សពរបស់លោកត្រូវបានរក្សាទុកអស់រយៈពេល១៤ថ្ងៃនៅ វត្តពោធិ៍យារាម ក្នុងរាជធានី ដោយមាន មនុស្សរាប់ម៉ឺនបានទៅគោរពវិញ្ញាណក្ខ័នរបស់គាត់មិនចេះដាច់។
កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ លោកត្រូវបានខ្មាំកាំភ្លើងធ្វើឃាតនៅពេលដែលលោកកំពុងអង្គុយផឹកកាហ្វេដូចសព្វដង។ ជនសង្ស័យត្រូវបាននគរបាលចាប់បានក្នុងថ្ងៃដដែលហើយចម្លើយរបស់គាត់ធ្វើឲ្យមហាជនដាក់មន្ទិល។
ជាញឹកញាប់ លោក កែម ឡី តែងតែរិះគន់ឥតសំចីមាត់ទៅកាន់គណៈបក្សនយោបាយមានអាសនៈនៅក្នុងសភាជាតិ។
ការស្លាប់របស់លោកបានធ្វើអ្នកនយោបាយចង្អុលមុខដាក់គ្នាទៅវិញទៅមក។ ជាក់ស្តែងមរណៈភាពរបស់គាត់កើតឡើងបន្ទាប់ពីប្រតិកម្មធ្ងន់ៗរបស់ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រីចំពោះរបាយការណ៍របស់អង្គការ គ្លោបល វីដ្នីស ស្តីអំពីបណ្តាញធុរៈកិច្ចគ្រួសារត្រកូលហ៊ុន ក្នុងប្រទេសកម្ពុជា ហើយលោក កែម ឡី បានធ្វើបទវិភាគរិះគន់អំពីរឿងនេះផ្សព្វផ្សាយដោយសារព័ត៌មាននានា។
ករណីនេះបានធ្វើឲ្យបក្សប្រឆាំងបញ្ចេញសារអុជអាលមកលើគណៈបក្សកាន់អំនាច ហើយលោកនាយករដ្ឋមន្ត្រីបានព្យាយាមក្រើនរំលឹកមហាជនអំពីអ្នកដែលទទួលផលពីមរណៈភាពនេះ។
ទោះជាយ៉ាងណាអ្នកវិភាគនយោបាយនានាបានសំណូមពរឲ្យអាជ្ញាធរធ្វើការស៊ើបអង្អេតរកមុខឃាតករពិតនៅពីក្រោយការធ្វើឃាតដ៏ឃោរឃៅកណ្តាលរាជធានីរបស់កម្ពុជា។