ភ្ញៀវទេសចរ ជាពិសេសពុទ្ធបរិស័ទ ទាំងជិតទាំងឆ្ងាយ ដែលធ្វើដំណើរឆ្លងកាត់ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ តែងតែឆ្លៀតឆៀងចូលទៅកាន់ទីអារាមដោយល្បីរន្ទឺថា មានបារមីព្រះអង្គធំ ក្នុងវត្តដ៏ពូកែស័ក្តិសិទ្ធិ សម្រាប់រាល់ការបន់ស្រន់បានសមតាមបំណងប្រាថ្នា។
ស្ថិតនៅក្នុងភូមិរលំជ្រៃ ឃុំ-ស្រុក ថ្មពួក ខេត្តបន្ទាយមានជ័យ ចម្ងាយប្រមាណ ៣ ឬ ៤ គីឡូម៉ែត្រ ចេញពីផ្លូវជាតិលេខ ៥៦ (មុនដល់ទីរួមស្រុកថ្មពួកបន្តិច បើធ្វើដំណើរចេញពីក្រុងសិរីសោភ័ណ) វត្តប្រាសាទរលំជ្រៃ ដែលជាទីតម្កល់ពុទ្ធរូបព្រះអង្គធំទម្ងន់ជាង ២ តោន ធ្វើពីថ្មភក់លំដាប់លេខ ១ បានទាក់ទាញបរិស័ទគ្រប់ទិសទី មិនថារស់នៅភូមិផងក្បែរវត្តទេ។