
ភ្ញៀវទេសចរហែលមុជក្នុងបាតសមុទ្រនៅខេត្តព្រះសីហនុ កាលពីឆ្នាំ២០២២។ រូបថត Khmer Dive Group
ព្រះសីហនុ/កោះកុងៈ ទេសចរណ៍ ជាវិស័យដ៏មានឥទ្ធិពលមួយ និងអាចមាននៅគ្រប់ទីកន្លែង មិនថា លើគោក ឬក្នុងទឹក ប៉ុន្តែសម្រាប់ប្រជាជនកម្ពុជា ទេសចរណ៍ក្រោមបាតសមុទ្រ ហាក់ដូចជាថ្មីបន្តិច។ ដូច្នេះហើយ បានជាអ្នកទេសចរមុជទឹកទៅមើលផ្កាថ្មនៅបាតសមុទ្រច្រើនតែជាជនបរទេស។ នេះបើតាមអ្នកជំនាញមុជទឹកម្នាក់។
ទោះយ៉ាងណា ការចំណាយអស់ច្រើន សម្រាប់រយៈពេលនៃការកម្សាន្ដយូរ និងទាមទារការគ្រប់គ្រងស្ថានការណ៍ខ្ពស់ ទំនងជាចំណែកមួយធ្វើឱ្យប្រជាជនខ្មែរមិនសូវជាចាប់អារម្មណ៍លើដំណើរកម្សាន្ដប្រភេទនេះទេ។
បើតាមអ្នកជំនាញផ្នែកមុជទឹកក្រោមបាតសមុទ្រ ១ រូប ការធ្វើដំណើរកម្សាន្ដទៅតាមកោះ ដើម្បីមុជទឹកមើលផ្កាថ្ម គឺត្រូវចំណាយជាមធ្យម ៤០០ ដុល្លារក្នុងម្នាក់។ តម្លៃ ៤០០ ដុល្លារនេះ នឹងរាប់បញ្ចូលទាំងវគ្គបណ្ដុះបណ្ដាលយកសញ្ញាបត្រមុជទឹកផងដែរ ព្រោះបើសិនជាភ្ញៀវមិនមានសញ្ញាបត្រទេ គេក៏មិនអនុញ្ញាតឱ្យធ្វើដំណើរហែលចុះទៅបាតសមុទ្រនោះដែរ។
រីឯរយៈពេលវិញ ទាមទារដល់ទៅ ៤ ថ្ងៃ ដែលថ្ងៃទី១ ជាការបង្រៀនទ្រឹស្ដី ថ្ងៃទី២ ជាការអនុវត្តទឹករាក់ ថ្ងៃទី៣ និងទី៤ ទើបអាចទៅដកស្រង់បទពិសោធន៍ជាក់ស្ដែងបាន ដោយអាចមុជបានត្រឹមជម្រៅ ជ្រៅបំផុត ១៨ ម៉ែត្រ។ នេះបើតាមការបញ្ជាក់របស់លោក ញ៉ែម ប៊ូថង អ្នកជំនាញមុជទឹករបស់ក្រុមហ៊ុន Khmer Dive Group។
លោក ញ៉ែម ប៊ូថង បានឱ្យដឹងថា ក្រៅតែពីកត្តារួមចំណែកទាំង ២ នេះ ការមុជទឹក ក៏អាចបង្កជាការព្រួយបារម្ភផងដែរ ដោយសារហានិភ័យអាចកើតឡើងបានគ្រប់ពេល ដូចជាឧបករណ៍មុជទឹកមិនដំណើរការ អស់ខ្យល់អុកស៊ីហ្ស៊ែន ជួបសត្វក្នុងទឹកដែលមានគ្រោះថ្នាក់ជាដើម។ ដូច្នេះ វាទាមទារឱ្យអ្នកទេសចរមានភាពបត់បែនក្នុងការដោះស្រាយបញ្ហា។
ប៉ុន្តែ ទស្សនីយភាពក្រោមបាតសមុទ្រដែលកម្រនឹងបានឃើញ ទឹកសមុទ្រថ្លាដូចកញ្ចក់ ដែលអនុញ្ញាតឱ្យអ្នកទេសចរអាចមើលឃើញជីវចម្រុះគ្រប់ប្រភេទហែលខ្វែងខ្វាត់ ផ្កាថ្មដ៏សម្បូរបែប ដែលនៅរាយប៉ាយដុះចេញជារូបរាងខុសៗគ្នា នៅតែអាចទាក់ទាញចិត្តអ្នកទេសចរឱ្យហ៊ានចំណាយប្រាក់ និងចំណាយពេលវេលាបាន។
ក្រុមហ៊ុន Khmer Dive Group គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មបណ្ដុះបណ្ដាលជំនាញមុជទឹក ព្រមទាំងមានសេវាកម្មរៀបចំដំណើរកម្សាន្ដទៅតាមកោះនានា ដើម្បីគយគន់ផ្កាថ្ម។ ក្រុមហ៊ុនមួយនេះ ក៏ធ្វើការគាំទ្រការស្រាវជ្រាវ និងអភិរក្សជីវចម្រុះ ដែលមិនទាន់បានកំណត់អត្តសញ្ញាណផងដែរ។
លោក ញ៉ែម ប៊ូថង បញ្ជាក់ដែរថា៖«រាប់ចាប់តាំងពីបើកប្រទេសវិញ យើងក៏ចាប់ផ្ដើមទទួលបានភ្ញៀវឡើងវិញ គ្រាន់តែថា មិនទាន់បានច្រើន ដូចកាលមុនកូវីដនៅឡើយ។ បើសម្រាប់ភ្ញៀវវិញ កន្លងមក យើងច្រើនតែទទួលបានភ្ញៀវបរទេសច្រើនជាងភ្ញៀវជាជនជាតិខ្មែរ»។
អ្នកជំនាញរូបនេះបន្តទៀតថា សម្រាប់បញ្ហាសុវត្ថិភាព ខាងក្រុមហ៊ុនមានជាការរៀបចំច្បាស់លាស់ ដើម្បីធានាជូនភ្ញៀវ ដោយនៅពេលមុជទឹក គឺមានការមុជជាក្រុម ក្នុងនោះក៏មានអ្នកជំនាញ ដើម្បីចាំជួយផងដែរ។ ម្យ៉ាងទៀត តំបន់ដែលក្រុមហ៊ុនជ្រើសរើសយកភ្ញៀវទេសចរទៅ សុទ្ធសឹងតែជាតំបន់មានការស្រាវជ្រាវច្បាស់លាស់ និងជាតំបន់ល្បីល្បាញថា មានផ្កាថ្មស្អាតៗ តួយ៉ាងដូចជា កោះរ៉ុង កោះ ២៣ រ៉ុងសន្លឹម និងបណ្ដាកូនកោះផ្សេងទៀតនៅខេត្តព្រះសីហនុ និងកោះកុង។
បើទោះបីជាបច្ចុប្បន្ន អាត្រានៃភ្ញៀវទេសចរជាជនជាតិខ្មែរ នៅមានកម្រិត ប៉ុន្តែក្រុមហ៊ុនបង្ហាញក្ដីរំពឹងថា ទៅថ្ងៃមុខ អាចនឹងមានការកើនឡើង។ កើនឡើង គឺនៅពេលដែលពួកគេបានយល់ដឹងច្បាស់ អំពីសេវាកម្ម ដែលមានផ្ដល់ជូន ជាពិសេសទស្សនីយភាពដ៏កម្រ និងវិសេសវិសាលអំពីជីវចម្រុះក្រោមបាតសមុទ្រ។ នេះបើតាមការលើកឡើងបន្ថែមពីលោកញ៉ែម ប៊ូថង។
លោកថា ម្យ៉ាងទៀត ទេសចរណ៍ក្រោមបាតសមុទ្រ ក៏ជាចំណែកមួយក្នុងការអភិរក្សតំបន់មានផ្កាថ្មស្រស់ស្អាត ឱ្យនៅស្ថិតស្ថេរគង់វង្សផងដែរ ចៀសផុតពីការបំផ្លិចបំផ្លាញ និងការនេសាទលើសកម្រិតនានា។ វាក៏បានជួយបង្កើនចំណូលដល់ប្រជាជនក្នុងស្រុកដែលប្រកបរបរបើកទូកជូនភ្ញៀវ ប្រជាជនដែលលក់ចំណីចំណុកជាដើម៕