
អ្នកទេសចរធ្វើដំណើរឆ្លងកាត់ទេសភាពនាតំបន់សហគមន៍អេកូទេសចរណ៍ភ្នំទ័ពជាងក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ រូបថត សហគមន៍អេកូទេសចរណ៍ភ្នំទ័ពជាង
ខេត្តកោះកុងៈ ជាទីឋានដ៏ស្រស់ស្អាតលាក់ខ្លួនកណ្ដាលព្រៃ ភាគនិរតីនៃតំបន់ជួរភ្នំក្រវាញកម្ពុជា សហគមន៍អេកូទេសចរណ៍ភ្នំទ័ពជាងដែលមានសក្តានុពលទេសចរណ៍ដ៏សម្បូរបែបមានទីតាំងស្ថិតនៅភូមិព្រះអង្គកែវ និងភូមិបាក់អង្រុត ក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានផ្ទៃដីទំហំ ៣ ០៩៣ ហិកតា និងមានប្រជាជនរស់នៅជាង ៣០០ គ្រួសារ។
ភ្នំទ័ពជាងដែលលាតសន្ធឹងលើដៃសមុទ្រឆកកំពង់សោមដែលស្ថិតនៅស្រុកស្រែអំបិល បង្កប់ទៅដោយសក្តានុពលធម្មជាតិចម្រុះដ៏សម្បូរបែបដែលជាទីឋានទេសចរណ៍ដ៏អស្ចារ្យ និងជាទីឋានក្នុងក្តីប្រាថ្នារបស់ទេសចរដែលនិយមការដើរកម្សាន្តបែបធម្មជាតិ បោះជំរំ លេងទឹកធ្លាក់ និងទស្សនាសត្វព្រៃជាដើម។
សហគមន៍អេកូទេសចរណ៍ភ្នំទ័ពជាងមានសក្តានុពលទេសចរណ៍ជាច្រើនដូច វាលស្មៅពណ៌មាស ស្ទឹងពង្រូលក្រោមស្ទឹងពពក ភ្នំយាយជី ឆាយខ្សែភ្លើង ថ្មវិហារ រូងតាងួន និងវាលថ្មអណ្តើកជាដើម ដែលសុទ្ធសឹងជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ។
បច្ចប្បន្ននេះ ប្រជាសហគមន៍ក្នុងតំបន់ការពារធម្មជាតិភ្នំទ័ពជាងមានជីវភាពប្រសើរឡើង តាមរយៈកំណើនទេសចរ និងចំណូលពីផលានុផលព្រៃឈើ។
បើតាមអ្នកស្រី ឃុត ភៀង ប្រធានសហគមន៍អេកូទេសចរណ៍ភ្នំទ័ពជាង ចាប់តាំងពីដើមឆ្នាំ២០២៣មក សហគមន៍ទទួលបានភ្ញៀវទេសចរកើនឡើងជាលំដាប់។ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៣ សហគមន៍ទទួលបានភ្ញៀវទេសចរសរុបចំនួន ៤ ០៣១នាក់ ដែលភាគច្រើនមកទស្សនាកម្សាន្តជាលក្ខណៈគ្រួសារ និងមកជាក្រុម។
អ្នកស្រី ឃុត ភៀង បានបញ្ជាក់ទិន្ឋន័យប្រចាំខែនីមួយៗឱ្យដឹងថាក្នុងខែមករា សហគមន៍ទទួលបានទេសចរចំនួន ១ ៤០០នាក់ ស្ត្រី៦៦៥នាក់ បរទេស ១៥នាក់។ ខែកុម្ភៈ សហគមន៍ទទួលបានទេសចរចំនួន ៣៧០នាក់ ស្ត្រី ១៧២ បរទេស ៣នាក់។ ខែមីនា សហគមន៍ទទួលបានទេសចរចំនួន ៤៩១នាក់ ស្ត្រីមាន ១៩១នាក់ បរទេសមាន ៤១នាក់។ ខែមេសា សហគមន៍ទទួលបានទេសចរចំនួន ១១០៣នាក់ ក្នុងនោះស្ត្រីមាន ១៩១ បរទេសមាន ៤១នាក់ និងខែឧសភា សហគមន៍ទទួលបានទេសចរចំនួន ៦៦៧នាក់ ស្ត្រីមាន ៣១៤នាក់ ជនបរទេស ៧នាក់។
ដោយឡែកសម្រាប់ការប្រមូលផល-អនុផលព្រៃឈើប្រកបដោយចីរភាពវិញ អ្នកស្រី ប្រធានសហគមន៍ក៏បានឱ្យដឹងថា វាបានរួមចំណែកជួយជីវភាពប្រជាសហគមន៍បានរហូតដល់ទៅ ៣០ភាគរយឯណោះ។
អ្នកស្រី ឃុត ភៀង បន្តថា៖ «បច្ចុប្បន្នប្រជាសហគមន៍ មានចំនួន ៣២៧គ្រួសារ ក្នុងនោះ គ្រួសារប្រមាណ ៣០ភាគរយពឹងផ្អែកទៅលើការប្រមូល ឬការកែច្នៃអនុផលព្រៃឈើលក់។ ចំណែកឯប្រមាណ ៥០ភាគរយទៀតពឹងផ្អែក និងទទួលរកចំណូលពីសេវាកម្មទេសចរណ៍»។
អ្នកស្រី បន្តឱ្យដឹងថា ចាប់តាំងពីដើមឆ្នាំ២០២៣នេះ សហគមន៍ទទួលបានទិន្ឋផលជាច្រើនពីអនុផលព្រៃឈើ និងការកែច្នៃផលិតផលជាច្រើនដូចជា កន្ត្រងកែច្នៃស្ត្រី ឫស្សីស្រស់ ឱសថបុរាណចម្រុះ ទឹកឃ្មុំ ផ្តៅស្រស់ តុ កៅអីឫស្សី ផ្សិតប៉ក់ យុះឫស្សី និងផ្លែកុយ។
អ្នកស្រី ឃុត ភៀង បញ្ចាក់ថា៖ «ទិន្ឋន័យរួមអំពីចំណូលសរុបពីអនុផលព្រៃឈើ និងការកែច្នៃដែលសហគមន៍ទទួលបាន គិតជាទឹកប្រាក់ស្មើនឹង៨៨,៩២លានរៀល»។
សហគមន៍ក៏មានផ្តល់សេវាកម្មទេសចរណ៍ជាច្រើនដូចជា ផ្ទះស្នាក់ សម្រាប់ភ្ញៀវក្រុមម៉ូតូឌុបសហគមន៍ ក្រុមចុងភៅ ក្រុមនាំភ្ញៀវ បោះតង់ ជូនភ្ញៀវ និងក្យូសកម្សាន្តជាដើម។
ដោយឡែក បើតាមលោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បើគិតត្រឹមរយៈពេល ៥ខែដំបូងនៃឆ្នាំ ២០២៣ ខេត្តកោះកុង ទទួលបានភ្ញៀវទេសចរជាតិ និងអន្តជាតិប្រមាណជាង ១២ ម៉ឺននាក់ ដែលកើនឡើង១៧ភាគរយ។
លោក សុខ ចាន់គ្រឹះស្នា បានបញ្ជាក់ថា «ភ្ញៀវទេសចរជាតិ និងអន្តជាតិដែលមកស្នាក់នៅ និងកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍នានានៅខេត្តកោះកុង ក្នុងត្រីមាសទី១ឆ្នាំ២០២៣ សរុបមានចំនួន ១២១ ៤៩៨ នាក់ កើនឡើង ១៧ ៥២១ នាក់ ស្មើនឹង ១៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២»៕