
សកម្មភាពភ្ញៀវមកកម្សាន្ដ និងកន្លែងទេសចរណ៍នៅតំបន់ជីផាត។ រូបថត សហគមន៍ជីផាត
កោះកុងៈ សហគមន៍អេកូទេសចរណ៍ជីផាត គឺជាឋានសួគ៌ធម្មជាតិក្នុងក្តីស្រមៃរបស់ភ្ញៀវទេសចរដែលនិយមធ្វើដំណើរកម្សាន្តបែបផ្សងព្រេង ផ្សារភ្ជាប់ជាមួយធម្មជាតិ និងភាពស្ងប់ស្ងាត់។ ស្ថិតនៅចំកណ្ដាលព្រៃស្រោងនៃតំបន់ជួរភ្នំក្រវាញ ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុងសម្រស់របស់សហគមន៍អេកូទេសចរណ៍មួយនេះបានអន្ទងចិត្តទេសចរពីគ្រប់ទិសទីបានរាប់ពាន់នាក់ក្នុង ១ ឆ្នាំៗ។
សហគមន៍ជីផាត មានសក្តានុពលទេសចរណ៍ច្រើនសន្ធឹកសន្ធាប់ដោយភ្ញៀវទេសចរ អាចកម្សាន្តជាមួយការជិះកង់ឡើងភ្នំ ដើរថ្មើរជើង ចូលព្រៃបោះតង់ ជិះកាយ៉ាក់កម្សាន្ដតាមមាត់ព្រែក ចូលល្អាងភ្នំ និងងូតទឹកជ្រោះជាដើម។ លើសពីនេះដើម្បីទទួលស្វាគមន៍ទេសចរនាដើមរដូវវស្សានេះ សហគមន៍ថែមទាំងបានត្រាយផ្លូវដើរកម្សាន្តក្នុងព្រៃថ្មីទៀតផង។
លោក អ៊ន សុវណ្ណ ប្រធានសហគមន៍អេកូទេសចរណ៍ជីផាតឱ្យដឹងថា៖ «សហគមន៍បានត្រៀមលក្ខណៈរួចរាល់ហើយ យើងត្រៀមដូចជាសម្ភារសម្រាប់ជួល យើងនៅតែត្រៀមសម្រាប់ខែវស្សានេះ សេវាកម្មស្នាក់នៅរបស់យើងក៏មានការពង្រឹងពិសេសបញ្ហាសុវត្ថិភាព បន្ទប់ស្នាក់។ សម្រាប់សហគមន៍ផ្ទាល់ក៏ពង្រឹងសមត្ថភាពសហគមន៍បន្ថែមដូចជា មគ្គុទ្ទេសក៍ទេសចរ ចុងភៅ ហើយយើងក៏មានត្រៀមសម្ភារសម្រាប់ផ្សងព្រេងដូចជា កង់ឡើងភ្នំ កាយ៉ាក់ និងទូកជាដើម»។
លោកឱ្យដឹងទៀតថា៖ «លើសពីនេះយើងក៏បានត្រួសត្រាយផ្លូវរួចរាល់ហើយសម្រាប់ឆ្នាំ ២០២៣ នេះ ទោះបីរដូវវស្សាក្តី បើទេសចរចង់មកលេងគឺអាចមកបាន យើងមានផ្លូវដើរកម្សាន្តក្នុងព្រៃថ្មីដែលទើបត្រួសត្រាយហើយ»។
ទាក់ទិនទៅនឹងចំនួនភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្តសហគមន៍អេកូទេសចរណ៍ជីផាតក្នុងឆ្នាំ ២០២៣ លោក អ៊ន សុវណ្ណ បានឱ្យដឹងថា ជាមធ្យមក្នុង ១ ខែ សហគមន៍អេកូទេសចរណ៍ជីផាត ទទួលភ្ញៀវទេសចរ ចន្លោះពី ១៥០ នាក់ ទៅ ២០០ នាក់។
យ៉ាងណាក្ដីសម្រាប់ដើមរដូវវស្សានេះ លោក អ៊ន សុវណ្ណ បានបញ្ជាក់ថា៖ «ដើមរដូវវស្សានេះភ្ញៀវទេសចរដែលមកទស្សនាតំបន់អេកូទេសចរណ៍ជីផាតរបស់យើងមានចំនួនថយចុះបន្តិច បានន័យថារដូវប្រាំងគឺគ្រាន់បើជាង ចន្លោះខែ ១ និងខែ ២ ភ្ញៀវទេសចរបុកមកលេងខ្លាំង ទាំងភ្ញៀវបរទេសនិងភ្ញៀវជាតិ»។
ចំពោះចំណូលរបស់ប្រជាកសិករនៅតំបន់នោះវិញ លោក អ៊ន សុវណ្ណ បានឱ្យដឹងដែរថា៖ «សម្រាប់ប្រជាកសិករ បច្ចុប្បន្ននេះឃើញថាពួកគាត់កាក់កបគ្រាន់បើ ឥឡូវនេះមានទុរេន សាវម៉ាវ មង្ឃុត ផ្លែប័រ ចំណែកឯផ្លែឈើក្នុងព្រៃដូចជាផ្ញៀវអីហ្នឹង គឺកសិករយើងកំពុងតែប្រមូលទិន្នផលលក់ជូនភ្ញៀវទេសចរមកលេងផ្ទាល់ និងមានកសិករខ្លះមានទាំងម៉ូយមកទិញទៀតផង។ និយាយរួមកសិផលក្នុងសហគមន៍មានការកើនឡើង ហើយតម្រូវការទីផ្សារក៏ល្អផងដែរ»។
លោកបន្តថា សម្រាប់រដូវកាលនេះ ប្រជាកសិករក្នុងសហគមន៍អេកូទេសចរណ៍ជីផាត ក៏បានចាប់ផ្ដើមដាក់ដាំបន្លែបង្ការចម្រុះ ដូចជា ពោត សណ្ដែក ត្រសក់ ស្ពៃ បន្លែ ជាពិសេសស្រូវ និងដំណាំតាមរដូវកាលមួយចំនួនទៀត។
ជាមួយគ្នានេះលោក អ៊ន សុវណ្ណ ក៏បានសំណូមពរទៅដល់ភ្ញៀវទេសចរសូមចូលមកដោយទទួលយកសេវាកម្មដែលសហគមន៍មានផ្ដល់ជូនដើម្បីជាការបន្តជួយទ្រទ្រង់ជីវភាពប្រជាសហគមន៍។
លោកបញ្ជាក់ថា ការទៅដើរកម្សាន្ដតាមបែបសហគមន៍បានកាន់តែច្រើនកាន់តែល្អ ព្រោះវាបានជួយបង្កើតការងារដល់ប្រជាជនមូលដ្ឋាន និងចូលរួមកែប្រែជីវភាពពួកគេឱ្យរីកចម្រើនក្នុងតំបន់ និងថែមទាំងបានរួមចំណែកការពារធនធានធម្មជាតិទៀតផង។
ដោយឡែកលោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានឱ្យដឹងដែរថា សម្រាប់ស្រុកជីផាតទាំងមូល បើគិតត្រឹមរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៣ ទទួលបានភ្ញៀវទេសចរជាតិជាង ១ ម៉ឺននាក់ និងភ្ញៀវបរទេសជិត ៤០០ នាក់។
លោកបានបញ្ជាក់ថា៖ «យើងទទួលបានភ្ញៀវជាតិសរុប ១២ ៧០៤ នាក់ កើនឡើង ៧ ៣៩៥ នាក់ ស្មើនឹង ១៣៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។ ចំណែកភ្ញៀវបរទេសយើងទទួលបាន ៣៩២ នាក់ កើនឡើង ២៩៨ នាក់ ស្មើនឹង ៣១៧ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២»។
បន្ថែមពីលើនេះ លោកក៏បានឱ្យដឹងដែរថា ភ្ញៀវទេសចរជាតិ និងអន្តជាតិដែលមកស្នាក់នៅ និងកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍នានានៅខេត្តកោះកុងក្នុងត្រីមាសទី១ ឆ្នាំ ២០២៣ សរុបមានចំនួន ១២១ ៤៩៨ នាក់ កើនឡើង ១៧ ៥២១ នាក់ស្មើនឹង ១៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២»។
ក្រៅពីនេះ លោកបានឱ្យដឹងថា ក្នុងរដូវវស្សានេះ មន្ទីរទេសចរណ៍ខេត្តក៏បានផ្សព្វផ្សាយដល់អាជីវករដែលបម្រើដល់វិស័យទេសចរណ៍យកចិត្តទុកដាក់ចំពោះភ្ញៀវដូចជាបដិសណ្ឋារកិច្ច សុវត្ថិភាពម្ហូបអាហារ ទីតាំងមានអនាម័យ មានតារាងតម្លៃឱ្យបានច្បាស់លាស់ ហើយមន្ទីរក៏បានផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍តាមរយៈបណ្តាញសង្គម និងការចូលពិព័រណ៍ផ្សេងៗដើម្បីទទួលស្វាគមន៍ភ្ញៀវដែលមកកម្សាន្តក្នុងខេត្តកោះកុង។
គួរជម្រាបថា សហគមន៍អេកូទេសចរណ៍ជីផាត បានបង្កើតឡើងតាំងតែពីឆ្នាំ ២០០៧ មកម្ល៉េះនិងមានប្រជាជនជាង ៦០០ គ្រួសារ ដែលកំពុងរស់នៅក្នុងសហគមន៍។
ក្នុងចំណោមប្រជាជនទាំងជាង ៦០០ គ្រួសារ គឺមានជាងពាក់កណ្ដាលទៅហើយ ដែលបានទទួលផលពីវិស័យទេសចរណ៍ដោយផ្ទាល់ឬកំពុងទទួលផលពីវិស័យទេសចរណ៍ដែលសហគមន៍មួយនេះបានផ្ដល់ឱ្យ ខណៈប្រជាជនពាក់កណ្ដាលទៀតជាអ្នកទទួលផលដោយប្រយោលតួយ៉ាងដូចជាកសិករជាដើម៕