អាយុកាលជាង២០០០ឆ្នាំក្នុងសង្គមខ្មែរ ខ្លែងឯក បានដើរតួយ៉ាងសំខាន់ក្នុងនាមជាអ្នកនាំសារទៅអាទិទេពក្នុងវិស័យកសិកម្ម ដើម្បីស្នើសុំទឹកភ្លៀងស្រោចស្រពដំណាំ លើសពីនេះទៅទៀត ខ្លែងឯកប្រៀបបានទៅនឹងនារីរបាំអមជាមួយសំឡេងឯក រេរាំនៅលើអាកាសដើម្បីរំឭកដឹងគុណដល់អារក្សអ្នកតានិងបុព្វបុរសដែលបានជួយថែរក្សា និងផ្ដល់ទឹកភ្លៀងពេញបរិបូរសម្រាប់ធ្វើកសិកម្ម ហើយក៏ដូចជាការរំឭកដឹងគុណដល់ព្រះពាយដែលអំណោយផលក្នុងរដូវច្រូតកាត់ ប៉ុន្តែសំនួរនៅត្រង់ថា តើមូលហេតុអ្វីបានជាតួអង្គដ៏សំខាន់នៅក្នុងសង្គមខ្មែរមួយនេះ បាត់បង់កិត្តិសព្ទរបស់ខ្លួនទៅវិញ។ នេះគឺជាមហោស្រពខ្លែងឯកលើកទី៣ រៀបចំឡើងដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលប្រព្រឹត្តទៅកាលពី ទី១៤ ធ្នូ ឆ្នាំ២០១៦ នៅឯមជ្ឈមណ្ឌលកោះពេជ្រ ដែលមានខ្លែងសរុប ៤៨ ខ្លែង ហើយក្នុងនោះខ្លែងឯកមានចំនួន១៧ប៉ុណ្ណោះដែលមកពី១៧រាជធានីខេត្តចូលរួមប្រកួត ហើយយើងក៏សង្កេតឃើញផងដែរថាការចូលរួមគាំទ្រពីមហាជនក៏មានមិនច្រើនដែរ។ គួររំលឹកផងដែរថានេះជាលើក ទី២០ហើយ ដែលក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំកម្មវិធីនេះឡើង ដើម្បីឲ្យប្រពៃណីបង្ហោះខ្លែងនេះក្លាយជាផ្នែកមួយនៃវប្បធម៌ និងដើម្បីអបអរសាទរសន្តិភាពនៅកម្ពុជា។