
ត្រីជាច្រើនប្រភេទ ត្រូវាបានដាក់បង្ហាញនៅក្នុង Angkor Wildlife & Aquarium។ រូបថត ក្រសួងទេសចរណ៍
ភ្នំពេញៈ អ្នកនៅក្នុងវិស័យទេសចរណ៍បានអះអាងថា គម្រោងអង្គរ វ៉ាយដ៍ឡាយហ្វ៍ និងអឹឃ្វារៀម (Angkor Wildlife & Aquarium) ដែលប្រកាសបើកដំណើរការនៅដើមខែវិច្ឆិកាខាងមុខ នឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យធ្វើដំណើរទៅកម្សាន្តនៅខេត្តសៀមរាបកាន់តែច្រើន ហើយរយៈពេលស្នាក់នៅទីនោះក៏អាចនឹងវែងជាមុនផងដែរ។
អង្គរ វ៉ាយដ៍ឡាយហ្វ៍ និងអឹឃ្វារៀម (Angkor Wildlife & Aquarium) គឺជាគម្រោងវិនិយោគលើសួនចិញ្ចឹមសត្វ និងអាងចិញ្ចឹមត្រីលំដាប់ពិភពលោក ដែលមានផ្ទៃដីប្រមាណ ១០០ ហិកតា (សាងសង់ជាដំណាក់កាល) ស្ថិតក្នុងឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយបានចំណាយថវិកាសាងសង់ប្រមាណ ៧០ លានដុល្លារ។ គម្រោងនេះបានប្រកាសបើកដំណើរការអាងពិព័រណ៍ត្រីទឹកសាប ទឹកប្រៃ និងសត្វជាច្រើនប្រភេទ ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២២។ គម្រោងនេះបានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១៩ ហើយបានបញ្ចប់ជាស្ថាពរដំណាក់កាលទី១ នៅក្នុងខែតុលា ឆ្នាំ ២០២២។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ Angkor Wildlife & Aquarium ការបើកឱ្យចូលទស្សនាក្នុងដំណាក់កាលទី១ នេះនឹងមានអាងពិព័រណ៍ត្រីទំហំជាង ១ ម៉ឺនម៉ែត្រគុប ដែលមានប្រភេទត្រីទឹកសាប និងត្រីទឹកប្រៃ មាននៅក្នុងប្រទេសកម្ពុជា និងមួយចំនួននាំចូលមកពីបរទេស ហើយក៏មានសួនសត្វ ដែលមានសត្វច្រើនប្រភេទដូចជា សត្វខ្លាមកពីប្រទេសអាហ្វ្រិកខាងត្បូង ខ្លាឃ្មុំ សត្វភេ អណ្ដើកហ្លួង និងក្រពើភ្នំ ជាដើម។

សត្វភេនៅក្នុង Angkor Wildlife & Aquarium។ រូបថត ក្រសួងទេសចរណ៍
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា៖ «គម្រោងនេះសង្កត់ធ្ងន់លើការអភិរក្ស អប់រំ និងទេសចរណ៍ ជាមួយនឹងកន្លែងកម្សាន្តប្លែកៗសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាប។ ភ្ញៀវទេសចរទាំងអស់នឹងទទួលបានផលិតផលទេសចរណ៍ប្លែកមួយដែលមិនធ្លាប់មានពីមុនមក ជាមួយនឹងអង្គរ វ៉ាយដ៍ឡាយហ្វ៍ និងអឹឃ្វារៀម។ អង្គរវ៉ាយដ៍ឡាយហ្វ៍ និងអឹឃ្វារៀម គឺជាគោលដៅទេសចរណ៍ដ៏ល្អប្រណីតដែលយើងទាំងអស់គ្នាស្រមៃចង់ឃើញ»។
ក្រៅពីការទស្សនាកម្សាន្តនៅក្នុងឧទ្យាន ទីនោះក៏មានសកម្មភាពជាច្រើនទៀតដូចជា ផ្សារអណ្តែតទឹក ហាងលក់ទំនិញ ភោជនីយដ្ឋានសម្រាប់ទទួលទានអាហារ និងភេសជ្ជៈ និងហាងលក់វត្ថុអនុស្សាវរីយ៍ផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុងថ្ងៃទី ២៧ ខែតុលាថា ការបង្កើតឱ្យមានផលិតផល/សេវាទេសចរណ៍ថ្មីៗ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិឱ្យធ្វើដំណើរទៅកម្សាន្តនៅកន្លែងណាមួយ ព្រោះគេមិនអាចយកអ្វីដែលមានជាយូរមកហើយទៅផ្សព្វផ្សាយដដែលៗទេ គឺទាមទារឱ្យមានកាន់តែច្រើនកាន់តែល្អ។ លោកបន្តថា គំនិតក្នុងការរៀបចំឱ្យមានកន្លែងកម្សាន្តបែបនេះ គឺពិតជាមានភាពចាំបាច់ណាស់ក្នុងការជួយស្តារវិស័យទេសចរណ៍ឡើងវិញពីវិបត្តិជំងឺកូវីដ ១៩។
លោកបន្ថែមថា៖ «នៅពេលមានផលិតផលថ្មី វានឹងធ្វើឱ្យមានការផ្លាស់ប្តូរ និងការទាក់ទាញកាន់តែខ្លាំង។ នេះគឺជារបត់ថ្មីដែលនឹងជួយខេត្តសៀមរាបក្នុងការស្តារវិស័យបទេសចរណ៍របស់ខ្លួនឡើងវិញ ជាពិសេសភ្ញៀវទេសចរក្នុងស្រុក»។
លោកបន្ថែមទៀតថា ប្រសិនបើគម្រោងបែបនេះអាចកើតមាននៅតាមបណ្តាខេត្តផ្សេងទៀតនោះ វានឹងធ្វើឱ្យចរន្តនៃការធ្វើដំណើរទេសចរណ៍ក្នុងផ្ទៃប្រទេសកាន់តែមានភាពល្អប្រសើរ។
លោក ខៀវ ធី ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ បាននិយាយថា ទោះបីផលិតផលទេសចរណ៍ប្រភេទនេះមាននៅតាមបណ្តាប្រទេសជាច្រើនហើយក៏ដោយ ប៉ុន្តែវាក៏ជាផ្នែកមួយក្នុងការជួយបង្កើតឱ្យមានកន្លែងទៅទស្សនាកាន់តែច្រើននៅខេត្តសៀមរាប។ ផលិតផលនេះនឹងទាក់ទាញបានភ្ញៀវទេសចរផ្ទៃក្នុងជាច្រើន ហើយការចំណាយពេលស្នាក់នៅក្នុងខេត្តសៀមរាប ក៏អាចកើនឡើងផងដែរ។
លោកបញ្ជាក់ថា៖ «ក្នុងនាមអ្នកនៅក្នុងវិស័យទេសចរណ៍ គឺយើងពិតជាចង់ឃើញមានកន្លែងកម្សាន្តសម្រាប់ភ្ញៀវកាន់តែច្រើន ព្រោះវានឹងធ្វើឱ្យការផ្សព្វផ្សាយកាន់តែងាយស្រួល និងផ្តល់ជម្រើសកាន់តែច្រើនសម្រាប់ភ្ញៀវ»។

អភិបាលស្រុកសូទ្រនិគម លោក ម៉ក់ ប្រុស បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីខែកញ្ញាថា Angkor Wildlife and Aquarium ត្រូវបានវិនិយោគដោយវិនិយោគិនក្នុងស្រុក និងបរទេស (អាមេរិក និងជប៉ុន) ក្នុងគោលបំណង ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ ពិសេសក្នុងស្រុកសូទ្រនិគម តាមរយៈការបង្កើតឱ្យមានកន្លែងកម្សាន្តលំដាប់ពិភពលោក សម្រាប់ទទួលភ្ញៀវទេសចរពីគ្រប់ទិសទី ព្រមទាំងបង្កើតឱកាសការងារជាច្រើន សម្រាប់ប្រជាជនក្នុងតំបន់។
លោកបន្តថា គម្រោងដែលមានចម្ងាយប្រមាណ ៣០ គីឡូម៉ែត្រពីក្រុងសៀមរាបនេះ នេះត្រូវបានសាងសង់ឡើងយ៉ាងពិសេសដោយមានការនាំយកពូជត្រី និងសត្វចិញ្ចឹមកម្រៗជាច្រើនមកដាក់ក្នុងទីនោះ។
លោកបានថ្លែងថា៖ «គម្រោងនេះនឹងចូលរួមចំណែកយ៉ាងច្រើនក្នុងការលើកកម្ពស់កិត្យានុភាពតំបន់ទេសចរណ៍ក្នុងខេត្តសៀមរាបឱ្យកាន់តែមានភាពសម្បូរបែប និងចម្រុះកាន់តែច្រើន។ តាមរយៈគម្រោងនេះខ្ញុំរំពឹងថា នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើនបានទៅទស្សនាក្នុងទឹកដីស្រុកសូទ្រនិគម។ វាជាកន្លែងទស្សនាសត្វចម្រុះដ៏ច្រើន»៕
