ក្រុងសែនមនោរម្យ: ទេសភាពជួរភ្នំរំលេចនូវកម្រាលព្រំពណ៌បៃតងក្រាលរដិបរដុបជារលកផ្នត់ៗ អមដោយដើមឈើខ្ពស់ដុះអែបផ្លូវកៅស៊ូរលោងប្រិលព័ទ្ធពេនហាក់ដូចជាសរសៃខ្សែពន្លាវែងអន្លាយឆ្លងដែនផុតដីសុវណ្ណភូមិ បានទាក់អារម្មណ៍ភ្ញៀវឲ្យមានបំណងប្រាថ្នាចង់មកថតរូបអនុស្សាវរីយ៍ខេត្ដមណ្ឌលគិរីដោយផ្ទាល់។
នៅចម្ងាយប្រមាណ ២ គីឡូម៉ែត្រពីប៉ុស្ដិ៍ព្រំដែន អណ្ដូងស្នេហ៍គឺជាឈ្មោះតំបន់កម្សាន្ដស្ថិតនៅលើទីទួលភ្នំខ្ពស់គន់ទេសភាពដ៏ស្រស់ត្រកាលនៃជួរភ្នំ និងរុក្ខជាតិបៃតង ក្រោមខ្យល់អាកាសបរិសុទ្ធដែលបានអន្ទងចិត្ដទេសចរខំវេចខ្ចប់ចំណីចំណុកមកពិកនិកជួបជុំគ្រួសារ មិត្ដភក្ដិ និងគូសង្សារ។
ដោយមិនមានស្លាកសញ្ញាបញ្ជាក់ជាតម្រុយទីតាំង ភ្ញៀវទេសចរអាចនឹងធ្វើដំណើរទៅដល់ប៉ុស្ដិ៍ព្រំដែន រួចត្រឡប់ក្រោយប្រមាណ ២ គីឡូម៉ែត្រ នៅផ្នែកខាងស្ដាំដៃ នឹងមើលឃើញផ្លូវជម្រាលថ្មើរជើងឡើងភ្នំប្រមាណ ៥០ ទៅ ៦០ ម៉ែត្រ (សម្រាប់រដូវវស្សាដែលការបើកបរយានយន្ដអាចបង្កគ្រោះថ្នាក់ដោយរអិលស្លែ)។