
ឧទ្យាន APEC Naru ស្ថិតនៅប្រទេសកូរ៉េខាងត្បូង។ រូបថត Tripadvisor
ទស្សនាវដ្ដី National Geographic នៅថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២២ កន្លងទៅ បាន ប្រកាសអំពីបញ្ជីទីកន្លែងទេសចរណ៍ដ៏ស្រស់ស្អាតបំផុតចំនួន ២៥ នៅទូទាំងពិភពលោក ក្រោមផ្នែកចំនួន ៥ ផ្សេងៗគ្នា គឺទេសចរណ៍សហគមន៍ទេសចរណ៍ ធម្មជាតិទេសចរណ៍ វប្បធម៌ ទេសចរណ៍បែបគ្រួសារ និងទេសចរណ៍ផ្សងព្រេង។ ក្នុងចំណោមនោះ មានកន្លែងទេសចរណ៍ក្នុងប្រទេសនៅអាស៊ីចំនួន ៣ ជាប់ចំណាត់ថ្នាក់នៅក្នុងបញ្ជីនោះដែរ។
កន្លែងទេសចរណ៍ដំបូងនៅអាស៊ីដែលជាប់ចំណាត់ថ្នាក់នៅក្នុងបញ្ជីនេះ គឺស្ថិតនៅក្នុងប្រទេសឡាវ។ ជាប្រទេសមួយនៅអាស៊ីប៉ែកអាគ្នេយ៍ ប្រទេសឡាវ ល្បីល្បាញដោយសារតែទេសភាពធម្មជាតិដ៏ស្រស់ស្អាត និងសម្បូរបែបរបស់ខ្លួន។ ចំណុចពិសេសមួយទៀតនៃប្រទេសឡាវនេះ គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសទាំង ៥ ដែលទន្លេមេគង្គហូរកាត់ដែលមានដូចជាប្រទេសថៃ វៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា។
ទីក្រុងប៊ូសាននៃប្រទេសកូរ៉េខាងត្បូង គឺជាតំបន់ទេសចរណ៍មួយទៀតដែលជាប់ចំណាត់ថ្នាក់នៅក្នុងបញ្ជីនេះដែរ។ មានប្រជាជនរស់នៅប្រមាណ ៣,៦ លាននាក់ ទីក្រុងប៊ូសានគឺជាទីក្រុងដែលមានចំនួនប្រជាជនរស់នៅច្រើនជាងគេទី២ នៅក្នុងប្រទេសកូរ៉េខាងត្បូងបន្ទាប់ពីរដ្ឋធានីសេអ៊ូល ដែលមានប្រជាជនរស់នៅជិត ១០ លាននាក់។
ទីក្រុងនេះ ល្បីល្បាញដោយសារតែវាជាទីតាំងរៀបចំមហោស្រពភាពយន្តអន្ដរជាតិប៊ូសាន BIFF ជារៀងរាល់ឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានផងដែរ សួនឧទ្យានជាច្រើនកន្លែង ដូចជា ឧទ្យាន APEC Naru និងទីបញ្ចុះសព UN Memorial and Park ដែលរៀបចំឡើងដើម្បីឧទ្ទិសដល់ទាហានដែលបានពលីជីវិតក្នុងអំឡុងសង្គ្រាមកូរ៉េ។
ចំណែកទីតាំងទេសចរណ៍ចុងក្រោយស្ថិតនៅក្នុងប្រទេសចិន គឺ តំបន់រូងភ្នំ Longmen Grottoes ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ មានទីតាំងនៅទីក្រុង Luoyang ក្នុងខេត្ត Henan ភាគកណ្តាលប្រទេសចិន។ រូងភ្នំនេះ មានផ្ទុកនូវសិល្បៈចម្លាក់ព្រះពុទ្ធបដិមាដ៏ធំ និងគួរឱ្យចាប់អារម្មណ៍បំផុតរបស់ប្រទេសចិន ពីចុងរាជវង្ស Wei និង Tang ខាងជើង ក្នុងអំឡុងឆ្នាំ ១៣៦-៩០៧ នៃគ.ស។ ទីតាំងនេះមាន គឺជាបណ្ដុះរូងភ្នំជាង ២ ៣០០ រូងភ្នំ ដែលមានឆ្លាក់រូបចម្លាក់ព្រះពុទ្ធបដិមាជិត ១១០ ០០០ និងសិលាចារឹកនៅលើថ្មចំនួន ២ ៨០០៕