
ទិដ្ឋភាពតាមផ្លូវដែលលម្អដោយផ្កាក្ងោកនៅភូមិល្ងឹម។ រូបថត សហការី
កំពង់ស្ពឺៈ ភូមិល្ងឹមគឺស្ថិតនៅតំបន់ស្រយាលមួយ ក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ តំបន់នោះប្រសិនបើអ្នកដំណើរមើលពីចម្ងាយនឹងឃើញទេសភាពពណ៌ក្រហមឆ្អិនលេចចេញពីភូមិលាយឡំជាមួយរុក្ខជាតិព្រៃឈើគួរឱ្យគយគន់។ ប៉ុន្តែបើពិនិត្យនៅពេលរាត្រីវិញ ទេសភាពក្នុងភូមិបានប្តូរមកជាពណ៌សអមសងខាងផ្លូវប្រៀបដូចជាកូនទីក្រុងមួយនៅក្បែរជើងភ្នំឱរ៉ាល់យ៉ាងដូច្នេះដែរ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះ គឺភូមិដាច់ស្រយាលមួយនេះកំពុងតែមានការអភិវឌ្ឍឱ្យក្លាយទៅជាភូមិកសិទេសចរណ៍មួយដោយយុវជន ១ ក្រុមហៅថា [យុវជនស្ម័គ្រចិត្តជួយសង្គមបៃតងវើរៀ] នៃតំបន់ភ្នំឱរ៉ាល់។
«ពួកយើងចង់បំផុសប្រជាជនឱ្យគាត់មានការដាំដើមឈើជំនួសការកាប់ឈើ។ ដូចនេះហើយបើគាត់ចង់បានអំពូលសូឡាគឺគាត់ត្រូវតែដាំដើមក្ងោកជាថ្នូរនឹងការផ្តល់អំពូលជូនគាត់។ ព្រៃឈើ ១ ដើមៗដែលគាត់កាប់ហើយ បើគាត់កុំកាប់វិញវាជាផ្នែក ១ នៃការទាក់ទាញភ្ញៀវទេសចរឱ្យមកលេងនៅភ្នំឱរ៉ាល់»។ នេះជាការលើកឡើងរបស់លោក តាន់ គីមសួរ ប្រធានក្រុមយុវជនស្ម័គ្រចិត្តជួយសង្គមបៃតងវើរៀប្រចាំតំបន់ភ្នំឱរ៉ាល់។
លោក តាន់ គីមសួរ បានឱ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹងថា ក្រុមយុវជនស្ម័គ្រចិត្តជួយសង្គមបៃតងវើរៀរបស់លោកមានសមាជិកប្រមាណជា ១០ នាក់ ហើយបេសកកម្មសំខាន់របស់ពួកលោកគឺផ្ដោតលើធនធានធម្មជាតិនៅភ្នំឱរ៉ាល់ដែលរហូតមកទល់ពេលនេះបានធ្វើយុទ្ធនាការអស់រយៈពេល ៥ ឆ្នាំមកហើយ ។ការផ្ដោតសំខាន់ទៅលើធនធានធម្មជាតិបែបនេះ គឺបានន័យថាទប់ស្កាត់ការកាប់ព្រៃឈើហើយបំផុស និងលើកទឹកចិត្តដល់ប្រជាសហគមន៍ឱ្យស្តារព្រៃឈើឡើងវិញ។
លោកបានបញ្ជាក់ប្រាប់ថា សកម្មភាពរបស់ក្រុមលោកគឺអប់រំប្រជាពលរដ្ឋដែលតែងចូលព្រៃកាប់ឈើ ហើយវិស័យធំ ២ ដែលក្រុមលោកកំពុងធ្វើបច្ចុប្បន្នគឺវិស័យទេសចរណ៍ពោលគឺពាក់ព័ន្ធនឹងការបំផុសឱ្យដាំដើមក្ងោក ដោយសារចង់លម្អតំបន់ហ្នឹងឱ្យកាន់តែមានភាពស្រស់ស្អាតនិងអាចទាក់ទាញភ្ញៀវទេសចរឱ្យមកដល់តំបន់នេះផងដែរ។
បើតាមលោក គីមសួរ ប៉ុន្មានឆ្នាំមកនេះ ក្រុមយុវជនរបស់លោកធ្វើការងារបានជោគជ័យគាប់ប្រសើរដែរ ពាក់ព័ន្ធនឹងការកែប្រែតំបន់ឱរ៉ាល់ដែលធ្លាប់ជាតំបន់មានការភ័យខ្លាចពីប្រជាពលរដ្ឋមួយចំនួនដែលមិនហ៊ានមកលេងតំបន់នេះ ដោយសារខ្លាចកើតជំងឺគ្រុនចាញ់ ឱ្យក្លាយជាទីគួរចាប់អារម្មណ៍ពីភ្ញៀវទេសចរ។
ករណី ១ ទៀតពាក់ព័ន្ធនឹងការឡើងភ្នំ ព្រោះភ្នំឱរ៉ាល់ជាភ្នំខ្ពស់ជាងគេនៅកម្ពុជា។ ប៉ុន្តែឥឡូវនេះតំបន់ឱរ៉ាល់កំពុងក្លាយជាតំបន់គោលដៅទេសចរណ៍ ១ គួរជាទីចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋកម្ពុជា។
លោកបន្តថា ក្រុមយុវជនស្ម័គ្រចិត្តជួយសង្គមបៃតងវើរៀរបស់លោកចង់លម្អតំបន់នោះឱ្យមានភាពស្រស់ស្អាតមានភាពទាក់ទាញថែមទៀតហើយនេះក៏ជាផ្នែក ១ ក្នុងការទាញភ្ញៀវទេសចរឱ្យមកដល់តំបន់ភ្នំឱរ៉ាល់ផងដែរ។
លោកថា៖ «អ៊ីចឹងកាលណាមានភ្ញៀវទេសចរមកលេងកម្សាន្តនៅតំបន់ហ្នឹងច្រើនគឺប្រជាពលរដ្ឋគាត់នឹងទទួលបាននូវជីវភាពមួយដែលល្អប្រសើរជាងមុនអ៊ីចឹងទៅ»។
ម្យ៉ាងទៀតក្រុមលោកចង់ប្រែក្លាយភូមិល្ងឹមឱ្យជាភូមិកសិទេសចរណ៍មួយ ហើយលោកបានផ្តល់ដើមក្ងោកដល់អ្នកភូមិដើម្បីដាំអមសងខាងផ្លូវក្នុងភូមិ បានជាង ១០០ ដើមផងដែរ ខណៈបច្ចុប្បន្នកំពុងតែចេញផ្កាយ៉ាងស្រស់ស្អាតតែម្តង។ ជាមួយគ្នានេះក្រុមរបស់លោកបានដាំបង្គោលនិងបំពាក់អំពូលសូឡាបាន ៨០ អំពូលសម្រាប់បំភ្លឺនៅពេលយប់។ ទន្ទឹមនឹងនេះ ក្រុមលោកក៏កំពុងលើកទឹកចិត្ត និងបំផុសដល់អ្នកភូមិល្ងឹមឱ្យពួកគាត់កែប្រែដីមកដាំបន្លែបង្ការ និងដាំផ្កាដើម្បីបានក្លាយជាភូមិកសិទេសចរណ៍ឱ្យភ្ញៀវមកលេងកម្សាន្ត។ ជាជំហានបន្ទាប់ទៀត ក្រុមយុវជនរបស់លោកក៏គ្រោងនឹងទិញកង់ជូនដល់អ្នកភូមិ ដើម្បីទុកសម្រាប់ជួលដល់ភ្ញៀវទេសចរដែលមកកម្សាន្តក្នុងភូមិផងដែរ។
លោកឱ្យដឹងទៀតថា៖ «ឥឡូវនេះក្រុមខ្ញុំកំពុងសិក្សាគម្រោង ១ ហើយស្នើសុំពីអាជ្ញាធរក្នុងការគាំទ្រ។ យើងចង់បង្កើតជាផ្ទះគំរូសម្រាប់ប្រជាជននៅតំបន់ហ្នឹងឱ្យគាត់ចេះតុបតែងផ្ទះលម្អគ្មានសំរាមលម្អដោយសួនផ្កានិងមានគណៈកម្មការដាក់ពិន្ទុនិងផ្តល់ថវិកាលើកទឹកចិត្តពួកគាត់ទៀត។យើងព្យាយាមទាញភ្ញៀវទេសចរឱ្យស្នាក់នៅផ្ទះរបស់ពួកគាត់ដើម្បីបានចំណូលដល់ពួកគាត់»។
យ៉ាងណាក្ដី លោក តាន់ គីមសួរ បានឱ្យដឹងដែរថា ក្រុមលោកក៏ជួបការលំបាកខ្លះដែរពាក់ព័ន្ធនឹងការពន្យល់អប់រំដល់អ្នកភូមិវ័យចំណាស់ឱ្យគាត់បោះបង់ការឡើងភ្នំកាប់ឈើបែរមកបង្កបង្កើនផលកសិកម្មក្នុងភូមិវិញ ដើម្បីប្រែក្លាយទៅជាភូមិកសិទេសចរណ៍ក្នុងការទាញភ្ញៀវមកទស្សនានិងរកប្រាក់ចំណូលតាមរយៈពីភ្ញៀវទេសចរជំនួសវិញ។ ចំពោះអំពូលសូឡាដែលក្រុមយុវជនរបស់លោកបានជួយដល់អ្នកភូមិក៏បានមកពីសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសផងដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ទេព ណែម មេឃុំត្រពាំងជោរបានឱ្យដឹងថា នៅក្បែរភូមិល្ងឹមក៏មានព្រៃសហគមន៍មួយដែរក្នុងទំហំប្រមាណជា ៥០០ ហិកតា។ នៅក្នុងព្រៃសហគមន៍នោះភ្ញៀវអាចចូលទៅកម្សាន្តមានម្លប់ត្រឈឹងត្រឈៃហើយបើបានចូលទៅទីនោះគឺត្រជាក់ចិត្តតែម្តង រីឯនៅចម្ងាយពីភូមិប្រហែល៨គីឡូម៉ែត្រមានទឹកធ្លាក់ពីភ្នំឱរ៉ាល់មកខួបប្រាំងខួបវស្សា ១ កន្លែងទៀតក៏អាចទាក់ទាញភ្ញៀវបានផងដែរ។ ម្យ៉ាងបើមានការរៀបចំជាភូមិកសិទេសចរណ៍បែបនេះលោកមានការសប្បាយចិត្ត ព្រោះប្រជាពលរដ្ឋអាចរកចំណូលបានពីភ្ញៀវបន្ថែមទៀតដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។
លោកបានថ្លែងថា៖ «ជាគោលជំហររបស់ខ្ញុំបើក្រុមយុវជននោះគាត់មកធ្វើជាតំបន់ទេសចរណ៍អីឱ្យឃុំរីកចម្រើនខ្ញុំត្រេកអរ ប៉ុន្តែបើធ្វើតាមគោលការណ៍ខ្ញុំពេញចិត្តហើយព្រោះជាចំណូលសំខាន់សម្រាប់ប្រជាជនក្នុងភូមិខ្ញុំ»៕