ភ្នំពេញៈ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ ជាទិសដៅទេសចរណ៍ដ៏ទាក់ទាញ និងមានសក្ដានុពលបំផុតមួយក្នុងខេត្តបាត់ដំបង ដែលមានទេសភាពស្រស់ត្រកាលគ្រប់រដូវ កំពុងឆក់យកបេះដូងភ្ញៀវទេសចរជាតិ និងអន្តជាតិដែលនិយមដំណើរកម្សាន្តបែបធម្មជាតិ និងផ្សងទៅទស្សនា។
លើសពីនេះក្រោយពីមានការប្រកាសផ្សព្វផ្សាយ កាន់តែច្រើនពីរូបភាពបឹងដ៏ធំដែលអ្នកស្រុកហៅតៗគ្នាថា «ទន្លេផែន» បានទាក់ទាញទេសចរឱ្យទៅទស្សនាសហគមន៍អេកូទេសចរណ៍អូរជាំនេះកាន់តែច្រើនជាងមុន ដោយសារចង់ដឹង ចង់ឃើញ និងចង់ស្គាល់ទីតាំងទេសចរណ៍ថ្មីដ៏អាថ៌កំបាំងនៅលើកំពូលភ្នំសំកុះ។
លោក គឹម សុង ប្រធានសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំបានឱ្យដឹងថា៖ «មុនៗភ្ញៀវទេសចរមិនសូវច្រើនឡើយចាប់តាំងពីជំងឺកូវីដ១៩មក តែក្រោយពីមានការផ្សព្វផ្សាយពីទន្លេផែននេះ ធ្វើឱ្យទេសចរចង់ដឹងចង់ឮ និងចូលមកទស្សនាសហគមន៍អេកូទេសចរណ៍អូរជាំនេះទាំងមូលមានការកើនឡើងប្រមាណ ៣០ភាគរយ»។
លោក គឹម សុង បានឱ្យដឹងថា ភ្ញៀវទេសចរដែលទៅទស្សនាសហគមន៍ មានទាំងភ្ញៀវខ្មែរ និងបរទេស ប៉ុន្តែភាគច្រើននៃទេសចរទាំងអស់ រាល់ពេលមកដល់គឺសំដៅចង់ទៅទស្សនាទន្លេផែនតែម្តង បើទោះជាផ្លូវឆ្ពោះទៅបឹងលើកំពូលភ្នំមួយនេះពុំទាន់មានការឈូសឆាយ និងរៀបចំឱ្យបានសមរម្យនៅឡើយក៏ដោយ។
ជុំវិញការរៀបចំផ្លូវសម្រាប់ទៅទិសដៅទេសចរណ៍ថ្មី (បឹងផែន) ប្រធានសហគមន៍អេកូទេសចរណ៍រូបនេះបានឲ្យដឹងដែរថា៖ «សហគមន៍កំពុងស្វែងរកថវិកាដើម្បីធ្វើផ្លូវឡើងទៅ ដោយហេតុថា ត្រូវការឈូសឆាយ និងមិនចេះតែអាចកាប់នឹងចប ឬកាំបិតធ្វើទៅបាននោះទេ ក៏ប៉ុន្តែក្នុងអំឡុងពេលនេះទេសចរនៅតែអាចទៅទស្សនាតែត្រូវដើរក្នុងព្រៃ ឬរុកព្រៃ»។
សូមបញ្ជាក់ថា សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៨ ដោយមានភូមិចំនួន ២គឺភូមិអូរជាំលើ និងអូរជាំកណ្តាល ហើយមានប្រជាសហគមន៍រស់នៅ ជាង ១ពាន់នាក់។ ប្រជាសហគមន៍នៅទីនោះ ភាគច្រើនប្រកបរបរកសិកម្ម និងរួមចំណែកលក់ដូរក្នុងវិស័យទេសចរណ៍ដើម្បីជួយលើកស្ទួយជីវភាពរបស់ពួកគាត់មួយកម្រិតទៀត។
សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ មានទឹកធ្លាក់អូរជាំ ដ៏ស្រស់ស្អាត និងពេញនិយមសម្រាប់ទេសចរដែលនិយមធ្វើដំណើរផ្សងព្រេងដោយសារផ្ទាំងថ្មដែលជាថ្មភ្នំធម្មជាតិដ៏ស្រស់ស្អាត រួមជាមួយព្រៃព្រឹក្សាខៀវស្រងាត់ អមទៅដោយភ្នំល្វឹងល្វើយនិងមានផ្កាព្រៃចម្រុះពណ៌ពេញផងនោះ។
បន្ថែមពីលើនេះអ្នកទេសចរក៏អាចបោះតង់ សម្រាកលម្ហែកាយស្រូបយកខ្យល់អាកាសបរិសុទ្ធ ស្វែងយល់ពីការរស់នៅរបស់ប្រជាសហគមន៍ និងងូតទឹកធ្លាក់ធម្មជាតិកម្ពស់ ៣០ ម៉ែត្រដែលមិនចេះរីងស្ងួតទោះបីស្ថិតនៅរដូវប្រាំងក៏ដោយ។
សូមបញ្ជាក់ផងដែរថា សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ ស្ថិតនៅក្នុងភូមិអូរជាំលើ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបងមានចម្ងាយប្រមាណជាង៨០គីឡូម៉ែត្រពីក្រុងបាត់ដំបង៕