
យុវតី ២ នាក់ ពេលកំពុងដើរកម្សាន្តក្នុងតំបន់អេកូទេចរណ៍ នាពេលកន្លងមក។ រូបថត សហការី
ភ្នំពេញៈ តំបន់អេកូទេសចរណ៍នៅកម្ពុជាបានក្លាយជាគោលដៅសំខាន់មួយសម្រាប់ភ្ញៀវទេសចរ។ និន្នាការនេះចាប់កម្រើកឡើងខ្លាំង បន្ទាប់ពីការផ្ទុះឡើងនូវវិបត្តិកូវីដ ១៩ ជាសកល ដែលរារាំងមិនឲ្យពលរដ្ឋខ្មែរអាចធ្វើដំណើរទៅកម្សាន្តនៅក្រៅប្រទេសបាន។
ឥឡូវនេះបើទោះបីជាជើងហោះហើរចាប់ផ្ដើមបើកចំហឡើងវិញ សម្រាប់ចេញទៅកម្សាន្តនៅបរទេសក្ដី ក៏ការដើរព្រៃឡើងភ្នំបោះតង់ នៅតែមានប្រជាប្រិយភាពនៅក្នុងចំណោមភ្ញៀវទេសចរខ្មែរ។
កញ្ញា សាន ស្រីនិច សព្វថ្ងៃជានិស្សិតរៀននៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងទូរគមនាគមន៍ DMC ដែលជាអ្នកនិយមដើរព្រៃម្នាក់ដែរនោះបានឱ្យដឹងថា ចំណូលចិត្តដើរព្រៃរបស់កញ្ញាបានផ្សារភ្ជាប់ទៅនឹងជីវិតពីកុមារភាពដែលកញ្ញាធ្លាប់ធំធាត់ឡើងនៅតំបន់ដាច់ស្រយាលដែលឡោមព័ទ្ធទៅដោយធម្មជាតិ។ នៅពេលឡើងមករស់នៅរៀនសូត្រក្នុងទីក្រុងភ្នំពេញដែលមានការអភិវឌ្ឍទំនើបគ្រប់ទីកន្លែង កញ្ញាបានចាត់ទុកការដើរកម្សាន្តនៅតំបន់អេកូទេសចរណ៍ថា ជាការរំឭកឡើងវិញនូវអនុស្សាវរីយ៍ពីកុមារភាពរបស់កញ្ញា ។
ជាយុវតី ដែលធ្លាប់ដើរព្រៃរាប់សិបគីឡូម៉ែត្រដោយស្ពាយអីវ៉ាន់ខ្លួនឯង កញ្ញា សាន ស្រីនិច ទទួលស្គាល់ថា ភាពហត់នឿយតែងតែមានមិនអត់ទេ «ប៉ុន្តែនៅពេលធ្វើដំណើរទៅដល់គោលដៅទេសចរណ៍ ដែលមានសម្រស់ស្អាត មានព្រៃមានសត្វមានទេសភាពដែលរកមិនបាននៅទីក្រុង ភាពហត់នឿយទាំងនោះស្រាប់តែបាត់ដូចគេបេះ។ បោះតង់ ចងអង្រឹង អានសៀវភៅកាត់ផ្ដាច់ពីសេវាទូរស័ព្ទ និងពិភពលោក ខ្ញុំចាត់ទុកការដើរព្រៃទៅកម្សាន្តនៅតំបន់អេកូទេសចរណ៍ ជាការលម្ហែកម្សាន្តមួយបែបដែលមានលក្ខណៈផ្សងព្រេងហត់នឿយក៏ពិតមែន ប៉ុន្តែវាបានជួយធ្វើឱ្យចិត្តយើងជ្រះស្រឡះមួយពេលដែរ»។

ពីអ្នកចូលចិត្តដើរព្រៃម្នាក់ដែរនោះ កញ្ញា រចនា បានចាប់ផ្ដើមធ្វើដំណើរកម្សាន្តទៅតាមតំបន់អេកូទេសចរណ៍តាំងពីឆ្នាំ ២០១៥ មកម្ល៉េះ ដែលកាលនោះនិន្នាការនេះមិនទាន់មានការពេញនិយមនៅឡើយ។ ចាប់ផ្ដើមដំបូងពីតំបន់អារ៉ែងក្នុងខេត្តកោះកុង កញ្ញាជាប់ចិត្តស្រឡាញ់ការដើរកម្សាន្តបែបផ្សងព្រេងរបៀបនេះ ដោយសារតែកញ្ញាមានពេលនៅជាមួយធម្មជាតិបានច្រើន។
នៅក្នុងព្រៃដាច់ស្រយាលពីទីក្រុងទំនើប សកម្មភាពដែលកញ្ញា រចនា ចូលចិត្តធ្វើគឺចងអង្រឹងដេកក្រោមដើម ឈើអានសៀវភៅ ស្ដាប់សំឡេងសត្វ ក្រោកឡើងមើលព្រះអាទិត្យរះរួចដើរសង្កេតព្រៃ ដាក់មងរកត្រីជាមួយប្រជាសហគមន៍ដើម្បីយកមកចម្អិនអាហារនិងដេកមើលផ្កាយពេលយប់។ ទាំងនេះគឺមន្តស្នេហ៍ដែលចងចិត្តកញ្ញាឱ្យតែងតែស្វែងរកពេលវេលាទំនេរពីការងារ ទៅកម្សាន្តនៅតំបន់អេកូទេសចរណ៍ធម្មជាតិ។
កន្លងមក កញ្ញាធ្លាប់ទៅកម្សាន្តនៅតំបន់អារ៉ែងក្នុងខេត្តកោះកុង និងតំបន់ថ្មលយនៅលើភ្នំគិរីរម្យ ព្រមទាំងចុងក្រោយគឺនៅតំបន់ខ្នងផ្សារ។ ជាគោលដៅបន្តកញ្ញា រចនា ចង់ទៅកម្សាន្តនៅតំបន់អេកូទេសចរណ៍ដទៃទៀតដូចជា ភ្នំឱរ៉ាល់ និងវាលធំជាដើម។ សម្រាប់កញ្ញាផ្ទាល់ ការដើរព្រៃគឺជាដំណើរទេសចរណ៍មួយដែលមិនត្រឹមតែផ្ដល់ភាពផ្សងព្រេងដល់អ្នកទេសចរទេ តែវាអាចជួយឱ្យអ្នកទេសចរបាននៅជាមួយធម្មជាតិ ចេះស្រឡាញ់ធម្មជាតិ និងការពារធម្មជាតិ។ មិនត្រឹមតែប៉ុណ្ណោះវាថែមទាំងជួយដល់ជីវភាពប្រជាសហគមន៍នៅក្នុងតំបន់ទៀតផង។
រីឯកញ្ញា ម៉េង ឯណោះវិញ ចាប់ផ្ដើមដើរព្រៃនៅពេលដែលកញ្ញាបានចូលរួមដំណើរទៅកាន់ព្រៃឡង់ ដែលរៀបចំដោយអង្គការក្រៅរដ្ឋាភិបាលកាលពីឆ្នាំ២០១៥។ គឺទាល់តែរហូតដល់ឆ្នាំ២០១៩ នៅពេលដែលកញ្ញាសម្រេចចិត្តឈប់ធ្វើការងារពេញម៉ោង កញ្ញា ម៉េង មានពេលច្រើនជាងមុនក្នុងការដើរហើរ ហើយភាគច្រើនកញ្ញានិយមទៅកម្សាន្តនៅតំបន់អេកូទេសចរណ៍ ទៅរុករកតំបន់ទេសចរណ៍ធម្មជាតិផ្សេងៗ ដែលមិនសូវមានអ្នកទៅដល់។

កញ្ញា ម៉េង ចាត់ទុកសកម្មភាពដើរព្រៃ ឡើងភ្នំ ដែលពេលខ្លះត្រូវដើរចម្ងាយពី ១០ គីឡូម៉ែត្រ ទៅដល់ ៤០ ឬ ៥០ គីឡូម៉ែត្រថា ជាការសាកល្បងអំពីសមត្ថភាពរបស់ខ្លួនឯង ទាំងសុខភាពរាងកាយ និងផ្លូវចិត្ត ដោយចំពោះភាពអត់ធ្មត់ និងការតស៊ូរបស់យើងតែម្ដង។ ធ្លាប់ទៅដល់តំបន់អេកូទេសចរណ៍ជាច្រើនកន្លែងកញ្ញា ម៉េង ផ្ដល់យោបល់ថា ភ្ញៀវទេសចរគួរតែត្រៀមខ្លួនឱ្យបានល្អអំពីសម្ភារដែលប្រើប្រាស់ ជាពិសេសស្បែកជើងសម្រាប់ដើរព្រៃតែម្ដង។
មួយវិញទៀតសម្រាប់បញ្ហាបរិស្ថាន កញ្ញា ម៉េង ស្នើឱ្យភ្ញៀវទេសចរទាំងអស់យកសម្ភារប្រើប្រាស់ដែលអាចប្រើប្រាស់ឡើងវិញបាន ចៀសវាងនូវការប្រើប្រាស់សម្ភារប្លាស្ទិកដែលអាចបន្សល់ជាកាកសំណល់ បំពុលដល់បរិស្ថាន និងសោភណភាពនៅតំបន់អេកូទេសចរណ៍នោះ។
នៅពេលដែលព្រៃព្រឹក្សាជួយឱ្យអារម្មណ៍យើងស្រស់ថ្លា កញ្ញា ម៉េង បានផ្ដាំផ្ញើដល់អ្នកដើរព្រៃផ្សេងទៀតថា៖ «គួរតែរក្សាភាពដើមនៃតំបន់ធម្មជាតិដែលយើងទៅកម្សាន្ដឱ្យបាន ពោលគឺបើអាចទៅរួចគួរបន្សល់ទុកតែអនុស្សាវរីយ៍ និងស្នាមដានជើងរបស់យើងនៅទីនោះបានហើយ»៕