ត្បូងឃ្មុំៈផ្ដើមចេញពីការស្រលាញ់ចូលចិត្តការដើរកម្សាន្តលោក រឿន ថាវរ័ត្ន ដែលជាកសិករនៅក្នុងស្រុកក្រូចឆ្នារ ខេត្តត្បូងឃ្មុំ បានកែប្រែទីតាំងដីបឹងដែលធ្លាប់តែដាំឈូក ទៅជាតំបន់ទេសចរណ៍បែបធម្មជាតិដ៏ស្រស់ត្រកាល។
យ៉ាងណាក្តីត្រឹមតែការស្រលាញ់តែ ១ មុខ ក៏មិនអាចធ្វើឱ្យកសិកររូបនេះ អាចឈានទៅបង្កើតតំបន់ទេសចរណ៍មួយបានដែរ ដោយទាមទារនូវធនធាន បូករួមនឹងគំនិតច្នៃប្រឌិត ទើបអាចកែប្រែតំបន់នោះឱ្យមានភាពទាក់ទាញ។
ធនធានដែលលោក ថាវរ័ត្ន មានជាយូរមកហើយ គឺជាដីបឹងដែលលោកដាំឈូក និងដីស្រែសម្រាប់ធ្វើស្រូវ។
ជាទម្លាប់គឺលោកថាវរ័ត្ន និងគ្រួសារ បានប្រើប្រាស់ដីនេះ ដាំឈូកយកផ្លែ ដើម្បីបង្កើនចំណូលបន្ថែម ពីលើចំណូលលក់ផ្លែឈូក។ ប៉ុន្តែ នៅពេលក្រោយមក កសិករដែលជាម្ចាស់បឹងនេះ បាននឹកឃើញនូវគំនិតរៀបចំទីតាំងដីរបស់ខ្លួនឱ្យក្លាយទៅជារមណីយដ្ឋានទេសចរណ៍។
បឹងតាមបែបលក្ខណៈធម្មជាតិ ដែលមានផ្កាឈូកដុះរីកស្កុះស្កាយយ៉ាងស្រស់ស្អាតនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២០ ដោយក្រុមគ្រួសាររបស់កសិករ រឿន ថាវរ័ត្ន បានចំណាយប្រាក់ក្នុងការរៀបចំអស់ជិត ១ម៉ឺនដុល្លារ។
ដើមទុននៃការរៀបចំនេះអស់ច្រើន ក៏ដោយសារតែទីធ្លារបស់ស្រះទឹកមានទំហំធំ ហើយសភាពផ្លូវក៏មិនអំណោយផលសម្រាប់ដើរដែរ ម្លោះហើយលោកត្រូវចំណាយលើការធ្វើស្ពានជាច្រើនកន្លែង។
រមណីយដ្ឋានមួយនេះ មានទីតាំងនៅក្នុងឃុំប៉ើស ២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងត្រូវបានគេដាក់ឈ្មោះថា «ស្ពានបឹងឈូក»។ រមណីយដ្ឋានស្ពានបឹងឈូកនេះ មានចំណុចទាក់ទាញស្នូលគឺ បឹងឈូកនេះឯង ហើយនៅជុំវិញបឹង ក៏ត្រូវបានហ៊ុមព័ទ្ធជុំវិញដោយវាលស្រែខៀវស្រងាត់ផងដែរ។
លោក រឿន ថាវរ័ត្ន បានឱ្យដឹងថា៖ «ដោយសារខេត្តយើងជាខេត្តទើបបង្កើតឡើងថ្មីថ្មោង ទើបមិនសូវទាន់មានកន្លែងទេសចរណ៍ច្រើនប៉ុន្មាន តែក៏មានភ្ញៀវច្រើនគួរសមដែរ ដែលបានចូលមកលេងកន្លែងយើង និងទទួលសេវាកម្មរបស់យើង»។
ម្ចាស់រមណីយដ្ឋានរូបនេះ បានឱ្យដឹងពីភ្ញៀវដែលចូលមកទស្សនាកន្លែងរបស់លោកយ៉ាង ដូច្នេះថា៖ «ចំពោះភ្ញៀវដែលចូលមកលេងនៅទីនេះ មានស្ទើររាល់ថ្ងៃ ដោយថ្ងៃធម្មតា មានបងប្អូនចូលមកលេង និងទទួលទានអាហារប្រមាណ ១០០-២០០នាក់ ចំណែកពេលមានបុណ្យទានវិញមានភ្ញៀវកើនឡើងដល់ ៤០០-៦០០នាក់»។
បើតាមការអះអាងរបស់លោក រឿន ថាវរ័ត្ន ថា មិនត្រឹមតែប្រជាជនក្នុងតំបន់នេះប៉ុណ្ណោះទេ ដែលចាប់អារម្មណ៍មកទស្សនាកន្លែងរបស់លោក តែក៏មានផងដែរនូវភ្ញៀវមកពីខេត្តឆ្ងាយៗ ដែលជាអ្នកដំណើរ និងអ្នកខ្លះ មានបំណងចង់មកសម្រាកលំហែជាលក្ខណៈគ្រួសារតែម្ដង។
ក្រៅពីទេសភាពស្រស់ស្អាតនៃពីបឹងឈូក និងវាលស្រែលោកក៏មានរៀបចំជាទីតាំងថតរូបជាច្រើន ព្រមទាំងមានសេវាកម្មម្ហូបអាហារ ដែលអាចទទួលស្វាគមន៍ភ្ញៀវយ៉ាងដិតដល់ទៀតផង។
ម្ចាស់រមណីយដ្ឋានរូបនេះបានបន្តរៀបរាប់ថា បើសិនលោកមិនបាននឹកឃើញកែច្នៃបែបនេះទេ ម្ល៉េះលោក និងគ្រួសារក៏នៅតែពឹងផ្អែកលើតែការដាំឈូកលក់ ដោយមិនបានអភិវឌ្ឍអ្វីនោះឡើយ ដែលខុសពីពេលនេះ មិនត្រឹមតែលោកផ្ទាល់អាចទទួលបានចំណូលបន្ថែមនោះទេ តែតំបន់របស់លោកទាំងមូលក៏ចាប់ផ្ដើមមានសភាពអ៊ូអរជាងមុន ដោយសារភ្ញៀវសម្រុកមកលេង។
បើទោះជាមានការគាំទ្រពីប្រជាជនក្នុងស្រុកប្រមាណជា២ឆ្នាំមកហើយក្ដី ប៉ុន្តែលោក រឿន ថាវរ័ត្ន និងក្រុមគ្រួសារ ក៏មានគម្រោងពង្រីកទីតាំងទេសចរណ៍មួយនេះបន្ថែមទៀត ដោយការពង្រីកសេវាកម្មបន្ថែម និងធ្វើ ឱ្យតំបន់នេះមានបរិស្ថានស្រស់ស្អាតបានយូរអង្វែង។
លោកក៏បានថ្លែងអំណរគុណដល់ភ្ញៀវក្នុងស្រុក ដែលជាចំណែកមួយក្នុងការគាំទ្រនូវភាពច្នៃប្រឌិតរបស់លោក ដែលកន្លងមកលោកផ្ទាល់ក៏មិននឹកស្មានថា អាចធ្វើបានជោគជ័យ ដូចបច្ចុប្បន្ននេះដែរ៕