
អ្នកទេសចរទៅបោះតង់សម្រាកលម្ហែកាយនៅតំបន់ឆ្នេរកោះកុងក្រៅកាលពីខែមករា ឆ្នាំ ២០២៣។ រូបថត Kindness Back
កោះកុងៈ ទាំងកណ្តាលអធ្រាត្រ លោក នៅ វាសនា ជាអ្នកដំណើរផ្សងព្រេងមិនថា ព្រៃភ្នំ ក្រោមល្អាង រីសត និងសមុទ្រ បាននិយាយថា លោកទទួលស្គាល់ថា សព្វថ្ងៃនេះ ពុំសូវមានភ្ញៀវទៅឡើងភ្នំ ឬដើរព្រៃទេ។ ប៉ុន្ដែលោកថា តាមពិត វាអាស្រ័យលើរដូវកាល។
ម្ចាស់គណនីហ្វេសប៊ុក Kindnes Back រូបនេះ តែងតែផ្ដិតយកទស្សនីយភាពធម្មជាតិដ៏ស្រស់ស្អាតនៃតំបន់អេកូទេសចរណ៍ រហូតដល់ក្រសួងបរិស្ថាន និងរដ្ឋមន្ដ្រីក្រសួងចែករំលែកបន្ដទាំងរូបភាព និងវីដេអូឃ្លីបរបស់លោក។
លោកឱ្យដឹងថា រដូវវស្សា ទេសចរលែងទៅសមុទ្រហើយ ដោយសារភ្លៀងធ្វើឱ្យទឹកសមុទ្រល្អក់ តែពួកគេនាំគ្នាដើរលេងព្រៃ ដែលមានអ័ព្ទ ពពក និងអាកាសធាតុត្រជាក់។
លោក វាសនា ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ដល់រដូវប្រាំង ទេសចរនាំគ្នាដើរលេងសមុទ្រ ដែលចាប់ពីខែតុលា ដល់ខែធ្លាក់ភ្លៀងក្រោយបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដោយសារទឹកសមុទ្រមានសភាពថ្លាស្អាត ហើយងាយស្រួលក្នុងការឆ្លងទូកទៅកោះ»។
ក្នុងសកម្មភាពលើកដាក់អីវ៉ាន់បោះតង់ និងគ្រឿងសម្ភារជាច្រើនទៀតសំពីងសំពោងលើរថយន្ដ លោក ផា លីណា មិនត្រឹមតែប្រកបរបររថយន្ដឈ្នួលដឹកភ្ញៀវនោះទេ ថែមទាំងនាំភ្ញៀវទេសចរទៅទីកម្សាន្ដប្លែកៗជាមួយសកម្មភាពជាច្រើនទៀត។
ក្នុងដំណើរឆ្ពោះទៅកាន់តំបន់កោះកុងក្រៅ ដែលកំពុងមានការពេញនិយមនាពេលបច្ចុប្បន្ន បន្ទាប់ពីឆ្នេរសមុទ្រខេត្ដព្រះសីហនុ លោក លីណា ជាម្ចាស់រថយន្ដឈ្នួលដឹកភ្ញៀវគ្រប់ទីកន្លែងទូទាំងប្រទេស ឱ្យដឹងថា បច្ចុប្បន្ននេះ ភ្ញៀវទៅលេងនៅសមុទ្រ ជាពិសេស ទីកន្លែងគួរឱ្យចាប់អារម្មណ៍ គឺតំបន់កោះកុងក្រៅ។
ពេលចេញដំណើរពីឃុំជ្រោយប្រោះ ស្រុកកោះកុ ង ជិះទូកប្រមាណជាង១ម៉ោង ភ្ញៀវ ទៅដល់ភូមិលើដែនកោះអាឡាតាំង ដែលមានផ្ទៃក្រោយជាភ្នំ និងដើមកោងកាង។
លោក លីណា ដែលជាអតីតអ្នកថតរូបឱ្យស្ថាប័នសារព័ត៌មានមួយបាននិយាយថា៖ «តាំងពីខ្ញុំដើរ និងនាំភ្ញៀវទៅទូទាំងប្រទេស ភូមិលើផ្ទៃទឹក មានតែភូមិអាឡាតាំងនេះទេ ដែលស្អាតដាច់គេ។ ចេញពីភូមិដ៏ស្រស់ស្អាត អ្នកដំណើរនឹងទៅដល់ឆ្នេរទី៦ ទី៥ ទី៤ ទី៣ ទី២ និងទី១ ជាភូមិសាស្ដ្រចុងក្រោយ ដែលភ្ញៀវទំនងជាមិនអាចទៅលេងបានដោយសារជាតំបន់កងទ័ព»។
ម្ចាស់រថយន្ដឈ្នួល ដែលជួយភ្ញៀវទាំងការបោះតង់ និងស្វែងរកអាហារសមុទ្រតាមរយៈការស្ទូច និងបង់សំណាញ់រូបនេះ បានឱ្យដឹងពីមូលហេតុនៃការរាប់ឆ្នេរបញ្ច្រាសនេះថា បើធ្វើដំណើរពីឆ្នេរទី១ វាមានចម្ងាយឆ្ងាយដែលត្រូវចាប់ផ្ដើមពីឃុំបាក់ខ្លងវិញ។
លោកបន្ដថា ឆ្នេរទី៦ និងឆ្នេរទី៥ ជាប្រភេទឆ្នេរតូចដែលមិនសូវមានមនុស្សឆៀងចូលលេងទេ។ ប៉ុន្ដែឆ្នេរទី៤ និងឆ្នេរទី៣ មានប្រវែងជាង ១ គីឡូម៉ែត្រ ហើយមនុស្សចូលចិត្ដទៅលេងច្រើនជាងគេ គឺឆ្នេរទី៣។ កាលពីថ្ងៃបុណ្យឆ្លងឆ្នាំ ឆ្នេរទី៣ រកទីកន្លែងបោះតង់មិនបានទេ។
វាមានលកទឹក ដែលហូរចេញពីសមុទ្រខ្សាច់ក៏ស្រស់ស្អាត ហើយសូម្បីតែដើមឈើក៏គួរឱ្យទាក់ទាញដែរ។ ចំណែកឯឆ្នេរទី៤ មានលក់ទឹកដូចគ្នា ដែលប្រជាជន និងភ្ញៀវទេសចរអាចចាក់បង្គា និងផ្លែដូងតម្លៃត្រឹម ៣ ០០០ រៀល ក្នុង ១ ផ្លែ។
លោក លីណា ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ពីភូមិអាឡាតាំងទៅកាន់ឆ្នេរទី៤ និងឆ្នេរ៣ ការធ្វើដំណើរតាមទូកអាចនឹងចំណាយពេលប្រមាណ១ម៉ោងកន្លះទៀត ដែលសរុបទាំងអស់ នៃការធ្វើដំណើរពីឃុំជ្រោយប្រោះ២ម៉ោងកន្លះទៅ៣ម៉ោង។ ចំពោះតម្លៃជួលទូកពីសហគមន៍ ដែលកំពុងតែមានចំនួនកើនឡើង រយៈពេល ២ យប់ ៣ ថ្ងៃ ម្ចាស់ទូកគិត ២៥០ ដុល្លារ»។
លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុងបានឱ្យដឹងថា សម្រាប់ភ្ញៀវទេសចរមកលេងខេត្ដកោះកុង មានចំនួនកើនឡើង។
ប៉ុន្ដែលោកសង្កេតឃើញថា នៅដើមឆ្នាំ ២០២៣ ក្នុងខែមករាកន្លងទៅ វត្ដមានភ្ញៀវមានការថយចុះបន្ដិចបន្ដួច។
លោកប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ទន្ទឹមនឹងនេះ ពាក់ព័ន្ធនឹងតំបន់កម្សាន្ដនៅកោះកុងក្រៅ មួយរយៈក្រោយនេះ ខ្ញុំមើលឃើញថា នៅតាមបណ្ដាញសង្គម ហ្វេសប៊ុក ភ្ញៀវបានផ្សព្វផ្សាយពីសក្ដានុពលតំបន់កោះកុងក្រៅនេះ ហើយក៏បានឃើញមានភ្ញៀវទៅលេងនៅកោះកុងក្រៅមានចំនួនច្រើនជាងមុនដែរ»។
យោងតាមទិន្នន័យភ្ញៀវទេសចររបស់ក្រសួងទេសចរណ៍ចន្លោះសប្ដាហ៍ទី៤ នៃខែមករា ពីថ្ងៃទី ២៣ ដល់ទី ២៩ បានបង្ហាញថា ភ្ញៀវទេសចរទៅលេងតាមបណ្ដាខេត្ដមាត់សមុទ្រមានចំនួនច្រើន បើធៀបនឹងបណ្ដាខេត្ដតំបន់ព្រៃភ្នំ។
ជាក់ស្ដែងខេត្ដព្រះសីហនុ មានភ្ញៀវទេសចរជាង ១៨ ម៉ឺននាក់ គឺខ្មែរជាង ១៧ ម៉ឺននាក់ និងភ្ញៀវបរទេសជាង ៩ ពាន់នាក់។
ខេត្ដកំពត មានភ្ញៀវសរុបជាង ៦ ម៉ឺននាក់ ដោយមានភ្ញៀវខ្មែរជាង ៦៤ ០០០ នាក់ និងភ្ញៀវអន្ដរជាតិប្រមាណ ១ ពាន់នាក់។
សម្រាប់ខេត្ដកែប មានភ្ញៀវសរុប ជាង ៣២ ០០០ នាក់ ដោយភ្ញៀវក្នុងស្រុកស្ទើរតែទាំងអស់ ខណៈភ្ញៀវអន្ដរជាតិមានជាង ៩០០ នាក់។
ខេត្ដកោះកុង ភ្ញៀវខ្មែរជិត ៩ ពាន់នាក់ និងភ្ញៀវបរទេសជាង ២៦០ នាក់។ ទិន្នន័យថ្មីបំផុតនៃចំនួនភ្ញៀវទេសចរ ដែលត្រូវបានបង្ហាញដោយក្រសួងទេសចរណ៍ឱ្យដឹងថា តំបន់សមុទ្រនៅក្រុងព្រះសីហនុឈរលំដាប់លេខ ១ ជាមួយភ្ញៀវទេសចរសរុបចន្លោះថ្ងៃទី ៣០ មករា ដល់ថ្ងៃទី ៥ កុម្ភៈ ចំនួន ៣ ៩២៨ នាក់៕