
ទិដ្ឋភាពអាងត្រពាំងថ្ម ជាតំបន់អភិរក្សជម្រកសត្វស្លាបកម្រ និងសត្វស្លាបជិតផុតពូជ។ រូបថត ក្រសួងបរិស្ថាន
បន្ទាយមានជ័យៈ អាងត្រពាំងថ្ម ជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រមួយ និងជាតំបន់អភិរក្សជម្រកសត្វស្លាបកម្រ និងសត្វស្លាបជិតផុតពូជ ហើយភ្ញៀវទេសចរក៏អាចទៅងូតទឹក ជិះទូកលេងកម្សាន្ត និងទស្សនាសត្វស្លាបបានផងដែរ។ នេះបើយោងតាមផេកហ្វេសប៊ុកក្រសួងបរិស្ថាន។
អាងត្រពាំងថ្ម ស្ថិតក្នុងភូមិសាស្ត្រ ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ មានចម្ងាយ ៦៦គីឡូម៉ែត្រ ពីទីរួមខេត្តបន្ទាយមានជ័យ។
អាងត្រពាំងថ្ម អាចស្តុកទឹកបានចំនួន១៨០លានម៉ែត្រគុបនៅរដូវវស្សា និងនៅរដូវប្រាំងអាចស្តុកទឹកបាន ១២០លានម៉ែត្រគុប និងជួយផ្គត់ផ្គង់ទឹកដល់ដំណាំស្រែចម្ការរបស់ប្រជាកសិករផងដែរ។
ក្រសួងបរិស្ថានបានលើកឡើងពីភាពទាក់ទាញទេសចរនៃអាងត្រពាំងថ្មដែលមានផ្ទៃទឹកធំល្វឹងល្វើយថា មានខ្យល់បរិសុទ្ធ ផាសុកភាព និងមានម្ហូបគ្រប់មុខ មាន់អាំង ទាអាំង ជាពិសេសគឺត្រីស្រស់ៗជាច្រើនប្រភេទ៕