កំពង់ចាម៖ រមណីយដ្ឋានកសិទេសចរណ៍ថ្មដាទឹកឆា គាត ខេង ជាសួនសត្វតែមួយគត់ក្នុងខេត្ដកំពង់ចាម និងស្ថិតក្នុងចំណោមសួនសត្វដ៏តិចតួចបំផុតក្នុងប្រទេស កំពុងស្វាគមន៍ភ្ញៀវមកពីគ្រប់ទិសទីដែលប្រាថ្នាចង់ឃើញសត្វព្រៃជាច្រើនប្រភេទដូចជា អណ្ដើក កុក ក្រសារ ត្រដក់ ខ្លាឃ្មុំ អូទ្រីស និងក្រពើ។
លោក គាត ខេង ម្ចាស់រមណីយដ្ឋានកសិទេសចរណ៍ថ្មដាទឹកឆា បានប្រាប់ឲ្យភ្នំពេញប៉ុស្តិ៍ ដឹងថា៖ «ដើមឡើយទីនេះ មិនមែនជារមណីយដ្ឋានទេ គ្រាន់តែជាសិប្បកម្មដោយផ្តោតសំខាន់ទៅលើការចិញ្ចឹមត្រី និងភ្ញាស់កូនត្រីតែប៉ុណ្ណោះ ហើយការបង្កើតនេះ ដោយសារតែមានការលើកទឹកចិត្តពីអតិតអភិបាលខេត្តចាស់ ដោយឃើញពីសក្តានុពលល្អរបស់ទីតាំងនេះ ចឹងមុនដំបូងខ្ញុំក៏បង្កើតជាសួន និងមានសត្វចិញ្ចឹមមួយចំនួន តែមិនធំប៉ុន្មានទេ ហើយមានភ្ញៀវចូលមកកម្សាន្តរហូតមក មកដល់សព្វថ្ងៃនេះ។
បើកដំណើរការបានរយៈពេល ៩ ឆ្នាំ រមណីយដ្ឋាននេះ មានផ្ទៃដីសរុបប្រមាណ ២០ ហិកតា ដោយមានទាំងសួនសត្វ ដែលសត្វព្រៃជាច្រើនប្រភេទ និងមានវារីវប្បកម្មដែលជាការចិញ្ចឹមត្រីក្រោមរចនាសម្ព័ន្ធប្រឡាយទឹកធម្មជាតិខ្វាត់ខ្វែងស្ថិតនៅក្រោមសួន និងស្រះទឹកតូចធំជាជម្រកត្រីរាប់លានក្បាលសម្រាប់ភ្ញៀវទស្សនាកំសាន្ត។
បន្ថែមនេះទីនេះ ក៏មានដើមឈើតូចធំដុះព្រោងពា្រត អមដោយខ្យល់អាកាសធាតុត្រជាក់ និងសួនផ្កាចំរុះពណ៌ឆើតស្រស់ បើថតពីលើអាកាសវិញ ទេសភាពស្រស់ស្អាតប្លែកទាក់ភ្នែក។
ម្ចាស់រមណីយដ្ឋានអាយុ ៦៩ រូបនេះបញ្ជាក់ថា៖ «ខ្ញុំបានរៀបចំប្រព័ន្ធទឹកចេញពីបឹងទឹកឆា ដោយហៅថាខ្ចីទឹកប្រើហើយទឹកទាំងអស់មិនបាត់ទៅណាទេចុងក្រោយធ្លាក់ទៅស្រែអ្នកស្រុកទីតាំងនេះ បានបង្រៀនខ្ញុំខ្លួនឯង អោយចេះកែច្នៃ គ្មានអ្នកណាមកបង្រៀនខ្ញុំទេ»។
ចំណែកការចិញ្ចឹមត្រីវិញ លោក គាត ខេង និយាយថា លោក ទទួលបានជោគជ័យ ៩០ ភាគរយ ដោយកន្លងមកលោកទទួលបានការជួយផ្នែកបច្ចេកទេសពីជនជាតិវៀតណាម។ សព្វថ្ងៃ លោកអាចផ្គត់ផ្គង់ត្រីប្រាប្រមាណពី ៥ ទៅ ៦ លានក្បាល ក្នុងមួយឆ្នាំ និងពូជត្រីមួយចំនួនទៀត។
សំបុត្រសម្រាប់ចូលទស្សនាមានតម្លៃ ២ ០០០ រៀល សម្រាប់មនុស្សម្នាក់ ដោយបើកទទួលភ្ញៀវជារាងរៀលថ្ងៃ។ សម្រាប់ថ្ងៃធម្មតា រមណីយដ្ឋាននេះ ទទួលបានភ្ញៀវតិចតួច ប៉ុន្តែនៅថ្ងៃសៅរ៍ អាទិត្យទទួលបានភ្ញៀវគួរសម រីឯថ្ងៃបុណ្យទាន គឺទទួលបានភ្ញៀវច្រើន។
លោក គាត ខេង បញ្ជាក់ថា៖ «សម្រាប់ថ្លៃសំបុត្រ មិនអាចទប់ទល់នឹងការចំណាយអាហាររបស់សត្វទេតែដោយសារតែទីនេះជាកន្លែងចិញ្ជឹមត្រី ចឹងខ្ញុំបានយកត្រីដែលចិញ្ចឹមធ្វើជាចំណីអាហាររបស់សត្វជំនួសវិញ ចំនុចនេះអាចដោះស្រាយបានមួយផ្នែក ចំណែកសត្វខ្លះ ស៊ីបន្លែ យើងអាចទិញពីអ្នកស្រុកបាន អ្វីដែលសំខាន់ គឺខ្ញុំចង់រួមចំណែកខាងវិស័យទសចរណ៍»។
រមណីយដ្ឋានកសិទេសចរណ៍ថ្មដាទឹកឆា គាត ខេង ស្ថិតក្នុងភូមិថ្មដាទឹកឆា ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ទាក់ទងទូរសព្ទ ០១២ ៩៣ ៧០ ៩៩៕