
ទឹកជ្រោះពពកវិល។ រូបថត សហការី
ក្រុងបូកគោ៖ ភ្នំបូកគោ ជាកំណប់នៃអច្ឆរិយៈធម្មជាតិដែលទាក់ទាញភ្ញៀវទេសចរពីទីជិតឆ្ងាយ។ ចាប់ពីទឹកធ្លាក់ដ៏អស្ចារ្យ រហូតដល់កន្លែងសមាធិដ៏ស្ងប់ស្ងាត់ ភ្នំបូកគោផ្តល់នូវបទពិសោធន៍ប្លែកៗជាច្រើនសម្រាប់អ្នកស្វែងរកការផ្សងព្រេង និងអ្នកដែលចូលចិត្តធម្មជាតិសម្រាកលំហែកាយ។
ថ្មមុខយក្ស ឬអ្នកថែរក្សាព្រៃ
ថ្មមុខយក្ស ស្ថិតនៅតាមផ្លូវឡើងភ្នំបូកគោ ត្រង់គីឡូម៉ែត្រលេខ ១០។ ភ្ញៀវទេសចរ ឡើងមកដល់ទីនេះ តែងឈប់សម្រាកគយគន់ និងផ្តិតយករូបភាពដ៏ចម្លែកអស្ចារ្យរបស់ផ្ទាំងថ្មដែលមានសណ្ឋានជាមុខ មនុស្សធំ ហើយត្រូវបានគេដាក់ឈ្មោះឲ្យថា «ថ្មមុខយក្ស» ឬហៅម្យ៉ាងទៀតថា «អ្នកថែរក្សាព្រៃ»។

ថ្មមុខយក្ស ស្ថិតនៅតាមផ្លូវឡើងភ្នំបូកគោ ត្រង់គីឡូម៉ែត្រលេខ ១០។ រូបថត ហុង រស្មី
លោក ធឿន ប៊ុនថន ប្រធានផ្នែកលក់នៃរមណីយដ្ឋាន សុខាឋានសួគ៌ បាននិយាយថា៖ «នៅទីនេះ ភ្ញៀវទេសចរ មើលឃើញទិដ្ឋភាពក្រុងកំពតនៅពេលថ្ងៃ ឬពេលរាត្រី។ កាលពីមុន ថ្មមុខយក្សនេះ ជាទីកន្លែងដែលអ្នកដើរព្រៃ និងអ្នកធ្វើដំណើរនានាគោរពបន់ស្រន់សុំសេចក្តីសុខ»។
ទឹកជ្រោះពពកវិល
ទឹកជ្រោះពពកវិល ត្រូវបានដាក់ឈ្មោះតាមតថភាពនៃទីកន្លែងដែលមានទឹកធ្លាក់ពីរជាន់ និងដុំពពករសាត់ អណ្តែតពីលើជាប់មិនលោះពេល។
នៅរដូវវស្សា សន្ធឹកទឹកជ្រោះពពកវិលហូរធ្លាក់លាន់លីកងរំពងពេញព្រៃ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកងូតទឹកលេងកម្សាន្ត និងផ្តិតយករូបភាពដ៏សម្រស់បំព្រងនៃទឹកជ្រោះពពកវិល និងព្រៃព្រឹក្សាធំៗដុះសងខាងមាត់ជ្រោះ។
នៅរដូវប្រាំង ភ្ញៀវទេសចរ អាចចុះដល់បាតជ្រោះ ដើរគយគន់ផ្ទាំងថ្មតូចធំខ្លះ ហាក់ដូចជាគេកាត់យកមកតម្រៀបលើគ្នាហាក់បីដូចជាផ្ទាំងគំនូរ អមដោយដើមឈើធំៗប្របមាត់ជ្រោះដែលផ្តល់ជាម្លប់ដ៏ត្រជាក់ត្រឈឹងត្រឈៃ ថាមពល និងអារម្មណ៍ស្រស់ថ្លាដល់ភ្ញៀវទេសចរ។
លោក ប៊ុនថន បាននិយាយថា៖ «នៅទីនេះភ្ញៀវទេសចរអាចរកទិញអាហារនិងភេសជ្ជៈបែបខ្មែរ នៅភោជនីយដ្ឋានទឹកជ្រោះពពកវិល ទទួលទានសប្បាយរីករាយជាមួយក្រុមគ្រួសារ»។
ទំនប់ទឹក ឬបឹង
ទំនប់ទឹក ស្ថិតនៅចម្ងាយប្រមាណ ៥គីឡូម៉ែត្រពីសណ្ឋាគារឋានសួគ៌បូកគោ ដែលជាអាងស្តុកទឹកស្អាត ពីធម្មជាតិ។

ទំនប់ទឹក ស្ថិតនៅចម្ងាយប្រមាណ ៥គីឡូម៉ែត្រពីសណ្ឋាគារឋានសួគ៌បូកគោ ដែលជាអាងស្តុកទឹកស្អាត ពីធម្មជាតិ។ រូបថត លាង ផានណារ៉ា
ទំនប់នេះមានបណ្តោយប្រវែង ១៤០ ម៉ែត្រ និងទទឹងប្រវែង៥ ម៉ែត្រ និងជម្រៅ ៨,៥ ម៉ែត្រ ដែលអាចស្តុកទឹកបាន ៤៤ ម៉ឺនម៉ែត្រគូប។ បច្ចុប្បន្ន ក្រុមហ៊ុនបានរៀបចំទីនេះ ជាតំបន់ទេសចរណ៍សម្រាប់ភ្ញៀវទេសចរជិះទូកកាយៈ ទូកក្ងាន អ៊ូប័រ និងស្ទូចត្រី។
ចំណែកឯមាត់បឹងវិញជាទីតាំងដ៏ស្រស់ស្អាតសម្រាប់អង្គុយលំហែបែបរ៉ូមែនទិក រៀបចំបោះតង់ អាហារបេប៊ីឃ្យូ កម្មវិធីជួបជុំរាំលេងកម្សាន្តផ្សេងៗ ជាពិសេសទេសចរនិយមចូលចិត្តគយគន់ទេសភាពថ្ងៃរៀបលិច និងថ្ងៃរះយ៉ាងស្រស់ស្អាតនៅទីនេះផងដែរ។
លោក ប៊ុនថន បានបន្ដថា៖ «ទឹកបឹងនេះ និងបរិស្ថានជុំវិញមានការថែទាំយ៉ាងយកចិត្តទុកដាក់ខ្ពស់ បំផុតដោយហាមទេសចរចុះងូតទឹក ចោលសំរាមចូលបឹង ឬលាងដៃឡើយព្រោះជាប្រភពទឹកភ្លៀងធម្មជាតិដែលយើងប្រើប្រាស់សម្រាប់ផលិតចេញជាទឹកបរិសុទ្ធឋានសួគ៌បូកគោ ក៏ដូចជាទឹកស្អាត សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់នៅក្នុងសណ្ឋាគារផងដែរ»។
វាលស្រែ១០០
វាលស្រែ ១០០ ស្ថិតនៅចម្ងាយ ៧ គីឡូម៉ែត្រពីសណ្ឋាគារឋានសួគ៌បូកគោ ដែលភ្ញៀវទេសចរ អាចធ្វើដំណើរទៅទស្សនាដោយងាយស្រួលតាមរុក្ខវិថីគិរីតេជោសែនជ័យ។
ភ្ញៀវទេសចរដែលមិនធ្លាប់បានទៅទស្សនានឹងមានការភ្ញាក់ផ្អើលចំពោះទេសភាពជាមួយ ឈ្មោះវាលស្រែ១០០ សម្គាល់អំពីទីឋានដែលមានផ្ទាំងថ្ម ដុះរដិបរដុបខណ្ឌចែកវាលស្មៅជាជួរៗដ៏ធំល្វឹងល្វើយ មើលទៅដូចជាវាលស្រែមានដីអាចម៍បំណះ។
លោក ប៊ុនថន បានបន្ថែមទៀតថា៖ «ពេលក្រោយភ្លៀងម្តងៗទីនេះមានសូរស័ព្ទសំឡេងកូនក្អាត់ កង្កែប យំឆ្លើយឆ្លងគ្នាដូច នៅតាមវាលស្រែពិតប្រាកដ។ ទិដ្ឋភាពជាក់ស្តែងបែបនេះហើយទើបចាស់ទុំនៅក្នុងតំបន់នេះបានកំណត់ហៅឈ្មោះទីតាំងនេះថា វាលស្រែ១០០»។

វាលស្រែ ៥០០
វាលស្រែ ៥០០ ស្ថិតនៅចម្ងាយ ១៧គីឡូម៉ែត្រពីសណ្ឋាគារឋានសួគ៌បូកគោ ដោយធ្វើដំណើរតាមរថយន្ត តូចធំលើផ្លូវកៅស៊ូ និងបេតុងប្រហែល ៣០នាទី។
ដូចគ្នានឹងការដាក់ឈ្មោះវាលស្រែ១០០ ដែរ វាលស្រែ ៥០០ ជាឈ្មោះសម្គាល់តំបន់ព្រៃភ្នំធម្មជាតិដ៏ស្រស់ស្អាតចម្លែកភ្នែកនៃផ្ទាំងថ្មតូចធំជាច្រើន ដែលមានសណ្ឋានជាសត្វ ឬវត្ថុនានារាយពាសពេញ ព្រមទាំងផ្កាបំពង់ក្រឡោម ផ្កាអ័រគីដេព្រៃ ដើមស្រូយ និងមេអំបៅជាច្រើនប្រភេទ តាក់តែងលម្អទីឋាននេះឱ្យកាន់តែស្រស់ស្អាតថែមទៀត។
ប្រធានផ្នែកទីផ្សារ លោក ប៊ុនថន បានលើកឡើងថា៖ «នៅពេលធ្វើដំណើរដោយថ្មើជើង ឬម៉ូតូចូលព្រៃជ្រៅបន្តិច ភ្ញៀវទេសចរ នឹងចាប់ចិត្តដិតអារម្មណ៍កាន់តែខ្លាំង គយគន់ធម្មជាតិដ៏ល្អប្លែកអស្ចារ្យបីដូចនៅឋានសួគ៌»។
ថ្មប្រាសាទ
មានទីតាំងស្ថិតនៅក្នុងតំបន់វាលស្រែ៥០០ ដំណើរថ្មើជើងពីផ្លូវបេតុង ភ្ញៀវទេសចរនឹងប្រទះឃើញផ្ទាំងថ្មធម្មជាតិមានអាយុកាលរាប់រយឆ្នាំដែលមានសាច់ថ្មខាងក្នុងជាល្បាយខ្សាច់សុទ្ធសាធ ដោយដុះតម្រៀបគ្នាស្ទើរពាសពេញវាលដែលមានទ្រង់ទ្រាយភាគច្រើនគឺខាងក្រោមដូចជញ្ជាំងប្រាសាទនិងផ្នែកខាងលើស្រួចឡើងលើដូចកំពូលប្រាសាទ។

ថ្មប្រាសាទ។ រូបថត ហុង រស្មី
ចំណែកឯថ្មខ្លះទៀតក៏មានរូបរាងផ្សេងៗយ៉ាង ចម្លែក និងគួរជាទីចាប់អារម្មណ៍សម្រាប់ទេសចរគយគន់ទស្សនា។ ទិដ្ឋភាពជាក់ស្តែងបែបនេះហើយទើប ចាស់ទុំនៅក្នុងតំបន់នេះលោកបានកំណត់ហៅឈ្មោះទីតាំងនេះថា ថ្មប្រាសាទ។
វាលផ្កាបំពង់ក្រឡោម
នៅក្នុងតំបន់វាលស្រែ ៥០០ ជាទីតាំងអំណោយផលជាងគេសម្រាប់រុក្ខជាតិប្រភេទនេះរីកលូតលាស់ ចូលក្នុងបន្តិចពីផ្លូវបេតុងនោះ ទេសចរនឹងឃើញប្រភេទផ្កាដ៏កម្រនេះរីករហង់។ វាជា ប្រភេទរុក្ខជាតិវល្លិ៍មានអាយុកាលចន្លោះពី ៦ខែទៅ ១ឆ្នាំទើបស្រពោន និងងាប់ទៅវិញ។

វាលផ្កាបំពង់ក្រឡោម។ រូបថត ហុង រស្មី
ពេលចេញផ្កា ដំបូងមានទំហំប៉ុននឹងមេជើង ហើយផ្កានេះមានទឹកធម្មជាតិដក់ជាប់នៅខាង ក្នុងទងសម្រាប់ទ្រទ្រង់ការលូតលាស់របស់វា។ ពេលរីកលូតលាស់ធំទើបផ្កានេះបើកគម្របខាងលើ និងរំលេចពណ៌ផ្កាឈូកយ៉ាងស្រស់ស្អាតគួរជាទីទស្សនាសម្រាប់ទេសចរ។
លោក ប៊ុនថន បាននិយាយថា៖ «ជាចំណាំពេលវេលាដែលប្រភេទ ផ្កានេះរីកលូតលាស់ល្អគឺអំឡុងពេលថ្ងៃមានពន្លឺព្រះអាទិត្យរះល្អ និងពេលយប់មានអាកាសធាតុត្រជាក់ល្មម។ ពេលមានភ្លៀងធ្លាក់ច្រើន វាមិនមានចេញផ្កាច្រើនទេគឺនៅសល់តែទង និងស្លឹកប៉ុណ្ណោះ»។
ក្លោងទ្វារមេឃ
នេះជាតំបន់ទេសចរណ៍មួយក្នុងចំណោមតំបន់ទេសចរណ៍ជាច្រើនទៀតនៅលើភ្នំបូកគោ។ ថ្មសងខាង មានសណ្ឋានស្រដៀងនឹងក្លោងទ្វារ ហើយវាបានត្រូវគេឲ្យឈ្មោះថាច្រកទ្វាររវាងឋានមនុស្ស និងឋានសួគ៌តាំងពីដើមរហូតមកដល់បច្ចុប្បន្ននេះ។

ក្លោងទ្វារមេឃ។ រូបថត ហុង រស្មី
លោក ប៊ុនថង បានរៀបរាប់ថា៖ «ទីនេះក៏មានអត្ថន័យទាក់ទងទៅនឹងដំណើរជីវិតរបស់ មនុស្សលោកតែងមានសុខ និងទុក្ខរួមដំណើរជាមួយគ្នាជានិច្ច។ ពេលដែលទេសចរមកដល់ទីនេះ ពួកគាត់អាចធ្វើការបន់ស្រន់ រួចដើរឆ្លងក្លោងទ្វារមេឃនេះដើម្បីសុំមកវិញនូវសេចក្តីគាប់ប្រសើរដែលខ្លួនមានបំណងប្រាថ្នាចាប់ពីពេលនេះតទៅ»។
ទីតាំងសមាធិ និងល្អាងទឹកអម្រិតស័ក្តិសិទ្ធិ
ភ្នំបូកគោត្រូវបានចាត់ទុកថាជាតំបន់សមាធិដ៏ស័ក្តិសិទ្ធិមួយក្នុងប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងតំបន់វាលស្រែ៥០០ និងប្រវាំងកូន។
សម្រាប់ទីតាំងសមាធិនៅក្នុងតំបន់វាលស្រែ៥០០គឺបែរមុខចំលំហូខ្យល់បក់ចេញពីខ្នងភ្នំរាប់រយតភ្ជាប់តាំងពីខេត្តកំពង់ស្ពឺរហូតដល់ខេត្តកំពត ដែលធ្វើឱ្យគុណភាពខ្យល់ពោរពេញទៅដោយអុកស៊ីហ្សែនយ៉ាងល្អសម្រាប់សុខភាពសួត។

ទីតាំងសមាធិ និងល្អាងទឹកអម្រិតស័ក្តិសិទ្ធិ។ រូបថត ហុង រស្មី
លោក ប៊ុនថន បានបន្ថែមទៀតថា៖ «ក្រុមភ្ញៀវទេសចរដែលនិយមចូលចិត្ត និងមានជំនឿលើការតាំងសមាធិ ភាពស្ងប់ស្ងាត់ជាមួយធម្មជាតិ កាត់បន្ថយស្ត្រេស និងភាពតានតឹងផ្សេងៗ ពួកគាត់តែងតែមកទីនេះជាប្រចាំ»។
នៅខាងក្រោមផ្ទាំងថ្មដ៏ធំមានទីតាំងសម្រាប់ជ្រកអាស្រ័យពេលយប់ ឬសម្រាប់ជ្រកភ្លៀង និងមានល្អាងទឹកអម្រិតដ៏ស័ក្តិសិទ្ធិមួយកន្លែងមានទឹកសម្រាប់ដងប្រើប្រាស់មិនដែលរឹងស្ងួតគ្រប់រដូវ។ អ្នកមានជំនឿទាំងឡាយតែងមកបួងសួងសុំទឹកអម្រិតនោះយកមកប្រោះព្រំព្យាបាលជំងឺដង្កាត់ផ្សេងៗតាមជំនឿរៀងៗខ្លួន៕