ភ្នំពេញ​: ក្នុង​ដៃ​កាន់​ស្បោង​យួរ​ ១ ដែល​ផ្ទុក​ផ្លែ​ទំពាំងបាយជូរ​ប្រមាណ​កន្លះ​គីឡូក្រាម ដើរ​សំដៅ​ទៅកាន់​បុរស​រត់​រ៉ឺម៉ក​វ័យ​ជាង ​៥០​ ឆ្នាំ អ្នកស្រី នី សុផាន់​​ណា បាន​សាក​សួរថា តើ​ម៉ោង​ប៉ុន្មាន​សត្វ​កេងកង​ចុះមក​ស៊ី​ចំណី​?

​អ្នកស្រី​និយាយថា​៖ «​ម្សិល​មិញ ខ្ញុំ​ជិះ​កាត់​វត្ដ​ភ្នំ​បានឃើញ​សត្វ​កេងកង​ចុះ​ស៊ី​ចំណី​ជាច្រើន​ក្បាល និង​បានឃើញ​បរទេស​ម្នាក់​ដាក់​ផ្លែ​ទំពាំងបាយជូរ​ឱ្យ​ពួកវា​ស៊ី ទើប​ថ្ងៃនេះ​ខ្ញុំ​នាំ​កូន​មកលេង និង​ចង់ឱ្យ​គាត់​បាន​ស្គាល់​ប្រភេទ​សត្វព្រៃ​ទាំងនេះ​»​។​

​អ្នកស្រី សុផាន់​ណា និង​ស្វាមី ព្រមទាំង​កូនប្រុស​អាយុ​ ៧ ​ឆ្នាំ​ម្នាក់ បាន​អង្គុយ​រង់ចាំ​ហ្វូង​សត្វ​កេង​កង​ដែល​ហើរ​ក្រវែល​ចុះឡើងៗ​នាពេល​ម៉ោង​ ៥ ​ល្ងាច ហើយ​ខណៈ​រង់ចាំ​ផ្ដល់​ចំណី​ផ្ទាល់​ឱ្យ​បក្សី​ធំៗ​ទាំងនេះ​អ្នកស្រី បានឱ្យដឹងថា មនុស្ស​មិន​ហ៊ាន​ចំណាយលុយ​ទិញ​ផ្លែ​ទំពាំងបាយជូរ​ទទួលទាន​ខ្លួនឯង​ផង​។

​សកម្មភាព​បញ្ចុក​ចំណី​សត្វ​កេងកង​នៅមុខ​អគារ​អគ្គិសនី​កម្ពុជា (EDC) ក្បែរ​រមណីយ​ដ្ឋា​ន​ទេសចរណ៍វប្បធម៌ ប្រ​វ​ត្ដិ​សាស្ដ្រ​វត្ដ​ភ្នំ បានក្លាយ​ជា​ភាព​ទាក់ទាញ​មួយ​សម្រាប់​អ្នកដំណើរ ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ ដែល​ចង់ឃើញ​ចង់​ស្គាល់ ក៏​ដូច​ជា​ចង់​ផ្ដល់​ចំណី និង​ថតរូប​សែ​ល​​ហ្វ៊ី​ជាមួយ​ពពួកសត្វ​ទាំងនេះ​។

​លោក ហូ រិទ្ធី ចត​រ៉ឺម៉ក​កង់​ ៣ ​របស់ខ្លួន ដែលមាន​ផ្លែ​ចេក​នៅលើ​កៅ​អី ៦​ ស្និត និង​នៅលើ​ដំបូល​រ៉ឺម៉ក​ប៉ុន្មាន​ផ្លែ​ទៀត សម្រាប់​ជា​ចំណី​របស់​សត្វ​កេងកង ដែល​លោក​និយាយថា ពួកវា​តែងតែ​ចុះមក​ស៊ី​ចំណី​នៅមុខ​អគារ​អគ្គិសនី​​កម្ពុជា​ចាប់ពី​ម៉ោង​ ៥:៣០ រហូតដល់​ម៉ោង​ ៧ ​យប់​រៀងរាល់ថ្ងៃ​។

​បុរស​វ័យ​ជាង ៥០ ​ឆ្នាំ ដែល​បញ្ឈប់​សកម្មភាព​រត់​រ៉ឺម៉ក​ដឹក​ភ្ញៀវ​នៅមុន​ម៉ោង​ ៥ និង​ទិញ​ចេក​ប៉ុន្មាន​ស្និត​មក​រង់ចាំ​កេងកង​រូប​នេះ​និយាយថា​៖ «​ខ្ញុំ​មិន​ខ្វល់​ថា តើ​ភ្ញៀវ​គាត់​ឱ្យ​ឬ​មិនឱ្យ​លុយ​នោះទេ ខ្ញុំ​តែងតែ​យក​ចេក​ដាក់ឱ្យ​ពួកវា​ស៊ី​រៀងរាល់ថ្ងៃ​។ បើ​ភ្ញៀវ​មាន​ចិ​ត្ដ ដាក់​លុយ​ក្នុង​កន្ដ្រក​ខាងមុខ​រ៉ឺម៉ក​នេះ រួច​ស្អែក​ខ្ញុំ​យកលុយ​នេះ​ទិញ​ចេក​មកទៀត​»​។

​បុរស​ពាក់​តែ​អាវ​វៀល​ក្លៀក​ពណ៌​ស និង​ខោខ្លី​រូបនេះ បានឱ្យដឹងថា លោក​មិន​គិតថា មាន​ឬ​មិនមាន​អ្នក​បរិច្ចាគ​ប្រាក់​ក្នុងការ​ទិញ​ផ្លែឈើ​ឱ្យ​សត្វ​ទាំង​នេះឡើយ លោក​នៅតែ​បន្ដ​ចំណាយ​ប្រាក់​ផ្ទាល់ខ្លួន​ទិញ​ឱ្យ​ហ្វូង​សត្វ​ទាំងនេះ​ស៊ី​រៀងរាល់ថ្ងៃ ដែលមាន​រយៈ​ពេល​ជិត​ ១​ ឆ្នាំ​មកហើយ​។

​លោក​និយាយថា ចេក​ ១​ ស្និត​តម្លៃ ៣ ០០០ រៀល និង ​១ ​ថ្ងៃ លោក​ទិញ​ចេក​ប្រហែល ២ ​ម៉ឺន​រៀល​ទិញ​ចេក ៥-៦ ​ស្និត​ដាក់ឱ្យ​សត្វ​កេងកង​ស៊ី​។ ជារឿយៗ​លោក​ចំណាយ​ប្រាក់​ពីរ​បរ​រត់​រ៉ឺម៉ក​ស្ទើរតែ​ទាំងអស់​មក​ទិញ​ចំណី​សត្វ ដោយសារ​លោក​ជា​អ្នក​ស្រឡាញ់​សត្វ និង​យល់ថា ពួកវា​ជិត​ដាច់​ពូជ​ហើយ​។

ភ្ញៀវទេសចរ​​ផ្តល់ចំណីឱ្យសត្វ​កេងកង នៅរបងខាងមុខអគារអគ្គិសនី​​កម្ពុជា​។ រូបថត ហុង រស្មី

​អំឡុង​ម៉ោង​ ៥​ ល្ងាច​មនុស្សម្នា ជាពិសេស អ្នកមាន​កូនតូចៗ ជិះ​ម៉ូតូ​មក​ក្បែរ​សួន​ត្រី​អគារ​អគ្គិ​ស​នី​កម្ពុជា ដោយ​ខ្លះ​បាន​អង្គុយ​រង់ចាំ​ជាស្រេច​។ ពួកគេ​តែងតែ​អន្ទះសា​ចង់ឃើញ​សត្វ​កេងកង​ដ៏​ច្រើន ដែល​កំពុង​ហើរ​ឆ្វែល​នៅ​បរិវេណ​វត្ដ​ភ្នំ​ចុះ​ស៊ី​ចំណី និង​ទទូច​សួរ​លោក រិទ្ធី ដដែលៗ​។

​នៅ​ម៉ោង​ប្រមាណ ​៥ ​កន្លះ​ល្ងាច​បុរស​ដែលជា​អតីត​អ្នក​ចិញ្ចឹមសត្វ​នៅ​ស្រុក​ព្រែកប្រសប់ ខេត្ដ​ក្រចេះ លោក រិទ្ធី ចាប់ផ្ដើម​ធ្វើ​សំឡេង​ស្រែកហៅ​ហ្វូង​កេងកង​ជាស​ញ្ញា​ដោយ​ចង់​ប្រាប់ថា ដល់ពេល​វេលា​ដែល​ពួកវា​អាច​ចុះមក​ទទួល​ចំណី​ដ៏​ឆ្ងាញ់​ហើយ​។

​ផ្ដើម​ពី​កេងកង​ ១​ ក្បាល​ដំបូង ដែល​ហើរ​មក​ទំ​លើ​រនាំង​ដែក​ដាក់​បាំង​ជណ្ដើរ​ឡើង​សួន​អគារ​អគ្គិសនី​កម្ពុជា​ជាន់​ខាងលើ មនុស្ស​ក៏​សម្រុក​យក​ផ្លែឈើ​បញ្ចុក​វា​។

​ពី​១​ក្បាល​ឡើង​ ២ ​ក្បាល​រហូតដល់​ជិត ១០​ ក្បាល កេងកង​ទំ​នៅលើ​ចម្រឹង​ដែក និង​លើ​ចម្លាក់​ក្បាល​តោ នៅតាម​របង​ថ្ម ដោយ​មើលទៅ​ពួកវា​រីករាយ​នឹង​ចំណី​ផ្លែឈើ ដូចជា ចេក និង​ទំពាំងបាយជូរ រួច​ពួកវា​ផ្លាស់ប្ដូរ​វេន​គ្នា​ទទួល​ចំណី​ពី​ភ្ញៀវ​។

​លោក រិទ្ធី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពេល​មនុស្សម្នា​ក្មេង​ចាស់​ប្រុស​ស្រី រួមទាំង​ភ្ញៀវ​បរទេស​កំពុងតែ​មមាញឹក​បញ្ចុក បោះ​ចំណី និង​ថតរូប​សត្វ​កេងកង​ថា​៖ «​សត្វ​ទាំងនេះ​មិនមែនជា​កេង​កង​ទាំងអស់​ទេ​។ ពួកវា​លាយ​​ឡំ​ជាមួយ​សត្វ​ព្វាំ​ង​ដែលមាន​ចំនួន​ប្រមាណ ៧០​ ក្បាល​»​។

​ចរន្ដ​ភ្ញៀវ​ទៅមកៗ​មិន​ខុសពី​ការផ្លាស់ប្ដូរ​វេន​គ្នា​ទទួល​ចំណី ភ្ញៀវ​ដែល​បានផ្ដល់​ចំណី និង​ថតរូប​សែ​ល​ហ្វ៊ី ឆ្អែត​ក៏​ចាក​ចេញទៅ ជំនួស​មកវិញ​នូវ​ភ្ញៀវ​ថ្មីៗ​ជា​បន្ដ​បន្ទាប់ ខណៈ​លោក រិទ្ធី នៅតែ​បេះ​ចេក​បោះ​ឱ្យ​កេងកង និង​ហៅភ្ញៀវ​ឱ្យ​យក​ចេក​ចេញពី​ក្នុង​រ៉ឺម៉ក​លោក​បណ្ដើរ​។

​ដូច​ការលើកឡើង​រប​ស់​អ្នករត់​រ៉ឺម៉ក​ស្រឡាញ់​សត្វ​រូបនេះ មិន​សុទ្ធតែ​ទាំងអស់​ដែល​ទទួល​​យក​ផ្លែ​ចេក​ពី​លោក​រមែង​ចែក​រំលែក​ថវិកា​បន្ដិចបន្ដួច​សម្រាប់​ឱ្យ​លោក​ទិញ​ចំណី​ឱ្យ​សត្វ​នៅ​ថ្ងៃស្អែក​ឡើយ​។

លោក រិទ្ធី បាន​បញ្ជាក់ថា​៖ «​រាល់ថ្ងៃនេះ មិនបាន​លុយ​ពី​ភ្ញៀវ​លើសពី ១៣ ០០០ រៀល​នោះទេ​។ ប៉ុន្ដែ​ខ្ញុំ​មិន​ខ្វល់​ឡើយ​។ នៅ​ថ្ងៃស្អែក​ខ្ញុំ​មាន​លុយ​ទិញ​ឱ្យ​វា​ស៊ី​ទៀត​»​។

​ទាក់ទង​នឹង​វត្ដ​មាន​សត្វ​ស្លាប​​ព្រៃ​រស់នៅក្នុង​ទីក្រុង​នេះ លោក ប៊ូ វរ​សក្ស ប្រធាន​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​កម្ពុជា បានឱ្យដឹងថា កម្ពុជា​មិនទាន់មាន​គម្រោង​អភិរក្ស​សត្វ​កេង​កង​ឱ្យ​ច្បាស់​ដូច​ពពួកសត្វ​ត្មាត ត្រយង និង​ខ្សឹប​នៅឡើយ​ទេ​។

​លោក​វរ​សក្ស ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​សត្វ​កេងកង ៣ ​ប្រភេទ​នៅ​កម្ពុជា​មិនទាន់​ទទួល​ការ​ចាប់អារម្មណ៍​ក្នុងការ​អភិរក្ស​ដូច​នៅ​ប្រទេស​ម៉ាឡេស៊ី ថៃ និង​ឥណ្ឌា​នៅឡើយ​ទេ​។ បណ្ដា​ប្រទេស​ទាំងនោះ មាន​កេងកង​ច្រើន​ប្រភេទ​ជាង​យើង​»​។

​យ៉ាងណាមិញ ចំពោះ​ការ​​ទស្សនា ការថតរូប និង​ការផ្ដល់​ចំណី​ឱ្យ​សត្វ​កេងកង និង​ព្វាំ​ង​នៅ​បរិវេណ​រមណីយដ្ឋាន​ទេស​​ចរណ៍​វប្បធម៌​ប្រ​វ​ត្ដិ​សាស្ដ្រ​វត្ដ​ភ្នំ លោក​រិទ្ធី ស្នើ​សុំឱ្យ​ភ្ញៀវ​ទាំងអស់ ជាពិសេស កុមារ​តូចៗ​កុំ​ព្យា​យាម​បង្អើល​ពួកវា ដែល​អាចធ្វើឱ្យ​ពពួកសត្វ​ស្លាប​ទាំងនេះ​ភ័យ លែង​ចុះមក​ស៊ី​ចំណី​ទៀត​៕