទឹកបានជន់ឡើងលិចបឹង ស្ទឹកព្រែក នានាងាយស្រួលក្នុងការធ្វើដំណើរ ដោយក្នុង ១ ថ្ងៃមានទេសចរជាង ១០០ នាក់។
លោកបានថ្លែងថា៖ «អ្នកទេសចរដែលមកកម្សាន្តសហគមន៍កំពង់ភ្លុកយើងខ្ញុំ នារដូវវស្សានេះ គឺអាចទស្សនា ផ្ទះនិងអាហារដ្ឋានបណ្ដែតទឹក ព្រៃកោងកាង ឬព្រៃគុក មានទំហំផ្ទៃដី ៤៨ ហិកតា និងស្វែងយល់ពីជីវភាពរស់នៅរបស់អ្នកភូមិយើងខ្ញុំ ព្រមទាំងអាចទស្សនាថ្ងៃលិចក្នុងផ្ទៃបឹងទន្លេសាប និងសត្វស្លាបទឹកផងដែរ»។
សម្រាប់ទេសចរលក្ខណៈគ្រួសារ ដែលមានសមាជិកត្រឹម ៥ នាក់ ពួកគេអាចចំណាយប្រាក់ប្រមាណត្រឹមតែ ៣០ ដុល្លារ សម្រាប់ថ្លៃឈ្នួលកាណូតតូចល្មម ជិះកម្សាន្ត ក្នុងរយៈពេល ៣ ម៉ោង៕