ភ្នំពេញ៖ បុណ្យមាឃបូជាប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនា នាប្រទេស ឥណ្ឌា កាលពី ៥៨៨ ឆ្នាំមុនគ្រឹស្តសករាជ ដែលត្រូវនឹងថៃ្ងទី ១៥ កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ ខែគត់។
បុណ្យមាឃបូជា ធ្វើឡើងក្នុងគោលបំណងចំបងចំនួន ៣ រួមមាន៖ រំឭកដឹងគុណដល់ព្រះសម្មាសម្ពុទ្ធដែលបានត្រាស់ដឹង និងបានសម្ដែងឱវាទបាតិមោក្ខឱ្យសត្វលោកបានយល់ដឹងពីផ្លូវត្រូវក្នុងការស្វែងរកសេចក្ដីសុខក្នុងជីវិត។
រំឭកដល់ការជួបប្រជុំដោយឯកឯងគ្មានការណាត់គ្នាទុកមុន របស់ព្រះអរហន្ត ១ ២៥០អង្គ ដែលព្រះសម្មាសម្ពុទ្ធ បំបួសដោយព្រះពុទ្ធអង្គផ្ទាល់។ នឹងរំលឹកដល់ថ្ងៃដែលព្រះអង្គដាក់ព្រះជន្មាយុសង្ខារ ៣ ខែទៀត ដែលព្រះសម្មាសម្ពុទ្ធនឹងបរិនិព្វាន។
កម្មវិធីក្នុងពិធីបុណ្យមាឃបូជា មានដូចជា៖ ពេលព្រឹក៖ ការប្រារព្ធពិធីនៅព្រះសក្យមុនីចេតិយ ជាទីតម្កល់ព្រះបរមសារីរិកធាតុព្រះសម្មាសម្ពុទ្ធ និងនៅតាមវត្តអារាម ដូចជាថ្វាយផ្កាបូជាព្រះពុទ្ធ ឬយកចង្ហាន់ប្រគេនព្រះសង្ឃ។
ពេលថ្ងៃរសៀល៖ កម្មវិធីចម្រើនព្រះបរិត្ត និងស្ដាប់ធម៌ទេសនា។
ពេលល្ងាច៖ ពិធីហែរប្រទីប និងប្រទាក់សិនបូជាព្រះសម្មាសម្ពុទ្ធនៅដើមពោធ៌ ឬក៏នៅចេតិយ និងពិធីបង្ហោះគោម។ ទន្ទឹមនឹងនេះពុទ្ធបរិស័ទទាំងអស់ គប្បីគោរពតាមពុទ្ធឱវាទ ដូចជានាំគ្នារក្សាសីល រួមមានសីល ៥ សីល ៨ ជាដើមឡើងទៅ។
កាលពីឆ្នាំ ២០១៩ រដ្ឋាភិបាលកម្ពុជា បានសម្រេចលុបចោលថ្ងៃឈប់សម្រាកចំនួន ៧ ថ្ងៃ នៃថ្ងៃឈប់សម្រាកប្រចាំឆ្នាំ ក្នុងនោះក៏មានពិធីបុណ្យមាឃបូជាផងដែរ មូលហេតុដោយសារតែ ប្រទេស កម្ពុជា មានថ្ងៃឈប់សម្រាកច្រើន ដែលធ្វើឲ្យមានផលលំបាក ទៅដល់ការរីកចម្រើនលូតលាស់សេដ្ឋកិច្ចជាតិ។
សូមប្រជាពលរដ្ឋដែលកាន់ពុទ្ធសាសនាទាំងអស់ ចូលរួមក្នុងពិធីបុណ្យមាឃបូជា ដែលនឹងប្រារព្ធឡើងនៅ ថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០២០ ខាងមុខ។