The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កម្សាន្ត​តាម​រូង និង​បណ្តុះ​ភាព​ក្លាហាន ជាមួយ​កីឡា​ឡើង​ភ្នំ​ព្រឺឆ្អឺង​ដំបូង​នៅ​ខេត្ត​កំពត

កម្សាន្ត​តាម​រូង និង​បណ្តុះ​ភាព​ក្លាហាន ជាមួយ​កីឡា​ឡើង​ភ្នំ​ព្រឺឆ្អឺង​ដំបូង​នៅ​ខេត្ត​កំពត

កំពត៖ Climbodia គឺជា​កីឡា​ទេសចរណ៍​ឡើង​ភ្នំ​ដ៏​ព្រឺព្រួច​ ដែល​ភ្ញៀវ​ទេសចរ អាច​មក​កម្សាន្ត ជម្រុះ​ការ​ភ័យ​ខ្លាច បណ្តុះ​ចិត្ត​ក្លាហាន និង​ភ្លក្ស​ពិសោធន៍​ថ្មីៗ​ផ្សង​ព្រេង​ក្នុង​រូង​ភ្នំ ទស្សនា​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​ប្លែក​ភ្នែក និង​កម្រ​បាន​ជួប​ដូច​ជា ថ្មដុះ ថ្ម​រូប​សត្វ សំណង់​ប្រាង្គ​ប្រាសាទ​បែក​បាក់ ទី​សក្ការៈ​បូជា រុក្ខជាតិ​ដុះព័ទ្ធ​ផ្ទាំង​ថ្មដា និង​ទិដ្ឋភាព​ខេត្ត​កំពត​ទាំង​មូល ពី​លើ​កំពូល​ភ្នំ។

លោក អោក សីហា អ្នក​ចាត់​ការ​ទូទៅ​របស់ Climbodia បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ពី​មូលហេតុ​នៃ​ការ​បង្កើត​កីឡា​ទេសចរណ៍​ឡើង​ភ្នំ​នេះ​ថា៖ «ដំបូង​មេ​ខ្ញុំ គាត់​ជា​ជន​បរទេស មក​ដើរ​លេង​នៅ​ខ្មែរ គាត់​បាន​មក​លេង​នៅ​រួងភ្នំ​បុរេ​ប្រវត្តិ​ក្បាល​រមាស​នេះ ពេល​នោះ​គាត់​បាន​ឃើញ​ភ្នំ​នេះ​មាន​លក្ខណៈ​ល្អ បែប​ធម្មជាតិ ត្រូវ​ជាមួយ​កីឡា​ឡើង​ភ្នំ ដែល​កីឡា​នេះ​នៅ​ប្រទេស​ផ្សេង​ក្នុង​ពិភពលោក​គេ​ស្គាល់ ហើយ​គេ​ចួល​ចិត្ត​ណាស់ អញ្ចឹង​គាត់​មាន​គំនិត​មួយ​បង្កើត​កីឡា​ទេសចរណ៍​ឡើង​ភ្នំ​នេះ ព្រោះ​វា​ថ្មី​ប្លែក អត់​ទាន់​មាន​ទេ​នៅ​កំពត ស្រប​ពេល​ដែល​កំពត​មាន​តំបន់​ទេសចរ​កម្សាន្ត​ជាច្រើន»។

អ្នក​ចាត់​ការ​វ័យ ២៥ ឆ្នាំ​រូប​នេះ បាន​ឲ្យ​ដឹង​ពី​ប្រវត្តិ​ភ្នំ​បុរេ​ប្រវត្តិក្បាល​រមាស​ថា បើ​តាម​ចាស់ៗ​និយាយ​ប្រាប់​ថា កន្លែង​នេះ​ជា​តំបន់​សមរភូមិ ចំណែក​ភ្នំ​នេះ​ជា​កន្លែង​លាក់​កាំភ្លើង​ធំ ហើយ​ប្រជាជន​មួយ​ចំនួន​បាន​ភាស​ខ្លួន ឬ លាក់​ខ្លួន​មក​នៅ​ក្នុង​រូង​ភ្នំ​នេះ ដើម្បី​រក​ទៅ​កន្លែង​សុវត្ថិភាព ព្រោះ​ទីតាំង​នេះ​នៅ​ជិត​បន្ទាយ​ខ្មែរ​ក្រហម ប៉ុន្តែ​បច្ចុប្បន្ន​ទីនេះ បាន​ប្រែ​ក្លាយ​ជា​ទី​កម្សាន្ត​សម្រាប់​ប្រជាជន​ខ្មែរ និង​បរទេស​ដែល​ខុស​ឆ្ងាយ​កាល​ពី​មុន។

អ្នក​ចាត់​ការ​ទូទៅ​សម្បុរ​ស្រអែម​រួប​នេះ បន្ត​ថា Climbodia បង្កើត​នៅ​ក្នុង​ឆ្នាំ ២០១៣ និង​ដាក់​ឈ្មោះ​ថា Climbodia បែប​នេះ ព្រោះ​ចង់​បង្ហាញ​ថា កីឡា​ឡើង​ភ្នំ​នេះ ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ចំណែក​ភ្នំ​នេះ​មាន​លក្ខណៈ​ពិសេស ដោយសារ​ជា​ភ្នំ​កំបោរ និង មាន​ជាតិ​ទឹក ដែល​ត្រូវ​ជាមួយ​កីឡា​ឡើង​ភ្នំ ព្រោះ​ថ្ម​កំបោរ ងាយ​ស្រួល​ក្នុង​ការ​រៀប​ចំ​បំពាក់​ឧបករណ៍​នៃ​ការ​ឡើង​ភ្នំ ប្រកប​ដោយ​សុវត្ថិភាព និង​រឹងមាំ ដែល​ខុស​ពី​ប្រភេទ​ថ្ម​ដ៏ទៃ​ដែល​ស្រួយ និង​មិន​មាន​សុវត្ថិភាព។

បង្កើត​ឡើង​ដំបូង Climbodia មាន​សមាជិក​តែ ២ នាក់​ប៉ុណ្ណោះ ដោយ​ត្រូវ​សហការ​គ្នា​រៀប​ចំ​បំពាក់​ឧបករណ៍ ក៏​ដូចជា​ខ្សែ​កាប​ជាប់​ទៅ​នឹង​ភ្នំ និង​ត្រូវ​ពិនិត្យ​មើល​ការ​ខុស​ត្រូវ​ដើម្បី​ធានា​សុវត្ថិភាព និង​ត្រូវ​ផ្សព្វ​ផ្សាយ​កីឡា​ថ្មី​មួយ​នេះ ឲ្យ​ភ្ញៀវ​ទេសចរ​បាន​ដឹង បាន​ស្គាល់។

លោក សីហា រំលឹក​ពី​ការ​រៀន​ឡើង​ភ្នំ​ដំបូង​ថា៖ «ខ្ញុំ​ក៏​អត់​ចេះ​ឡើង​ភ្នំ​ទេ តែ​មេ​ខ្ញុំ គាត់​បង្រៀន ឲ្យ​ឡើង​ដើម​ឈើ បន្ទាប់​មក​គាត់​ឲ្យ​ខ្ញុំ​រៀន​ឡើង​ភ្នំ​តែ​ម្តង ខ្ញុំ​ឡើង​ទាំង​ភ័យ​ផង ខ្លាច​ផង ហើយ​ជាពិសេស​ពេល​ទម្លាក់​ខ្លួន​មក ចង់​យំផ​ង ស្រែក​ផង​ទៀត តែ​យូរៗ​ទៅ​លែង​ខ្លាច ហើយ​ឡើង​ភ្នំ​សប្បាយ​ណាស់។ បើក​ដំណើរ​ការ​បាន ៣ ឆ្នាំ​ដំបូង អត់​សូវ​មាន​ភ្ញៀវ​ទេ មាន​អ្នក​ស្គាល់​ពី​កីឡា​ឡើង​ភ្នំ​នេះ​តិច​តួច​ណាស់ តែ​ទើប​ប៉ុន្មាន​ឆ្នាំ​នេះ​ភ្ញៀវ​ចាប់​ផ្តើម​ស្គាល់ និង​ចាប់​អារម្មណ៍​មក​លេង​ច្រើន ដោយសារ​តែ​មាន​ការ​ផ្សព្វ​ផ្សាយ​តាម​ស្ទីកគ័រ បណ្តាញ​សង្គម និង​ហ្វេសប៊ុក»។

ឧបករណ៍​ដែល​បំពាក់​លើ​ផ្ទាំង​ថ្ម និង​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​ឡើង​ភ្នំ សុទ្ធ​សឹង​ជា​ផលិតផល​របស់​ប្រទេស​បារាំង ដែល​មាន​គុណភាព​ខ្ពស់ និង​សុវត្ថិភាព បន្ថែម​ពី​អ្នក​ក្រុម​ការ​របស់​ Climbodia តែងតែ​ធ្វើ​ការ​ពិនិត្យ​មើល​ឧបករណ៍​ទាំង​នេះ​យ៉ាង​ហ្មត់ចត់ មុន​នឹង​ធ្វើ​ការ​ឡើង ដើម្បី​ប្រាកដ​ថា គ្មាន​បញ្ហា ឬ ឧបសគ្គ និង​ធានា​សុវត្ថិភាព​ជូន​ដល់​ភ្ញៀវ​ទេសចរ។

Climbodia មាន​សេវាកម្ម​សម្រាប់​អ្នក​ឡើង​ភ្នំ​ដូចជា The Discovery Tour តម្លៃ ៤០ដុល្លារ Khmer highlight Tour តម្លៃ ២៥ ដុល្លារ Initiation Climbing តម្លៃ ២៥ ដុល្លារ Rock Climbing តម្លៃ ៤០ ដុល្លារ The Mix តម្លៃ ៤០ ដុល្លារ និង lead climbing course តម្លៃ ៤៥ ដុល្លារ។

សេវា​ឡើង​ភ្នំ​កម្សាន្ត​រួម​មាន ការ​ឡើង​ភ្នំ​ដែល​មាន​ខ្សែ​ពួរ​ជំនួយ​កម្ពស់ ៣០ ម៉ែត្រ ការ​ឡើង​ភ្នំ​ដោយ​ប្រើ​ខ្សែ​កាបកិប ការ​ទម្លាក់​ខ្លួន​ចុះ​មក​ដី​ពី​លើ​ភ្នំ​ដោយ​ប្រើ​ខ្សែពួរ និង​ខ្សែ​កាបកិប ការ​កម្សាន្ត​ក្នុង​រួង​ភ្នំ និង​ការ​ឡើង​ភ្នំ​ដោយ​ប្រើ​ខ្សែ​កាបកិប និង សេវាកម្ម​បង្រៀន​ជំនាញ​ឡើង​ភ្នំ។ កញ្ចប់​សេវាកម្ម​នីមួយៗ បាន​បែងចែក​ពី​ការ​កម្សាន្ត និង​ចំនួន​ពេល​វេលា​ខុស​គ្នា អាស្រ័យ​លើ​ការ​ជ្រើសរើស​កញ្ចប់​សេវា​របស់​ភ្ញៀវ។

លោក សីហា និយាយ​ថា៖ «មុន​នឹង​ឲ្យ​ភ្ញៀវ​ឡើង​ភ្នំ ក្រុម​ការងារ​ខ្ញុំ ពន្យល់​ភ្ញៀវ​ពី​របៀប​ប្រើ​ប្រាស់​ឧបករណ៍ ដើម្បី​ធានា​សុវត្ថិភាព ហើយ​ពេល​ឡើង​ភ្នំ យើង​ក៏​នៅ​ជាមួយ​ពួកគាត់​ដែរ ដើម្បី​មើល​ការ​ខុស​ត្រូវ ជាពិសេស យើង​លើក​ទឹក​ចិត្ត​ពួកគាត់​ឲ្យ​ក្លាហាន ព្រោះ​អ្នក​ខ្លះ​ខ្លាច ខ្លះ​ភ័យ តែ​ពេល​គាត់​អាច​ធ្វើ​បាន គាត់​សប្បាយ​ចិត្ត គាត់​មិន​នឹក​ស្មាន​ថា គាត់​អាច​ធ្វើ​បាន អាច​តាំង​ពី​ដំណើរ​មក​អត់​ដែល​មាន​បញ្ហា​ទេ ហើយ​ម៉្យាង​ទៀត​ពេល​ឡើង​មក​ដល់​លើ​ភ្នំ យើង​រៀបរាប់​ពី​ទីតាំង​ស្អាតៗ ហើយ​ភ្ញៀវ​អាច​ថត​រូប ឬ​វីដេអូ​ទុក​ជា​អនុស្សាវរីយ៍​បាន​ទៀត»។

សីហា បន្ថែមថា៖ ការ​កម្សាន្ត​មួយ​បែប​ទៀត​ដែល​ភ្ញៀវ​ចូល​ចិត្ត គឺ​ការ​កម្សាន្ត​ក្នុង​រូង​ភ្នំ ដែល​ជា​ទីតាំង​ពិសេស និង​សម្បូរ​ទៅ​ដោយ​ទេសភាព និង​ទិដ្ឋភាព​ស្អាតៗ ដូចជា ថ្មដុះ ថ្មសើម ថ្ម​រូបសត្វ សំណង់​ប្រាង្គ​ប្រាសាទ​បែក​បាក់ ​ទី​សក្ការៈ​បូជា​ស័ក្ក​សិទ្ធ ផ្កា​រាំទឹករាំ​ដ៏​កម្រ​បាន​ឃើញ វល្លិ៍​ឈើ​ចាក់​ឬស​​ពី​លើ​កំពូល​ភ្នំ​ចុះ​មក​ដី ការ​ដើរ​រុក​តាម​រូង​ភ្នំ​តូច​ធំ ត្រជាក់​កាយ និង​ការ​ឡើង​តាម​រួង​ទៅ​កាន់​កំពូល​ភ្នំម្តង​ទៀត​ដែល​អាច​មើល​ឃើញ​ភ្នំ​បូកគោក កោះ​ត្រល់ ស្រែអំបិល វាល​ស្រែ​ស្អាតៗ និង​សមុទ្រ​ខេត្តកែប។

អ្នក​ចាត់​ការ​រូប​នេះ បាន​បញ្ជាក់​ថា៖ «ខ្ញុំ​ស្គាល់​ទីតាំង​រូង​ភ្នំ​នេះ ដោយសារ​ខ្ញុំ​រស់​នៅ​ម្តុំ​នេះ​ស្រាប់ ហើយ​កាល​ពី​ក្មេង ខ្ញុំ​ចេញ​ពី​រៀន គឺ​ដឹង​តែ​មក​តាម​បងៗ ដែល​ជា​អ្នក​នាំ​ភ្ញៀវ ហើយ​ពួកគាត់​ប្រាប់​ខ្ញុំ​ថា កន្លែង​នេះ​គេ​ហៅអី កន្លែង​នោះ​គេ​ហៅ​អី ក្នុង​ហ្នឹង​មាន​អី​ខ្លះ តែ​ខ្ញុំ​ក៏​អត់​ស្គាល់​រូង​ទាំងអស់​ក្នុង​ហ្នឹង ទាំង​អស់​ដែរ ស្គាល់​តែ​កន្លែង​បងៗ និង​ចាស់ៗ​ប្រាប់​ទេ ហើយ​ខ្ញុំ​ក៏​អត់​ហាន​ទៅ​ដែរ ព្រោះ​ជំនឿ​ខ្មែរ​យើង​ខ្លាច​ប៉ះពាល់​ដល់​អ្នក​តា ឬ​សត្វ​អីចឹង ហើយ​ក្រោយ​មក​ខ្ញុំ​ក៏​បាន​ធ្វើ​ជា​អ្នក​នាំ​ភ្ញៀវ​នៅ​ទី​នេះ តាំង​ពី​ក្មេង គ្រាន់​បាន​លុយ​ទៅ​រៀន​ដែរ រហូត​បាន​ជួប​មេ បាន​ធ្វើ​ជា​អ្នក​នាំ​ភ្ញៀវ​ប្រចាំ Climbodia នេះ​តែ​ម្តង»។

ភ្នំ​ក្បាល​រមាស​មាន​​ប្រវែង ២ គីឡូម៉ែត្រ ដោយ​ត្រូវ​បាន​វាស់​ដោយ​ជនជាតិអាល្លឺម៉ង់ម្នាក់ជា​អ្នក​ជំនាញ​ខាង​ដើរ​តាម​រូង​ភ្នំ និង​បាន​ធ្វើ​ផែនទី​សម្រាប់ Climbodia ផងដែរ ប៉ុន្តែ​ការ​កម្សាន្ត​របស់​កីឡា​ឡើង​ភ្នំ​មាន​ត្រឹម​តែ ១ គីឡូម៉ែត្រ​តែ​ប៉ុណ្ណោះ។

Climbodia ស្ថិត​នៅ​ភ្នំ​បុរេ​ប្រវត្តិ​ក្បាល​រមាស ភូមិ​ត្រពាំង​ព្រីង ឃុំ​ត្រពាំងព្រីង ស្រុក​ទឹក​ឈូ ខេត្ត​កំពត។ ទំនាក់​ទំនង​ទូរស័ព្ទ៖ ០៧០ ២៥ ៥២ ១០/ ០៩៦ ៩៨ ៦៤ ០២១ ឬ ហ្វេសប៊ុក៖ Climbodia និង Email: www.climbodia.com