កោះកុងៈ ជាផ្ទះស្នាក់បែបចម្ការដែលលាតសន្ធឹងលើផ្ទៃដីធំល្វឹងល្វើយ គោលដៅទេសចរណ៍ថ្មីមួយនេះបាន និងកំពុងទាក់ទាញចំណាប់អារម្មណ៍មហាជនជាច្រើនននៅលើបណ្ដាញសង្គម តាមរយៈរូបទេសភាពស្អាតៗជុំវិញបរិវេណផ្ទះស្នាក់។
ស្មៅខៀវស្រងាត់ ដែលដុះព័ទ្ធជុំវិញ ជាញឹកញយត្រូវបានអ្នកមើលថែកាត់តម្រឹមយ៉ាងមានរបៀបរៀបរយ។ ផ្ទះឈើប្រភេទផ្សេងៗគ្នា ត្រូវបានសាងសង់ដាច់ដោយឡែកពីគ្នា ដើម្បីទទួលភ្ញៀវទៅតាមចំណូលចិត្តពួកគេ រីឯនៅ ១ ជ្រុងទៀតនៃចម្ការក៏មានចិញ្ចឹមសត្វចៀម២-៣ក្បាលផងដែរ។
១ជ្រុងទៀត មានក្បូនឫស្សីបណ្ដែតលើទឹកព្រែក ទុកសម្រាប់ភ្ញៀវជិះលេងកម្សាន្ដ អមទៅដោយដើមឈើខ្ពស់ៗ ចោលម្លប់ត្រឈៃ ទៅដល់ភ្ញៀវប្រុសស្រីដែលអង្គុយយោលជើងលើទឹក ជជែកគ្នា សើចក្អាកក្អាយ។
ថ្វីដ្បិតថា ទើបតែបង្កើតឡើងបានប្រមាណជា១ឆ្នាំក្ដី ប៉ុន្តែផ្ទះស្នាក់មួយនេះមានការទទួលស្គាល់ច្រើន ដោយហេតុថា ទេសភាពទីនោះគឺស្អាតប្លែក រីឯម្ចាស់ទីតាំងផ្ទាល់ក៏ជាអ្នកស្រឡាញ់បរិស្ថានផងដែរ។ ម៉្លោះហើយ រាល់ការផ្ដល់សេវាកម្មនានា ផ្ទះស្នាក់មួយនេះតែងតែផ្ដល់ជូននូវអ្វីដែលអាចប្រើប្រាស់ឡើងវិញដោយព្យាយាមមិនប្រើប្រាស់ប្លាស្ទិកឡើយ។
អ្នកនាង ខេង ម៉ាលី ដែលជាម្ចាស់ផ្ទះស្នាក់ចម្ការព្រៃ ឬហៅជាភាសាអង់គ្លេសថា Wild Farm បានឱ្យដឹងថា អ្នកនាងគឺជាអ្នកចូលចិត្តការដើរព្រៃនិងឡើងភ្នំ១រូបហើយអ្នកនាងមានក្ដីស្រមៃចង់បង្កើតកន្លែងសម្រាកលម្ហែតូចមួយ ដែលមានលក្ខណៈសាមញ្ញ ហើយផ្សារភ្ជាប់នឹងធម្មជាតិដែលអាចផ្ដល់នូវភាពស្ងប់សុខដល់ផ្លូវចិត្ត។
នៅជាប់របងរបស់ចម្ការ មានបិទបម្រាមក្នុងការចាក់តន្ត្រីបង្កសំឡេងរំខាន និងមិនមានការលក់គ្រឿងស្រវឹងជូនភ្ញៀវនោះឡើយ ដែលលក្ខខណ្ឌបែបនេះ វាហាក់ប្លែកខ្លាំងពីរមណីយដ្ឋានភាគច្រើន។
ប៉ុន្តែទាំងអស់នេះត្រូវបានអ្នកនាង ខេង ម៉ាលី បកស្រាយថា ៖ «ដោយសារទីនេះជាតំបន់ដាច់ស្រយាល មានព្រៃភ្នំ មានទឹក វាធ្វើឱ្យតំបន់នេះស្ងប់ស្ងាត់ល្អ ហើយសត្វស្លាបក៏ចូលចិត្តរស់នៅទីនេះដែរ ដូច្នេះបើសិនមានសំឡេងរំខានភ្ញៀវនឹងលែងបានស្ដាប់សំឡេងសត្វយំហើយ»។
ដោយសារតែអ្នកនាងចង់ថែរក្សាបរិស្ថានតំបន់នេះឱ្យស្រស់ស្អាតបានយូរអង្វែងទៅមុខទៀត អ្នកនាងក៏បញ្ចៀសការប្រើប្រាស់ប្លាស្ទិកគ្រប់ប្រភេទផងដែរ។
យ៉ាងណាមិញ ម្ចាស់ផ្ទះស្នាក់រូបនេះក៏បង្ហាញការព្រួយបារម្ភផងដែរថាអាចនឹងមិនមានភ្ញៀវ ដោយសារតែលក្ខខណ្ឌតឹងតែងរបស់ខ្លួន ប៉ុន្តែផ្ទុយស្រឡះ ផ្ទះស្នាក់របស់អ្នកនាងបែរជាទទួលបានការគាំទ្រច្រើន ជាពិសេសពីអ្នកដែលស្រឡាញ់បរិស្ថានដូចគ្នា។ បើតាមការបញ្ជាក់របស់អ្នកនាង ខេង ម៉ាលី ក្នុង១ខែ អ្នកនាងអាចទទួលបានភ្ញៀវជាចន្លោះពី ៣០ ទៅ៥០នាក់។
មិនត្រឹមតែរួមចំណែកថែរក្សាបរិស្ថាននោះទេ បច្ចុប្បន្នផ្ទះស្នាក់ចម្ការមួយនេះក៏ជួយផ្ដល់ការងារ ដល់ប្រជាជនក្នុងតំបន់ជិត ១០នាក់ ព្រមទាំងជួយគាំទ្រផលិតផលកសិកម្មរបស់ពួកគេផងដែរ។
អ្នកនាង ខេង ម៉ាលី បានថ្លែង៖ «បច្ចុប្បន្នយើងមានបុគ្គលិកអចិន្ត្រៃយ៍៤នាក់ និងបណ្ដោះអាសន្ន២ទៅ៣នាក់ បុគ្គលិក និងជាងធ្វើផ្ទះ ទាំងអស់គឺយើងសុទ្ធតែយកប្រជាជនក្នុងតំបន់ បើទោះជាពេលខ្លះយើងត្រូវជួបបញ្ហាប្រឈមខ្លះក៏ដោយ ព្រោះខ្ញុំមានបំណងចង់ផ្តល់ប្រយោជន៍ និងកម្រៃចេញពីការងារទៅដល់អ្នកភូមិជាចម្បង ពិសេសម្ហូបអាហារ បន្លែ ផ្លែឈើ នំ ចំណី នានាដែលជាស្នាដៃរបស់បងប្អូននៅក្នុងសហគមន៍»។
ភ្ជាប់ទៅនឹងគោលការណ៍ថែរក្សាបរិស្ថាន រាល់ម្ហូបអាហារ ចំណីចំណុក នឹងត្រូវដាក់លើកញ្ច្រែងឫស្សី ការវេចខ្ចប់របស់របរផ្សេងៗគឺនឹងត្រូវដាក់ក្នុងថង់បរិស្ថាន ចំណែកឯទឹកជូនភ្ញៀវពិសា ក៏ត្រូវដាក់ក្នុង ដបថ្ម។ និយាយជារួម គឺផ្ទះស្នាក់មួយនេះព្យាយាមផ្សារភ្ជាប់នឹងធម្មជាតិឱ្យបានល្អបំផុត និងមិនផ្ដល់ការប៉ះពាល់ទៅដល់បរិស្ថាននោះឡើយ។
ដោយមើលឃើញពីសម្ទុះគាំទ្រច្រើន ជាពិសេសពីសំណាក់យុវជន អ្នកនាង ខេង ម៉ាលី បានបង្ហើប ឱ្យដឹងថា ខ្លួនមានបំណងពង្រីកសេវាកម្មនិងផ្ទះស្នាក់នៅបន្ថែមទៀត ដើម្បីឱ្យគ្រប់ទៅតាមតម្រូវការ របស់ភ្ញៀវ ក៏ដូចជាដើម្បីជួយបង្កើតការងារដល់សហគមន៍កាន់តែច្រើនផងដែរ។ ម្យ៉ាងទៀតអ្នកនាង ក៏ចង់កែប្រែនូវឥរិយាបថមួយចំនួនរបស់អ្នកទេសចរ ដូចជាការចាក់តន្ត្រី ការច្រៀងលេង ការផឹកគ្រឿងស្រវឹង និងបោះចោលសំរាមដោយគ្មានការទទួលខុសត្រូវ៕