កាលពីថ្ងៃសុក្រសប្ដាហ៍មុនប្រិយមិត្តអ្នកអានទាំងអស់បានស្គាល់យ៉ាងច្បាស់ថាលោក អោម សេងបូរ៉ា ជានរណា និងមានប្រវត្តិយ៉ាងដូចម្ដេច។ ក្នុងសប្ដាហ៍នេះលោក សេងបូរ៉ា ចែករំលែកទស្សនៈផ្ទាល់ខ្លួនក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចតាមរយៈភាពរឹងមាំនៃសហគ្រាសក្នុងស្រុក។
ថ្វីដ្បិតថាអាជីវកម្មខ្នាតតូច និងមធ្យមគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចតែបរិមាណនៃសហគ្រាសទាំងនោះនៅមានចំនួនតិចនៅឡើយដែលជាហេតុមួយបណ្ដាលឲ្យពលរដ្ឋខ្វះការងារធ្វើ និងបង្ខំចិត្តធ្វើចំណាកស្រុក។
ក្នុងពេលសម្ភាសជាមួយភ្នំពេញប៉ុស្ដិ៍លោក បូរ៉ា បានមានប្រសាសន៍ថាការជំរុញ និងរួមគ្នាលើកស្ទួយគាំទ្រសហគ្រាសខ្នាតតូច និងមធ្យមគឺជាជម្រើសប្រសើរមួយរបស់កម្ពុជាដែលអាចជួយកំណើនសេដ្ឋកិច្ចជាតិមួយចំណែកធំ។